មូលហេតុកើតមុន

មុន គឺជា​ជម្ងឺសើស្បែក​មួយប្រភេទ​ដែលច្រើន​តែកើត​មាននៅ​ពេលមនុស្ស​ពេញវ័យ។ កម្រនឹង​មាននរណា​ម្នាក់អាច​គេច ផុតពីមុន​នេះណាស់។ មនុស្ស​ពេញវ័យ​ភាគច្រើន​យល់ដឹង និង​ស្គាល់​អំពីមុន ហើយ​យកចិត្ដ​ទុកដាក់​ថែទាំមុខ​ដោយការ​ជ្រើសរើសនូវ ផលិតផល​ថែរក្សា​សម្ផស្ស​តាមរយៈ​ការឃោសនា ឬ​តាមរយៈ​ការអូសទាញ​ពីសំណាក់​មិត្ដភក្ដិ។ តាមការ​អង្កេត​របស់គ្រូពេទ្យ​ជំនាញ ឯកទេស​ខាងរោគ​សើស្បែក​បានឱ្យដឹងថា​ភាគច្រើន​នៃអ្នកកើតមុន​បានរីក​រាលដាល​ទៅជា​រោគសញ្ញា​ធ្ងន់ធ្ងរ ដោយសារ​ផលិតផល​ថែរក្សាសម្ផស្ស​ទាំងនោះ មានប្រតិកម្ម​ជាមួយ​នឹងស្បែក​របស់​ពួកគេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែង​យល់ឱ្យ​បានច្បាស់​ពីជម្ងឺមុន និង​មូលហេតុ​របស់វា ដើម្បី​ងាយស្រួល​ក្នុងការ​ព្យាបាល ជាមួយ​ទស្សនាវដ្ដី សុខ ភាពយើង តាមរយៈ​ការបក​ស្រាយ​របស់លោក​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នកឯកទេស​ជម្ងឺសើស្បែក និង​កាមរោគ នៃ​មន្ទីរពេទ្យ​ព្រះកុសុ មៈ។

ជម្ងឺមុន ជាអ្វី?

មុន គឺជាប្រភេទ​ជម្ងឺសើស្បែក​មួយប្រភេទ ដែលកើត​ឡើងដោយ​សារការ​ស្ទះនូវ​ក្រពេញរន្ធ​ញើសម្យ៉ាង ដែលមាន​នៅលើ មុខ ទ្រូង ដងខ្លួន និងខ្នង។ មុនអាច​ជាការរលាក​នៃរន្ធរោម ឬ​រន្ធញើស គួបផ្សំ​ជាមួយ​នឹងការ​ស្ទះនៃ​សារធាតុខ្លាញ់​នៅក្នុង​រន្ធរោម។ ជាធម្មតា មុនច្រើន​កើតលើ​មនុស្សចាប់​ពីអាយុ​ជិតពេញវ័យ​(បុរសអាយុ១៥ឆ្នាំ នារីអាយុ​១៣ឆ្នាំ)។ ជាទូទៅ​មុនច្រើន​បាត់ទៅវិញ នៅពេល​មានអាយុ​លើសពី​៣៧ឆ្នាំំ តែបើមុន​កើតដោយ​សារ​ការប្រតិកម្ម​ជាមួយ​នឹងសារធាតុ​ណាមួយ វាមិន​ងាយបាត់​ទៅវិញទេ។ មុនខ្លះ​មានក្បាល ឬ​គ្រាប់ខ្មៅ ខ្លះ​សមិនមាន​ក្បាលទេ​(ករណីស្ទះក្រពេញជ្រៅ) ខ្លះមាន​ក្បាល ហើយ​មានខ្ទុះ។ មុនច្រើន​រាលដាល ឡើង​ដោយសារ​ការប្រើ​គ្រឿង​សម្អាង ឡេលាប ថ្នាំចាក់ ឬ​ថ្នាំលេប​ជាដើម ហើយ​មាន​ប្រតិកម្ម​ជាមួយ​នឹងស្បែក ទើបធ្វើ​ឱ្យចេញមុន។ មុនងាយ​ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ​តាមរយៈ​ភ្នែកទទេ តែពិបាក​ក្នុងការ​ព្យាបាល។

ប្រភេទរបស់ជម្ងឺមុន

មុនមាន​ច្រើនប្រភេទ ហើយ​វាអាស្រ័យ​ទៅតាម​សញ្ញាណ​ដែលឃើញ និង​តាមប្រភព​មូលហេតុ​ដែលនាំ​ឱ្យកើត។

  • មុនអង្កាម ឬ​មុនខ្សាច់ ឬ​មុនកូមី​ដូនីកា ៖ ជាប្រភេទ​មុនអង្កាម ឬ​មុនខ្សាច់ មានគ្រាប់​តូចៗ​ស ឬខ្មៅ ហើយ​មិនរលាក។ វាកើត​ឡើង​ដោយសារ​ការកើន​ឡើងនៃ​សារជាតិ​ខ្លាញ់ ធ្វើឱ្យស្ទះ​នៅក្នុង​ស្បែកជា​ពពួកមី​ក្រូកូមី​ដូម​តូចៗ។ មុនប្រភេទ​នេះកើត​សឹង គ្រប់ៗគ្នា។
  • មុនគ្រាប់ ឬ​មុនប៉ាពូឡូ​ពុសស្ដ៊ុ​ឡូស៊ា ៖ ជាប្រភេទ​មុនគ្រាប់ ហើយ​មានខ្ទុះ វាអាច​បណ្ដាល​ឱ្យខូងមុខ បើមិន​បានព្យាបាល ទាន់ពេល។
  • មុនខ្លួន ឬ​មុនកុង​ហ្គូបាតា ៖ វាកើត​នៅលើខ្នង ឬ​ក្លៀកជាដើម មានលក្ខណៈ​ដូចជា​អាប់ហ្សែ ហើយ​ចេញនៅក​ន្លែងខុស ធម្មតា អាចបណ្ដាល​ឱ្យផ្លែ ឬ​សម្លាក​សល់ទៅ​ថ្ងៃក្រោយ។
  • មុន​ប្រតិកម្ម ឬ​មុនវ៉ុលការីស ៖ ជួបញឹក​ញាប់​ជាងគេ វាអាចកើត​ឡើង​ដោយមិនចាំ​បាច់មាន​មូលហេតុ។ វាកើត​ដោយ សារការ​ប្រើក្រែម ប្រើគ្រឿង​សម្អាង ឬ​ការប្រើថ្នាំ​ប្រភេទ​ស្ដេរ៉ូអ៊ីដ​សម្រាប់​លាប។
  • មុនច្រមុះ ឬ​មុនរ៉ូសាសៀ ៖ មុនច្រើន​ចេញនៅ​លើច្រមុះ ហើយឡើង​ក្រហម។
  • មុនតំបន់ ឬ​មុនត្រូពិច ៖ ច្រើនកើត​ចំពោះអ្នក​ដែលរស់នៅ​ក្នុងតំបន់​ផ្សេង ហើយផ្លាស់​ប្ដូរតំបន់​ឃើញ​ចេញមុន តែពេល​ត្រឡប់​ទៅតំបន់​គាត់ ក៏បាត់​វិញឯកឯង។
  • មុនឡើងខ្លួន ៖ មនុស្សភាគ​ច្រើនតែងតែ​កើតមុន​នៅពេល​ពួកគេ​ចាប់ផ្ដើម​ពេញវ័យ មុននេះ​គេហៅថា​មុនឡើង​ខ្លួន។ មុន ឡើងខ្លួន ភាគច្រើន​កើតឡើង​ដោយសារ​តែការ​ប្រែប្រួល​នៃអ័រម៉ូន​នៅក្នុងខ្លួន។
  • មុនប្រ​ភេទខ្លះ​កើតឡើង​ដោយសារ​ការខិត​ខំប្រឹង​ធ្វើការខ្លាំង ឬ​ចេញញើស​ច្រើន វាស្ដែង​ចេញលើ​ខ្នងតែម្ដង។

មូលហេតុដែលនាំឱ្យកើតមុន

មាន​ហេតុផល​ជាច្រើន​ដែលនាំឱ្យ​កើតមុន។

  • នៅពេល​ដែលមនុស្ស​ជិតពេញវ័យ សកម្មភាព​ជាតិអ័រម៉ូន​កើនឡើង​ធ្វើឱ្យការ​ផលិត​ជាតិក្រពេញ​កើនឡើង។ ជាតិ​ក្រពេញ​ធ្វើឱ្យស្ទះ​រន្ធស្បែក ជាហេតុ​ធ្វើឱ្យកើត​មុន(មុនធម្មតា ឬ​មុនឡើងខ្លួន)។
  • ការប្រតិកម្ម​ជាមួយ​សារធាតុគីមី​ដែលមាន​នៅក្នុង​គ្រឿងសម្អាង​ដែលប្រើ​ជាប្រចាំ ដូចជា​ការប្រើថ្នាំ​សម្រាប់​លេប សម្រាប់​ចាក់ សម្រាប់​លាបជាដើម ព្រោះជាតិ​គីមីធ្វើឱ្យ​រន្ធញើស​មានបញ្ហា។
  • ការបញ្ចេញ​ពលកម្ម ការហាត់​ប្រាណចេញ​ញើសច្រើន​(មុននៅ​លើខ្នង ភាគ​ច្រើនកើត​លើអ្នក​លេងកីឡា)។
  • បញ្ហា​ស្ដ្រេស្ស ពិបាកចិត្ដ ឬ​គិតច្រើន ក៏បណ្ដាល​ឱ្យចេញមុន​កាន់តែ​ខ្លាំង​ឡើងដែរ។
  • ការបម្រែ​បម្រួល​អ័រម៉ូន​របស់​ស្ដ្រីនៅពេល​មករដូវ ក៏ជាដើម​ចមនៃការ​កើតមុន​ដែរ ប៉ុន្ដែ​បញ្ហានេះ​កើតលើ​ស្ដ្រីប្រមាណ ជា៤០%តែ​ប៉ុណ្ណោះ។
  • មុនខ្លះមាន​កើតដោយ​សារកាំរស្មី​ព្រះអាទិត្យ​(ក្ដៅខ្លាំង) ព្រោះ​កាំរស្មី​ព្រះអាទិត្យ​មិនត្រឹម​តែធ្វើឱ្យ​មុនដែល​មាននៅលើ ផ្ទៃមុខ​ដែលមាន​ស្រាប់កាន់​តែធ្ងន់ធ្ងរ​នោះទេ ហើយ​ងាយមាន​ស្លាកស្នាម​ខ្មៅថែម​ទៀត។ បរិយាកាស​នៅកន្លែង​ធ្វើការងារ​ដែលមាន សារធាតុគីមី ដូចជាថ្នាំ​សម្លាប់សត្វ​ល្អិតជា​ដើម ក៏ជា​ដើម​ហេតុដែរ។
  • បើគ្រួសារ​ធ្លាប់មាន​ប្រវត្ដិកើត​មុនច្រើននោះ កូនកើត​មកអាច​មានមុន​ច្រើនដែរ តែមុន​មិនមែន​ជាជម្ងឺ​តពូជទេ គឺដោយ សារ​តែប្រភេទ​ស្បែកមុខ​តែប៉ុណ្ណោះ។

រោគសញ្ញារបស់មុន

គ្រូពេទ្យ​ជំនាញធ្វើ​ការវិនិច្ឆ័យ​មុនបាន​ងាយជាង​ជម្ងឺផ្សេងទៀត ដោយភ្នែកទទេ មិនចាំបាច់​មានការ​ពិនិត្យ ឬ​តេស្ដអមវេជ្ជ សាស្ដ្រទេ។ ការប្រើ​ឧបករណ៍ឆ្លុះ គឺដើម្បី​ងាយស្រួល​ក្នុងការពន្យល់​អ្នកជម្ងឺ និង​ដើម្បីបង្ហាញ​ឱ្យអ្នក​ជម្ងឺឃើញ​ថាមុនកើត​បិទមុខ ឬ បើកមុខ។ ឧបករណ៍​អាចជួយ​ពង្រីក​រន្ធស្បែក​ឱ្យងាយឃើញ​មុនរហូត​ដល់២០០ដង​នៃភ្នែក​ធម្មតា។

ដំបូន្មានអ្នកជំនាញ

សូម​រកមូលហេតុ​ជម្ងឺមុន​នៅលើស្បែក​របស់លោក​អ្នក​ឱ្យឃើញ ទើបអាច​ងាយស្រួល​ក្នុងការ​ព្យាបាល។ បើមិន​ទាន់រក ឃើញ​ពីមូលហេតុ​ច្បាស់ទេ សូមកុំ​សាកល្បង​ព្យាបាល​ដោយខ្លួន​ឯងឱ្យ​សោះ ព្រោះអាច​ធ្វើឱ្យលោក​អ្នក​អាក្រក់​លើសដើម​ក៏ថាបាន ហើយ​ខាតបង់​ថវិកា​ឥតប្រយោជន៍។

នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង គ្រាន់តែ​ជម្រាប​ជូនលោកអ្នក​ឱ្យបាន​ជ្រាបពី​មូលហេតុ​មួយចំនួន​របស់ជម្ងឺ​មុនតែ ប៉ុណ្ណោះ។ សម្រាប់​ការព្យាបាល និង​វិធីបង្ការ លោកអ្នក​នឹងអាច​បន្ដជ្រាប​ជាមួយ​យើងខ្ញុំ​តាមរយៈ​ការចេញ​ផ្សាយនៅ​លេខក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative