វិធីសាក់ចិញ្ចើម

ចិញ្ចើម​ជាអវយវៈ​សំយាប​មួយ​គូកោង​ដូចឥន្ទ​ធនូ​នៅលើភ្នែក។ វាជា​ផ្នែកមួយ​ជួយលើក​សម្រស់​ផ្ទៃមុខ​មួយកម្រិត ដោយ ហេតុ​ថានៅពេល​តុបតែងមុខ ចាំបាច់​ត្រូវតុបតែង​ចិញ្ចើម​ផងដែរ។ ការតុបតែង​ចិញ្ចើម​សម្រាប់​នារី​ជារឿង​មិនអាចខ្វះ​បានទេ។ បច្ចុប្បន្ននេះ ការសាក់​ចិញ្ចើម​កំពុងជាទី​ពេញ​និយម​សម្រាប់ស្ដ្រី​ទាំងវ័យក្មេង ទាំងវ័យ​ចំណាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពី​លេខមុន​ប្រិយមិត្ដ​អ្នកអាន​បានជ្រាប​រួចមក​ហើយអំពី​ការសាក់​បបូរមាត់។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកពីវិ​ធីសាក់​ចិញ្ចើម​មកបង្ហាញជូន ដោយ​ជួបសម្ភាសន៍​ជាមួយ​លោកស្រី លី យូហុង ម្ចាស់​ហាង​កេតវ៉ាក់ឌី កែសម្ផស្ស នារី។

ហេតុអ្វីត្រូវ​សាក់ចិញ្ចើម?

ស្ដ្រី​មួយចំនួន​មានចិញ្ចើម​ស្អាត​ជាអំណោយ​ផល​ពីកំណើត សឹង​មិនបាច់កោ​ររោម​ចិញ្ចើម​ក៏បានដែរ។ ចំណែក​ស្ដ្រីមួយ​ចំនួន មាន​រោមចិញ្ចើម​ក្រាសពេក ហើយ​មួយចំនួន​ទៀត​បែរជា​មិនសូវ​មានរោម​ចិញ្ចើម​ទៅវិញ។ ការសាក់​ចិញ្ចើម គឺធ្វើ​សម្រាប់​សុភាពនារី ទាំងឡាយ​ណាដែល​មិនសូវ​មានរោម​ចិញ្ចើម មិនចេះ​គូសចិញ្ចើម ឬ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​តុបតែង​ចិញ្ចើម។

របៀបសាក់​ចិញ្ចើម

ជាដំបូង អ្នកជំនាញ​យកសំឡី​មកជ្រលក់ទឹក​អាល់កុល​ជូតសម្អាត​នៅត្រង់​បរិវេណ​ចិញ្ចើម ដែល​ចៀសវាង​ការបង្ករោគ ផ្សេងៗ។ បន្ទាប់​មកយក​ខ្មៅដៃគូស​ចិញ្ចើម​មកគូស​ចេញជារាង​ចិញ្ចើម​ជាមុន​សិនថា​រាងចិញ្ចើម​បែបណា​ដែល​សក្ដិសម​ទៅនឹង​ទម្រង់មុខ។

  • ទម្រង់មុខរាងពងក្រពើ ៖ ទម្រង់មុខ​បែបនេះ​ងាយស្រួល​ជ្រើសរើស​ទម្រង់​ចិញ្ចើម​រាងបែប​ណាក៏​ស្អាតដែរ។
  • ទម្រង់់មុខធំរាងថ្គាមខ្លា ៖ ត្រូវគូស​ចិញ្ចើម​ឱ្យធំ ហើយរាង​កោងបន្ដិច ទើបស្អាត។
  • ទម្រង់់មុខតូចមូល ៖ ទម្រង់មុខ​បែបនេះ មិនអាច​គូសយក​រាងចិញ្ចើម​ឱ្យធំបានទេ គួរគូស​ចិញ្ចើម​ឱ្យតូចល្មម ទើបស្អាត។

ក្រោយពី​គូសជារាង​ចិញ្ចើម​ទៅតាម​ទម្រង់មុខ​ដែល​ពេញចិត្ដ​ហើយ។ អ្នកជំនាញ​ចាប់ផ្ដើម​សាក់​ចិញ្ចើម​ជាមួយ​ម្ជុលសាក់ នោះ។ រាល់ពេល​សាក់ហើយ ត្រូវតែ​ចោលម្ជុល ដើម្បី​ចៀសវាង​នូវការឆ្លង​ជម្ងឺផ្សេងៗ។ ការសាក់​ចិញ្ចើម​មានរយៈ​ពេលមួយ​ម៉ោង។ សុភាពនារី​អាចជ្រើសរើស​ពណ៌ទៅ​តាមការ​ចូលចិត្ដ ភាគ​ច្រើន​ជ្រើសរើស​យក ពណ៌ខ្មៅ សូកូឡា​ក្រម៉ៅ ឬ​សូកូឡា​ចេញក្រហម​បន្ដិច។ ពណ៌​សូកូឡា​ក្រម៉ៅ​ច្រើន​និយម​ចំពោះ​ស្ដ្រីវ័យ​ចំណាស់។ ចំណែក​យុវនារី​វិញ ច្រើន​និយម​ពណ៌​សូកូឡា​ចេញក្រហម។ ប្រសិនបើ​សាក់ដោយ​ប្រើទឹក​ថ្នាំមិនល្អ ចិញ្ចើម​នឹងមិន​ស្អាតទេ ព្រោះពណ៌​ចិញ្ចើម​អាចប្រែ ពណ៌​ទៅជា​ពណ៌​ដែលមិន​ចង់បាន។ បន្ទាប់ពី​សាក់ហើយ ការ​ប្ដូរពណ៌​សាក់​ក៏អាច​ធ្វើទៅ​បានដែរ។

ផលវិបាក​នៃការសាក់​ចិញ្ចើម

ការសាក់​ចិញ្ចើម​មិនធ្វើឱ្យ​ឈឺចាប់​ខ្លាំងទេ គឺឈឺ​ចាប់បន្ដិច​បន្ដួច​ដូចស្រមោច​ខាំតែ​ប៉ុណ្ណោះ។ ជារឿង​មួយគួរ​ឱ្យបារម្ភ ប្រសិនបើ​ទៅសាក់​នៅកន្លែង​ដែលគ្មាន​ជំនាញ​ទទួលការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ។ ចិញ្ចើម​របស់មិត្ដ​នារីអាច​ហើម ជួនអាច​ឆ្លងរោគ​បាន តាមរយៈ​ម្ជុលសាក់។ សុភាពនារី​អាចលុប​សាក់​នេះចេញ​វិញបាន នៅពេល​ដែលលែង​ស្រឡាញ់ ឬ​ចង់លុបវា។ ប៉ុន្ដែវា​នឹង​មាន​ស្លាកស្នាម​នៅសេស សល់​ធ្វើឱ្យ​ចិញ្ចើម​មិនស្អាត​ដូចមុន​ឡើយ។

ដំបូន្មាន​អ្នកជំនាញ

ប្រសិនបើ​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវការ​សាក់​ចិញ្ចើម គួរស្វែង​រកហាង​ណា​ដែល​មានជំនាញ​ទទួលការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ​ដើម្បី​ឱ្យចិញ្ចើម​ស្អាត​តាមចិត្ដ​ដែលចង់បាន និង​មានសុវត្ថិភាព​ចៀសវាង​បាននូវ​ផលវិបាក​ផ្សេងៗ​នៅពេល និង​ក្រោយសាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative