ត្រអក​អាច​ព្យាបាលជា

មិនមាន​នរណាម្នាក់​ចាកផុត​ពីស្នាម​ទាំងឡាយ​ដែលមាន​នៅលើ​ស្បែក​គ្រាន់តែតិច ឬច្រើន​តែប៉ុណ្ណោះ។ ត្រអក​ជាជម្ងឺ ស្បែក​មួយ​ប្រភេទ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ផ្នែក​សុខភាព និង​សោភ័ណភាព​របស់​លោកអ្នក។ ត្រអក​អាចរាល​ដាលគ្រប់ កន្លែង​សព្វ​សព៌ាង្គកាយ​បង្កជា​ជម្ងឺ​ផ្សេង​ទៀត ប្រសិនបើ​ព្យាបាល​មិនទាន់​ពេលវេលា។ តើគួរ​ធ្វើយ៉ាង​ណានៅ​ពេលមាន​ត្រអក?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​សូមទទួល​ជ្រាប​អំពីបញ្ហា​ផ្សេងៗ​របស់​ជម្ងឺ​ត្រអក​នៅលើ​ស្បែកនេះ​តាមរយៈ​ការបក​ស្រាយ​របស់​លោកវេជ្ជ បណ្ឌិត ឡា ភៀវ អ្នក​ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ត្រអក ជាអ្វី?

ត្រអក​ជាប្រភេទ​ជម្ងឺ​សើស្បែក​ម្យ៉ាង​ដែលមាន​ផលប៉ះពាល់​ទៅដល់​ស្រទាប់​ស្បែក​ខាងលើ​អេពីឌែម និងឌែម។ ត្រអកកើត ឡើង​ដោយសារ​ប្រតិកម្ម​របស់អ្នក​ជម្ងឺទៅ​នឹងរបស់​អ្វីមួយ។ ត្រអកកើត​មាននៅ​តាម​ទីកន្លែង​លើសព៌ាង្គកាយ​ដែល​ប៉ះពាល់​ជាមួយ សារធាតុ​ដែល​ធ្វើឱ្យ​មាន​ប្រតិកម្ម។

រោគសញ្ញាត្រអក

ជំហាន​ដំបូង​ជម្ងឺ​ត្រអក​បណ្ដាលឱ្យ​អ្នកជម្ងឺ​មាន​លេចចេញ​ជាកន្ទួល​រមាស់​ឡើង​ក្រហម បើក្នុង​ករណី​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យមាន ហៀរ​ចេញនូវ​ទឹករងៃ និងបង្ក​រោគទៅ​ជាខ្ទុះ។ ជម្ងឺ​ត្រអក​នេះ​បើទុក​មិន​ព្យាបាល​រយៈ​ពេលយូរ ធ្វើឱ្យ​ស្បែក​ដែល​កើត​ត្រអក​នោះ ក្លាយ​ជាក្រិន។

មូល​ហេតុត្រអក

មូល​ហេតុបង្ក​ជម្ងឺ​ត្រអកត្រូវ​បានគេ​បែងចែក​ជាពីរ​យ៉ាង។

  • កត្ដា​ខាងក្នុង ដោយ​សារ​ហ្សែន​នៅក្នុង​រាងកាយ​តាំងពី​កំណើត
  • កត្ដាខាង​ក្រៅ ច្រើន​កើត​មានឡើង​ចំពោះ​លោកអ្នក​ដែល​បំពេញការ​ងារជា​មួយ​សារ​ធាតុគីមី ដូចជា​កម្មករ​សំណង់ មាន​ប្រតិកម្ម​ជាមួយ​នឹង​ស៊ីម៉ងត៍ អ្នកធ្វើ​ការតាម​រោងចក្រ​ក្រណាត់​ប្រតិកម្ម​ជាមួយ​លម្អង ឬកម្ទេច​ក្រណាត់​ជាដើម។ មាន​លោកអ្នក ខ្លះ​មាន​ប្រតិកម្ម​ជាមួយ​គ្រឿង​អលង្ការ ស្បែកជើង ក្បាល​ខ្សែក្រវាត់​ដែក​ជាដើម។

ការព្យា​បាលត្រអក

ការ​ព្យាបាល​ជម្ងឺ​ត្រអក​ចាំបាច់​ត្រូវធ្វើ​ឡើង​ជាមួយ​គ្រូពេទ្យ​ជំនាញ​តាមរយៈ​ថ្នាំលាប​នៅលើ​ស្បែក​ទៅតាមទី​តាំងកើត​ជម្ងឺ អាយុ​របស់​អ្នកជម្ងឺ​និងទៅ​តាម​ប្រភេទ​ស្បែក។ ក្រៅពី​នេះបើ​អ្នកជម្ងឺ​រមាស់​ខ្លាំងនោះ គ្រូពេទ្យ​នឹងឱ្យ​ប្រើប្រាស់​ថ្នាំលេប ដើម្បី​បំបាត់ ការ​មាស់។ ត្រអក​មិនមែន​ជាប្រភេទ​ជម្ងឺ​ឆ្លងទេ ប៉ុន្ដែ​លោកអ្នក​អាចឆ្លង​ពីអ្នក​ជម្ងឺ​ត្រអក​នូវ​ជម្ងឺ​ផ្សេង​ទៀត​តាមរយៈ​ទឹករងៃ​ដែលហូរ ចេញ​ពីត្រអក​នោះ ប្រសិនបើ​អ្នក​ជម្ងឺ​នោះមាន​កើត​ជម្ងឺថ្លើម ឬជម្ងឺ​អេដស៍។

ផល​វិបាក​នៃត្រអក

ក្នុង​ករណី​ដែល​លោកអ្នក​មើល​ស្រាល​មិនប្រញាប់​ទៅទទួល​ការព្យាបាល​នោះ ជម្ងឺ​ត្រអក​អាចរាលដាល​កាន់តែ​ច្រើនឡើង។ ជា​ឧទារហណ៍​បើ​លោកអ្នក​មានត្រអក​នៅត្រង់ដៃ ហើយ​លោកអ្នក​មិនព្យាបាល នោះត្រអក​នឹង​រាលដាល​ឡើង​ដល់​ក្លៀក និង​ដងខ្លួន។ ពេលខ្លះ​កំពុងតែ​មាន​ជម្ងឺ​ត្រអក ហើយ​ប្រើថ្នាំ​ខុសទៀត ពេលនោះ​ត្រអក​នឹងមាន​ប្រតិកម្ម​កាន់តែ​ខ្លាំងនាំ​ឱ្យអ្នក​ជម្ងឺ​របកស្បែក​ពេញ ខ្លួន​ក៏មាន​ដែរ។

វិធីការ​ពារត្រអក

ត្រអក​ក៏ដូច​ជាជម្ងឺ​សើស្បែក​ដ៏ទៃទៀត​ដែរបើ​លោកអ្នក​មាន​អនាម័យខ្លួន​ប្រាណ​គ្រប់គ្រាន់ និងចៀស​វាងមិន​ប៉ះពាល់​ជាមួ យសារ​ធាតុ​ទាំងឡាយ​ណាដែល​មាន​ប្រតិកម្ម​ជាមួយ​ស្បែក​របស់​លោកអ្នក នោះ​លោកអ្នក​ប្រាកដ​ជាចៀស​មិនផុត​ពីកើត​ជម្ងឺនេះ​ទេ។

ដំបូន្មានអ្នកជំនាញ

លោកអ្នក​មួយចំនួន​នៅពេល​មាន​ជម្ងឺ​ត្រអក​តែងតែ​ទៅរកទិញ​ថ្នាំមក​ប្រើ​ដោយ​ខ្លួនឯង នេះជា​ប្រការ​ខុសឆ្គង​មួយ។ ដូច ដែល​ជម្រាប​ជូនខាង​លើថា​ដើមចម​នៃជម្ងឺ​ត្រអក​មានច្រើន ដូចនេះ​លោកអ្នក​ត្រូវរកឱ្យ​ឃើញទើប​អាច​ព្យាបាល​ជា ហើយ​បញ្ឈប់​ទង្វើ ទាំងឡាយ​ដែលនាំឱ្យ​កើតត្រអក។ ចំពោះ​ការ​ប្រើប្រាស់ថ្នាំ​មិនចំ​ទិសដៅ​ក៏អាច​ធ្វើឱ្យ​ស្បែក​របស់​លោកអ្នក​ខូចផង​ដែរ។ ស្បែកដែល ខូច​របស់​លោកអ្នក បើក្នុង​ករណី​ធ្ងន់ធ្ងរ គ្រូពេទ្យ​ជំនាញ​គ្មានលទ្ធភាព​ព្យាបាល​ឱ្យមាន​សភាព​ដូចដើម​វិញបានទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative