ដករោម​ចិញ្ចើម​ផល​ប៉ះពាល់​ច្រើនជាង​អត្ថ​ប្រយោជន៍

រោម​ចិញ្ចើម​អាចបង្កើន​សម្រស់​របស់​សុភាពនារី​គ្រប់រូប ព្រោះ​នៅពេល​ដែល​តុបតែង​មុខ​សុភាពនារី​តែងតែ​យកចិត្ដ​ទុក ដាក់​លើរោម​ចិញ្ចើម​ជាជំហ៊ាន​ដំបូង។ ចំពោះ​ការដក​រោម​ចិញ្ចើម​ជាផ្នែក​មួយ​ជួយ​ទ្រទ្រង់​សម្រស់​និង​ក៏អាច​បង្ក​ផល​វិបាក​ដល់​សុខ ភាព​ផងដែរ។ សុភាព​នារី​ទាំង​ឡាយ​ប្រាកដ​ជាមាន​ចម្ងល់​ជាមិន​ខាន​ពីការ​ដក​រោមចិញ្ចើម​ដែល​មាន​ផល​វិបាក​ដល់​សុខភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បក​ស្រាយ​ជូន​អ្នក​អាន​ឱ្យបាន​យល់​នោះ ទស្សនាវដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោកស្រី​ច័ន្ទ ស្រីណុច ដែល​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​មីកាសា។ នា​ពេល​បច្ចុប្បន្ន ចិញ្ចើម​ភាគច្រើន​និយម​ធ្វើការ​កោរ​ប៉ុន្ដែ​មាន​ស្ដ្រី​មួយ​ចំនួន​នៅតែ ចូលចិត្ដ​ដក​រោម​ចិញ្ចើម។

អត្ថ​ប្រយោជន៍​នៃការ​ដក​រោម​ចិញ្ចើម

ការដក​រោម​ចិញ្ចើម​មាន​អត្ថប្រយោជន៍​តិចតួច​បំផុត ដោយ​គ្រាន់តែ​អាច​ជួយ​ពន្យារ​ពេល​នៃការ​ដុះលូត​លាស់​ឡើង​វិញឆាប់ រហ័ស​របស់​រោម​ចិញ្ចើម។ ព្រោះ​ការដក​នេះ​ជួយ​ទប់ស្កាត់​កោសិកា​ខាងក្នុង​មិនឱ្យ​ដុះលូត​លាស់​លឿន​ជា​ពិសេស​អាច​សម្រួល​មិនឱ្យ មិត្ដ​នារី​ពិបាក​កោរ​រោមចិញ្ចើម​ជាញឹក​ញាប់​ពេក។ ការ​កោរ​និង​ដក​រោម​ចិញ្ចើម​មាន​លក្ខណៈ​ខុសពីគ្នា​ដោយ​ការកោរ​គឺឆាប់​ដុះលូត លាស់​ឡើង​មកវិញ ហើយ​ត្រូវកោរ​ញឹកញាប់។

ផល​ប៉ះពាល់​នៃការ​ដករោម​ចិញ្ចើម

ការ​ដក​រោម​ចិញ្ចើម​ច្រើន​អនុវត្ដន៍​លើ​មនុស្ស​ស្រី ហើយ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ប្រពន្ធ័​កោសិកា​ខាងក្នុង​សរសៃ​ភ្នែក​អាច បណ្ដាល​ឱ្យខូច​ប្រព័ន្ធ​ការពារ​ភ្នែក​បាន។ ម្យ៉ាង​ទៀតអាច​ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្រៅ ដូចជា​ហើម​ចិញ្ចើម​ឬក៏​មាន​ជា​ដំបៅ ព្រោះ​ពេល ដែល​ដករន្ធ​ឫស​នៃរោម​ចិញ្ចើម​មាន​ប្រហោង​ជាលក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​បង្ក​ជម្ងឺ។ កាល​ណា​ឧបករណ៍​ដែល​ប្រើនោះ​មិន​សូវមាន អនាម័យ​ក៏បង្ក​ជាផល​ប៉ះពាល់​មិនល្អ ដូចជា​តេតាណូស កើត​ជាដំបៅ​មហារីក​ជាដើម​ក៏មាន។ ប្រសិន​បើ​អ្នកជំនាញ​ដក​រោម​ចិញ្ចើម​មិន ស្ទាត់ល្អនោះ សរសៃ​ឈាម​ដែល​នៅខាង​ក្នុង​នោះ​អាច​ដាច់មក​ជាមួយ​គ្នា​ក្នុង​ពេល​តែមួយ។ សរុប​សេចក្ដី​មកការ​ដក​រោមចិញ្ចើម​មាន ផល​ប៉ះពាល់​ច្រើន​ហេតុនេះ​ស្ដ្រី​គ្រប់រូប​គួរតែ​ចៀសវាង​នូវ​ប្រការ​ទាំង​នេះ។

ដំបូន្មាន​អ្នកប្រឹក្សា

ដោយ​សារការ​ថែទាំ​សម្រស់​និង​សុខភាព​សុទ្ធតែ​សំខាន់ ដូចនេះ​គួរតែ​ចៀស​វាងកុំ​ដករោម​ចិញ្ចើម។ សូម​ជ្រើស​រើស​យក ការ​កោរ​រោម​ចិញ្ចើម​ល្អជាង សូម​ព្យាយាម​ពេញចិត្ដ​នឹងអ្វី​ដែល​មាន​ស្រាប់។ ការកែ​ច្នៃមិន​មែនជា​ជម្រើស​ល្អនោះ​ទេ​ព្រោះ​ពេលខ្លះ លោកស្រី​អ្នកនាង​កញ្ញា​មិនបាន​ចំណេញ ថែម​ទាំង​ខាតបង់​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative