យុវជន​សម័យថ្មី​មានបញ្ហា​ផ្លូវចិត្ដ?

បញ្ហាផ្លូវចិត្ដ​ដែលកើតឡើង​ភាគច្រើន​បណ្ដាលមកពី​ការភ័យខ្លាច តក់ស្លុត ឬ​រន្ធត់​ចំពោះ​ព្រឹត្ដិការណ៍​ណាមួយ ដូចជា សង្គ្រាម ការកាប់​សម្លាប់​យ៉ាងសាហាវ ការធ្វើ​ទារុណកម្ម​យ៉ាងព្រៃផ្សៃ​ជាដើម។ បច្ចុប្បន្ននេះ​ប្រទេស​មានសន្ដិភាព​គ្មានការ​កាប់ សម្លាប់​មនុស្ស រស់នៅ​យ៉ាងសុខសាន្ដ មានសេរីភាព​គ្រប់បែប​យ៉ាង។ ប៉ុន្ដែ​ហេតុអ្វី​ក៏យុវជន​សម័យថ្មីនេះ​បែរជាមាន​បញ្ហាផ្លូវ​ចិត្ដកើត ឡើង​ទៅវិញ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា អ្នកឯកទេស​ជម្ងឺផ្លូវចិត្ដ នៃមន្ទីរ​ពេទ្យមិត្ដភាព​ខ្មែរសូវៀត នឹង​បកស្រាយ​បំភ្លឺអំពី​បញ្ហា​នេះ ជូនមិត្ដ​អ្នកអាន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុបង្ក​បញ្ហាផ្លូវចិត្ដ

បញ្ហាផ្លូវចិត្ដ​មិនមែន​កើតឡើង​ចំពោះ​តែយុវជន​សម័យថ្មី​នោះទេ គឺរមែង​មានគ្រប់​សម័យកាល​ទាំងអស់​តាំងពី​សម័យមុន បច្ចុប្បន្ន និង​ទៅអនាគត​ក៏បញ្ហាផ្លូវចិត្ដ​នៅតែកើត​មានឡើងដែរ។ បញ្ហាផ្លូវចិត្ដ​ដែលកើត​មានបណ្ដាលមក​ពីកត្ដា​មួយចំនួន​ដូចជា​វប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។

1. វប្បធម៌ ៖ តាំងពី​បុរាណកាល កម្ពុជា​មានវប្បធម៌​ដ៏ល្អរុងរឿង​ផ្ទាល់ខ្លួន និង​មានឬសគល់​យ៉ាងរឹងមាំ​ថែមទៀតផង។ ទំនៀមទម្លាប់​ប្រពៃណី និង​សីលធម៌​តែងទទួល​បាននូវការ​ប្រតិបត្ដិ​យ៉ាងត្រឹមត្រូវ​ពីសំណាក់​យុវជន​កម្ពុជា។ ដោយឡែក​បច្ចុប្បន្ន​វប្បធម៌​កំពុង​តែចោទជា​បញ្ហាយ៉ាងធ្ងន់ធ្ងរ​ទៅលើ​យុវជន។ ព្រោះ​ថាយុវជន​ជាមនុស្ស​ដែលមាន​គំនិត​ចង់ចេះ ចង់ដឹង ចង់សិក្សា​ស្វែងយល់ នូវអ្វី​ដែលថ្មី ពិសេស​វប្បធម៌​បរទេស​ដែលមាន​លក្ខណៈ​ខុសប្លែក​ពីវប្បធម៌ខ្មែរ។ វប្បធម៌​ថ្មីធ្វើឱ្យ​មានទំនាក់ទំនង​ងាយស្រួល​រវាងយុវជន ការមាន​សម្ព័ន្ធភាព​ដោយពុំបាន​គិតពិចារណា​ឱ្យបាន​ល្អិតល្អន់ ជាពិសេស​យុវជន​ដែលស្ថិត​ក្នុងវ័យ​ប្រមាណ១៨ឆ្នាំ។ កត្ដា​នេះនាំឱ្យ ការបែកបាក់គ្នា​ទៅវិញក៏មាន​ភាពងាយស្រួល​ដែរ ពេលនោះ​បញ្ហាផ្លូវចិត្ដ​នឹងអាច​កើតមាន​ចំពោះរូបគេ ព្រោះពួក​គេមិនទាន់​មានបទពិសោធន៍​ពេញលេញ។ ម្យ៉ាងវិញទៀត​ការឆាប់​ទទួលយក​នូវវប្បធម៌ថ្មី​ពីបរទេស ដូចជា​ខ្សែភាពយន្ដ​អាសអាភាស ភាពយន្ដ​ដែលគ្មាន គំនិតអប់រំ​ជាដើម និង​ការឆាប់​ទទួលយក​ចំណេះដឹង នឹង​បង្កើនឡើង​នូវបញ្ហា​ផ្លូវចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ ក៏ព្រោះតែ​តម្រូវការ​របស់ពួកគេ កាន់តែ​កើនខ្ពស់​ឡើងៗ​ផងដែរ។

2. បច្ចេកវិទ្យា ទំនើប​ភាពនៃ​បច្ចេកវិទ្យា​បានធ្វើ​ឱ្យយុវជន​មានការ​ខ្វាយខ្វល់​យ៉ាងខ្លាំង​រហូតធ្វើឱ្យ​កើតមាន​ជាវិបត្ដិ​ផ្លូវចិត្ដ ក៏ព្រោះតែ​ចំណង់​របស់ពួក​គេគ្មាន​ព្រំដែន។ គ្រឿង​ឧបករណ៍​អេឡិចត្រូនិច ទូរស័ព្ទ កុំព្យូទ័រ រថយន្ដ និង​ម៉ូតូដែល​រត់លឿន​ទៅរក ភាពទំនើប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បានក្លាយ​ជាឧបសគ្គ​សម្រាប់​យុវជន។ អ្នកខ្លះ​តាមទាន់ អ្នកខ្លះ​ក៏តាម​មិនទាន់ អាស្រ័យ​ទៅលើ​ស្ថានភាព ជីវភាព​គ្រួសារ​របស់​ពួកគេ។ អ្នកដែល​រត់មិនទាន់​បច្ចេកវិទ្យានេះ​ហើយ​ដែលនឹង​កើតជា​បញ្ហាផ្លូវចិត្ដ​ឡើង។ ព្រោះពួក​គេមិនសម តាមបំណង។ យុវជនខកចិត្ដ​ទាំងនោះ​អាចបែរ​ទៅរកការ​ប្រើគ្រឿង​ស្រវឹង ថ្នាំញៀន គេចចេញពីផ្ទះ មិនចូលសាលា​រៀនជាដើម។

3. ការអប់រំ ៖ ប្រព័ន្ធអប់រំ​កំពុងឈាន​ទៅរកលក្ខណៈ​ល្អប្រសើរ និង​រីកចម្រើន។ ទន្ទឹម​នឹងនោះ​បញ្ហាកង្វះ​ពេលវេលាក្នុង ការអប់រំ​ក៏បានចោទ​ជាបញ្ហាឡើង។ ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការអប់រំ​ទាំងក្នុង​គ្រួសារ ទាំងក្នុង​គ្រឹះស្ថាន​សាធារណៈ​នានា ធ្វើឱ្យយុវជន​ទទួលបាន​នូវចំណេះដឹង​ផ្នែក​សីលធម៌ និង​វប្បធម៌​តិចតួច​មិនសមល្មម​ក្នុងការ​គ្រប់គ្រង​ខ្លួនឯង ទាំង​សកម្មភាព និង​អារម្មណ៍។ ទាំងនេះ​ជាដើមហេតុ​ធ្វើឱ្យយុវជន​មានភាពស្ទាក់​ស្ទើរ​មិនប្រាកដ​និយម និង​ងាយឱ្យ​ពួកគេឆាប់​ទទួលនូវ​វប្បធម៌​ដែលមិនល្អ និង ការប្រព្រឹត្ដិ​មិន​សមរម្យ។ ម្យ៉ាងវិញ​ទៀតកង្វះ​ការអប់រំ​បង្កជាបញ្ហា​ស្មុគស្មាញ​ដល់យុវជន ព្រោះពិបាក​ក្នុងការ​សម្រេចចិត្ដ​ថាអ្វីល្អ អ្វី មិនល្អ អ្វីគួរធ្វើ និង​អ្វីមិន​គួរធ្វើ។ ម្យ៉ាង​វាបណ្ដាល​មកពីយុវជន​ខ្លួនឯង​មិនព្រមទទួល​យកនូវ​ការអប់រំ​តាមគ្រប់​រូបភាព មិន​ទទួលយក ដំបូន្មានល្អ​ពីគ្រួសារ សាលារៀន និង​សង្គម​ដែលគេ​រស់នៅ។ កត្ដាទាំងនេះ​នឹងធ្វើ​ឱ្យយុវជន​ជួបប្រទះ​នូវបញ្ហា​ដ៏អាក្រក់មួយ ហើយដែល ធ្វើឱ្យពួកគេ​កើតមាន​នូវបញ្ហា​ផ្លូវចិត្ដ។

4. សេដ្ឋកិច្ច ទន្ទឹមនឹង​ការជឿនលឿន​នៃបច្ចេកវិទ្យា និង​ការហូរចូល​នៃវប្បធម៌​ថ្មីធ្វើឱ្យយុវជន​មានតម្រូវការ​ខ្ពស់ផ្នែក សេដ្ឋកិច្ច ដើម្បី​ដើរឱ្យទាន់​ភាពទំនើប​ទាំងនោះ។ ប៉ុន្ដែ​ចំពោះ​គ្រួសារ​មួយចំនួន​ដែលមាន​សេដ្ឋកិច្ច​ពុំគ្រប់គ្រាន់​ដើម្បី​នឹង​បំពេញ​តាមការ ទាមទារពីកូន ធ្វើឱ្យកូន​អស់សង្ឃឹម បាក់ទឹកចិត្ដ ខកចិត្ដ និង​អាក់អន់ចិត្ដ​ចំពោះខ្លួនឯង​ដែលមិន​អាចទទួលអ្វីៗ​តាមបំណង។ នេះហើយ ជាបញ្ហា​ផ្លូវចិត្ដ​មួយដែល​តែងតែកើត​មានចំពោះ​យុវជននា​ពេល​បច្ចុប្បន្ន។

5. បញ្ហាសង្គម កត្ដាដែល​បានអត្ថាធិប្បាយ​ដូចខាងលើ​មានវប្បធម៌ បច្ចេកវិទ្យា​ទំនើប អប់រំ សេដ្ឋកិច្ច​ជាដើម នេះជាបញ្ហា​សង្គម។ លើសពីនេះ​បញ្ហាសង្គម​មួយទៀត​ដែលគួរ​យកចិត្ដ​ទុកដាក់ និង​ចាប់អារម្មណ៍ គឺ​ការចរាចរ​គ្រឿងញៀន​ដែលកើន​ឡើង យ៉ាងសន្ធឹក​សន្ធាប់​នៅក្នុង​ទីផ្សារ​នៃសង្គម​ងងឹត និង​ការជួញដូរ​របស់ឈ្មួញ​មួយចំនួន។ បញ្ហា​ផ្លូវចិត្ដ និង​ជម្ងឺផ្លូវចិត្ដ​មួយចំនួន​កើតឡើង ដោយសារ​យុវជនខ្លួនឯង​ប្រើប្រាស់​នូវគ្រឿង​ស្រវឹង និង​គ្រឿងញៀន​ផ្សេងៗ។ គ្រឿង​ញៀន​បានធ្វើ​ឱ្យយុវជន​ឈ្លក់វង្វេង ភ្លេចតួនាទី ដែលត្រូវ​រៀនសូត្រ ហើយ​ដែលពួក​គេក្លាយទៅ​ជាមនុស្ស​គ្មាន​មនោសញ្ចេតនា និង​មាន​អាកប្បកិរិយា​ឃោរឃៅ។

6. គ្រួសារ ៖ ឯបញ្ហា​គ្រួសារ​ក៏ជាកត្ដា​សំខាន់​អាចធ្វើ​ឱ្យមានបញ្ហា​ផ្លូវចិត្ដ​ចំពោះ​យុវជនដែរ ដូចជា​មានអំពើ​ហិង្សា​ក្នុងគ្រួសារ មានវិបត្ដិ មានទំនាស់ ខ្វះភាព​កក់ក្ដៅ ខ្វះក្ដី​ស្រឡាញ់​ថ្នាក់ថ្នម ខ្វះការ​យល់ចិត្ដ​គ្នារវាង​ឪពុកម្ដាយ និង​កូនជាដើម។

ក្រៅពី​មូលហេតុ​ដូចដែល​បានរៀបរាប់​ជូនខាងលើនេះ ក៏នៅ​មានកត្ដា​ជាច្រើន​ទៀតដែល​ជាមូល​ហេតុ​បង្កឱ្យ​យុវជនមាន បញ្ហា​ផ្លូវចិត្ដ ដូចជា​កត្ដាជីវសាស្ដ្រ​(ការប្រើប្រាស់​គីមីលើ​ចំណីអាហារ បន្លែ ផ្លែឈើ​ជាដើម) និង​បញ្ហាចិត្ដសាស្ដ្រ​ផ្ទាល់តែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់​ដែលបង្ក​ដោយបញ្ហា​ផ្លូវចិត្ដ

យុវជនជា​ទំញំង​ស្នងឬស្សី ជាសសរ​ទ្រូងក្នុង​ការអភិវឌ្ឍន៍​សង្គមជាតិ។ ជាការពិត​ក្នុងពេល​ដែលពួកគេ​មានបញ្ហា​ផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដ​នោះ នឹង​បណ្ដាលឱ្យ​មានផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​យុវជន​ខ្លួនឯង គ្រួសារ និង​សង្គម។

1. ផលប៉ះពាល់​ចំពោះ​យុវជនខ្លួន​ឯងផ្ទាល់ ៖ ការប៉ះ​ពាល់នេះ​មានពីរ​ដំណាក់កាល គឺរយៈ​ពេលខ្លី និង​រយៈពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវចិត្ដ​ធ្វើឱ្យយុវជន​បាត់បង់​ឱកាស​ក្នុងការ​ក្រេបយក​ចំណេះវិជ្ជា​តាមសាលារៀន ផ្អាក​ការសិក្សា និង​ខាតពេល​វេលា ។ ទន្ទឹមនឹងនោះ​ធ្វើឱ្យប៉ះពាល់​ដល់សុខភាព​ផ្លូវកាយ ពេលខ្លះ​អាចឈាន​ដល់លេបថ្នាំ ឬ​ធ្វើអត្ដឃាត​ជាដើម។ ករណីខ្លះ​បញ្ហាផ្លូវ​ចិត្ដធ្វើ ឱ្យយុវជន​ប្រើប្រាស់​គ្រឿងញៀន​គំហុក​ពេកបណ្ដាល​ឱ្យបាត់បង់​ជីវិត​ដោយសារ​គាំងបេះដូង ដោយការ​ពុលគ្រឿង​ញៀនខ្លាំង​ពេកជា ដើម។ ឯការ​ប៉ះពាល់​យូរអង្វែង​វិញ គឺអាច​ធ្វើឱ្យបាត់​បង់អនាគត និង​បាត់បង់​អស់បំណង​ដែលចង់ធ្វើ។ ករណី​អ្នកមាន​បញ្ហាផ្លូវចិត្ដ ហើយ​ប្រើស្រា និង​គ្រឿងស្រវឹង​ធ្វើឱ្យប៉ះ​ពាល់ដល់​សុខភាព​កើតជា​ជម្ងឺផ្សេងៗ ដូចជា​រលាកក្រពះ​ពោះវៀន ក្រិនថ្លើម​ជាដើម។ ម្យ៉ាង ទៀត​ក៏អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់ប្រព័ន្ធ​ខួរក្បាល ហើយ​ក៏វិវឌ្ឍន៍​ទៅដល់ជម្ងឺ​ផ្លូវចិត្ដ​រ៉ាំរ៉ៃមួយ​នោះ គឺជម្ងឺ​វិកលចរិត។

2. ផលប៉ះពាល់​ដល់គ្រួសារ ប៉ះពាល់​ដល់កិត្ដិយស​គ្រួសារ ដោយសារ​កូនមាន​បញ្ហាផ្លូវចិត្ដ និង​ទៅប្រើប្រាស់​គ្រឿងស្រវឹង ប្រព្រឹត្ដ​អំពើមិន​គួរគប្បី។ មួយវិញទៀត ក៏អាច​ធ្វើឱ្យមាន​បញ្ហាទៅ​លើផ្នែក​សេដ្ឋកិច្ច និង​ខាតបង់​ពេលវេលា ព្រោះតែ​ឪពុកម្ដាយ​ត្រូវចំណាយ​ពេលច្រើន​ដើម្បី​មើល​ថែកូន និង​ឃុំគ្រងកូន ការពារ​មិនឱ្យកូន​ធ្វើនូវ​ទង្វើផ្សេងៗ​មួយចំនួន។ ដោយឡែក ពេលកូន​កើតមាន បញ្ហានេះ ក៏អាច​ធ្វើឱ្យគ្រួសារ​គ្មាន​សេចក្ដីសុខ កើតមាន​វិបត្ដិ​ទំនាស់​រវាងឪពុក និង​ម្ដាយ​ផងដែរ។

3 ផលប៉ះពាល់​ដល់ការ​អភិវឌ្ឍន៍​សង្គម មិនថា​តែយុវជន​សម័យថ្មី​នោះទេ មនុស្ស​ទូទៅនៅ​ពេលកើត​មានបញ្ហា​ផ្លូវចិត្ដ ក្លាយជា​មនុស្ស​អសកម្ម​គ្រប់សកម្មភាព​ទាំងអស់។ យុវជន​ឈានទៅ​មានការ​ប្រើប្រាស់​គ្រឿងញៀន បាត់បង់​ចោលការ​សិក្សារៀន សូត្រ ហើយក៏​ជាដំណាក់​កាលនៃការ​បាត់បង់​ធនធានមនុស្ស និង​បាត់បង់​គ្រាប់ពូជ​នៃសង្គម​ផងដែរ។ មានតែ​យុវជននេះ​ហើយដែលជា ក្ដីសង្ឃឹម​របស់​សង្គមជាតិ ជាសសរទ្រូង និង​ជាអនាគត​របស់​ប្រទេសជាតិ ក៏ដូចជា​គ្រួសារ។ តើអាច​នឹងមាន​ការអភិវឌ្ឍន៍​ដែរឬទេ ប្រសិនបើ​ក្នុងសង្គម​ពោរពេញ​ទៅដោយ​មនុស្ស​អសកម្ម ញៀនថ្នាំ មានបញ្ហា​ផ្លូវចិត្ដ និង​ប្រព្រឹត្ដិ​អំពើអបាយមុខ​ផ្សេងៗនោះ? សង្គម នឹង​វិវឌ្ឍន៍ទៅ​រកភាព​អន់ខ្សោយ និង​ភាព​អណាធិបតេយ្យ​គ្មាន​សណ្ដាប់​ធ្នាប់ជាក់​ជាមិនខាន។

ដំបូន្មានអ្នកជំនាញ

យុវជន​ដែលមាន​បញ្ហាផ្លូវចិត្ដ​ខ្លួនឯងផ្ទាល់ គួរមាន​ផែនការ​ប្រតិបត្ដិ​យ៉ាង​ត្រឹមត្រូវ និង​ស្វែងយល់​ឱ្យបាន​ច្បាស់អំពី​មូលហេតុ និង​ផលប៉ះពាល់​ដែលបណ្ដាល​ឱ្យមាន​បញ្ហាផ្លូវចិត្ដ។ យុវជន​មិនគួរ​ជ្រើសរើស​ដំណោះ​ស្រាយ​ទាំងឡាយ​ណា​ដែលនាំឱ្យ​មានផល​ប៉ះពាល់ ឬ​ផ្ដល់នូវ​គុណវិបត្ដិ​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម ដូចជាការ​ប្រើប្រាស់​គ្រឿងញៀន ការប្រព្រឹត្ដិ​ល្បែងពាលា ការលួចឆក់ប្លន់ជា ដើម។ ព្រោះដំណោះស្រាយ​ទាំងនេះ​មិនត្រឹមតែមិនអាច​ជួយស្រាយបញ្ហា​នោះទេ ប៉ុន្ដែ​រិតតែធ្វើឱ្យមានបញ្ហា​ផ្លូវចិត្ដធ្ងន់ធ្ងរឡើង រហូត កើតជាជម្ងឺផ្លូវចិត្ដតែម្ដង។ គួរទៅ​ពិគ្រោះ​យោបល់ជាមួយ​នឹងអ្នកឯកទេស​ជំនាញផ្លូវចិត្ដ ដើម្បី​ស្វែងរក​ដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative