ជម្ងឺភ្នែក​ក្រហម អាចធ្វើឱ្យ​ខ្វាក់បាន

ភ្នែកជា​វិញ្ញាណ​សំខាន់​មួយក្នុង​ចំណោម​វិញ្ញាណ​ទាំង៥​របស់មនុស្ស​យើង។ ភ្នែកអាច​ឱ្យលោកអ្នក​ដឹង និងស្គាល់​ពីវត្ថុ​អ្វីមួយ ទោះ​នៅជិត ឬឆ្ងាយ ពីភាព​ស្រស់ស្អាត​សម្គាល់​បាននូវ​ពណ៌សម្បុរ​ជាដើម។ ដោយសារ​ការមើល​ឃើញនេះ​ហើយ ទើបធ្វើ​ឱ្យ​មនុស្សអាច​ប្រកប​ការងារ​ប្រចាំថ្ងៃ​បានយ៉ាង​ល្អប្រពៃ។ ទោះបី​ភ្នែកមាន​នាទីសំខាន់​យ៉ាងណា​ក៏ដោយ ក៏រមែង​ជួបប្រទះ​នឹងជម្ងឺ​ផ្សេងៗដោយ ខាន​មិនបាន ដែលបញ្ហា​នោះទាក់ទង​នឹងភ្នាស​គ្រាប់ភ្នែក កញ្ចក់ភ្នែក កែវភ្នែក សរសៃបាតភ្នែក ត្របកភ្នែក​ជាដើម។ ជម្ងឺ ដែលជួប​ប្រទះ​ញឹកញាប់​ជាងគេ គឺជម្ងឺភ្នែក​ក្រហម។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត តូ ឈុនសេង អ្នកឯកទេស​ជម្ងឺភ្នែក​នៃមន្ទីរពេទ្យ​ព្រះអង្គឌួង​ចូលរួម​បកស្រាយ​បំភ្លឺអំពី​បញ្ហានេះ​ជូនមិត្ដ អ្នកអាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺភ្នែក​ក្រហម ជាអ្វី?

ជាធម្មតា ភ្នាសដែល​គ្របដណ្ដប់គ្រាប់​ភ្នែកមាន​សភាពសថ្លា​ដែលអាច​ឱ្យលោកអ្នក​មើលឃើញ​ស្រទាប់គ្រាប់​ភ្នែកខាង​ក្នុង បាន។ កាលណា​ភ្នាសនេះ​ប្រែពណ៌​ឡើងក្រហម​ជាករណី​ជម្ងឺភ្នែក​ក្រហម។ ជម្ងឺភ្នែក​ក្រហម​ចែកចេញ​ជាពីរ​ប្រភេទ គឺជម្ងឺភ្នែក​ក្រហម ដែលមិន​មានការ​ឈឺចាប់ និងជម្ងឺភ្នែក​ក្រហមដែល​មានការ​ឈឺចាប់។ ប្រភេទ​និមួយៗ​ចែកចេញ​ទៅជា​ប្រភេទតូចៗ​ផ្សេងទៀត។ ជម្ងឺ ភ្នែកក្រហម​ដែលមិន​មានការ​ឈឺចាប់ មានដូចជា​ជម្ងឺរលាកភ្នាស​គ្រាប់ភ្នែក ភ្នែកក្រហម​ដោយសារ​មានឈាម​ក្រាលនៅ​ក្រោមភ្នាស គ្រាប់ភ្នែក​ជាដើម។ ចំណែកភ្នែក​ក្រហមដែល​មានការ​ឈឺចាប់ មានជម្ងឺ​ភ្នែកក្រហម​ដែលបណ្ដាល​ឱ្យគំហើញ​មានការ​ថយចុះ​ដូចជាជម្ងឺ ទឹកដក់​ស្រួចស្រាវ​ក្នុងគ្រាប់ភ្នែក ជម្ងឺរលាក​ប្រស្រីភ្នែក ជម្ងឺរលាក​កញ្ចក់ភ្នែក​ជាដើម និងជម្ងឺភ្នែក​ក្រហមដែល​មិនប៉ះពាល់​ដល់គំហើញ នោះគឺជម្ងឺ​រលាកក្រោម​ភ្នាសគ្រាប់ភ្នែក។

មូលហេតុនៃជម្ងឺ​ភ្នែកក្រហម

ជម្ងឺភ្នែក​ក្រហម​មានមូលហេតុ​បង្កដោយ​ឡែកៗ ទៅតាម​ជម្ងឺដែល​ពាក់ព័ន្ធ ឬប្រភេទ​ជម្ងឺ​នីមួយៗ។ ជម្ងឺភ្នែក​ក្រហម​ដែល មិនមាន​ការ​ឈឺចាប់ បណ្ដាលមក​ពីពពួក​បាក់តេរី វីរុស ពពួកផ្សិត ឬដោយសារ​មានប្រតិកម្ម​នឹងសារធាតុ​អ្វីមួយ។ ចំណែក​ឯភ្នែក​ក្រហម​ដែលមាន​ការ​ឈឺចាប់​ដូចជា​ជម្ងឺរលាក​ប្រស្រី​ភ្នែកកើត​មានឡើង​ដោយសារ​អ្នកជម្ងឺ​មានជម្ងឺ​រលាកសន្លាក់​ដៃជើងរ៉ាំរ៉ៃ ឬមានជម្ងឺរ៉ាំ រ៉ៃប្រចាំកាយ​មួយចំនួន ដូចជារបេង សួត ស្វាយ អេដស៍ ទឹកនោម​ផ្អែម រលាកក្នុង​រង្វង់ច្រមុះ បំពង់ក និងធ្មេញ​ជាដើម។ ជម្ងឺទឹកដក់ ស្រួចស្រាវ​ក្នុងគ្រាប់ភ្នែក​ដោយសារ​ការស្ទះ​ចរន្ដទឹក​ក្នុងបន្ទប់​មុខនៃភ្នែក។ ចំណែកឯ​ជម្ងឺរលាក​កញ្ចក់ភ្នែក​គឺបណ្ដាលមក​ពីមាន​ការប៉ះ ទង្គិចលើ​កញ្ចក់ភ្នែក។

រោគសញ្ញាជម្ងឺ​ភ្នែក​ក្រហម

រោគសញ្ញា​នៃជម្ងឺភ្នែក​ក្រហមក៏​អាស្រ័យ​លើប្រភេទ​នៃជម្ងឺ​នីមួយៗ​ដែរ។

1. ជម្ងឺភ្នែកក្រហម​ដោយរលាក​ភ្នាស​គ្រាប់ភ្នែក មានភាព​រកាំគ្រាប់​ភ្នែក ហៀរទឹក​ភ្នែកខ្លាំង និងមាន​ពពឹក​ភ្នែកច្រើន។ ក្រោយពេល​ពិនិត្យទើប​ឃើញថា​ភ្នាសគ្រាប់​ភ្នែកឡើង​ក្រហមច្រាល ជួនកាល​ភ្នាសនោះ​ហើម។ ប៉ុន្ដែអ្នក​ជម្ងឺមាន​គំហើញ​ធម្មតា។

2. ជម្ងឺភ្នែក​ក្រហម​ដោយសារ​រលាក​ប្រស្រីភ្នែក មានការ​ចុកចាប់​គ្រាប់ភ្នែក ខ្លាចពន្លឺថ្ងៃ។ ក្រោយការ​ពិនិត្យ​ឃើញថា សភាព​ក្រហម​មាននៅ​ជុំវិញ​កញ្ចក់ភ្នែក គំហើញ​ថយចុះ​មធ្យម ឯកូន​ក្រមុំភ្នែក​មិនសូវ​កន្ដ្រាក់ពេល​ទទួល​ពន្លឺភ្លើង។

3. ភ្នែកក្រហម​ដោយសារ​ទឹកដក់​ស្រួចស្រាវ​ក្នុងភ្នែក មានការ​ឈឺចុកចាប់​គ្រាប់ភ្នែក​ខ្លាំង ខ្លាចពន្លឺ​ថ្ងៃខ្លាំង ហៀរ​ទឹកភ្នែក ខ្លាំង ជួនកាល​មានក្អួត​ចង្អោរ​ផងក៏មាន។ ត្របក​ភ្នែកលើ និងក្រោម​ហើម សភាពភ្នែក​ឡើងក្រហម​ជាពិសេស​នៅជុំវិញ​កញ្ចក់ភ្នែក គំហើញ​ថយចុះខ្លាំង កញ្ចក់ភ្នែក​ហើម កូនក្រមុំ​ភ្នែករីក ហើយគ្រាប់​ភ្នែករឹងខុស​ពីធម្មតា នេះបើ​ឆ្លងកាត់​ការពិនិត្យ។

4. ភ្នែកក្រហម​ដោយសារ​រលាកកញ្ចក់​ភ្នែកក្រោយ​ពីមានការ​ប៉ះទង្គិច​លើកញ្ចក់​ភ្នែក មានការ​ឈឺចុកចាប់​ជុំវិញភ្នែក ហៀរទឹក​ភ្នែកច្រើន ខ្លាចពន្លឺ​ថ្ងៃរហូត​បើកភ្នែក​ពុំរួច​ទៀតផង។ លុះឆ្លង​កាត់ការ​ពិនិត្យទើប​ឃើញថា មានពណ៌​ក្រហម​នៅជុំវិញ​កញ្ចក់ ភ្នែក គំហើញ​ថយចុះ​មធ្យម កញ្ចក់ភ្នែក​ដាច់ស្រទាប់​អេពីតេលីយ៉ូម។ ហើយមាន​ជាប់ពណ៌​លឿង កាលណា​យើងបន្ដក់​ថ្នាំ​ហ្លូអេរេស សេអ៊ីន។

វិធីព្យាបាល​ជម្ងឺភ្នែក​ក្រហម

ដោយសារ​ជម្ងឺភ្នែក​ក្រហម​មានច្រើន​ប្រភេទ និងបណ្ដាលមក​ពីមូលហេតុ​ផ្សេងៗគ្នា នាំឱ្យការ​ព្យាបាល​ក៏តម្រូវ​ទៅតាម មូលហេតុ​បង្កនីមួយៗ​នោះដែរ។ ជម្ងឺភ្នែក​ក្រហមខ្លះ​អាចព្យាបាល​បានដោយ​ការសម្អាត​លើផ្ទៃមុខ​រួចបន្ដ​ដាក់ថ្នាំបន្ដក់។ ប៉ុន្ដែ​ជម្ងឺភ្នែក ក្រហម​ខ្លះទៀត​តម្រូវឱ្យ​ព្យាបាល​ដោយការ​វះកាត់។ ទោះជា​យ៉ាងណា​ក៏ដោយ ចាំបាច់​ត្រូវពិគ្រោះ​យោបល់​ជាមួយ​អ្នកឯកទេស​ជំនាញ​មុននឹង​សម្រេច​ជ្រើសរើស​ឱសថ​ព្យាបាល។

វិធីបង្ការជម្ងឺ​ភ្នែក​ក្រហម

ជម្ងឺភ្នែក​ក្រហម​អាចឆ្លង​ពីមនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត និងអាចឆ្លង​ពីភ្នែក​ម្ខាងទៅ​ភ្នែកម្ខាង​ទៀត។ ដូចនេះ​លោក អ្នកគួរ​មានវិធាន​ការនិង​វិធីទប់ស្កាត់​ដើម្បី​ចៀសវាង​ពីជម្ងឺនេះ ដោយការ​ធ្វើអនាម័យ​ខ្លួនប្រាណ អនាម័យមុខ​មាត់មិន​ត្រូវ​ប្រើប្រាស់ របស់របរ​ឡូកឡំគ្នា ឬប្រើ​ឱសថមួយ​ដបសម្រាប់​គ្នាច្រើន​ឡើយ។ លោកអ្នក​អាចប្រើប្រាស់​វ៉ែនតា ឬរបាំង​ការពារ​ភ្នែកចៀស​វាងមិន ឱ្យធូលីដី ឬកម្ទេច​កម្ទីរ​ចូលភ្នែក។ សូមប្រញាប់​ទៅព្យាបាល​ជម្ងឺភ្នែក​ក្រហម ពេលកើត​លើភ្នែក​ម្ខាង ដើម្បី​ការពារ​កុំឱ្យ​រីករាល​ដាល ដល់ភ្នែក​ម្ខាងទៀត។

ផលវិបាករបស់​ជម្ងឺភ្នែក​ក្រហម

គ្រប់ប្រភេទ​នៃជម្ងឺ​ភ្នែកក្រហម កាលណា​មិនបាន​យកចិត្ដ​ទុកដាក់​ក្នុងការ​ព្យាបាល​នោះទេ វាអាច​នឹងបណ្ដាល​ឱ្យអ្នកជម្ងឺ ក្លាយទៅ​ជាពិការ​ភាពបាន។ ពីព្រោះ​ជម្ងឺភ្នែក​ក្រហម​អាចបណ្ដាល​ឱ្យមាន​ដំបៅលើ​កញ្ចក់ភ្នែក មានខ្ទុះ​ក្នុងគ្រាប់​ភ្នែក និងស្វិត​សរសៃ បាតភ្នែក​ដែលជា​ផលវិបាក​មួយធ្ងន់ធ្ងរ​សម្រាប់​អ្នកជម្ងឺ។

ដំបូន្មានអ្នក​ជំនាញ

សូមលោកអ្នក​ចងចាំថា​ថ្វីត្បិត​តែជម្ងឺ​ភ្នែកក្រហម​ជាជម្ងឺដ៏​សាមញ្ញ ប៉ុន្ដែវា​អាចធ្វើឱ្យ​លោកអ្នក​ពិការបាន។ បន្ទាប់មក ពិការ ភាពអាច​ជះឥទ្ធិពល​ចំពោះ​គ្រួសារ និងសង្គម។ សូមលោក​អ្នកមេត្ដា​ការពារ​ភ្នែករបស់​លោកអ្នក និងសូមរួសរាន់​ទៅព្យាបាល និងពិនិត្យ​ជាមួយ​អ្នកឯកទេស​ជំនាញ​ពិតប្រាកដ។ គួរចៀសវាង​ការប្រើប្រាស់​ឱសថដោយ​ពុំមាន​វេជ្ជបញ្ជា។ ភ្នែករបស់​លោកអ្នក​គឺអាយុជីវិត​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative