ជម្ងឺរើម

រើមគឺជាជម្ងឺដែល​កើតឡើង​លើរាង​កាយ​ខាង​ក្រៅ​របស់​មនុស្ស​ ​ជាហេតុ​ធ្វើឱ្យ​ស្បែក​កន្ទួល​ស្មេ​ ​បែក​ពង​ទឹក​រងៃ​ ​ឬរលួយ​ ​សាច់​​ស្បែក​។ ​ថ្វី​ត្បិត​តែ​វា​បាន​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ ​តែបែរ​ជាលោក​អ្នក​មួយ​ចំនួន​ធំបាន​មើល​រម្លង​ដោយ​មិនយក​ចិត្ដទុក​​​ដាក់​នឹង​ការ​ព្យាបាល​​បញ្ហា​នេះ។ ​ការ​ថែទាំ​​រាង​កាយ​ឱ្យបាន​ល្អជា​រឿងដែល​គួរយក​ចិត្ដ​ទុកដាក់​ ព្រោះ​ថាជម្ងឺ​រើម​ក៏អាច​បង្ក​ជាជម្ងឺ​ធ្ងន់ធ្ងរ​បាន​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជបណ្ឌិត​ ថៃ​ គា​ ​អ្នក​ឯកទេស​ផ្នែក​ជម្ងឺ​សើស្បែក​បានចូល​រួម​ជាមួយ​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​ដើម្បី​ធ្វើការ​បក​ ​ស្រាយ​នូវ​ប្រធានបទ​ជម្ងឺ​រើម​ខាង​លើ​នេះ។​

ជម្ងឺរើមជាអ្វី?

ជម្ងឺរើមជាជម្ងឺមួយប្រភេទ​ដែល​កើត​នៅលើ​ស្បែក​ជាពង​ទឹកថ្លា​ ​ភាគច្រើន​កើត​មាន​នៅលើ​មនុស្ស​ចាស់​ ​លើ​ចំហៀង​ណា​មួយ​នៃ​រាង​កាយ។​

មូលហេតុបណ្ដាលឱ្យកើតជម្ងឺរើម

ជាការពិតជម្ងឺរើមកើតឡើងដោយ​សារ​មេរោគ​បង្ក​ឡើង​ ​ហៅថា​ហ្សូណា​(Zona)  ​និង​វីរុស​ឈ្មោះវ៉ា​រីសែល​ឡា​ហ្សូ​តេ​ (Varicellazoter Virus) ​ច្រើន​កើត​មាននៅលើ​មនុស្ស​ចាស់​ ​និងភាគ​តិចតួច​ចំពោះ​មនុស្ស​ក្មេង​។ ​មេរោគ​ជម្ងឺ​រើម​ជាវី​រុស​ម្យ៉ាង​ ​ដែល​ឆ្លង​ពី​ជម្ងឺ​អុតស្វាយ​។ ​ដំបូង​វាបណ្ដាល​មក​ពី​ជម្ងឺ​អុតស្វាយ​ ​បន្ទាប់​ពីអុត​ស្វាយ​ជា​សះ​ស្បើយ​ហើយ​ ​វីរុស​នៅរស់​សម្ងំ​ក្នុង​ខ្លួន​នៃ​ ​ប្រព័ន្ធ​ទឹក​រងៃ​។ ​នៅពេល​ដែល​សុខភាព​យើង​ទ្រុឌ​ទ្រោម​ ​ប្រព័ន្ធ​ជាតិ​ផ្សាំ​ចុះ​ខ្សោយ​ ​មេរោគ​ចេញ​មក​ក៏​បង្ក​ឱ្យ​កើត​ជា​ជម្ងឺ​រើម​។​

រោគសញ្ញាជម្ងឺរើម

​តាមរយៈការសង្កេតចំណាំមក​អាច​ដឹង​បាន​ពីវី​រុ​ស​​​ ​ដំបូង​ធ្វើឱ្យ​មាន​ការ​ឈឺចាប់​ចុក​រោយ​ត្រង់​ចំហៀង​ខ្លួន​ ​និង​កើត​ចេញ​។​ ​ឈឺ​ចាប់​រួត​រឹត​សង្កៀរ​នៅលើ​ស្បែក​ផ្សេងៗ​គ្នាទៅ​តាម​មនុស្ស​ ​មិនមាន​គ្រុនក្ដៅ​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ។​ ​ក្នុងរយៈ​ពេល​៣-៤​ថ្ងៃ​ក្រោយ​មក​ ​ទើប​ឃើញ​​កន្ទួល​ពង​ទឹក​ថ្លាៗ​នៅ​លើស្បែក​ដែល​ទទួល​អារម្មណ៍​ឈឺ​ក្រហាយ​ដំបូង​គេ​។ ​កន្លែង​ដែល​ចេញ​ញឹក​ញាប់​ជាង​គេ​នោះ​គឺ​លើ​​ដើម​ទ្រូង​ ​មួយចំហៀង​ពីទ្រូង​ខាងមុខ​ដល់ក្រោយ​ ​ខ្លះចំហៀង​ខាង​ឆ្វេង​ខ្លះ​ខាង​ស្ដាំ​។ ​ក្រៅពី​នោះចេញ​គ្រប់ទីកន្លែង​ ​ដូចជា​ក្បាល​ ​មុខ​ មួយចំហៀង​ ​អាចចេញ​នៅលើដៃ ​លើ​ស្មាមួយ​ចំហៀង​ ​និង​លើជើង​ម្ខាងពី​ភ្លៅចុះដល់​កំភួនជើង​ ​ពងទឹកថ្លា​កញ្ចុំ​ជាផ្ទាំង​ទំហំប៉ុនៗ​​បាតដៃ។​

មុននឹងកើតចេញជម្ងឺរើម ​មានសញ្ញា​ប្រាប់មុន​ ​ដូចជា​ការ​ឈឺ​រួត​រឹត​ ​ក្ដៅក្រហាយ​ ​សង្កៀរ​ត្រង់​ម្ដុំនឹង​ចេញ​ជាដើម​។ ​ពេល​​កំពុង​​ចេញ​គឺមាន​ការ​ឈឺខ្លាំង​ ​មានអារម្មណ៍​ភ័យខ្លាច​។

ជម្ងឺរើមមានផលប៉ះពាល់

​តាមធម្មតា​ជម្ងឺរើម​មិនប៉ះពាល់​អ្វីធ្ងន់ធ្ងរ​នោះទេ​ ​គ្រាន់តែកើត​លើកោ​សិកា​ស្បែក​។ ​តែវា​ប៉ះពាល់​ដល់អាយុ​ជីវិត​​សតិ​អារម្មណ៍​ ផ្លូវ​ចិត្ដ​ភ័យ​ខ្លាច​ទៅតាម​ការ​ឮ​សូរ​និយាយតគ្នា​ថា​ ​ជម្ងឺ​រើម​កើត​ព័ទ្ធ​ឆៀង​ជុំ​ស៊ី​ថ្លើម​ ​រហូត​មិន​ហ៊ាន​ទៅរក​គ្រូពេទ្យ​ហើយ​ងាក​ ​មករក​គ្រូខ្មែរ​ស្ដោះ​ផ្លុំ​ទៅវិញ​ ​ឈានរហូត​ដល់ការ​អុជធ្វើ​ឱ្យដំបៅ​។ ​អ្នកមាន​ជំនឿ​មិនហ៊ាន​ហៅឈ្មោះ​ថាជម្ងឺរើម​ទៀត​ផង​។ ​ដោយ​ប្រើ​ភាសា​អត់​ឈ្មោះ​​តាម​រយៈ​កាយ​វិការ​ បូញ​មាត់​បូញ​ក​។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបង្ការជម្ងឺរើម

ដើម្បី​ទប់ស្កាត់ឱ្យចៀស​ផុតពីជម្ងឺ​រើម​ ​ដំបូង​ត្រូវការពារ​កុំឱ្យ​ឆ្លងជម្ងឺ​អុតស្វាយ​ ​ដូចជា​ចាក់ថ្នាំ​ការពារ​ជម្ងឺ​អុតស្វាយ។​ ​បើ​យើង​បង្ការ​ជម្ងឺ​អុតស្វាយ​មិនឱ្យ​កើតបាន​ ​នោះ​ជម្ងឺរើម​មិន​អាច​កើត​មាន​បាន​ទេ​។​​ ​តែបើ​កើតជម្ងឺ​អុតស្វាយ​ហើយ​ ​វីរុស​នៅ​សម្ងំ​រស់​ ​ដែល​កើត​ពី​​ជម្ងឺ​អុតស្វាយ​នេះ​ ​ហើយរង់ចាំ​នៅពេល​សុខភាពយើង​ទ្រុឌទ្រោម​ចុះខ្សោ​យ​វា​បង្ក​ទៅ​ជា​ជម្ងឺ​រើម​។ ​ដូច្នេះ​ត្រូវ​ចាក់​ថ្នាំ​ ​ការពារ​រោគ​ទូទៅ​ ​ជា​ពិសេស​ការពារ​ជម្ងឺ​អុតស្វាយ​ ​ទើប​រួច​ផុត​ពី​ជម្ងឺ​រើម​នេះ​បាន​។

វិធីព្យាបាលជម្ងឺរើម

ជាដំបូងរកឱ្យស្គាល់ជម្ងឺច្បាស់លាស់ជាមុនសិន ​និងព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ត្រូវ​ថែរក្សា​ដុស​លាង​សម្អាត​មុខ​របួស​ ​កុំ​ឱ្យ​ក្លាយ​។ ​សូម​បរិភោគ​អាហារ​គ្រប់ប្រភេទ​ ​បំប៉ន​សុខភាព​ឱ្យ​មាន​កម្លាំង​ ​ដើម្បី​ប្រព័ន្ធ​ជាតិ​ផ្សាំ​ខ្លាំង​ក្លាឈ្នះ​ជម្ងឺ​បាន​។ ​ដូច្នេះ​ការ​​ព្យាបាល​បែប​ទាំង​នេះនឹង​ទទួល​លទ្ធផល​ជាបាន​១០០​ភាគរយ​។ ​

ដំបូន្មានអ្នកជំនាញ

សូមលោកអ្នកដែលតែងតែធ្លាប់ជឿ និងធ្វើការព្យាបាល​តាម​អបិយ​ជំនឿ​នោះ​ ​សូមវិល​មករក​ការ​ព្យាបាល​បែប​វិទ្យាសាស្ដ្រ​ ​វិញ​ម្ដង​។ ​បើឃើញ​មាន​សភាព​អាការៈ​ខុស​ពី​ធម្មតា​ ​សូមអញ្ជើញ​ទៅរក​គ្រូពេទ្យ​ដែលមាន​ជំនាញ​ឯកទេស​ ​ពិគ្រោះ​សុំ​យោបល់​ដើម្បី​ប្រឹក្សា​ព្យា​បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative