យុទ្ធសាស្ដ្រ​២០០៧​សម្រាប់​សិទ្ធិនារី

ឆ្នាំនេះ​ជាខួបលើក​ទី៩៧​ដែល​ពិភពលោក​ទាំងមូល​បានផ្ដល់​តម្លៃឱ្យ​ស្ដ្រីតាមរយៈ​ការក្រោក​ឡើងត​ស៊ូដើម្បី​រំលឹក​ពីការតស៊ូ របស់នារី​ពលករ​ទូទៅ។ ពិភពលោក​ទាមទារ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ដន៍​សិទ្ធិស្មើ​រវាងបុរស និង​នារី។ ពីមួយឆ្នាំ ទៅមួយឆ្នាំ រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កិច្ចការនារី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល រៀបចំ​អបអរសាទរ​ទិវានារី​អន្ដរជាតិ​ដើម្បី​រំលឹក​ការតស៊ូ​របស់នារី​ទូទាំង​ពិភពលោក​ក្នុងការ​ទាមទារ​ឱ្យសង្គម​ទទួលសា្គល់​សិទ្ធិស្មើភាព​រវាងស្ដ្រី និង​បុរសនៅ​ក្នុងគ្រប់វិស័យ និង​យកមក​ផ្សព្វផ្សាយ​ជូនសាធារណៈ​ជន​ដើម្បី​បំផុសឱ្យ​សង្គមចាប់​អារម្មណ៍ និង​ផ្លាស់ប្ដូរ​ទស្សនៈ​ថាស្ដ្រី និង​បុរសអាច​ទទួលបាន​សិទ្ធិ ស្មើគ្នា និង​ការប្រើសិទ្ធិ​ប្រកបដោយ​ភាពយុត្ដិធម៌​ដើម្បី​ទប់ស្កាត់ កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​រាល់ទម្រង់​នៃការ​រើសអើងទៅ លើស្ដ្រី​ដែលកំពុង​ប្រឈមមុខ​នៅក្នុង​សង្គម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមចូលរួម​អបអរសាទរ​ទិវាសិទ្ធិនារី​អន្ដរជាតិ​នៅថ្ងៃ​ទី៨មីនានេះ ដោយសូម​ញំនាំ​ប្រសាសន៍ របស់​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រី​ក្រសួង​កិច្ចការនារី ស្ដីពី​យុទ្ធសាស្ដ្រ​ចម្បង​មួយចំនួន​ដែលក្រសួង​គ្រោង​អនុវត្ដន៍ ឆ្នាំ២០០៧។ យុទ្ធសាស្ដ្រ​ចម្បង​ដែលបាន​រៀបចំ​នោះរួម​មានដូចត​ទៅនេះ។

1. ពង្រឹង​សកម្មភាព​វិស័យអប់រំ ៖ ក្នុងរយៈ​ពេលកន្លងមក ក្រសួង​កិច្ចការនារី​បានចូលរួម​អនុវត្ដ្ដន៍​សកម្មភាព​ជាមួយ​ក្រសួង​អប់រំ​សំដៅ​ជំរុញ​គោល​នយោបាយ  អប់រំសម្រាប់​ទាំងអស់គ្នា  របស់​រាជរដ្ឋា​ភិបាល​ទទួលបាន​សេចក្ដី​សម្រេច​នៅក្នុង​ឆ្នាំ២០១៥​តាមការ​គ្រោង​ទុកក្នុង​គោលដៅ​អភិវឌ្ឍន៍​សហវឌ្ឍន៍ (មានន័យថា​ក្មេងប្រុស និង​ក្មេងស្រី​អាចទទួល​ការអប់រំ រៀនសូត្រ​ដូចគ្នា)។

2. បញ្ហា​ជម្ងឺ​អេដស៍ ៖ ថ្វីបើ​តាមតួលេខ​របស់អាជ្ញាធរ​ជាតិប្រឆាំង​ជម្ងឺអេដស៍​បានបញ្ជាក់ថា ជម្ងឺអេដស៍​នៅកម្ពុជា​បានធ្លាក់ ចុះ​ក៏ប៉ុន្ដែ​បើយើង​ពិនិត្យមើល​ចំណុចតូចៗ​វិញនោះ យើងនឹង​ឃើញថា​សមាសភាគ​មួយមិន​មានអត្រា​ធ្លាក់ចុះ គឺការ​រងគ្រោះ​របស់ស្ដ្រី មេផ្ទះ​ពីជម្ងឺ​អេដស៍។ ពីមួយឆ្នាំ​ទៅមួយឆ្នាំ ស្ដ្រីមេផ្ទះ​យ៉ាងច្រើន​បានទទួល​រងគ្រោះ​នូវជម្ងឺ​អេដស៍ ដោយ​ស្វាមី​របស់ខ្លួន​ដែល​មិនបាន​ការពារ​ខ្លួនគាត់​(មិនបានប្រើ​ស្រោម​អនាម័យ និង​មិនទទួល​ស្គាល់​អំពីការ​ប្រព្រឹត្ដនៅ​ក្រៅផ្ទះ​របស់ខ្លួន)។ នេះជាបញ្ហា​ចម្បង​ដែល​ក្រសួង​កិច្ចការនារី​កំពុងតែ​សហការ​ជាមួយនឹង​ដៃគូអភិវឌ្ឍន៍ និង​ស្ថាប័ន​ជាតិពាក់ព័ន្ធ ដើម្បីរៀបចំ​យុទ្ធសាស្ដ្រ​កាត់បន្ថយ​ភាពរងគ្រោះ របស់ស្ដ្រី​មេផ្ទះ។

3. យុទ្ធនាការ​ផ្សព្វផ្សាយ​ពីបញ្ហា​សុខភាព សំដៅ​កាត់បន្ថយ​មរណភាព​មាតា និង​ទារក ក្រសួង​កិច្ចការនារី​បានរៀបចំ​យុទ្ធនា​ការផ្សព្វផ្សាយ​ទៅដល់​ភូមិនៅលើ​ផ្នែកសុខភាព​បន្ដពូជ អាហារូបត្ថម្ភ និង​អនាម័យ ដែលជា​កត្ដាសំខាន់​ដើម្បីធានា​សុខុមាល ភាពក្នុង​គ្រួសារ​ជាពិសេស​កូនៗរបស់​ពួកគេ។

4. ទប់ស្កាត់​គ្រប់រូបភាព​នៃអំពើ​ហិង្សា ដើម្បី​បង្កើន​វប្បធម៌​សន្ដិភាព​នៅក្នុងសង្គម សង្គម​ត្រូវចូលរួម​ទប់ស្កាត់​អំពើ​ហិង្សាក្នុង​គ្រួសារ​និង​ទប់ស្កាត់​ហិង្សា​គ្រប់រូបភាព​ទៅលើស្ដ្រី។ ហេតុនេះ​ហើយ​ក្រសួង​កិច្ចការនារី​បានរៀបចំ​ជាមួយ​នឹងក្រសួង​ដៃគូ​និង​អង្គការ​ក្រៅរដ្ឋាភិបាល​នូវផែនការ​សកម្មភាព​ទប់ស្កាត់​អំពើហិង្សា​លើកុមារ និង​ស្ដ្រី រួមមាន​ការជួញដូរ ការរំលោភ​សេពសន្ថវៈ និង​ការ​ចែកចាយ​ដោយសេរី​នៃ​វីដេអូ​អាសអាភាស​ជាដើម។ ជាពិសេស ជំរុញឱ្យ​មានយុត្ដិធម៌​ក្នុងសង្គម​តាមរយៈ​ការដាក់​ទោសទៅលើ​ជនល្មើស​ទៅតាម​និតិវិធីច្បាប់​ដោយមិន​មានការ​សម្រួល ឬ​ដកពាក្យ​បណ្ដឹង ហើយ​រួចខ្លួន​នោះទេ។

5. បង្កើន​សម្លេងស្ដ្រី ៖ ដោយមាន​ការបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​បោះឆ្នោត​តំណាង​រាស្ដ្រ ក្នុង​ឆ្នាំ២០០៧ និង​២០០៨​ខាងមុខ ក្រសួង​កិច្ចការនារី​បានតស៊ូមតិ​ជាមួយគណៈ​បក្ស​នយោបាយ និង​ក្នុង​រាជរដ្ឋាភិបាល សូមឱ្យ​មានគោល​នយោបាយ​លើក​ទឹកចិត្ដ​ស្ដ្រីឱ្យចូលរួម​ឱ្យបានច្រើន​ក្នុងការ​បោះឆ្នោះ និង​ជំរុញឱ្យ​មានការ​ឈរឈ្មោះ​របស់ស្ដ្រី នៅក្នុង​លំដាប់ថ្នាក់​លេខរៀង​ខ្ពស់ នៃ​តារាង​ឈរឈ្មោះបោះ​ឆ្នោត​របស់​គណៈបក្ស។

បន្ថែម​ទៅលើ​យុទ្ធសាស្ដ្រ​ចម្បង​ខាងលើ ក្រសួង​កិច្ចការនារី​ក៏មាន​ការងារ​ផ្សេង​ច្រើនទៀត​ដែលជួយ​ជំរុញការ​អនុវត្ដ​គោល​ដៅ​សមភាព​យេនឌ័រ​ដែលចែង​នៅក្នុង​រដ្ឋធម្មនុញ ច្បាប់ និង​គោល​នយោបាយ​របស់រាជ​រដ្ឋាភិបាល ថាស្ដ្រី​ជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ច និង សង្គមជាតិ។ ក្រសួង​កិច្ចការនារី​សង្ឃឹមថា​សង្គម​ទាំងមូល​ដែលមាន​បុរស និង​ស្ដ្រីនឹងជួយ​គាំទ្រ​គោលដៅនេះ និង​ចាប់ផ្ដើម​អនុវត្ដន៍ សកម្មភាព​ជាក់ស្ដែង​បង្ហាញ​នៅលើ​ទង្វើពិតប្រាក​ដដើម្បី​លើកស្ទួយ​ស្ដ្រីដូច​ឃ្លាមួយ​ដែលថា “កុំតែ​និយាយ គឺត្រូវមាន​សកម្មភាព”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative