ស្រោមអនាម័យបុរស

នៅកម្ពុជា​មាន​ស្រោម​អនាម័យ​បុរស​ប្រមាណ​ជា២១លាន ដែល​បានចែក​ចាយ​លក់ក្នុង​មួយឆ្នាំៗ។ នេះជា​តួលេខផ្លូវ ការ​របស់​អង្គការ​អន្ដរជាតិ​បម្រើ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិនបាន​រាប់បញ្ចូល​នូវតួលេខ​របស់​ក្រុមហ៊ុន​ផ្សេងៗ​ដែលលក់ ស្រោម​អនាម័យ​ក្នុង​ប្រទេសកម្ពុជា​ឡើយ។ តាមពិត​ទៅ វប្បធម៌​ប្រើប្រាស់​ស្រោមអនាម័យ​មានរាប់​សតវត្សរ៍មក​ហើយ ដើម ឡើយ​វាគ្រាន់តែ​ជាស្រោម​អនាម័យ​ដែលផលិត​ឡើង​ពីពោះវៀន​ចៀម ហើយ​ត្រូវបាន​គេប្រើ​ដើម្បី​ការពារការ​ឆ្លងជម្ងឺ​កាមរោគ តែប៉ុណ្ណោះ។ បច្ចុប្បន្ន ការ​ផលិត​ស្រោម​អនាម័យ​បានឈាន​មកដល់​កម្រិត​មួយដែល​គ្មាន​ព្រំដែន ផលិត​ឡើង​មិនត្រឹមតែ​ដើម្បី ការពារ​ការឆ្លង​ជម្ងឺ​កាមរោគ ជម្ងឺ​អេសដ៍ និង​បង្ការការ​មានផ្ទៃ​ពោះ​ប៉ុណ្ណោះទេ ថែមទាំង​មានឥទ្ធិពល​ជំនួយ​ដល់ការ​រួមភេទ​ទៀត ផង។
       

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​រួមចំណែក​ទប់ស្ដាត់​ការរាលដាល​ជម្ងឺអេដស៍​នៅកម្ពុជា ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​សម្ភាសន៍​ជាមួយ លោកវេជ្ជ​បណ្ឌិត ណុប សុធារ៉ា ជាប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ នៃ​អង្គការ​អន្ដរជាតិ​បម្រើ​សុខភាព​ប្រជាពលរដ្ឋ ភីអេស អាយ។

ស្រោមអនាម័យ ជាអ្វី?

ស្រោម​អនាម័យ គឺជា​កៅស៊ូយឺត​មានជាតិ​ឡាតិច ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ពិភពលោក។ ស្រោម អនាម័យ​មានច្រើន​ប្រភេទ ច្រើន​យីហោ ច្រើន​សណ្ឋាន មាន​ប្រយោជន៍ និង​តម្លៃ​ផ្សេងៗគ្នា ដូចជា​ស្រោម​អនាម័យ​គ្រើម ស្រោម អនាម័យ​ជាតិស្បែក​តិច​ជាដើម។ ស្រោម​អនាម័យ​ប្រើប្រាស់​ដើម្បី​បង្ការ​ការមាន​ផ្ទៃពោះ ការ​ឆ្លងមេ​រោគអេដស៍ ឬ​មេរោគឆ្លង តាមរយៈ​ការរួមភេទ។ ស្រោម​អនាម័យ​មានប្រសិទ្ធភាព​អាចបង្ការ​បានខ្ពស់ ប្រសិន​បើប្រើ​ប្រាស់​បាន​ត្រឹមត្រូវ។ ស្រោម​អនាម័យ​ដែលមាន​ស្ដង់ដា​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា គឺមុខ​កាត់៤៩បូក ឬ​ដក២​មីលីម៉ែត្រ និង​ឆ្លងកាត់​ការ​ធ្វើតេស្ដសាក​ល្បងពី លក្ខណៈ​ស្ដង់ដា​នោះ។

អត្ថប្រយោជន៍​របស់ស្រោម​អនាម័យ

តាមការ​សិក្សា​ស្ដីពី​ការប្រព្រឹត្ដ​ផ្លូវភេទ ស្រោម​អនាម័យ​អាចជួយ​បានច្រើន​យ៉ាង ដូចជា​ជួយការពារ​មិនឱ្យ​មាន​ផ្ទៃពោះ​រហូតដល់​ទៅ៨៩% ជួយ​ការពារ​មិនឱ្យ​ឆ្លងជម្ងឺ​កាមរោគ​បានរហូត​ដល់៩១%​ជាដើម។ មាន​ប្រជាពលរដ្ឋ​ប្រមាណជា​៩០% ដែល​បានដឹង​អំពីចំណេះ​ដឹង​ទាក់ទង​ទៅនឹង​ជម្ងឺ​អេដស៍។ បច្ចុប្បន្ន​នេះ សម្រាប់​អ្នកដែល​ស្វែងរក​ការសប្បាយ​នៅតាមផ្ទះ​បន ការ ប្រើប្រាស់​ស្រោម​អនាម័យ​មានសារៈ​សំខាន់​ការពារ​ខ្លួនកុំ​ឱ្យឆ្លង​ជម្ងឺកាម​រោគ ពិសេស​គឺជម្ងឺ​អេដស៍​តែម្ដង។

បច្ចុប្បន្ន ការ​ប្រើប្រាស់​ស្រោម​អនាម័យ​មានការ​ទទួល​ស្គាល់​ច្រើន បើប្រៀប​ធៀប​នឹងប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ ទោះ បីជា​មានការ​យល់ឃើញ​ខ្លះថា​ស្រោម​អនាម័យ​មានការប៉ះ​ពាល់​ដល់​អារម្មណ៍​ផ្លូវភេទ ឬ​សុខភាព​ផ្លូវភេទ តែមិន​ទាន់មាន​ការអះ អាង​ណាមួយ​អំពីកម្រិត​ប៉ះពាល់​យ៉ាង​ណាទេ។ ស្រោម​អនាម័យ​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​អ្នកប្រើ​នៅពេល​រួមភេទ។ ស្ដ្រីរក ស៊ីផ្លូវភេទ​ខ្លះបាន​ត្អូញត្អែរ​ថាការ​ប្រើប្រាស់​ស្រោម​អនាម័យ​បណ្ដាល​ឱ្យពួកគាត់​មានអាការ​រមាស់។ មូលហេតុ គឺមក​ពីពួក​គាត់ ស្ងួតទឹក​រំអិល​ដោយ​សារការ​រួមភេទ​ច្រើនដង​ក្នុងមួយ​ថ្ងៃ តែសូម​ជ្រើសរើស​ស្រោម​ប្រភេទថ្មីៗ ដែល​មានបន្ថែម​ទឹករំអិល​ដែល អាចជួយ​បានមួយ​កម្រិត។

កម្រិតនៃ​ការប្រើស្រោម​អនាម័យ

មិនទាន់​មានចម្លើយ​សមស្រប​ដែលថា​តើហេតុអ្វី​បានជា​ពួកគាត់​ចូលចិត្ដ ឬ​មិនចូលចិត្ដ​ប្រើស្រោម​អនាម័យ​ទេ។ វាជា ការ​ទទួលខុស​ត្រូវ​មួយ​របស់​អ្នកដែល​ប្រព្រឹត្ដិ​ស្នេហា​ជាមួយ​ដៃគូច្រើន មាន​ជម្រើស​ពីរ គឺ​ប្រើ​ស្រោម​អនាម័យ​ពេលរួមភេទ ឬ ព្រម​ទទួល​យក​គ្រោះថ្នាក់​ឆ្លងជម្ងឺ​កាមរោគ ឬ​ជម្ងឺ​អេដស៍។ ទោះបី​ជាមាន​បុរសជា​ច្រើន​ទទួល​ស្គាល់​ថាអត្ថ​ប្រយោជន៍​របស់ ស្រោម​អនាម័យ​ក៏ដោយ តែ​ស្រោម​អនាម័យ​នៅតែ​ជាការ​ទើសទាល់។ ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នឹងមាន​ការគាំទ្រ​ពី សំណាក់​អ្នកប្រើ​ប្រាស់ និង​សង្គម។ តាមការ​អង្កេត​ស្រាវជ្រាវ​ដែលធ្វើ​ឡើងដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ និង​អង្គ ការ​ក្រៅ​រដ្ឋាភិបាល​ដទៃទៀត បាន​បញ្ជាក់​ពីការ​ប្រើប្រាស់​ស្រោម​អនាម័យ​ថានៅមាន​កម្រិត​ទាប​ក្នុងចំណោម​ដៃគូ​ស្នេហា​ដែល មានការ​ជឿជាក់​លើគ្នា ដែលឆ្លុះ​បញ្ចាំង​ពីភាព​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់​នៅឡើយ។

របៀបប្រើស្រោមអនាម័យ

ទោះបីជា​មានការ​អប់រំ និង​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ចំណេះដឹង​នៃការ​ប្រើប្រាស់​ស្រោម​អនាម័យ ក៏ការ​ប្រើប្រាស់​មិន ទាន់​បានត្រឹមត្រូវ​១០០%​ដែរ។ ការប្រើ​ប្រាស់​ដែល​ត្រឹមត្រូវ គឺត្រូវ​ពិនិត្យ​មើល​លក្ខណៈ​របស់​ស្រោម ចៀស​វាង​ប្រើស្រោមខូច ទ្រង់ទ្រាយ ហួស​កាល​បរិច្ឆេទ ឬ​ផុតកំណត់​នៃការ​ប្រើប្រាស់។ បើពិនិត្យ​ឃើញ​មានជាតិ​ប្រេង ឬ​ទឹករំអិល​ជាប់លើ​កញ្ចប់ បញ្ជាក់ ថាស្រោម​អាចមាន​បញ្ហា មិនគួរ​ជ្រើស​ប្រើទេ គួរប្ដូរ​ស្រោម​អនាម័យថ្មី​ដែលមិន​ខូចគុណ​ភាព។ វិធី​ប្រើប្រាស់​ស្រោម​អនាម័យ​ឱ្យ បាន​ត្រឹមត្រូវ​ជាកត្ដា​សំខាន់។​ សូមចាប់​ផ្ដើមដោយ​ហែក​កញ្ចប់​ស្រោម​ដោយ​ប្រុងប្រយ័ត្ន ការពារ​ការដាច់​ដោច ឬ​ខូចទ្រង់ទ្រាយ​ស្រោម រួចពាក់​នៅ លើលិង្គ​ដែល​កំពុងរឹង​ខ្លាំង ពិសេស​ពេលរៀប​នឹងស៊ក​បញ្ចូល មិន​មែនពាក់​ហើយ​នៅប្រលែង​គ្នាលេងទេ ព្រោះ​វាអាចហួត​ទឹក រំអិល​ដែលជាប់នៅ​លើស្រោម​អនាម័យ។ ម្យ៉ាងទៀត ការ​ដែលពាក់​ហើយ​ទុកយូរ វាអាច​នាំឱ្យ​លិង្គស្រក ឬ​លែងរឹង​ដែលអាច បណ្ដាល​ឱ្យខ្យល់​ចូលក្នុង​ស្រោម​អនាម័យ​ដែលអាច​បែក រហែក ឬ​របូត​ពីលិង្គ។ សូមពាក់​ដោយ​យកដៃ​ម្ខាងកាន់​ចុងថ្នក់​ស្រោម អនាម័យ ហើយ​ដៃម្ខាង​ទៀត​ពន្លាត់វា​តាំង​ពីចុង​រហូតដល់​គល់លិង្គ ដោយ​ទុកតែថ្នក់​ខាងចុង​នៃស្រោម​អនាម័យ​បន្ដិចបាន​ហើយ។ នៅលើ​ស្រោម​អនាម័យ​តែងតែ​មានជាតិ​ទឹករំអិល​ដែលអាច​ជួយ​សម្រួល​ដល់ការ​ស៊កបញ្ចូល និង​ការរួមភេទ។ បន្ទាប់​ពីចេញ​ទឹក កាម​ហើយ ឬក៏​លិង្គចាប់​ផ្ដើមស្រក ត្រូវ​ប្រញាប់​ដកលិង្គ​ចេញ ដោយ​យកដៃ​ម្ខាងកាន់​គល់​ស្រោម​អនាម័យ​ដោយ​ប្រុង​ប្រយ័ត្ន ចៀស​វាងការ​ហៀរ​កំពប់​ចេញ​ទឹកកាម​តាមស្រោម​អនាម័យ ឬ​របូត​ស្រោម​អនាម័យ។ ត្រូវ​ចោល​ស្រោម​អនាម័យ​ឱ្យមាន​របៀប ចៀស​វាងការ​ចោលពាស​វាលពាស​កាល ព្រោះ​នាំឱ្យ​ខូច​បរិស្ថាន។ ដូច្នេះ​គួរជ្រើសរើស​ការប្រើប្រាស់​ស្រោម​អនាម័យ​នៅពេល​ដែល​លោកអ្នក​មានដៃ​គូរួមភេទ​ច្រើន ឬ​នៅពេល​មានការ រួមភេទ​ជាមួយ​នឹងស្ដ្រី​ដែល​រកស៊ី​ផ្លូវភេទ ដើម្បី​សុវត្ថិភាព​របស់​លោកអ្នក និង​ដៃគូស្នេហា​របស់​លោកអ្នក។ បុរស​ដែល​ចូលចិត្ដ ស្វែង​រកសេវា​ផ្លូវភេទ គួរមាន​ស្រោម​អនាម័យ​ជាប់នឹង​ខ្លួន និង​ប្រើប្រាស់​ស្រោម​អនាម័យ​ជាប់ជានិច្ច ព្រោះ​ពួកគាត់​ងាយ​ប្រឈម មុខនឹង​គ្រោះថ្នាក់​ខ្លាំងណាស់។ ស្រោម​អនាម័យ​អាចនឹង​មិនចាំបាច់​ប្រើនៅ​ពេលដែល​លោកអ្នក​សម្រេចចិត្ដ​តមរួមភេទ ឬ​មានដៃ គូស្នេហា​ត្រឹមតែ​មួយ ដែលបាន​ធ្វើតេស្ដ​ឈាមរួច ថាគ្មាន​មេរោគ​អេដស៍។

ដំបូន្មានអ្នកប្រឹក្សា

ការរួមភេទ​សប្បាយ​បានតែ​មួយភ្លែត តែបើ​គ្មានសុវត្ថិភាព វាអាច​មានផលប៉ះ​ពាល់​ដល់សុខ​ភាពរាង​កាយ ឬ​ផលវិបាក ផ្សេងៗ​ក្រោយ​ពេលរួមភេទ​ជាមិនខាន។ ការ​ប្រើស្រោម​អនាម័យ​ជាជម្រើស​មួយដ៏​ឈ្លាសវៃ មាន​សុវត្ថិភាព និង​មិនបង្ក​ឱ្យមាន ការបាត់បង់​អារម្មណ៍​ក្នុងការ​រួមភេទ​នោះទេ។ ហើយ​ការប្រើ​ប្រាស់​នេះបញ្ជាក់​ពីការ​ទទួល​ខុសត្រូវ និង​ការយកចិត្ដ​ទុកដាក់​របស់ លោកអ្នក​ទៅលើ​ដៃគូ​ស្នេហា។ វាមិនមែន​ជាការ​មើលងាយ ឬ​ជាពាក្យ​អាសអា​ភាសទេ ពេល​ដែលលោក​អ្នកនិយាយ​ដោយ ចំហ​ពីការ​ប្រើប្រាស់​ស្រោម​អនាម័យ​ជាមួយ​ដៃគូ​ស្នេហា​របស់​លោកអ្នក។ ទាក់ទង​នឹងការ​រួមភេទ​ភ្លេចពាក់​ស្រោម និង​រហែក​ស្រោម​អនាម័យ ហើយ​ដែលសង្ស័យ​ថាឆ្លង​មេរោគ​អេដស៍ ទស្សនាវដ្ដី សុខភាពយើង នឹង​លើកយក​មកបក​ស្រាយជូន​នៅលេខ​ក្រោយទៀត។ សូមរង់​ចាំអាន​ដោយ​អនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative