ខ្ញុំខ្វះ​ជាតិស្ករ

ប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន​មិនសូវ​យកចិត្ដ​ទុកដាក់​ពីបញ្ហាកង្វះ​ជាតិស្ករ​ក្នុងឈាម​ឡើយ។ មានមនុស្ស​មួយចំនួន​គិតថាបើ មានកង្វះ​ជាតិស្ករ ត្រូវតែ​បរិភោគ​អាហារ​ណាដែល​មាន​ជាតិស្ករ​ទៅជា​ការស្រេច។ ប៉ុន្ដែ​មិនដូច​ជាការគិត​នោះទេ កង្វះ​ជាតិស្ករ គឺជា បញ្ហា​ចម្បង​ដែល​លោក​អ្នក​ត្រូវយកចិត្ដ​ទុកដាក់។ ប្រសិនបើ​មិនមាន​ការយក​ចិត្ដទុក​ដាក់គិត​គូរពីរ​បបអាហារ​ឱ្យមាន​តុល្យភាពទេ អាចនឹង​បង្កគ្រោះ​ថ្នាក់ដល់​សុខភាព។ ទាក់ទង​នឹងរបប​អាហារ​សម្រាប់​មនុស្ស​ម្នាក់ៗ មានភាពខុសៗ​គ្នាទៅ​តាមតម្រូវ​ការរបស់​សរី រាង្គកាយ។ តើមាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្ដាលឱ្យ​មានកង្វះ​ជាតិស្ករ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ធ្វើការ​ស្វែងយល់​ទាំងអស់​គ្នាពី​បញ្ហាកង្វះ​ជាតិស្ករ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក វេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជម្ងឺ​ទឹកនោម​ផ្អែម​នៃមន្ទីរ​ពេទ្យ​ព្រះកុសុមៈ បានធ្វើ​ការណែនាំ​ពីរោគ​សញ្ញា ផលប៉ះ​ពាល់ និង ប្រការ​គួរយល់​ដឹងមួយ​ចំនួន។

កង្វះ​ជាតិស្ករ ជាអ្វី?

គេអាចដឹងកា​រខ្វះជាតិស្ករ ឬជាតិផ្អែម​បានដោយ​ការពិនិត្យ​អត្រា​ជាតិស្ករ​ក្នុងឈាម ដែលឃើញ​មានកម្រិត​ជាតិស្ករ​នៅ ក្រោម​៧០មីលីក្រាម​ក្នុង១មីលី​លីត្រឈាម និងអាច​ដឹងតាម​រយៈ​រោគសញ្ញា​ផ្សេងៗ​ដែលកើត​មាននៅ​លើខ្លួន​អ្នកជម្ងឺ។ ជាទូទៅ​កម្រិត​ជាតិស្ករ​នៅក្នុង​សរីរាង្គកាយ​របស់​មនុស្ស​ម្នាក់ៗ មាន​កម្រិត​ចន្លោះ​ពី៧០​ទៅ១២០​មីលីក្រាម​ក្នុង១​មីលីលីត្រ​ឈាម។ ដើម្បី​បាន លទ្ធផល​ត្រឹមត្រូវ ការពិនិត្យ​ត្រូវធ្វើ​ឡើង​នៅពេល​ព្រឹកមិន​ទាន់ទទួល​ទានអាហារ។

រោគសញ្ញា​កង្វះ​ជាតិស្ករ

រោគ​សញ្ញា​កង្វះជាតិស្ករ​មានច្រើន​ប្រភេទ។

  • រោគសញ្ញា​សរីរាង្គ​ក្រពេញ អ្នកជម្ងឺ​មាន​អាការរោគ​ដូចជា​បែក​ញើស ញ័រដើម​ទ្រូង ញ័រដៃញ័រ​ជើង ស្ពឹកបបូរ​មាត់ជា ដើម។
  • រោគសញ្ញា​ប្រព័ន្ធ​សរសៃ​ប្រសាទ ៖ អ្នកជម្ងឺ​មានស្មារតី​មិននឹងនរ និយាយ​លែងចង់​ចេញ ពិបាក​ក្នុងការ​និយាយ ដើរ​ចង់តែ ដួល បោះជើង​មិនចង់​រួចជាដើម។ ម្យ៉ាង​ទៀតភ្នែក​អ្នកជម្ងឺ​ឡើង​ស្រវាំង​មើល​ទៅឃើញ​ស្រមោល​ពីរ មើល​អ្វីមិន​ច្បាស់ ឬរាងព្រិល ភ្នែក។
  • រោគ​សញ្ញាផ្លូវ​ចិត្ដ ៖ អ្នកជម្ងឺ​ខ្លះមួម៉ៅ ឆាប់ខឹង និយាយ​ប៉ះបន្ដិច​បន្ដួច​រករឿង​ចង់តែ​ឈ្លោះ​ប្រកែក។ មាន​ពេលខ្លះ អ្នក​ជម្ងឺចេះ​តែសើច ឬយំម្នាក់​ឯង ឥតមាត់​ឥតក​នៅតែម្នាក់​ឯងមិន​ចង់ស្ដី​រកអ្នក​ផ្សេង ស្លេកស្លាំង បញ្ឈរ​ភ្នែក ឬសន្លប់​បាត់​ស្មារតីតែ ម្ដង។ ជា​ឧទាហរណ៍​ជាប្រចាំថ្ងៃ​នៅពេល​ថ្ងៃត្រង់ ជិតដល់​ពេល​ទទួលទាន​អាហារ មនុស្ស​ទូទៅតែង​មានអត្រា​ជាតិស្ករ​ក្នុងឈាម​ធ្លាក់ ទាប។ ពេលនោះ​ច្រើនមាន​អារម្មណ៍​មួម៉ៅ ឆាប់ខឹង ឬឆាប់​ច្រឡោត តែអារម្មណ៍​ទាំងនេះ​នឹងបាត់​ទៅវិញ​បន្ដិចម្ដងៗ​ក្រោយ​ពេល​ទទួលទាន​អាហារ​ហើយ។ ដូច្នេះ​នៅក្នុង​គ្រួសារ​មិនគួរ​លើកយក​រឿង​មិនល្អ​មកនិយាយ​នៅពេល​អាហារ​ថ្ងៃត្រង់​នោះទេ។

អ្នកដែល​ឆាប់មាន​កង្វះ​ជាតិស្ករ

អ្នកដែល​ងាយ​ទទួល​រងនូវ​ការចុះ​អត្រា​ជាតិស្ករ​ក្នុងឈាម​ខ្លាំងជាង​គេ គឺកូន​ក្មេង។ ហេតុដូច្នេះ​ហើយបាន​ជាកូន​ក្មេងត្រូវ​ការ បរិភោគ​ចំណី​អាហារ​ញឹកញាប់​ជាងគេ រហូតដល់​ត្រូវផ្ដល់​ពី៤ ទៅ៦ដង​ក្នុងមួយ​ថ្ងៃ​ឯណោះ។ ស្ដ្រីងាយ​ទទួលរង​ការធ្លាក់​ចុះអត្រា​ជាតិ ស្ករក្នុង​ឈាមជាង​បុរស ព្រោះ​បុរស​អាច​ទប់ទល់​នូវការធ្លាក់​ចុះអត្រា​ជាតិស្ករ​ក្នុងឈាម​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុ​បង្កកង្វះ​ជាតិស្ករ

មានមូល​ហេតុ​ជាច្រើន​ដែលបណ្ដាល​ឱ្យមាន​កង្វះជាតិស្ករ។

  • ជម្ងឺ​ទឹកនោម​ផ្អែម ៖ អ្នក​ជម្ងឺ​ទឹកនោមផ្អែម​ដែលកំពុង​ធ្វើការព្យាបាល ដូចជាការ​លេបថ្នាំ​ដើម្បី​ឱ្យជាតិ​ស្ករថយ​ចុះហួស​កម្រិត ការចាក់​ថ្នាំអាំង​ស៊ុយលីន​ព្យាបាល​ជម្ងឺ​ទឹកនោមផ្អែម​ដោយមិន​គោរពតាម​វេជ្ជបញ្ជា​ឱ្យបាន​ត្រឹមត្រូវ​ជាដើម។ ជួនកាល​បណ្ដាល មកពីការ​តម​អាហារ​ជ្រុលពេក​ក៏ឱ្យខ្វះ​ជាតិស្ករ​ដែរ។ មួយវិញ​ទៀតការ​ហាត់ប្រាណ​ដើម្បី​បញ្ចុះជាតិស្ករ​ខ្លាំងពេក​ក៏ធ្វើឱ្យ​កម្រិត​ជាតិ ស្ករ​ថយចុះ។ ចំពោះ​អ្នកជម្ងឺ​ទឹកនោមផ្អែម ត្រូវដាក់​គ្រាប់ស្ករ​តាមខ្លួន​ជាប់ជានិច្ច ដើម្បី​ចៀសវាង​ប្រការ​ដែល​មានដោយ​សារខ្វះ​ជាតិ ស្ករ។
  • លំពែង ៖ វាអាច​កើតទៅលើ​មនុស្សដែល​មានជម្ងឺ​សរីរាង្គ​ក្រពេញ ជាពិសេស​អ្នកមាន​ជម្ងឺ​លំពែង និង​មហារីក​លំពែង។ ម្យ៉ាងទៀត​វាអាចកើត​ឡើង​ដោយសារ​ការប្រើប្រាស់​ថ្នាំមួយ​ចំនួន​ដែលធ្វើឱ្យ​ជាតិស្ករ​ក្នុងឈាម​ចុះ ដូចជា​ពពួកថ្នាំ​ផ្សះ​ស៊ុលហ្វាមីត  ពពួ កថ្នាំ​គីនីន​ប្រឆាំង​ជម្ងឺ​គ្រុនចាញ់​ជាដើម។
  • ជាតិសុរា ឬស្រា ៖ ការទទួល​ជាតិសុរា​(ស្រាបៀរ ឬស្រា)​ច្រើនពេក​ធ្វើឱ្យជាតិស្ករ​ក្នុងឈាម​ថយចុះ និងបណ្ដាល​ឱ្យស្រវឹង ឬអាច​សន្លប់​បាត់ស្មារតី​ដោយសារ​មកពីរ​ជាតិស្ករ​មានកម្រិត​ទាប។
  • ចំណីអាហារ ៖ មកពី​ការបរិភោគ​មិនបាន​គ្រប់គ្រាន់ ឬតិចជាង​៣ដង​ក្នុងមួយថ្ងៃ ឬបរិភោគ​អាហារគ្មាន​តុល្យភាព។
  • ធាត់ ៖ អ្នកធាត់ ឬដុះ​ក្បាល​ពោះតែង​តែមាន​បញ្ហាខ្វះ​ជាតិស្ករ​ជារឿយៗ ជារោគសញ្ញា​អាសន្នមួយ​ប្រាប់ថា​អ្នកជម្ងឺ​នឹង កើត​ជម្ងឺទឹក​នោមផ្អែម​ក្នុងពេល​អនាគត។ លោកអ្នក​ត្រូវទៅ​ជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​តាមដាន​សុខភាព​និងការពារ ជម្ងឺទឹក​នោមផ្អែម។

វិធីព្យាបាល​កង្វះជាតិ​ស្ករក្នុង​ឈាម

  • ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ត្រូវលេបថ្នាំ​តាម​វេជ្ជបញ្ជា ត្រូវដឹង​អំពីបរិមាណ​ជាតិស្ករ​ដែលត្រូវការ ត្រូវយល់​ដឹងពី​របប អាហារ និងបរិមាណ​ថ្នាំដែល​គ្រូពេទ្យ​បានផ្ដល់ និងណែនាំ។ មានអ្នក​ជម្ងឺ​ទឹកនោមផ្អែម​មួយចំនួន​យល់ថា​ការទទួល​ទានស្រា ឬស្រា បៀរ​ធ្វើឱ្យ​ចុះអត្រាជាតិស្ករ​ក្នុងឈាម អាចព្យាបាល​ជម្ងឺ​ទឹកនោមផ្អែម​បាន។ តាមការ​ពិត ជាតិស្រា​ធ្វើឱ្យ​អត្រា​ជាតិស្ករ​ក្នុង​ឈាមថយ ចុះ តែអ្នក​ជម្ងឺ​ទឹកនោមផ្អែម​ត្រូវ​ប្រឈមមុខ​នឹងផល​វិបាកធ្ងន់ធ្ងរ​ផ្សេងទៀត​ដូចជា អាចធ្វើ​ឱ្យខូច​ថ្លើម ខូចសរសៃ​ឈាម ជម្ងឺ​បេះដូង ធ្ងន់ធ្ងរ​ជាដើម។
  • ចំណែក​អ្នកដែល​មានជម្ងឺ​ក្រពេញ​អង់ដូគ្រីន និង​ជម្ងឺមហារីក ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ពីបរិមាណ​នៃ ការបរិភោគ​ចំណី​អាហារ​ឱ្យមាន​តុល្យភាព មិនត្រូវ​បរិភោគ​ចំណី​អាហារ​ផ្ដេសផ្ដាស​នោះទេ។
  • ដោយឡែក​មុនពេល​ទទួល​ទានស្រា ត្រូវ​បរិភោគអាហារ​ដែលមាន​សារជាតិស្ករ​ឱ្យបាន​គ្រប់គ្រាន់​ជាមុនសិន។ ការប្រើ ប្រាស់ ឬទទួលទាន​ថ្នាំក៏ត្រូវ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការទៅ​ទិញថ្នាំ​យកមក​លេបខ្លួន​ឯង ដែលអាច​បង្កឱ្យ​មានកង្វះ​ជាតិស្ករ ឬ អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់អាយុជីវិត។
  • មនុស្ស​ទូទៅ​ត្រូវ​បរិភោគអាហារ​ឱ្យបានត្រឹម​ត្រូវយ៉ាង​តិច៣ដង​ក្នុងមួយថ្ងៃ ក្នុង​បរិមាណ​សមស្រប និងហាត់​ប្រាណដើ ម្បីឱ្យ​អត្រាជាតិស្ករ​មានលំនឹង។ ចំណីអាហារ​មានតុល្យ​ភាពគឺជាតិបាយ ឬស្ករ​ពី៥០​ទៅ៥៥% ជាតិខ្លាញ់​ពី២៥ទៅ​៣០% និង​ជាតិសាច់​ពី១០ទៅ១៥%។ កូនក្មេង ឬទារកត្រូវ​ផ្ដល់ចំណី អាហារ​ដែល​មានសារ​ជាតិគ្រប់​គ្រាន់ យ៉ាងតិច​ពី៤ ឬ៨ដង​ក្នុងមួយថ្ងៃ។ ទារក​ត្រូវការ​បំបៅដោះ​ពី២ទៅ៦​ម៉ោងម្ដង។ ដោយឡែក សម្រាប់​អ្នកធាត់​ត្រូវគិត​ពីរបបអាហារ​ឡើងវិញ កុំបរិភោគ​អាហារ​ដែលមាន​ជាតិស្ករ​ខ្លាំងពេក។ ប្រការ​ដែលត្រូវ​ធ្វើ គឺ​បន្ថយការបរិ ភោគអាហារ​ដែល​មានជាតិ​ខ្លាញ់ បញ្ចុះ​ទម្ងន់ឱ្យ​សមនឹង​កម្ពស់ ហាត់ប្រាណ​ឱ្យបានទៀង​ទាត់។

ដំបូន្មាន​អ្នកជំនាញ

លោកអ្នក​គួរបរិភោគ​អាហារ​យ៉ាងតិចឱ្យ​បាន៣ដង ចៀសវាង​នូវការ​បរិភោគ​អាហារ​ណាដែល​ផ្អែម​ពេក ឬ​ប្រៃពេក។ រីឯអ្នក​ដែលធាត់ ពេលដែល​ខ្វះជាតិស្ករ មិនត្រូវ​បរិភោគ​ជាតិស្ករ​ច្រើន​ពេកទេ ព្រោះអាច​ប្រឈម​នឹងការ​កើត​ជម្ងឺ​ទឹកនោមផ្អែម។ ចំពោះ​អ្នកជម្ងឺ​ទឹកនោមផ្អែម ត្រូវ​អនុវត្ដ​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ​ឯកទេសឱ្យ​បានត្រឹមត្រូវ​ក្នុងការ​ទទួលទាន​ថ្នាំ ការហាត់​ប្រាណ និងរ បបអាហារ។ រោគវិនិច្ឆ័យ​ត្រឹមត្រូវ​នៃជម្ងឺ​ខ្វះជាតិស្ករ គឺការ​ពិនិត្យ​រកអត្រាជាតិ​ស្ករក្នុង​ឈាម រួមផ្សំ​និងរោគ​សញ្ញា​ផ្សេងៗ​មួយចំនួន។ មានតែ​គ្រូពេទ្យ​ជំនាញ​ទេទើប​អាចជួយ​លោកអ្នក​បានក្នុង​ការដោះ​ស្រាយ​បញ្ហាកង្វះ​ជាតិស្ករ​នេះ។ សូមចៀង​វាងការ​ព្យាបាល​ជម្ងឺដោ យខ្លួនឯង ដែលអាច​បង្កឱ្យ​មានបញ្ហា​កាន់តែ​ច្រើនថែម​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative