កើត​​​ចែង​​​ថ្ងៃ

នៅ​រដូវ​​ក្ដៅ​ប្រ​ទេស​កម្ពុ​ជា​មាន​អា​កាស​ធាតុ​ក្ដៅ​ហួត​ហែង​ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​ ជា​ពិ​សេស​នៅ​ពេ​ល​ដែល​ធ្វើ​ការ​ងារ​ ​ឬ​ធ្វើ​ដំ​ណើរ​ទៅ​ណា​មក​ណា​ក្រោម​កាំ​រស្មី​នៃ​កម្ដៅ​។​​ ពន្លឺ​​ថ្ងៃ​មាន​ឥទ្ធិ​ពល​ចំ​ពោះ​ស្បែក​ច្រើន​ប្រការ​ណាស់​។​ បើ​លោក​អ្នក​សង្កេត​​ ហើយ​ចាប់​អារម្មណ៍​ឱ្យ​មែន​ទែន​គឺ​ស្បែក​របស់​លោក​អ្នក​នឹង​ផ្លាស់​ប្ដូរ​ពណ៌​សម្បុរ​ភ្លាម​។​​ បន្ទាប់​ពី​រង​កម្ដៅ​ថ្ងៃ​រយៈ​ពេល​ពីរ​ឬ​បី​ម៉ោង​ ​ក្រោយ​មក​ស្បែក​ប្រែ​ប្រួល​ចេញ​កន្ទួល​ខុស​ពី​ប្រ​ក្រ​តី​កើត​លើ​មនុស្ស​គ្រប់​វ័យ​ ដែល​ខ្មែរ​យើង​ទម្លាប់​ហៅ​ថា​ចែង​ថ្ងៃ​ ឬ​ចាំង​ថ្ងៃ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេ​ជ្ជ​បណ្ឌិត​ ថៃ​ គា​ អ្នក​ឯក​ទេស​ផ្នែក​ជម្ងឺ​សើ​ស្បែក​បាន​ចូល​រួម​ជា​មួយ​ទស្សនា​វដ្ដី​ សុខភាពយើង ក្នុង​ការ​ថែ​រក្សា​ខ្លួន​​ ​និង​អនាម័យ​​ ដើម្បី​ជម្រាប​ជូន​លោក​អ្នក​អំពី​បញ្ហា​របស់​ស្បែក​មួយ​ប្រ​ភេទ​គឺ​ ជម្ងឺ​ចែង​ថ្ងៃ​។​

ជម្ងឺចែងថ្ងៃ

​ចែង​ថ្ងៃ​គឺ​ជា​​ប្រ​ភេទ​រោគ​សញ្ញា​នៅ​លើ​ស្បែក​ម្យ៉ាង​មាន​រាង​ជា​ពង​តូច​ល្អិត​ពណ៌​ស​ស្មេៗ​ នៅ​ចុង​គ្រាប់​មាន​ទឹក​ថ្លា​ មិន​សូវ​មាន​​ ​ភាព​ឈឺ​ចាប់​ទេ​ ភាគ​ច្រើន​មាន​កើត​នៅ​លើ​ក្មេង​ មិន​មាន​កើត​ច្រើន​លើ​មនុស្ស​ចាស់​ទេ​។

​មូលហេតុបណ្ដាលឱ្យកើតចែងថ្ងៃ

​ចែង​ថ្ងៃ​ច្រើន​កើត​ដោយ​សារ​អា​កាស​ធាតុ​ក្ដៅ​ រី​ឯ​ស្បែក​មាន​សំណើម​ ដែល​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​​ញើស​ បង្ក​ឱ្យ​ពក​ឡើង​ចេញ​គ្រាប់​ ​ល្អិតៗ​នៅ​លើ​ស្បែក​។​

រោគសញ្ញាចែងថ្ងៃ

តាម​រយៈ​ការ​សង្កេត​ចំណាំ​ត​គ្នា​មក​ គេ​អាច​មើល​ស្គាល់​ចែង​ថ្ងៃ​ជា​គ្រាប់​មាន​ទឹក​ថ្លា​ ស្បែក​មាន​សភាព​ស្កៀប​ និង​ឡើង​កន្ទឹស​​ ​គ្រើមៗ​ រ​មាស់​ធ្វើ​ឱ្យ​ចង់​អេះ​។​

ចែងថ្ងៃមានផលប៉ះពាល់

​តាម​ធម្មតា​ចែង​ថ្ងៃ​មិន​ប៉ះ​ពាល់​អ្វី​ធ្ងន់​ធ្ងរ​ ​ឬ​​ឈឺ​ចាប់​នោះ​ទេ​​ គ្រាន់​តែ​កោ​សិ​កា​ស្បែក​ឡើង​ពក​ ​គ្រើម​ ​ស្កៀបៗ​ ​និង​មិន​​ ​ប៉ះ​ពាល់​​ដល់​​សុខ​​ភាព​​ទេ​​។​​ ប៉ុ​ន្ដែ​បើ​​ឆ្កឹះ​​ឆ្កៀល​​​​ ​អេះ​​​​ របួស​​ដាច់​​ក្លាយ​​ដោយ​​សារ​​ក្អែល​​ក្រចក​​​ ​ឬ​​បាក់​​តេ​​រី​​ផ្សេងៗ​​ជ្រាប​​ចូល​​ធ្វើ​​ឱ្យ​​កើត​​មាន​​​​​ដំ​បៅ (​ការ​បង្ក​ជម្ងឺ​ដោយ​មេ​រោគ)​។

វិធីការពារចែងថ្ងៃ

​ដើម្បី​ទប់​ស្កាត់​ឱ្យ​ចៀស​ផុត​ពី​រោគ​ចែង​ថ្ងៃ​​ ទោះ​បី​នៅ​ពេល​ហាត់​ប្រាណ​ក្ដី​​ នៅ​កន្លែង​ពលកម្ម​​ ឬ​ធ្វើ​ការ​ងារ​ក្ដី​​ ក្រោម​កម្ដៅ​​ ​ព្រះ​អាទិត្យ​​ ត្រូវ​មាន​សម្លៀក​បំ​ពាក់​គ្រប​ដណ្ដប់​ស្បែក​ជា​ក្រណាត់​អំ​បោះ​សុទ្ធ​ ​ជួយ​ជប់​ញើស​ ​ការ​ពារ​ញើស​លំ​អៀរ​។ ​ក្រោយ​ពេល​ចប់​ ​លំ​ហាត់​ប្រាណ​​ លេង​កីឡា​ ឬ​ធ្វើ​ការ​ងារ​រួច​ហើយ​ សូម​លាង​សម្អាត​ស្បែក​ដោយ​សាប៊ូ​សម​រម្យ​ល្មម​ ​ចៀស​វាង​ការ​កក​ស្ទះ​រន្ធ​ញើស​​។

វិធីព្យាបាលចែងថ្ងៃ

ចែង​ថ្ងៃ​ជា​រោគ​ស្រាល​ ​គ្រាន់​តែ​មិន​ធម្មតា​ម្យ៉ាង​ ​កើត​ហើយ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។​​ នៅ​ពេល​ខ្លះ​ប្រទះ​ឃើញ​ដុំ​ស​​ ​ទំ​ហំ​ប៉ុនៗ​ជើង​ធូប​​ ត្រូវ​ស្វែង​រក​អ្នក​ឯក​ទេស​ផ្នែក​រោគ​សើ​ស្បែក​ពិ​គ្រោះ​ ​និង​ព្យា​បាល​តាម​វិ​ធី​ជូត​សម្អាត​ ​និង​ជោះ​យក​គ្រាប់​ចេញ​។​​ ប៉ុន្ដែ​បើយើង​មិន​បាន​ព្យា​បាល​ក៏​វា​ជ្រុះ​ដោយ​ឯក​ឯង​ដែរ​។​​

ដំបូន្មានអ្នកជំនាញ

​បើ​លោក​អ្នក​ធ្វើ​ការ​គ្រប់​យ៉ាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​​ ត្រូវ​ការ​ពារ​ដោយ​ប្រើ​មួក​ ​ជ្រើស​រើស​យក​សម្លៀក​បំពាក់​ជា​សាច់​អំ​បោះ ​ក្រាស់ៗ​គ្រប​ដណ្ដប់​ការ​ពារ​ស្បែក​មិន​ឱ្យ​រង​កម្ដៅ​ខ្លាំង​​ និង​លាង​ជម្រះ​សម្អាត​ស្បែក​ប្រកប​ដោយ​អនាម័យ​។​ ​ចំ​ពោះ​ចំ​ណី​អា​ហារ​ មិន​ចាំ​បាច់​តម​ទេ​​ និង​មិន​ចាំ​បាច់​ប្រើ​ថ្នាំ(កាឡាបីន)​ទេ​។ ​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative