សន្និ​បាតបូក​សរុប​ការងារ​ស្តីពី​ជម្ងឺ​គ្រុន​ចាញ់​នៅ​ប្រទេស​កម្ពុជា​

ជម្ងឺ​គ្រុន​ចាញ់​កាច​សាហាវ​ណាស់​ វាអាច​បណ្ដាល​ឱ្យ​អ្នកជម្ងឺ​ស្លាប់​ក្រោយ​រយៈ​ពេល១​សប្ដាហ៍ ​ទៅ១០​ថ្ងៃបន្ទាប់​ពី​ស្ដែង ចេញ​ជា​រោគ​សញ្ញា​ ហើយ​មិនបាន​ទទួលការ​ព្យាបាល។ ប្រទេស​កម្ពុជា​កំពុងមាន​ការវិវត្តន៍​ល្អប្រសើរ​ លើ​ការងារ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ ​ដែល​បាន​បញ្ចុះ​អត្រា​ឈឺ និង​ស្លាប់​គួរ​ឲ្យ​កត់សម្គាល់ក្នុង​ឆ្នាំ​២០១១​កន្លង​មកនេះ។​ ប៉ុន្តែ​កម្មវិធី​នេះ មាន​បញ្ហា​សេស​សល់​ជាច្រើន​ដែល​ត្រូវធ្វើ​បន្តទៀត។

រូបភាពអ៊ីនធឺណេត

លោក​វេជ្ជ​បណ្ឌិត ច ម៉េង​ ជួ នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុ​ទ្ឋ​នឹង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សន្និបាត​ការងារ​គ្រុនចាញ់​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃច័ន្ទ ​ទី៩ ខែមេសា​ ឆ្នាំ ២០១២ នេះ​ថា ចំនួន​ស្លាប់​ដោយ​សារ​ជម្ងឺគ្រុនចាញ់​ឆ្នាំ ២០១១ បាន​ថយចុះ ៣៨ភាគរយ​ពី១៥១នាក់​នៅ​ឆ្នាំ២០១០ មក​នៅត្រឹម​៩៤នាក់ ​កាលពី​ឆ្នាំ២០១១។ ​ក្រសួង​សុខាភិបាល​បាន​កំណត់ថា ឆ្នាំ ២០១១ ជា​ឆ្នាំ​គោល​មួយ​នៃ​កម្មវិធី​ជាតិ​ប្រ​យុ​ទ្ឋ​នឹង​ជម្ងឺគ្រុនចាញ់​ បាន​ចូលរួម​ចំណែក​សម្រេច មុន​កាលកំណត់​នូវ​សូចនាករ​ស្នូល របស់​គោលដៅ​អភិ​វ​ឌ្ឈ​ន៍សហសវត្ស។ លោក​បន្តថា យើង​មាន​មោទ​នភាព​ចំពោះ​ការសម្រេច​គោលដៅ​អភិ​វ​ឌ្ឈ​សហសវត្សរ៏។ ប៉ុន្តែ​យើង​នៅមាន​ភារកិច្ច​ជាច្រើន ដែល​ត្រូវធ្វើ​រួមគ្នា​បន្តទៀត ព្រោះថា​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​លុបបំបាត់​ជម្ងឺគ្រុនចាញ់​ឆ្នាំ ២០១១ ដល់ឆ្នាំ ២០២៥ របស់​រាជរដ្ឋាភិបាល មាន​ផែនទីបង្ហាញ​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ហួស​ឆ្ងាយ ពី​គោលដៅ​អភិ​វ​ឌ្ឈ​សហសវត្សរ៏​ទៅទៀត។ នេះបើ​យោងតាម​សារព័ត៌​មានក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះផ្សាយ។

លោក​ភី​ត​ធឺ វ៉ាន់​ម៉ា​រ៉េ​ន Pieter Van Maaren ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា យើង​បាន​សង្កេត​ឃើញ​មាន​ជោគជ័យ​ទាំងស្រុង​ក្នុងការ​កាត់បន្ថយ​ជម្ងឺគ្រុនចាញ់​ជាច្រើន​ទសវត្សរ៏​កន្លងមកនេះ។ ជាពិសេស គឺ​ការ​កាត់​បន្ថយ​អត្រាអ្នក​ស្លាប់​ដោយ​សារជម្ងឺគ្រុនចាញ់ នៅក្នុង​មន្ទីរពេទ្យ​គួរ​ឲ្យ​កត់សម្គាល់។ ស​មិ​ទ្ឋិ​ផល​ទាំងនោះ​កើត​ទ្បើង​នៅ​ពេល​ណា ដែល​ការ​ប្រ​យុ​ទ្ឋ​នឹង​ជម្ងឺ​គ្រុន​ចាញ់​ត្រូវបាន​អនុវត្ត​យ៉ាង​ល្អ តាម​ក្បួន​សុខាភិបាល​សាធារណៈ ដោយ​ផ្តោតលើ​ការធ្វើ​រោគវិនិច្ឆ័យ​ឆាប់រហ័ស និង​ការព្យាបាល​ជម្ងឺ​គ្រុន​ចាញ់​ទាន់ពេលវេលា។ កម្មវិធី​ជាតិ​ប្រ​យុ​ទ្ឋ​នឹង​ជម្ងឺគ្រុនចាញ់ កំពុង​ប្រឈម​នឹង​កង្វល់​ដ៏​ធំ​អំពី​ការ​លេច​ទ្បើង​នូវ​ភាព​សុំា និង​ថ្នាំ​ព្យាបាល​គ្រុនចាញ់​នៅ​កម្ពុជា ជា​ពិ​សស​នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា ថៃ។ ការ​ប្រឈម​នេះ​ពុំ​មែនមាន​ដែន​កំណត់​ត្រឹម​ក្នុងប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ក៏អាច​កើតមាន​ក្នុង​តំបន់ និង​មាន​សក្តានុពល ​សូម្បីតែ​ពិភពលោក​ក៏​ប្រកាសអាសន្ន​ដែរ ។ លោក​បន្តថា ការលុបបំបាត់​ភាព​សុំា​នៃ​មេរោគ​គ្រុនចាញ់ នៅ​មិនទាន់​ឈោង​ដល់​នៅ​ទ្បើ​យ លុះ​ត្រាតែ​យើង​យកចិត្តទុកដាក់​ខ្ពស់ ផ្តល់​សេវា​ឲ្យ​បាន​គ្រប់គ្រាន់ តាមដាន​ឲ្យ​បានល្អ​ នៅក្នុង​តំបន់​ដាច់ស្រយាល និង​ប្រជាជន​ចល័ត ។ លោកបាន​បន្តទៀតថា ការងារ​នេះ​ពុំ​អាចធ្វើ​ទៅបាន​ដោយ​គ្មាន​វិធានការណ៍​ទូលំទូលាយ ដើម្បី​ពង្រីក​ប្រ​ព័​ន្ឋសុខា​ភិបាល​ក្នុង​មូលដ្ឋាន​ទេ។ មានតែ​វិធី​នេះ​ទេ ដែល​យើង​អាច​បំបាត់​ទម្លាប់​ទាំង​ទ្បាយ ដែល​កើត​មាន​ដដែលៗ​ពីមុន​មក និង​ការ​សាយ​ភាយ​នៃ​មេរោគ សុំានឹង​ថ្នាំ​ព្យាបាល​នៅក្នុង​តំបន់​នោះ។

លោក​សាស្ត្រាចារ្យ ​អេង ហួត ​រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិបាល​បាន​សម្តែង​ការ​កោត​សរសើរ​ដល់​ថ្នាក់ដឹកនាំ មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុ​ទ្ឋ​នឹង​ជម្ងឺគ្រុនចាញ់ និង​បាន​មាន​ប្រសាសន៍​ថា ជម្ងឺ​គ្រុន​ចាញ់ គ្រុន​ឈាម ជម្ងឺប៉ារ៉ាស៊ីត និង​ជម្ងឺ​បង្កដោយ​មេ​រោគ​មួយ​ចំនួន​ទៀត ដែល​ចម្លង​ដោយ​មូស គឺជា​បញ្ហា​អាទិភាព​ក្នុង​ចំណោម​ជម្ងឺឆ្លង​នានា​ដែល​ឈាន​មុ​ខ​គេនៅ​ប្រទេស​កម្ពុជា ដែល​ក្រសួង​សុខា​ភិបាល​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ប្រ​យុ​ទ្ឋ​លុបបំបាត់។ លោកសាស្ត្រចារ្យ​បន្តថា ជម្ងឺ​ដង្កូវព្រូន​ ដែល​ភាគ​ច្រើន​កើត​មាននៅ​ប្រទេស​កម្ពុជា ​ជាយូរយា​ណាស់មកហើយ​នោះ នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​នៅ​ទ្បើ​យ។ ក្នុងនោះ​ដ​ង្កួ​វ​ព្រូន​មួយ​ចំនួន​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​អាហា​រូប​ត្ថ​ម្ភ ដែលមាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​សុខភាព​មាតា ​និង​កុមារ។ ក្រសួង​សុខា​ភិបាល​ជានិច្ចកាល​ក៏​ឧ​ប​ត្ថ​ម្ហ​គាំទ្រ ដល់​សកម្មភាព​ប្រយុ​ទ្ឋ​​លុប​បំបាត់​ជម្ងឺទាំងនេះ​តាមរយៈ​កម្មវិធី​ជាតិ​ចំនួន​បី​គឺ ជម្ងឺ​គ្រុន​ចាញ់ ជម្ងឺគ្រុន​ឈាម និង​ជម្ងឺ​ដង្កូវ​ព្រូន។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ១១ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative