បូស ជាជម្ងឺឆ្លង

ស្នាមក្រហម កន្ទួល ពងទឹក ឬខ្ទុះ​នៅលើស្បែក​ដែលបង្កឱ្យ​មានការ​ឈឺចាប់​ដល់លោកអ្នក​មានច្រើន​ប្រភេទណាស់​ក្នុង នោះ​បូសក៏​ជាជម្ងឺ​មួយនៅ​ក្នុងចំណោម​បញ្ហាទាំង​នោះដែរ។ លោកអ្នក​មួយចំនួន​តែងតែ​គិតថា​កើតបូស​ជារឿង​ធម្មតា​របស់មនុស្ស ទូទៅ មិនមាន​នរណាអាច​គេចវេស​បានទេ ហើយក៏​មិនទាមទារ​ឱ្យមានការ​ព្យាបាល​អ្វីទាំងអស់។ ផ្ទុយ​ទៅវិញ​បើលោកអ្នក​កើតបូស ហើយ​ព្យាបាល​មិនទាន់ពេល​វេលា និង​មិនត្រឹមត្រូវ​អាចធ្វើឱ្យ​មានគ្រោះថ្នាក់​ច្រើនប្រការ​ណាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ឡា ភៀវ អ្នកឯកទេស​ជម្ងឺសើស្បែក និង​កាមរោគ​ចូលរួម​បកស្រាយ​ជម្រាបជូន​លោកអ្នក​អំពីជម្ងឺ​បូស នេះបន្ថែម​លើអ្វី​ដែលលោកអ្នក​យល់ដឹង​កន្លងមក​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

បូស ជាអ្វី?

បូសជា​ប្រភេទ​ជម្ងឺ​សើស្បែក​ម្យ៉ាងដែល​បង្កឡើង​ដោយ​មេរោគ​បាក់តេរី​ឈ្មោះ​ស្ដាហ្វីឡូសកូក។ បូសអាច​កើតមាន​នៅលើ មនុស្ស​គ្រប់វ័យ និង​គ្រប់ទីកន្លែង​ទាំងអស់​នៃរាងកាយ​មនុស្ស។ ជំហានដំបូង​ជម្ងឺ​បូសចាប់ផ្ដើម​ដោយការ​រលាកគល់​រោមតូចៗ រួចបន្ដ ស៊ីទៅ​ខាងក្នុង ហើយបង្ក​ជាដុំតូចមួយ​មានខ្ទុះ។ បូសអាចឆ្លង​ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់​ទៀតតាម​រយៈការ​ប៉ះពាល់​ជាមួយ​ទឹករងៃ ឬខ្ទុះ​ដែលមាន​មេរោគ​នៅក្នុងនោះ។ ជាទូទៅ​បូសមានពីរ​ប្រភេទគឺៈ

  • បូសមុខច្រើន ឬ​ហៅថា​ខាបាំងខល
  • បូសមុខមួយ ឬ​ហៅថា​ហ្វុយរាំងខល។

រោគសញ្ញា​ជម្ងឺបូស

បូសជាប្រភេទ​ជម្ងឺងា​យកត់​សម្គាល់ គ្រាន់តែ​ពេលខ្លះ​លោកអ្នក​មិនបាន​ចាប់​អារម្មណ៍​ហើយ​អាចច្រឡំ​ជាមួយ​និង​ជម្ងឺសើ ស្បែក​ផ្សេងទៀត​តែប៉ុណ្ណោះ។ នៅដំណាក់​កាលដំបូង បូសស្ដែង​ចេញ​ជាអាការ​កន្ទួល​ក្រហមតូច​មួយមាន​ការរមាស់​ហើយ​ឈឺចាប់ បន្ដិចបន្ដួច។ រយៈពេល​ពីរទៅបី​ថ្ងៃបន្ទាប់ កន្ទួល​ក្រហមនោះ​មានទំហំធំ​បង្កឱ្យ​មានខ្ទុះ​ហើយមាន​ការឈឺ​ចាប់ខ្លាំង។ ប្រសិន​បើស្បែក លោកអ្នក​មិនមាន​ប្រព័ន្ធ​ការពារ​មាំទាំ គួបផ្សំ​និងកត្ដា​កង្វះ​អនាម័យ​ផងនោះ​មេរោគ​បូសអាច​សាយភាយ​ខ្លាំងបណ្ដាល​ឱ្យកម្ដៅក្នុង ខ្លួន​លោកអ្នក​ឡើងខ្លាំង ហើយ​អាចធ្វើ​ឱ្យលោកអ្នក​គ្រុនរងា​ព្រោះ​មេរោគ​ជ្រៀតចូល​ទៅក្នុង​សរសៃ​ឈាម។

មូលហេតុ​ជម្ងឺបូស

ដើមចម​ដំបូងដែល​បង្កឱ្យ​មានជម្ងឺ​បូសនេះ គឺដោយសារ​ការអេះ​រលាត់ស្បែក​ឬ​មានរបួស​តាមគល់​រោមដែល​ធ្វើឱ្យមេរោគ ជ្រៀត​ចូលបាន។ ម្យ៉ាងទៀត​ជម្ងឺបូស​អាចបណ្ដាល​មកពីកង្វះ​អនាម័យ​ដោយការ​ប៉ះពាល់​នឹងមជ្ឈដ្ឋាន​ដែលមាន​មេរោគ ហើយក៏ចូល ទៅក្នុងស្បែក​ហើយបង្ក​ជាជម្ងឺបូស។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការព្យាបាល​ជម្ងឺបូស

លោកអ្នក​ភាគច្រើន​ពុំសូវចាប់​អារម្មណ៍​ទៅលើការ​ព្យាបាល​បូសទេ ដោយសារ​លោកអ្នក​គិតថា​ជារឿងធម្មតា​ទុកយូរទៅ អាចបាត់​ដោយខ្លួនឯង។ បើមិន​ដូច្នោះ​ទេលោកអ្នក​អាចបិតនេះ​បិតនោះ​តាមទម្លាប់ ឬ​ការនិយម​របស់ខ្លួន។ លោកអ្នក​ធ្លាប់បានដឹង ហើយថា ក្រោយពី​កើតជម្ងឺ​បូសហើយ មួយរយៈ​ពេលក្រោយ​មកក៏កើត​មាននៅ​កន្លែងផ្សេងៗ​ទៀត​នេះ​បណ្ដាលមក​ពីលោកអ្នក​មិន បានទទួល​ការព្យាបាល​ត្រឹមត្រូវ​ហើយ​មេរោគ​បូសមិនទាន់​ត្រូវបាន​កម្ចាត់ចោល​ទាំងស្រុង​នៅឡើយ។ ក្នុងករណី​ជម្ងឺបូស​ស្រាលបន្ដិច បន្ដួចនោះ​មិនមាន​បញ្ហាចោទឡើយ​គ្រាន់​លោកអ្នក​លាបក្រែម​សម្លាប់​មេរោគបូស​ហើយ​នៅពេល​ដែលខ្ទុះ​ធ្លាយចេញ​មកក្រៅនោះ នឹង​ជាសះស្បើយ​ហើយ។ ក្នុងករណី​ធ្ងន់ធ្ងរ​ដែលបូសរាល​ដាលខ្លាំង​ទាមទារ​ឱ្យលោកអ្នក​ទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យរោគ វិនិច្ឆ័យ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ការព្យាបាល​ត្រូវប្រើ​ពពួកថ្នាំ​អង់ទីប៊ីយ៉ូទិក​លាប និង​លេប។ បើបូស​មានមុខក្រាស់​ហើយធំ ភាគច្រើន​កើតនៅ​កន្លែងដែល​មានស្បែក​យារមិន​ព្រមធ្លាយ​ក្រោយពេល​ប្រើប្រាស់​ថ្នាំនោះ ចាំបាច់​ត្រូវវះ​ដើម្បីយក​ខ្ទុះចេញ។ ការវះ​យកខ្ទុះ​នេះត្រូវ​ធ្វើឡើង​ដោយ​គ្រូពេទ្យ​ជំនាញ​ទើបអាច​ចៀសផុត​ពីការករ​រោគផ្សេងៗទៀត។

ផលវិបាក​ជម្ងឺបូស

នៅពេល​ដែលលោកអ្នក​មានជម្ងឺបូស ហើយ​ព្យាបាល​មិនទាន់​ពេលវេលា​អាចបង្ក​ជាផលវិបាក​មួយចំនួន​ក្រោយពេល​ជាសះ ស្បើយ ដូចជា​ធ្វើឱ្យខូច​ស្បែក​ទៅជាក្រហូង និង​សម្លាក។ ហើយបើ​បូសនោះ​កើតនៅ​លើក្បាល​ធ្វើឱ្យ​បរិវេណ​ដែលកើត​នោះជ្រុះសក់ អស់ នាំឱ្យសក់​លែងដុះ ក្បាល​ទំពែក។ ទាំងនេះ​អាចនាំឱ្យ​សោភ័ណភាព​និង​សម្រស់​របស់​លោកអ្នក​បាត់បង់ ហើយ​ក៏ជាការ​រំខានមួយ ដែរ។ ក្នុងករណី​ធ្ងន់ធ្ងរ​ដែលបូស​រីកហើមធំ​ហើយ​មេរោគ​សាយភាយ​ចូលទៅ​ក្នុងចរន្ដ​ឈាមដែល​ខ្មែរយើង​និយម​ហៅតៗគ្នា​ថាកើត ពិស ដែលនាំឱ្យ​លោកអ្នក​មានអាការ​គ្រុនញាក់​ហើយមាន​គ្រោះថ្នាក់។

វិធីការពារ​ជម្ងឺបូស

បូសក៏ដូច​ជាជម្ងឺ​សើស្បែក​ដ៏ទៃទៀត​ដែរ បើលោកអ្នក​មានអនាម័យ​ខ្លួនប្រាណ​គ្រប់គ្រាន់​នោះ​លោកអ្នក​ប្រាកដជា​អាចគេច ផុតមិន​ខានឡើយ។ ការធ្វើ​អនាម័យ​ត្រូវធ្វើជា​ប្រចាំ​ដោយ​ប្រើសាប៊ូ​ជាពិសេស​សម្រាប់​លោកអ្នក​ដែល​ឧស្សាហ៍​កើតមាន​បូសញឹក ញាប់គួរ​ប្រើសាប៊ូ​ដែលមាន​សារធាតុ​សម្លាប់​មេរោគ​ផងដែរ។

ដំបូន្មាន​អ្នកជំនាញ

បើលោកអ្នក​មានជម្ងឺ​បូស សូមស្វែង​រកសេ​វាព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​តាមលក្ខណៈវេជ្ជសាស្ដ្រ​និង​ឱ្យទាន់​ពេលវេលា។  នោះទើបលោកអ្នក​អាចចៀសផុត​ពីផល​វិបាក​ផ្សេងៗ​ដូចដែល​រៀបរាប់​ពីខាងដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *