នាងខ្ញុំ​ធ្លាក់រដូវ​ច្រើន

ឈាមរដូវ​គឺជា​កញ្ចក់ឆ្លុះ​បញ្ចាំង​ពីសុខភាព​របស់ស្ដ្រី តែ​មានស្ដ្រី​មួយ​ចំនួន​នៅមិន​ទាន់​យល់​ច្បាស់​ពីវដ្ដ​នៃឈាម​រដូវនៅ ឡើយទេ។ មាន​ស្ដ្រីវ័យ​ក្មេងខ្លះ​មិនចង់​ឱ្យមាន​ឈាម​រដូវទេ ព្រោះ​គិតថាវា​ជាការ​ងាយ​ស្រួល​ក្នុងការ​រស់នៅ​ហើយ​រាល់​ពេល​មក ឈាម​រដូវម្ដងៗ​ភាគច្រើន​មិនសូវ​ជាមាន​ការចាប់​អារម្មណ៍ ឬខ្វល់​ខ្វាយ​ប៉ុន្មាន​នោះទេ។ ជា​ធម្មតាវដ្ដ​នៃរដូវ​របស់​ស្ដ្រីមាន​រយៈ​ពេល ២៨ថ្ងៃ។ តែផ្ទុយ​មកវិញ​ប្រសិនបើ​ស្ដ្រីមាន​ឈាមរដូវ​ច្រើន​លើស​ពីនេះ មានន័យថារ​ដូវខុស​ពីធម្មតា​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដល់​ស្ដ្រីបាន។ តើការ​មក​ឈាមរដូវ​ច្រើន មានគ្រោះថ្នាក់អ្វី​ខ្លះដល់​ស្ដ្រី? មាន​វិធីព្យា​បាល​ដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែង​យល់​ពីបញ្ហា​ឈាម​រដូវមក​ច្រើននេះ ទស្សនាវដ្ដី សុខភាពយើង​បាន​ជួប​សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជ​បណ្ឌិត ជូពិន អ្នក​ឯកទេស​សម្ភព និង​រោគស្ដ្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

ដូច​ម្ដេច​ដែល​ហៅថា​ការមក​រដូវ​ច្រើន?

ការមាន​រដូវ​រហូត ឬមក​រដូវច្រើន​ខុសពី​ធម្មតា មាន​ន័យថា​មករដូវ​តែម្ដង​ក្នុង​មួយខែ​ហើយ​មានរយៈ​ពេល​យូរឬ​មករដូវ ២ទៅ៣ដង​ក្នុង​មួយខែ។ បញ្ហា​មករដូវ​ធម្មតា​មានមក​តែមួយ​ដងតែ​ប៉ុណ្ណោះ​ក្នុង​មួយខែ​មានរយៈ​ពេល​យ៉ាងយូរ​បំផុត​ត្រឹមតែ​មួយ សប្ដាហ៍ បើលើស​ពីនេះ​ចាត់ទុកថា​ជាការ​មករដូវ​ច្រើន​ខុស​ពីធម្មតា​ដែល​អាចធ្វើ​ឱ្យស្ដ្រី​ជួបនូវ​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

មូល​ហេតុមក​រដូវ​ច្រើន

ការមក​ឈាម​រដូវរ​ហូត ឬច្រើន​ដងច្រើន​សារ​ក្នុងមួយ​ខែៗ​នោះ មិនមែន​សុទ្ធសឹង​ជាឈាម​រដូវ​ទាំងអស់​នោះទេ​មួយ​ចំនួន ធំកើត​ឡើង​ដោយសារ​ជម្ងឺ​ផ្សេងៗ ហើយ​បង្កឱ្យ​មាន​ឈាមធ្លាក់​តាម​ទ្វារមាស។ ដូច្នេះ​ទើប​សុភាពនារី​ភាគច្រើន​ដែល​មិនសូវ​យល់ដឹង ច្បាស់​ពីឈាម​រដូវនេះ​មានការ​យល់​ច្រឡំថា ហេតុអ្វី​ក៏ខ្លួន​មាន​ឈាមរដូវ​ច្រើនខុស​គេខុស​ឯង​អញ្ចឹង។

1. សុខភាព​រាងកាយ​មិនល្អ និង​ការបង្ក​ជម្ងឺ​ផ្សេងៗ

  • ស្ដ្រីវ័យក្មេង ការ​មានរដូវ​វ័យក្មេង​ពេក​ជួនកាល​ទើបតែ​មានអាយុ​១០ឆ្នាំ​ប៉ុណ្ណោះ អាច​ធ្វើឱ្យ​មានកង្វះ​អ័រម៉ូន​ឬធ្វើឱ្យ អ័រម៉ូន​ដើរមិន​ទៀងទាត់ ឬ​មានការ​រអាក់​រអួល ជាមូល​ហេតុ​បណ្ដាលឱ្យ​ក្មេងស្រី​នោះមក​រដូវច្រើន​ខុសពី​ធម្មតា។ ការដុះ​ដុំសាច់​នៅ មាត់ស្បូន​ក៏អាចធ្វើ​ឱ្យក្មេង​ស្រី​មករដូវ​ច្រើនខុស​ពីធម្មតា​ដូចគ្នា តែជា​ករណី​កម្រ​ជួប​ប្រទះ។
  • ស្ដ្រីវ័យ​បន្ដពូជ ក្នុង​ដំណាក់​កាល​បន្ដពូជ ស្ដ្រីអាច​ធ្លាក់​រដូវ​ច្រើន ប្រសិន​បើស្ដ្រី​នោះមាន​ជម្ងឺធ្លាក់​ស​ដុះសាច់​នៅមាត់ ស្បូន ដុះសាច់​នៅស្បូន មហារីក​មាត់ស្បូន មហារីក​ដៃស្បូន​ជាដើម។ បើស្ដ្រី​ទើបនឹង​សម្រាល​កូនវិញ​នោះ​ការ​មានរដូវ​ជាថ្មីអាច ច្រើនខុស​ពីប្រក្រតី តែមិន​មានបញ្ហា​ទេ។
  • ស្ដ្រីវ័យ​ចំណាស់ ពេលជិត​អស់រដូវ ប្រព័ន្ធ​អ័រម៉ូន​ដើរខុស​ពីធម្មតា ធ្វើឱ្យមាន​រដូវច្រើន​ឬតិច​ទៅតាម​ចលនា​នៃ​អ័រម៉ូន។ ស្ដ្រីមួយ​ចំនួន​អស់រដូវ​បានមួយ​រយៈពេល​ហើយ ពេល​ណាមួយ​អាចមាន​រដូវម្ដង​ទៀតក្នុង​រយៈពេល​យូរជាង​ធម្មតា។

2. ការ​ប្រើប្រាស់​វិធីពន្យារ​កំណើត

ការ​ប្រើប្រាស់​ថ្នាំពន្យារ​កំណើត និងដាក់​កងការពារ​កំណើត​នៅក្នុង​ដំណាក់​កាល​ដំបូង​ស្ដ្រី​មួយចំនួន​អាចមាន​ប្រតិកម្ម​ជា មួយ​ថ្នាំនោះ​ដែរ បណ្ដាលឱ្យ​មានការ​ធ្លាក់រដូវ​ច្រើនខុស​ធម្មតា ប៉ុន្ដែវា​នឹងបាត់​ទៅវិញ​នៅរយៈ​ពេល​ក្រោយ​មក។

វិធី​ព្យាបាល​ការមក​រដូវ​ច្រើន

ការមក​រដូវច្រើន​នេះ លោកស្រី​អ្នកនាង​កញ្ញា​មិនអាច​ព្យាបាល​ដោយខ្លួន​ឯងបានទេ លុះត្រាតែ​មានការ​ពិនិត្យ​និង​ពិគ្រោះ យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រក​មូលហេតុ ហើយ​ព្យាបាល​ទៅតាម​មូលហេតុ​ទាំងនោះ។ មានវិធី​ខ្លះ​គ្រូពេទ្យ អាច​ព្យាបាល​បានដោយ​ប្រើថ្នាំ​សម្រាប់​កន្ដ្រាក់​ស្បូន​ធ្វើឱ្យ​សរសៃ​ឈាម​រួមតូច​ដើម្បី​បន្ថយ​ឈាម​រដូវ​បានមួយ​កម្រិត។ ប្រសិនបើ ដោយ​សារ​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​មហារីក​នោះ​គ្រូពេទ្យ​ចាំបាច់​ត្រូវ​កោស​យកសាច់​ឈាម​ដែល​ធ្លាក់នោះ​ទៅពិនិត្យ ដើម្បី​រក​ប្រភេទ ជម្ងឺឱ្យ​បានច្បាស់​លាស់ ហើយ​ធ្វើការ​ព្យាបាល​ទៅតាម​ប្រភេទ​នៃ​ជម្ងឺ​នោះ។ បើស្ដ្រី​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ដោយ​ប្រើថ្នាំ ឬ​ប្រើកង វិញ គ្រូពេទ្យ​អាចផ្ដល់​ជាឱសថ​សម្រាប់​ទប់ស្កាត់​ការធ្លាក់​ឈាម​ឬក៏​បញ្ឈប់​កុំឱ្យ​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ទាំងនោះ​តែម្ដង បើក្នុង ករណី​ធ្ងន់ធ្ងរ។ ការ​ព្យាបាល​ការមក​រដូវ​ច្រើននេះ​ហាម​ដាច់ខាត​លេបថ្នាំ​ដោយមិន​មានវេជ្ជបញ្ជា​ត្រឹមត្រូវ​ពីគ្រូពេទ្យ​ជំនាញ ដើម្បីឃាត់ ឈាមរដូវ ព្រោះ​មិនមាន​ប្រសិទ្ធភាព​នោះទេ​ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ទៀតផង។

ប្រការ​គួរ​ប្រតិបត្ដិ​នៅពេល​មករដូវ​ច្រើន

បើសង្កេត​ឃើញថា មានរដូវ​ច្រើនលើស​ពីមួយ​សប្ដាហ៍​នោះ គួរប្រញាប់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដើម្បី​ពិនិត្យ​រកពី មូលហេតុ​ដែលបង្ក​ឡើង ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលាកុំ​ឱ្យវាមាន​អាការ​ធ្ងន់ធ្ងរ​ដែល​ពិបាក​ក្នុងការ​ព្យាបាល​នោះ។ លោកស្រី​អ្នកនាង កញ្ញា​គួរតែ​បរិភោគ​ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីន បន្លែ ផ្លែឈើ​ដែលមាន​ពណ៌​បៃតង​ឬថ្នាំ​ដែល​មានជាតិ​ដែក ដើម្បី​ជួយផ្ដល់​ថាម ពល​ដល់​រាងកាយ​ដែល​បាត់បង់​ដោយសារ​តែការ​ធ្លាក់ឈាម​រដូវ​ច្រើន។

ផល​វិបាក​នៃការ​មករដូវ​ច្រើន

ការមក​រដូវ​ច្រើន​ពេក អាចធ្វើ​ឱ្យស្ដ្រី​មានរាង​កាយ​ស្លេក​ស្លាំង និង​អស់​កម្លាំង​ជាពិសេស​អាចធ្វើ​ឱ្យឈាម​រដូវ​នោះ​មិនងាយ កក​ថែម​ទៀត។ បើនៅ​ក្នុងពេល​ដែលមាន​អាការ​ធ្ងន់ធ្ងរ ស្ដ្រីចាំ​បាច់ត្រូវ​បញ្ចូល​ឈាម​ដើម្បី​ទ្រទ្រង់​ជីវិត​ហើយ​ជួនកាល​អាច​តម្រូវ​ឱ្យ កាត់​ស្បូន​ចេញ ប្រសិនបើ​ការធ្លាក់​ឈាម​មានការ​បង្ក​ដោយ​សារជម្ងឺ​មហារីក​ស្បូន។

ដំបូន្មាន​អ្នកប្រឹក្សា

នៅរាល់​ពេលដែល​មករដូវ​ច្រើន​លើស​ពីមួយ​សបា្ដហ៍​នោះ ស្ដ្រី​ទាំង​ឡាយ​គូរតែ​ទៅពិនិត្យ​និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ជាពិសេស​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវកត់​ត្រា​ឱ្យបាន​ច្បាស់​នូវប្រភេទ​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្ដល់ ឱ្យ ដើម្បី​ងាយស្រួល​ក្នុងការ​ព្យាបាល​ឱ្យមាន​ប្រសិទ្ធភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *