ក្រៀវ​ស្ដ្រីជា​វិធីបញ្ឈប់​កំណើត​ដោយ​ចង​ដៃស្បូន

នៅក្នុង​ការរៀបចំ​ផែនការ​គ្រួសារ ការពន្យារ​កំណើត​ដោយ​វិធី​ផ្សេងៗ​ជាការ​ប្រសើរ​មួយ​ដើម្បី​ចៀស​វាងនូវ​ការមាន​កូន ដោយ​ចៃដន្យ ឬមាន​កូនញឹក​ពេក។ ក្រៅពី​មធ្យោបាយ​ពន្យារ​កំណើត​ដែល​ទស្សនាវដ្ដី​សុខភាពយើង​បាន​រៀបរាប់​កន្លងមក​មាន មធ្យោបាយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​ស្ដ្រីមិន​អាចមាន​ផ្ទៃពោះ​ជារៀង​រហូតបាន​គឺ​មធ្យោបាយ​បញ្ឈប់​កំណើត​អចិន្ដ្រៃយ៍។ ការ​បញ្ឈប់ កំណើត​អចិន្ដ្រៃយ៍​ឬក្រៀវ គឺជាការ​ចងដៃស្បូន​របស់​ស្ដ្រី​និងការ​ចងបំពង់​បង្ហូរ​មេជីវិត​ឈ្មោល​របស់​បុរស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ការ​បញ្ឈប់​កំណើត​អចិន្ដ្រៃយ៍​របស់​បុរស និង​ស្ដ្រីនេះ​ធ្វើបាន​ដោយ​លក្ខណៈ​ផ្សេងគ្នា។ នៅក្នុង​ទំព័រ​សុខភាព​បន្ដពូជ​នៅលេខ នេះ ទស្សនាវដ្ដី សុខភាពយើង​សូម​បង្ហាញ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់​អំពីការ​បញ្ឈប់​កំណើត​អចិន្ដ្រៃយ៍​ទៅលើ​ស្ដ្រី ដោយ វិធី​ចង​ដៃស្បូន តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត កែវ សុគន្ធី​អ្នក​សម្រប​សម្រួល​កម្មវិធី​ចងដៃ​ស្បូន​របស់អង្គការ ម៉ារីស្ដុប។

វិធី​បញ្ឈប់​កំណើត​ដោយចង​ដៃស្បូន

ការបញ្ឈប់​កំណើត​ដោយចង​ដៃស្បូន គឺជា​មធ្យោ​បាយ​បញ្ឈប់​កំណើត​អចិន្ដ្រៃយ៍​ចំពោះ​ស្ដ្រីដែល​លែងចង់​បានកូន​តទៅ ទៀត ឬ​ចំពោះ​ស្ដ្រី​ដែល​មានជម្ងឺ​មួយ​ចំនួន​ហើយ​មិនអាច​មានកូន​តទៅ​ទៀត​មួយ​ជីវិត​បាន។ តាមពិត​ការ​បញ្ឈប់​កំណើត​ដោយ​ចងដៃ ស្បូន​មិនមែន​ជាការ​ប្រព្រឹត្ដ​ទៅដោយ​ចងនៅ​ត្រង់​ដៃស្បូន​តែម្ដង​នោះទេ​គឺជា​ការ​ចង​បំពង់​ស្ពាន​សម្រាប់​តភ្ជាប់​ឱ្យមាន​កូន។ ការចងដៃ ស្បូន​ជាវិធី​សាស្ដ្រ​មួយ​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​បំផុត​ព្រោះ​ជាការ​វះកាត់​មួយ​ដ៏តូច​និង​សាមញ្ញ។

លក្ខណៈ​ស្ដ្រី​ដែល​អាចចង​ដៃស្បូន

ការ​បញ្ឈប់​កំណើត​ដោយ​ចងដៃ​ស្បូន​នេះអាច​ធ្វើទៅ​បាន​ចំពោះស្ដ្រី​ដែល​មាន​លក្ខណៈ​ដូចខាង​ក្រោម​នេះ ៖

1. ស្ដ្រីត្រូវ​មានអាយុ​សមស្រប​ចាប់ពី​៣០ឆ្នាំ​ឡើង​ទៅ និង​មានការ​ព្រមព្រៀង​ពីស្វាមី។ គូស្វាមី​ភរិយា​គួរ​មាន​ការគិតគូ ដោយ​ប្រុង​ប្រយ័ត្ន និង​ច្បាស់​លាស់ មុននឹង​សម្រច​ចិត្ដថា​លែងចង់​បានកូន​តទៅ​ទៀត។

2. សម្រេច​ចិត្ដ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ដ មិនត្រូវ​មានការ​បង្ខិតបង្ខំ​ពីនរណា​ម្នាក់​ទោះបី​ប្រើ​រូបភាព​បែបណា​ក៏ដោយ​ដូចជា​ការទិញ​ដូរជាដើម។

3. លក្ខ​ខណ្ឌកូន​ចុង​ក្រោយ​មានន័យថា​កូនចុង​ក្រោយ​របស់​ស្ដ្រីនោះ​មាន​លទ្ធភាព​គ្រប់គ្រាន់​ទាំងកាយ​សម្បទា​ល្អគំនិត ប្រាជ្ញា និង​មានអាយុ​យ៉ាងតិច​ពីរឆ្នាំ ហើយ​សង្ឃឹមថា​រស់រាន​មានជីវិត​បាន។

4. លក្ខខណ្ឌ​សុខភាព​ស្ដ្រីសម​ស្រប ស្ដ្រីនោះ​គ្មាន​ជម្ងឺមួយ​ចំនួន​ដូចជា​ជម្ងឺ​ទឹក​នោមផ្អែម ជម្ងឺ​ដៃស្បូន​ជាដើម។

របៀប​ថែទាំ​សុខភាព​ក្រោយ​ពេលចង​ដៃស្បូន

បន្ទាប់​ពីការ​ធ្វើការ​វះកាត់​ហើយ ស្ដ្រីត្រូវ​សម្រាក​ចំនួន​ពីរទៅ​បីថ្ងៃ។ ស្ដ្រីគួរ​ចៀសវាង​ការធ្វើ​ការងារ​ធ្ងន់​ឬលើក​របស់អ្វី​ដែល​ធ្ងន់​ក្នុងរយៈ​ពេលមួយ​សប្ដាហ៍។ ស្ដ្រីអាច​មានការ​ឈឺ​ចាប់ខ្លះៗ​ក្នុងរយៈ​ពេលពីរ ឬបី​ថ្ងៃដំបូង​ប៉ុន្ដែ​ស្ដ្រីអាច​ទទួលទាន​ថ្នាំ​បំបាត់​ការ ឈឺចាប់​ដើម្បី​សម្រាល​ការ​ឈឺចាប់​បាន។ ស្ដ្រីអាច​ត្រឡប់​ទៅជួប​ជាមួយ​គ្រូពេទ្យ​វិញរាល់​ពេលណា​ក៏បាន​ដើម្បី​ទទួល​នូវដំបូន្មាន ឬនៅ ពេល​មានបញ្ហា​មិនប្រក្រតី​ណាមួយ​កើត​ឡើង។

ក្រោយ​ការចង​ដៃស្បូន​ហើយ ស្ដ្រីមាន​អារម្មណ៍​ធម្មតា​ជាងនេះ​ទៅទៀត​អាចមាន​អារម្មណ៍ល្អ​ក្នុង​ការរួម​ភេទ​ដោយ​មិន ភ័យ​ព្រួយ និង​បារម្ភថា​ខ្លាចមាន​កូនទៀត​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈ​ប្រយោជន៍​នៃការ​បញ្ឈប់​កំណើត​ដោយចង​ដៃស្បូន

ជាទូទៅ ស្ដ្រីដែល​ធ្វើការ​ចងដៃស្បូន​មិនមាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាពឡើយ​ផ្ទុយ​ទៅវិញ​អាច​មានផល​ចំណេញ​ច្រើន។  សារៈ​ប្រយោជន៍​នៃការ​បញ្ឈប់​កំណើត​មានដូច​តទៅ។

  • មុននឹង​ធ្វើការ​ចងដៃ​ស្បូន គ្រូពេទ្យ​ត្រូវធ្វើ​ការពិនិត្យ​សុខភាព​ជាមុន ជា​ពិសេស​ស្បូន​របស់ស្ដ្រី។ ក្នុង​ការពិនិត្យ​នោះ ស្ដ្រី អាច​យល់ដឹង​ពីរោគស្ដ្រី​មួយ​ចំនួន ដូចជា​ការធ្លាក់ស​មិនធម្មតា រលាក​មាត់ស្បូន មាន​ដុំស្បូន​ឬមានគីស​នៅក្នុង​ទ្វារមាស និង​បញ្ហា​មួយ ចំនួន​ទៀត។
  • ក្រោយ​ពេលធ្វើ​ការបញ្ឈប់​កំណើត ស្ដ្រីមិន​អាចមាន​កូនបាន​ទៀតទេ គាត់​ចំណេញ​លើផ្នែក​សេដ្ឋកិច្ច​គ្រួសារ។
  • ស្ដ្រីអាច​ទទួលបាន​នូវការ​ណែនាំពី​គ្រូពេទ្យ​ឱ្យចេះ​ធ្វើអនាម័យ​លើសុខភាព​បន្ដពូជ​ទៀតផង។
  • កាត់​បន្ថយ​អត្រា​ស្លាប់​របស់មាតា និង​ទារកឱ្យ​មាន​កម្រិតទាប
  • ធ្វើឱ្យ​មាន​សមភាព​រវាង​ធនធាន​មនុស្ស និង​ធម្មជាតិ
  • ចូលរួម​ចំណែក​ក្នុង​គោលដៅ​យុទ្ធសាស្ដ្រ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ។

ផល​វិបាក​នៃចង​ដៃស្បូន​មិនត្រឹម​ត្រូវ

ស្ដ្រីទាំង​ឡាយ​នៅពេល​ធ្វើការ​សម្រច​ចិត្ដចង​ដៃស្បូន គួរតែ​ស្វែងរក​សេវា​ដែលមាន​ជំនាញ។ ប្រសិន​បើមិន​ដូច្នោះ​ទេ លោក ស្រីអ្នក​នាងនឹង​ជួបនូវ​ផលវិបាក​ដូចខាង​ក្រោមនេះ ៖

  • អាច​ហូរឈាម​ដោយ​សារ​ចងមិន​ជាប់។
  • ការចង​មិន​ត្រឹមត្រូវ ឬខុស​កន្លែង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត។
  • ការ​បញ្ឈប់​កំណើត​មិនអាច​ដំណើរ​ការបាន​ដោយ​សារការ​ចងច្រឡំ​ជា​ហេតុធ្វើ​ឱ្យស្ដ្រី​អាចនឹង​មានកូន​សារ​ជាថ្មី​ឡើងវិញ។ ដំបូន្មាន​អ្នក​ជំនាញ

បន្ទាប់​ពីការ​ចងដៃស្បូន​រយៈពេល​៦ថ្ងៃ ស្ដ្រីអាច​ទៅប្រកប​ការងារ​វិញបាន​ហើយ​ការចង​ដៃស្បូន​មិនធ្វើ​ឱ្យមាន​ការប៉ះ​ពាល់​ដល់​សុខភាព​អ្វីទាំង​អស់។ ស្ដ្រីដែល​ចង​ដៃស្បូន​ហើយ​អាចទៅ​ស្រាយ​វិញបាន ប៉ុន្ដែ​ចំណាយ​អស់​ថវិកា​ច្រើន​ណាស់​ដែល​ប្រជា ពលរដ្ឋ​ធម្មតា​មិនអាច​មាន​លទ្ធភាព​ធ្វើបាន​ឡើយ។ ហេតុ​ដូច្នេះមុន​នឹង​សម្រេច​ចិត្ដធ្វើ​ការចង​ដៃស្បូន​គូស្វាមី​ភរិយា​ត្រូវធ្វើ​ការ​សម្រេចចិត្ដ​ឱ្យបាន​ច្បាស់​លាស់។

បណ្ដាំផ្ញើ

ទស្សនាវដ្ដី សុខភាពយើង សូមផ្ដាំ​ផ្ញើ​ថាសូម​ស្ដ្រី​ដែល​សម្រេច​ចិត្ដ​ធ្វើការ​បញ្ឈប់​កំណើត​ដែលជា​ការចង​ដៃស្បូន​ថាត្រូវ​ធ្វើ សម្រេច​ចិត្ដ​ឱ្យម៉ត់​ចត់ និង​ច្បាស់​លាស់​ថាខ្លួន​មិនចង់​បានកូន​ទៀតទេ។ ព្រោះ​ក្រោយ​ពេលចង​ដៃស្បូន​លោកស្រី​អ្នកនាង​នឹងគ្មាន លទ្ធភាព​មានកូន​មួយជីវិត។ ទាក់ទង​នឹងការ​អត្ថា​ធិប្បាយ​មកនេះ​គឺក្នុង​គោល​បំណង​គ្រាន់ជា​ការស្វែង​យល់។ នៅលេខ​ក្រោយ​ទៀត លោកអ្នក​នឹងបាន​ស្វែង​យល់​អំពីវិធី​បញ្ឈប់​កំណើត​ដោយចង​បំពង់​បង្ហូរ​មេជីវិត​របស់​បុរស​(ក្រៀវបុរស)។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Google Analytics Alternative