កុមារ​ខ្វាក់​មាន់

កុមារ​ងាយ​ទទួល​រងនូវ​ជម្ងឺផ្សេងៗ​ជាច្រើន បើ​លោកអ្នក​ជាមាតា​បិតា​មិនបាន​ប្រុង​ប្រយ័ត្ន និង​ថែរក្សា​ឱ្យបាន​ដិតដល់។ ខ្វាក់​មាន់​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​អាចធ្វើឱ្យ​កុមារ​មាន​គ្រោះថ្នាក់​ដល់​ពិការភ្នែក​បាន បើ​ព្យាបាល​មិនទាន់​ពេល​វេលា។ ខ្វាក់​មាន់​ជាជម្ងឺ អាច​បង្ការ​បាន ដោយ​គ្រាន់តែ​លោកអ្នក​ព្យាយាម​អនុវត្ដ​នូវប្រការ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ហ៊យ គឹមហេង អ្នក​ឯកទេស​រោគ​កុមារ នៃ​មន្ទីរពេទ្យ​កុមារជាតិ នឹង​​​បក​ស្រាយ​​​បំភ្លឺ​អំពី​​​​បញ្ហា​​​​នៃ​​​​ជម្ងឺខ្វាក់ មាន់​​​នេះ​​​ជូន​​​មិត្ដអ្នកអាន ជាពិសេស​​​មាតាបិតា​​​ដើម្បីជា​​​ជំនួយក្នុងការ​​​ថែរក្សា​​​សុខភាព​​​កូនៗជាទី​​​ស្រឡាញ់​​​របស់​​​លោកអ្នក។

ខ្វាក់មាន់ ជាអ្វី?

ខ្វាក់មាន់​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​ច្រើន​កើត​លើកុមារ ធ្វើឱ្យ​កុមារ​មើល​មិន​ឃើញ ឬមើល​មិនច្បាស់​នៅពេល​យប់ ហើយ មាន​សភាព​ពិបាក​ក្នុងការ​សម្លឹង​មើល​អ្វីមួយ។

មូល​ហេតុ​ជម្ងឺ​ខ្វាក់មាន់

កង្វះ​អាហា​រូបត្ថម្ភ និង​កង្វះ​ជីវជាតិ​អា ជាមូល​ហេតុ​ចម្បង​តែមួយគត់​ដែលនាំ​ឱ្យកុមារ​មានជម្ងឺ​ខ្វាក់​មាន់។ កង្វះ​អាហា​រូបត្ថ ម្ភ ពុំមែន​គ្រាន់តែ​បណ្ដាលមក​ពីខ្វះ​ចំណី​អាហារ​តែប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏អាច​បណ្ដាល​មកពី​ការខ្វះការ​ថែទាំ​គ្រប់គ្រាន់​ពីមាតា​បិតា ខ្វះ​អនា ម័យ ពុំមាន​ការប្រើ​ប្រាស់​ទឹកស្អាត និង​បង្គន់​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ បើ​កុមារ​ខ្វះ​ជីវជាតិអា​ដែល​ជាជីវជាតិ​ចាំបាច់​សម្រាប់ ទ្រទ្រង់​ដល់​ភ្នែក ការលូត​លាស់ និង​ការវិវឌ្ឍន៍ ព្រមទាំង​ជួយដល់​សព៌ាង្គកាយ​ដើម្បី​ប្រឆាំង​នូវជម្ងឺ​មួយចំនួន​ទៀត។

រោគសញ្ញា​ជម្ងឺ​ខ្វាក់មាន់

បើទារក​ក្រោម​អាយុ​មួយឆ្នាំ​មានជម្ងឺ​ខ្វាក់មាន់ ទាំង​គ្រូពេទ្យ​ជំនាញ​ទាំង​ឪពុកម្ដាយ​ពិបាក​ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ​ណាស់។ ព្រោះ​ជាទូ​ទៅការ​រកមុខ​សញ្ញា​ត្រូវពឹង​ផ្អែក​ទៅលើការ​និយាយ​ប្រាប់ពី​អ្នកជម្ងឺ និង​ការ​សាកល្បង​នូវការ​មើល​ឃើញ​របស់​អ្នកជម្ងឺ។ ជម្ងឺ ខ្វាក់មាន់​ធ្វើឱ្យ​កុមារ​មើលអ្វី​មិនឃើញ​នៅពេល​យប់ មាន​អារម្មណ៍​ហាក់​ដូចជា​មានអ្វី​មួយមក​បាំងមុខ ព្រិល​ស្រអាប់​មើល​មិនច្បាស់។ ពេល​នោះ​ហើយ​ដែល​កុមារ​ខំប្រឹង​សម្លឹង​ដោយដើរ​ច្រើន​ងើយ​មើល​ទៅលើ ព្រមទាំង​បើកភ្នែក​សម្លឹងធំៗ។ កុមារ​មានការ​ឈឺចាប់​នៅ ក្នុង​កែវ​ភ្នែក ភ្នែក​ប្រែពណ៌​ពីថ្លាទៅ​ជាល្អក់។ ជា​ពិសេស​កុមារ​ដែល​កើត​ជម្ងឺនេះ​មិនសូវ​មានភាព​ក្លាហាន ដំណើរ​មួយៗ មិន​ស្វាហាប់ ដូច​កុមារ​ទូទៅទេ។

ជម្ងឺនេះ​មាន​ការវិវឌ្ឍន៏​ជាបន្ត​បន្ទាប់​វាធ្វើឲ​ស្រអាប់​កញ្ចក់​ភ្នែក​កែវភ្នែក​របស់​កុមារ​មានស​ភាពស្ងួត។ ជម្ងឺកាន់​តែវិវឌ្ឍន៏​ទៅ​រហូត​ធ្វើឲ​មានដំបៅ​នៅក្នុង​កញ្ចក់​ភ្នែក​បើមិន​មាន​ការព្យាបាល​ទេដែល​ទីបំផុត​ធ្វើឲ​កុមារ​ខ្វាក់​ភ្នែក​តែម្តង។

ការ​ព្យាបាល​ជម្ងឺខ្វាក់​មាន់

ការ​ព្យាបាល​ជម្ងឺខ្វាក់​មាន់​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​សហការ​ពីឪពុក​ម្ដាយ ព្រោះវា​ជាប្រភេទ​ជម្ងឺ​ដែល​ត្រូវ​បំពេញ​បន្ថែម​នូវ សារ​ជាតិ​បំប៉ន ជាពិសេស​ជីវជាតិ ឬវីតា​មីនអា។ ជាធម្មតា​អ្នកម្ដាយ​ត្រូវនាំ​កូនមក​មន្ទីរពេទ្យ​ក្រោយ​ពេល​បានដឹង​នូវការ​មើល​ឃើញ មិន​ប្រក្រតី​របស់​កូន។ ចំពោះ​ការព្យាបាល គ្រូពេទ្យ​នឹងផ្ដល់​ថ្នាំជីវ​ជាតិអា​នៅ​ថ្ងៃទី១ ថ្ងៃទី២ និងថ្ងៃទី១៤ បូករួម​ជាមួយ​នឹងផ្ដល់​បន្ថែម នូវ​ជីវជាតិ​អាតាម​រយៈ​ចំណីអាហារ​មួយ​ចំនួន។ អាហារ​ដែល​សម្បូរ​ទៅដោយ​ជីវ​ជាតិអា មានដូច​ជាសាច់​សត្វ ថ្លើម​សត្វ ពង​មាន់ផ្នែក​ លឿង ប្រេងឆា​ជាដើម ព្រម​ជាមួយ​នឹងពពួក​បន្លែ​មួយ​ចំនួន​ទៀត ដូចជា​ស្លឹក​បាស ស្ពៃ ល្ពៅ ស្វាយ ខ្នុរ​ជាដើម។ ក្រៅពី​នេះ ឪពុក ម្ដាយ​របស់​កុមារ​ដែលមាន​ជម្ងឺ​ខ្វាក់មាន់ ត្រូវ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​រាល់​សកម្មភាព​ទាំង​ឡាយ​របស់​កុមារ ព្រោះ​អាចបង្ក​គ្រោះ​ថ្នាក់ បាន​ដោយ​ការមើល​មិនសូវ​ច្បាស់​របស់គេ។ ការ​ផ្ដល់​ជីវជាតិអា​តាមការ​កំណត់​របស់​គ្រូពេទ្យ​ជាវិធី​ដ៏ល្អ​បំផុត​សម្រាប់​ព្យាបាល​ជម្ងឺ​ខ្វាក់ មាន់។ ខាង​ក្រោម​នេះ គឺជា​កម្រិត​ជីវជាតិអា​ដែល​ត្រូវផ្ដល់​ឱ្យកុមារ​ទៅតាម​អាយុ​របស់គេ។

  • ទារក​អាយុ​ក្រោម​៦ខែ ផ្ដល់​ជីវជាតិអា​៥០០ ០០០ខ្នាត​អន្ដរជាតិ
  • ទារក​អាយុពី៦ខែ​ដល់១ឆ្នាំ ផ្ដល់​ជីវជាតិអា១០០ ០០០ខ្នាត​អន្ដរជាតិ
  • ទារក​អាយុពី១ឆ្នាំ​ឡើងទៅ ផ្ដល់ជីវជាតិអា​២០០ ០០០ខ្នាត​អន្ដរជាតិ

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​បង្ការ​ជម្ងឺ​ខ្វាក់មាន់

ខ្វាក់មាន់​ជាជម្ងឺ​ដែល​អាចការ​ពារបាន ដោយគ្រាន់​តែ​លោកអ្នក​ជាមាតាបិតា​យកចិត្ដ​ទុកដាក់​ក្នុងការ​ផ្ដល់ចំណី​អាហារ​ឱ្យបាន គ្រប់គ្រាន់​ដល់កូន និង​នាំកូន​ទៅទទួល​ថ្នាំបង្ការ និងជីវ​ជាតិ​ផ្សេងៗ ដើម្បី​ឱ្យកូន​លោកអ្នក​ចៀសផុត​ពីជម្ងឺ​ខ្វាក់មាន់​និង​ជម្ងឺជា​ច្រើន ទៀត​ដែល​អាចបង្ក​គ្រោះថ្នាក់​ដល់កូន​លោកអ្នក​បាន។ ជាទូទៅ​សម្រាប់​ជីវជាតិអា​ត្រូវផ្ដល់​សម្រាប់​ទារកចាប់​ពីអាយុ​៦ខែ​ឡើង​ទៅ ក្នុង​មួយឆ្នាំ​ពីរដង។

  • ចំពោះ​ទារក​តាំងពី​ចាប់កំណើត​រហូតដល់​អាយុ៦ខែ ត្រូវឱ្យ​ទារកបៅ​ដោះម្ដាយ​ឱ្យបាន​ច្រើន គួរគប្បី​កុំផ្ដល់​ចំណី​អាហារ ផ្សេងៗ​ឱ្យទារក។ ពិសេស​ត្រូវផ្ដល់​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ដល់ម្ដាយ ដើម្បីឱ្យ​មានជីវជាតិ​ទៅដល់កូន។
  • ចំពោះ​កុមារ​មានអាយុ​ចាប់ពី៦ខែ​ឡើងទៅ ត្រូវផ្ដល់​អាហារ​បន្ថែមឱ្យ​បាន៣ដង​ក្នុងមួយ​ថ្ងៃ ក្នុងនោះ​រួមមាន​អង្ករពីរ ស្លាបព្រា​បាយ សាច់​មួយ​ស្លាបព្រា​បាយ ថ្លើម​ប៉ុន​មេដៃ ពងមាន់​យកផ្នែក​លឿង​មួយ​ចំហៀង ប្រេង ឬ​ខ្លាញ់​មួយស្លាប​ព្រាកាហ្វេ។ ចំពោះ​បបរ ត្រូវមាន​លក្ខណៈ​ឱ្យរាវ​ល្អ ស្អិតជាប់​ស្លាបព្រា ធ្វើម្ដង​ហូបម្ដង រីឯ​ចំណុះ​ត្រូវកម្រិត​ទៅតាម​អាយុ​របស់​កុមារ។ ក្រោម​អាយុ ១ឆ្នាំ ត្រូវការ​កន្លះចាន បើ១ឆ្នាំ​ឡើងទៅ គឺមួយ​ចានកន្លះ។ នៅចន្លោះ​ពេល​បបរ ត្រូវឱ្យ​កូនបៅ និងផ្ដល់​ផ្លែឈើ​ជាជំនួយ​ផង។

ដំបូន្មាន​អ្នក​ជំនាញ

លោក​ឪពុក​អ្នកម្ដាយ​គ្រប់រូប​គួរមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការប្រើ​ប្រាស់​វីតាមីនអា​ដោយខ្លួន​ឯង គ្មានការពិ​គ្រោះ​ជាមួយ គ្រូពេទ្យ​ឱ្យបាន​ត្រឹម​ត្រូវ ឬគ្មាន​ក្បួនខ្នាត​ច្បាស់​លាស់។ សូម​លោកឪពុក​អ្នកម្ដាយ​គ្រប់រូប​យកចិត្ដ​ទុកដាក់​ឱ្យបានល្អ​ចំពោះ​កូន បើ​ឃើញ កូនមាន​សភាព​មិនស្រួល ត្រូវ​ប្រញាប់​នាំកូន​ទៅមន្ទីរ​ពេទ្យ​ជាបន្ទាន់ ព្រោះ​អាចបង្ក​គ្រោះថ្នាក់​ដល់អាយុ​ជីវិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative