ស្ទីមមុខ

ផ្ទៃមុខ​ដ៏ស្រស់​ស្អាត​ពិតជា​គួរឱ្យ​ស្រឡាញ់​ពេញចិត្ដ​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន​មានវិធី និង​ឧបករណ៍​ជាច្រើន​ផលិត​ឡើង​ដើម្បី​ជាជំនួយ​ក្នុងផ្នែក​ថែរក្សា​សម្រស់ និង​កែ​សម្ផស្ស​នេះ។ ក្នុងនោះ​ស្ទីមមុខ​ក៏ជាវិធី​មួយ​ក្នុង​ចំណោម​វិធីទាំង​នោះ ដែល​អាចជួយ​ឱ្យ​លោកអ្នក​រក្សា​ភាព​ស្រស់​ស្អាត​របស់​លោកអ្នក​បាន។ តើស្ទីមជួយអ្វីបានខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

រឿងរ៉ាវ​ផ្សេងៗ​ដែល​ទាក់ទង​នឹងការ​ស្ទីមនេះ លោកអ្នក​បាន​ទទួល​ជ្រាប​រួចមក​ហើយ​នៅក្នុង​ការចេញ​ផ្សាយ​កាល​ពីលេខ មុន​របស់​ទស្សនាវដ្ដី សុខភាពយើង​ស្ដីអំពី​ការស្ទីម​ខ្លួន។ ឥឡូវ​នេះ​ដើម្បី​ឱ្យកាន់​តែច្បាស់​លោកអ្នក​នឹង​បាន​ជ្រាប​អំពី​ការស្ទីម​មុខវិញ ម្ដង តាមរយៈ​ការបក​ស្រាយ​របស់​កញ្ញា ទូច សុគន្ធា​អ្នកជំនាញ​នៅហាង​កែសម្ផស្ស​ម្កុដមាស​តារាពិភព​លោក​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង​ជាបន្ដ​ទៅទៀត។

ស្ទីម​មុខ ជាអ្វី?

ស្ទីម​ជាវិធី​ម្យ៉ាង​ដែល​ស្រូប ឬបាញ់​ចំហាយ​ឬផ្សែង​នៅលើ​ផ្ទៃមុខ​ដែល​កំពុង​ពេញ​និយម​ទាំង​បុរស​ទាំងនារី​ដើម្បី​ជា​ប្រយោជន៍​ដល់ការ​រក្សា​សម្រស់​របស់​ខ្លួន។ ស្ទីមមុខ​មានពីរ​ប្រភេទ គឺស្ទីម​ក្ដៅ និង​ស្ទីម​ត្រជាក់។ ការ​ជ្រើសរើស​យក​វិធីស្ទីម​មុខ​មួយ​ណា​គឺអាស្រ័យ​ទៅលើ​ស្ថានភាព​ស្បែកមុខ​របស់​មនុស្ស​ម្នាក់ៗ។ ប្រសិន​បើ​ផ្ទៃមុខ​ស្រស់​ស្អាត​គ្មាន​បញ្ហា​ហើយ​លោកអ្នក​គ្រាន់តែ​ចង់ផ្ដល់​សំណើម​ឱ្យស្បែក​នោះ លោកអ្នក​គួរតែ​ស្ទីម​ត្រជាក់។ ផ្ទុយ​ទៅវិញ​បើស្បែក​មុខមាន​បញ្ហា​មុន​ឬស្នាម​កន្ទួល នោះ​គួរ​ជ្រើសរើស​យក​ការ ស្ទីមក្ដៅ​ទើប​ទទួល​បាន​លទ្ធល​ល្អ។

វិធីសាស្ដ្រ​ក្នុងការ​ស្ទីមមុខ

ជំហាន​ដំបូង​នៃការ​ស្ទីម លោកអ្នក​ត្រូវ​សម្អាត​ស្បែកមុខ​ឱ្យស្អាត​ជាមុន​សិន។ ទោះ​ជា​លោកអ្នក​ចង់ស្ទីម​ត្រជាក់​ឬក្ដៅ​ក៏ដោយ។ បន្ទាប់ពី​សម្អាត​ស្បែកមុខ​រួចរាល់​ហើយ លោកអ្នក​ត្រូវលាប​ក្រែម​សម្រាប់​ស្ទីមឱ្យ​សព្វ​ផ្ទៃមុខ​រួចគេង​ឱ្យត្រង់​ដោយ​ដាក់​មុខឱ្យចំ​នឹង​ចំហាយ ឬផ្សែង​ដែល​ចេញ​ពីម៉ាស៊ីន​ស្ទីម។ ការ​សម្រាក​ស្ទីមនេះ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិចបំផុត​១០នាទី។ ផុតរយៈ​ពេលនេះ បន្ទាប់​ពីទុក​ស្បែកមុខ​ឱ្យ​ត្រជាក់​(បើ​លោកអ្នក​ស្ទីមក្ដៅ) លោកអ្នក​ត្រូវ​សម្អាតមុខ​ឱ្យស្អាត​ជាថ្មី។ បន្ទាប់​ពីនោះ​សូមលាប​ក្រែម​សម្រាប់​ថែរក្សា​ស្បែកមុខ​ជាកា​ស្រេច។

ផល​ប្រយោជន៍​នៃការ​ស្ទីមមុខ

ស្ទីម​ស្បែកមុខ​ប្រៀបដូច​ជាការ​សម្អាត​ស្បែកមុខ​មួយ​ប្រភេទ​ដែរ ដោយវា​អាចជួយ​ឱ្យ​ស្បែកមុខ​ស្រស់​ស្អាត​ចាកផុត​ពីល្អង ធូលី​មួយ​ចំនួន​ដែលមក​ទំជាប់។ ម្យ៉ាង​ទៀត ស្ទីម​ជួយឱ្យ​ចលនា​ឈាមរត់​ទៅ​ចិញ្ចឹម​ស្បែក​ធ្វើ​ដំណើរ​បានល្អ​និង​ក្នុង​ករណី​បើមាន​ស្លាក ស្នាម​ផ្សេងៗ ដូចជា​ស្នាមអុច​ខ្មៅ កន្ទួល​រមាស់ ឬរលាក​ស្បែក​ផ្សេងៗ​អាចធូរ​ស្រាល​បាន​ច្រើន។ ក្រៅ​ពីនេះ ស្ទីមអាច​ជួយឱ្យ​ស្បែកមុខ មាន​សំណើម និង​បង្កើន​ភាព​ស្រស់​ស្អាត​បានមួយ​កម្រិត។

ដំបូន្មាន​អ្នកជំនាញ

ទោះបី​ជាស្ទីម​មុខ​មានផល​ប្រយោជន៍​យ៉ាង​នេះក្ដី លោកអ្នក​មិនអាច​ស្ទីម​ស្បែកមុខ​រាល់ថ្ងៃ​បានទេ។ គួរតែ​ស្ទីមត្រឹម​តែពីរ ដងក្នុង​មួយ​សបា្ដហ៍ គឺគ្រប់​គ្រាន់​ណាស់ទៅ​ហើយ។ បើមិន​ដូច្នោះទេ​អាចធ្វើ​ឱ្យខូច​ស្បែកមុខ​ទៅវិញ​ក៏ថា​បាន។ ការ​កំណត់​កម្ដៅ សម្រាប់​ការស្ទីម​ក៏ជារឿង​សំខាន់​ដែរ បើ​កម្ដៅ​ខ្លាំង​ពេក និងធ្វើ​ឱ្យស្បែក​ជ្រីវ​ជ្រួញ។ ហើយ​បើកម្ដៅ​ទាប​ពេក​ការស្ទីម​ចាត់ទុក​ជា អសារ​បង់ ព្រោះមិន​អាចជួយ​អ្វីដល់​ស្បែក​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧

Google Analytics Alternative