អានសៀវភៅ ៖ លំហែ និងបង្កើន​ចំណេះដឹង

ការអាន​សៀវភៅ​មានអត្ថន័យ​ច្រើនយ៉ាង​សម្រាប់ទុក​ជាដើមទុន​បន្តិចម្តងៗ​នៅក្នុង​បទពិសោធន៍​ជីវិត។ កាលបើ​មនុស្ស​ម្នាក់​អាន​សៀវភៅ​ច្រើន ការអភិវឌ្ឍ​បំនិន​ជីវិត ពុទ្ធិ ទិសដៅ និងគោលដៅ​នៅក្នុង​ជីវិត នឹងមាន​ការរីក​ចម្រើន។ បើសិន​ជា​ប្រទេសជាតិ​មួយ​មានចំនួន​អ្នកអាន​សៀវភៅ​ច្រើន នោះចំនួន​នៃអ្នក​ចេះដឹង​ក៏មានកាន់​តែច្រើន ដោយសារថា​ការអាន​ទាំងនោះ អាច​ផ្តល់​អត្ថប្រយោជន៍​ដល់ខ្លួន​អ្នកអានផ្ទាល់ គ្រួសារ សង្គមជាតិ ពិភពលោក និងជា​ពិសេស​ដល់វប្បធម៌ អរិយធម៌ ​របស់​សង្គមជាតិ​នោះផ្ទាល់​តែម្តង។

រូបភាពគេហទំព័រសុខភាពកម្ពុជា

គេហទំព័រ សុខភាពកម្ពុជា បានជួប​​សម្ភាសន៍​ជាមួយលោក ឃឹម ច័ន្ទសុអហំ និពន្ធនាយក​ទស្សនាវដ្តីខ្ញុំ និង​ជាបណ្ណាធិការ​នៃគ្រឹះស្ថាន​បោះពុម្ភផ្សាយ​នគរវត្ត ។ លោក​នឹងបកស្រាយ​ជូនប្រិយមិត្ត​អ្នកអាន​ទាំងឡាយ​របស់ គេហទំព័រ​​សុខភាព​កម្ពុជា​អត្ថប្រយោជន៏​នៃការ​អានសៀវភៅ​ដែលមាន​អត្ថន័យដូច​តទៅ។ ការអាន​សៀវភៅ​មានអត្ថប្រយោជន៍​ផ្សេងៗគ្នា​មិនថា​ចំពោះ​ខ្លួនឯង គ្រួសារ សង្គមជាតិ ពិភពលោក និងចំពោះ វប្បធម៌ អរិយធម៌​របស់​ប្រទេសជាតិ។ ខាងក្រោម​គឺជា​ផលប្រយោជន៍​ដែលលោកអ្នក​អានអាច​ទទួលបាន​ដោយផ្ទាល់ ឬដោយ​ប្រយោល​តាមអំណាន​ទាំងនោះ។

1. ខ្លួនឯង

ការអាន​សៀវភៅ​គឺជាកត្តាទីមួយ នៃការអភិវឌ្ឃន៍​ខ្លួនឯង មានន័យថា​បុគ្គល​ដែលអាន​សៀវភៅ​ច្រើន គឺជាបុគ្គល​ដែល​បានធ្វើ​លំហាត់ប្រាណ​ខួរក្បាល​របស់​ខ្លួនផ្ទាល់ ​ព្រោះថា​ខួរក្បាល​របស់​មនុស្ស​គ្រប់រូប​ក៏ត្រូវការ​ធ្វើលំហាត់​ប្រាណ​ផ្នែក​សតិបញ្ញា ស្មារតី ឆន្ទៈ និងអារម្មណ៍ផងដែរ។ ការអាន​សៀវភៅ​ប្រៀបបី​ដូចជា​លោកអ្នក​បានបរិភោគ​ចំណីអាហារ​សម្រាប់​ខួរក្បាល​អញ្ជឹងដែរ ហើយ​ចំណី​អាហារ​នេះនឹង​ធ្វើឲ្យ​លោកអ្ន​កទទួលបាន​ការអភិវឌ្ឃន៍​ចំណេះដឹង ការគិត​ពិចារណា ត្រិះរិះ និងស្គាល់អ្វី​ដែលជា​ត្រីវិស័យ​ចក្ខុវិស័យ​ក្នុងការ​ពង្រឹង​នូវសមត្ថភាព​វិភាគ ទិសដៅ​អនាគត​សម្រាប់​ដោះស្រាយ​បញ្ហាជីវិត ការងារ និង​បញ្ហា​សង្គមជាតិ​បានយ៉ាង​ល្អប្រសើរ។

2. គ្រួសារ

ចំពោះ​អត្ថប្រយោជន៍​សម្រាប់​គ្រួសារ មានន័យថា​នៅពេល​ដែល​បុគ្គលម្នាក់​ដែលមាន​ការយល់ដឹង​អំពីអំណាន​ទាំងពួង​ទាំងឡាយ គឺអាច​មានការ​យោគយល់ មាន​សម្ព័ន្ធភាព មានមេត្រីភាព នៅក្នុងការ​រស់នៅ​ជាមួយគ្នា មិនមែន​ដូចបុគ្គល​មិនបាន​អាន​សៀវភៅ​ទាល់តែ​សោះ​នោះទេ ដែល​តែងតែ​ប៉ះដៃ​យកដៃ ប៉ះជើង​យកជើង។ មាន​ន័យថា​ការអាន​ធ្វើឲ្យ​បុគ្គលខ្លួន​យើងមាន​លក្ខណៈ​យល់ដឹង​ចំពោះហេតុ​ និងផល​ក៏ដូចជា​យល់ដឹង​ច្រើនចំពោះ​មនុស្ស​ដែលនៅ​ជុំវិញខ្លួន ជាពិសេស​អាចធ្វើ​ធ្វើឲ្យ​យើង​អាចផ្សុំាខ្លួន ឬសម្រប​ខ្លួន​ទៅនឹង​សហគមន៍​ក៏ដូច​ជាសង្គម​គ្រួសារ​នីមួយៗ​ដែលយើង​កំពុង​រស់នៅ។

3. សង្គមជាតិ

គ្រប់​សង្គមជាតិ​ទាំងអស់ កាលណាបើ​មានបុគ្គល​មាន​ចំណេះដឹង​អំណាន​ច្រើន នោះ​សង្គមជាតិ​នោះ​នឹងមាន​ការរីក​ចម្រើន។ ជាក់ស្តែង​បើយើង​ក្រឡេក​មើលទៅ​លើប្រទេស​ជប៉ុន ក្រោយ​ពីសង្រ្គាម​លោកលើក​ទី២មក ប្រទេស​ជប៉ុន​ផ្តោត​យកចិត្ត​ទុកដាក់​បំផុត​ទៅលើ​វិស័យ​បោះពុម្ភ ដែលធ្វើ​យ៉ាងណា​ក៏ដោយ​ឬបណ្តុះ​យ៉ាងណា​ក៏ដោយ ឲ្យប្រជាជន​គ្រប់គ្នា​អានច្រើន។ កាលណា​អានច្រើន នាំប្រជាជន​កើនចំណេះ ហើយ​កាលណា​ប្រជាជន​មាន​ចំណេះដឹង​កើនឡើង​គឺពួកគាត់ ​មានការ​យល់ដឹង​ច្រើន។ ហើយ​ការយល់ដឹង​នោះទៀត​សោត មិនមែន​យល់តែ​ខ្លួនឯង​នោះទេ គឺយល់ដឹង​ពីមនុស្ស​នៅជុំវិញខ្លួន​យល់ដឹង​ពីពិភព​លោក​ទាំងមូល។ កាលណា​យល់ដឹង​ពីពិភព​លោក​ច្រើន ការធ្វើ​កិច្ច​សហប្រតិបត្តិការ និង​ការរីក​ចម្រើន​របស់​សង្គមជាតិ​ក៏មាន​ការរីក​ចម្រើន​ជឿនលឿន​ផងដែរ ព្រោះថា​ប្រជាជន​នឹងយក​បទពិសោធន៍​ល្អៗ​ពីអំណាន​ទាំងនោះ​មកធ្វើការ​អនុវត្តន៍ និងស្រង់​យក​បទពិសោធន៍ និងបច្ចេកទេស​ទាំងនោះ​មកអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ សេដ្ឋកិច្ច​ប្រទេសជាតិ ឲ្យកាន់តែ​មានភាព​រីកចម្រើន​ឡើង។

4. ពិភពលោក

ប្រសិនបើ​ប្រទេសជាតិ​នីមួយៗ នៅលើ​ពិភពលោក មាន​ចំនួន​អ្នកចេះដឹង​ច្រើន​នាំឲ្យ​ពិភពលោក​ទាំងមូល​អាច​ជៀសផុត​ឆ្ងាយ​ពីសង្គ្រាម​ច្រើន​ជាងការ​ដែល​មិនចេះ។ ជាក់ស្តែង​សង្គ្រាម​ឈ្លានពាន សង្គ្រាម​ត្រជាក់ រវាង​ប្លុកសេរី ជាមួយ​ប្លុក​មិនសេរី ត្រូវបាន​កាត់បន្ថយ​បានច្រើន​ជាងពីមុន​តាមរយៈ​ការពិភាក្សា​ចរចាគ្នា រកវិធី ឬផ្លូវ​សម្រាប់​ដោះស្រាយ​វិវាទ​ផ្សេងៗ​ដោយ​សន្តិវិធី និង​ដោយគ្មាន​ការប្រើ​អាវុធ មកជា​ការប្រើ​ពាក្យ​សំដី​ជំនួស​វិញ។ ម្យ៉ាង​វិញទៀត ការធ្វើ​សកល​ភាវូពាណិជ្ជកម្ម គឺអាច​ធ្វើឲ្យ​មនុស្ស​បន្សាំ​ជីវិត​ក្នុងការ​រស់នៅ​ជាមួយគ្នា​នៅក្នុង​ពិភពលោក​តែមួយ។

5. វប្បធម៌ អរិយធម៌

កាលណា​មនុស្ស​ជាតិមួយ​មាន​ចំណេះដឹង​ច្រើន គឺនាំឲ្យ​មនុស្សជាតិ​ទាំងនោះ​ចេះ​កំណត់​នូវ​អត្តសញ្ញាណ​មួយ ថាខ្លួន​ជានរណា ខ្លួនមក​ពីណា និង​មានអ្វី​មួយជា​ជាតិ​របស់ខ្លួន។ បើយើង​ក្រលេក​មើល​វប្បធម៌ អរិយធម៌​ខ្មែរ យើង​ឃើញថា​ប្រទេសខ្មែរ​យើង​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ ចាក់ឬស​យ៉ាងជ្រៅ តាំងពី​ការកកើត​ប្រទេស​ដំបូង​មកម៉្លេះ។​ បើមាន​ជនមាន​ចំណេះ​ចំនួន​អ្នកដឹង​ច្រើននោះ​ខឿន​វប្បធម៌ អរិយធម៌​នៅក្នុង​ប្រទេស​នោះ​នឹង​រឹងមាំ លូតលាស់​ជឿនលឿន​ទៅមុខ នឹង​អាចបន្ត​ផ្សព្វ​ផ្សាយ​មុខមាត់​នៃវប្បធម៌ អរិយធម៌​របស់ខ្លួន​ទៅកាន់​ប្រទេស​នានា​នៅលើ​សកល​លោកឲ្យ​កាន់តែ​ល្បីល្បាញ​ថែមទៀត​ផង។

ប្រភេទសៀវភៅដែលកំពុងចរាចរ​លក់នៅលើទីផ្សារកម្ពុជា

ការបោះ​ពុម្ភផ្សាយ​លក់សៀវភៅ​នៅប្រទេស​កម្ពុជា​កំពុងតែ​មាន​សកម្មភាព​ផុសផុល​ច្រើន។ នេះបើ​យោង​តាមការ​អង្កេត​ផ្ទាល់​របស់​លោក ឃឹម ច័ន្ទ សុអហំ។ បណ្តា​គ្រឹះស្ថាន​បោះពុម្ភផ្សាយ​នានា បាន​បោះពុម្ភ​សៀវភៅ​ច្រើន​ប្រភេទ មិនថា​សៀវភៅ​ទស្សនាវដ្តី សៀវភៅ​រឿងកុមារ​  រឿងខ្លី រឿង​ប្រលោម​លោក សៀវភៅ​ទាក់ទង​ទៅនឹង​ការសិក្សា​ផ្សេងៗ​ជាដើម។ ទោះបី​ជាមាន​ការបោះ​ពុម្ភផ្សាយ​លក់​សៀវភៅ​ច្រើន​ក៏ដោយ ក៏ចំនួន​នៃអ្នកអាន​សៀវភៅ​មិនទាន់​កើនឡើង​ច្រើននៅ​ឡើយទេ។​ ការអាន​សៀវភៅ​គឺធ្វើឲ្យ​ខួរក្បាល​របស់យើង​ទទួល​បាននូវ​ចំណេះដឹង​ប្លែកៗ​ជាច្រើន​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ផ្នែកគិត និង​បញ្ញាស្មារតី​របស់​លោកអ្នក​ឲ្យកាន់តែ​ប្រសើរ​ឡើង។ មួយវិញ​ទៀត​ការអាន​សៀវភៅ​មិនមែន​មើល​សម្រាប់​តែការ​កែកម្សាន្ត​តែមួយ​មុខ​ប៉ុណ្ណោះទេ គឺយើង​មើលក្នុង​គោល​បំណង​បណ្តុះ​ពុទ្ធិ​នៅក្នុងខ្លួន​ឲ្យរីកចម្រើន​មួយថ្ងៃ​បន្តិចម្តងៗ​ រហូតដល់​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​អាចយក​ចំណេះដឹង​នេះទៅ​បម្រើ​សង្គមជាតិ និងខ្លួនឯង​បានយ៉ាង​ល្អប្រសើរ។ បច្ចុប្បន្ន​ការ​ចរាចរ​ការលក់​សៀវភៅ​ទស្សនាវដ្តី សៀវភៅរឿង សៀវភៅ​ចម្រៀង សៀវភៅ​សំណើច​ សៀវភៅ​ស្នេហា​ជាដើម​គឺមាន​ការលក់​ដាច់​ច្រើនជាង​សៀវភៅ​ធម្មតា​ដែល​និយាយ​អំពី​ការសិក្សា ឬអាច​ហៅជា​ភាសាអង់គ្លេស​ថា​ Academic មាន​ន័យថា​ជា​សៀវភៅ​មានការ​សិក្សា​ស្វែងយល់​កម្រិតខ្ពស់។ មួយ​វិញទៀត​ប្រភេទ​សៀវភៅ​ដែល​ទាក់ទង​ទៅនឹង​វប្បធម៌ អរិយធម៌ គាត់​មិន​សូវចូល​ចិត្តអាន​ក្រៅពី​សៀវភៅ​ខាងលើ​នោះទេ។

ដំបូន្មាន​អ្នកជំនាញ

ការអាន​សៀវភៅ មិនថា​ទស្សនាវដ្តី ឬកាសែត ព្រឹត្តិប័ត្រពត៌មាន​ទូទៅ ឬសៀវភៅ​ទាក់ទង​ទៅនឹង​រឿងព្រេង រឿងស្នេហា រឿង​ប្រលោម​លោក​ ឬសៀវភៅ​អ្វីផ្សេងទេ សំខាន់​សៀវភៅ​ទាំងនោះ​តែងតែ​ផ្តល់សារៈ​សំខាន់​ខុសៗគ្នា គ្រាន់តែថា​សារៈ​សំខាន់​នៃ​សៀវភៅ​ទាំងអស់នោះ​មានតិច និង​មានច្រើន​តែប៉ណ្ណោះ។ ប៉ុន្តែ​យើងត្រូវ​ដឹងថា​តើសារៈ​ប្រយោជន៍​មួយណា​ដែលត្រូវ​យកមក​ដាក់​ក្នុងខ្លួន​ និងប្រយោជន៍​ណាមួយ​ដែលមិន​ត្រូវយក​ដាក់ក្នុងខ្លួន។

អត្ថបទដោយ​ ៖ សៀង វិរៈ

ប្រឹក្សាដោយ ៖ លោក ឃឹម ច័ន្ទសុអហំ និពន្ធនាយក​ទស្សនាវដ្តីខ្ញុំ​និង​ជាបណ្ណាធិការ​នៃគ្រឹះស្ថាន​បោះពុម្ភផ្សាយ​នគរវត្ត

ចេញផ្សាយ ៖ ថ្ងៃទី ៤ មេសា ឆ្នាំ ២០១២

Google Analytics Alternative