កម្ពុជា​ត្រូវបង្កើន​ការយក​ចិត្តទុក​ដាក់ចំពោះ​គ្រោះធម្មជាតិ​

គ្រោះធម្មជាតិ គឺជាប្រធាបទដ៏សំខាន់ដែល ប្រទេសកម្ពុជា ព្រមទាំងពិភពលោក ត្រូវរួមគ្នាដោះស្រាយគ្រោះ​មហន្តរាយ​ធម្មជាតិនៅកម្ពុជា​ បានធ្វើឲ្យ​ប្រជាពល​រដ្ឋកម្ពុជា​ មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ គ្រោះ​ធម្មជាតិ​ទាំងនោះ​រួមមាន​ ខ្យល់ព្យុះ គ្រោះ​ទឹកជំនន់​ គ្រោះរាំង​ស្ងួត និង​រន្ទះ​បាញ់​ជាដើម ដែលបាន​កំពុងនឹង​ឆក់យក​ជីវិត​ប្រជា​ពលរដ្ឋ​ជា​ញឹកញាប់​នៅដើម​ឆ្នាំ២០១២​កន្លង​មក​នេះ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

សន្មិសិទ​កាសែត​ ស្តីអំពី​គ្រោះមហន្តរាយ​ធម្មជាតិ​នៅទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា

កាលពី​ពេលកន្លង​ទៅថ្មីៗ​នេះ ​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា គ្រោះ​ធម្មជាតិ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លង​មក​នេះ។ លោកបានបន្តថា ខ្យល់ព្យុះ​នាពេលបច្ចុប្បន្ន​នេះ ពេលដែលវាមក ​វា​អត់​ប្រាប់​មុននោះ​ទេ វា​មក​ចំ​ត្រង់​ណា​កួច​យក​ផ្ទះ​ត្រង់​ហ្នឹង​តែម្ដង។ ហើយ​ជាមួយ​គ្នានោះ ភ្លៀង​ក៏មកព្រមគ្នា ថែម​ទាំងមាន​រន្ទះ​បាញ់​ថែមទៀត។ អាកាសធាតុ​ក្ដៅ​ណាស់​មក​ទល់នឹងថ្ងៃ​នេះ គឺ​គ្រប់​កន្លែង​ក្ដៅ​ណាស់ ហើយ​មានភ្លៀងធ្លាក់​មិន​ទៀង​ទាត់ថែមទៀតផង។  ​ខេត្ត​មួយ​ចំនួន​នៅកម្ពុជា កំពុងជួបនូវ​ការ​រាំង​ស្ងួត​ខ្លាំង​ផងដែរ។

តំណាង​ពិសេសនៃ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ (អ.ប.ស) ទទួល​បន្ទុក​កាត់​បន្ថយ​ហានិភ័យ លោកស្រី ​ម៉ាហ្គារ៉េតា វ៉ូលស្រ្តម  បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសាម្សិលមិញថា ប្រទេស​កម្ពុជា ត្រូវ​ពង្រឹង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​បញ្ហាទឹក​ជំនន់​ឲ្យ​បាន​លឿន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទឹក​លិច ដើម្បី​ពួក​គេ​អាច​រៀបចំ​ខ្លួន​បាន​មុន​ពេល​ទឹក​ជំនន់​បាន​លិច​ភូមិឋាន​ផ្ទះ​សម្បែងរបស់ពួកគេ។ លោកស្រីបន្តថា ទឹក​ជំនន់​នៅ​កម្ពុជា បាន​កើត​ឡើង​ដោយ​មាន​មូលហេតុ​ពាក់ព័ន្ធ​ជា​ច្រើន។ ក្នុង​នោះ ការ​រីក​ចម្រើន​របស់​ប្រទេស​ ក៏​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់ផង​ដែរ ដូចជា​ការ​សង់​ទី​ប្រជុំ​ជន​ថ្មី ការ​សាង​សង់​ផ្លូវ​ថ្នល់​ថ្មី ដែល​ធ្វើ​ឲ្យ​ចរន្ត​ទឹក​ហូរ មាន​ការ​ប្រែ​ប្រួល ដូរ​ទិស​ដៅ​ជាដើម។ លោកស្រី​ក៏បានស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹងបន្ថែម​ប្រព័ន្ធ​ការពារ និងសង្គ្រោះជន​រង​គ្រោះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា នៅ​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​គ្រោះ​ធម្មជាតិ និង​ហានិភ័យ ដូច​ជា​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ដែលកើតមានឡើងជាដើម។ មួយវិញទៀតដើម្បី​បង្ការ​ជា​មុន​នឹង​គ្រោះ​ធម្មជាតិ ដែល​តែង​វាយ​ប្រហារ​ជា​រៀង​រាល់​ឆ្នាំ​នោះ​ចាំ​បាច់ណាស់​ កម្ពុជាត្រូវ​តែ​មាន​ឧបករណ៍​ វាស់​ឧតុ​និយម និង​អាកាស​ធាតុ​តាម​បែប​វិទ្យា​សាស្រ្ត។

លោកស្រីបានបាន​គូស​បញ្ជាក់​បន្ថែមថា ទឹក​ជំនន់ ​គឺ​ជា​បាតុភូត​ដែល​កើត​ឡើង​ជា​ញឹក​ញាប់ និង​បង្ក​ការ​ខូច​ខាត​ដល់​កម្ពុជា។ បើ​យោង​តាម​ការ​ព្យាករណ៍​របស់​អ្នក​ជំនាញ​ការ​ បានឲ្យដឹងថា បាតុ​ភូត​នេះ អាចនឹង​កាន់​តែ​អាក្រក់​ឡើងៗ​ទៅ​ថ្ងៃអនាគត​ ដោយសារតែទឹក​ជំនន់ ​និង​ខ្យល់​ព្យុះ​កាន់​តែ​ធ្ងន់​ធ្ងរ ​និង​ញឹក​ញាប់​ជាង​មុន​ ដែលបណ្តាលមកពីការ​ប្រែ​ប្រួលនៃ​អាកាស​ធាតុ។

ចំនួននៃ​អ្នករង​គ្រោះ​ និងការខូច​ខាតទ្រព​សម្បត្តិ​ ដោយសារ​គ្រោះធម្មជាតិ​នៅឆ្នាំ​២០១២

យោងតាមរបាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ជំនាញ​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១២ កន្លង​មក​នេះ រន្ទះ​បាញ់​បាន​សម្លាប់ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ រង​របួស​ចំនួន ៣​នាក់ និង​ខ្យល់​ព្យុះ បាន​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០​ខ្នង និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ និង​រង​របួស​ចំនួន ១២​នាក់ ងាប់​ក្របី​ចំនួន ៣​ក្បាលផងដែរ។ ខេត្តដែលរងគ្រោះច្រើនមានដូចជាខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង និង​ខេត្ត​កំពត។

ចំនួននៃ​អ្នករង​គ្រោះ និង​ការខូចខាត​ទ្រពសម្បត្តិ​ ដោយសារ​គ្រោះធម្មជាតិ​នៅឆ្នាំ​២០១១

គួររម្លឹកថាក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ ទឹក​ជំនន់​នៅ​កម្ពុជា បាន​សម្លាប់​មនុស្ស​ប្រមាណ ២៤៧​នាក់ និង​មនុស្ស​ចំនួន​ជាង ១,៥​លាន​នាក់  ផ្សេង​ទៀត​ ត្រូវបាន​រង​ផល​ប៉ះ​ពាល់​ ដែលក្នុង​នោះ​៧សែននាក់ជាកុមារ។ ក្រៅពីនេះ ដី​ស្រែ​ចំនួន ១​លាន​ហិកតា ត្រូវបាន​លិចខូច​ខាតផលដំណាំរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយ​ខេត្តដែល​រង​ការ​លិច​ទឹក​ធ្ងន់ធ្ងរ និង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ នោះគឺ​ខេត្ត​ព្រៃវែង។

នៅ​ក្នុងគ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ ស្ថាប័ន​តំណាង អ.ស.ប. នៅ​ប្រទេស​កម្ពុជា បាន​ចូល​រួម​ចំណែក​ជួយ​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​រង​គ្រោះ​ដោយសារគ្រោះទឹក​ជំនន់ គិត​ជាទឹក​ប្រាក់ ​មាន​ចំនួន៤​លាន​ដុល្លារ​អាមេរិក។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៧ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative