រណ្តាប់ទទួល​ទេវតាឆ្នាំថ្មី(ឆ្នាំរោង)

បុណ្យចូល​ឆ្នាំខ្មែរ គឺជា​ពិធីបុណ្យ​ដ៏ធំមួយ​ក្នុងចំណោម​ពិធីបុណ្យ​ផ្សេងៗទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ តែងតែ​មានការរៀបចំ​ពិធីនេះឡើង ដើម្បី​ទទួលទេវតាឆ្នាំថ្មី សុំសេចក្តី​សុខសប្បាយ និង​អបអរក្នុង​ឱកាសឆ្នាំថ្មី​មកដល់។ជាក់ស្តែង​ឆ្នាំនេះ គឺជាឆ្នាំរោង  លេខរៀង​ទី៥ ក្នុងចំណោម​លេខរៀង​ទី១២ ដែលស្ថិត​នៅក្នុងពង្ស​ទេវតាប្រុស ធាតុមាស។ ទស្សនាវដ្តី សុខភាពយើង និង​គេហទំព័រ​សុខភាពកម្ពុជា HealthCambodia.com នឹងលើក​យកមក​បង្ហាញថា​តើឆ្នាំនេះ​ទេវតាសោយអ្វី​និងត្រូវរៀបចំរណ្តាប់​ទទួល​ទេវតាឆ្នាំថ្មី​យ៉ាងដូចម្តេច ឲ្យសមទៅ​នឹងឆ្នាំនីមួយៗ។

រូបភាពអ៊ីនធឺណេត

ដើម្បីឲ្យ​យល់ដឹង​កាន់តែច្បាស់​អំពីការរៀបចំ​រណ្តាប់នេះ ទស្សនាវដ្តី សុខភាពយើង បានលើកយក​ក្បួនខ្លះៗ​តាមរយៈលោក វ៉ាយ វិបុល ជាសមាជិកគណៈកម្មការ​ស្រាវជ្រាវ​វិជ្ជាហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​នៃគណៈ​កម្មការជាតិ​រៀបចំបុណ្យ បុណ្យជាតិ អន្តរជាតិ ធ្វើការបកស្រាយ​ដូចខាងក្រោម។

ការរៀបចំ​រណ្តាប់ទទួល​ទេវតា​ឆ្នាំរោង

ការរៀបចំ​ទទួលទេវតា​តាមទំនៀប​ទម្លាប់ពី​បុរាណរៀង​រហូតមក ត្រូវរៀប​រានទេវតា​នៅខាងមុខផ្ទះ​មួយ សម្រាប់តាំងគ្រឿងពលី​ការផ្សេងៗ។ ត្រូវមានរាន​ទេវតា៧ថ្នាក់ ភ្លេងពិណពាទ្យ១វង់ កា្រលសំពត់​ស លើរានទាំង៧​ថ្នាក់ បាយសីធំ១គូ ស្លាធម៌១គូ ទឹកអប់១គូ ទៀប៥ ធូប៥ លាជ៥ កែវផ្កា៥ ស្លាបារីដាក់​ជើងពាន១គូ ចេកនួន ឬ​ចេកណាំវ៉ា១គូ (ស្និតដាក់​លើជើងពាន)ពែព្រះភូមិ១គូ ពែព្រះកេតុ​១គូ។ ពែព្រះភូមិមាន​លក្ខណៈជាជ្រុង៣ រួត មានកន្ទោង៥ គឺកន្ទោងបាយ១ កន្ទោងម្ហូប២ និង​កន្ទោងបង្អែម២។ ចំណែកឯ​ពែព្រះកេតុ​មានលក្ខណៈ​៣ជ្រុង មានថ្នាក់​៩រាងជម លើមានដាក់​បាយម្ហូបចំណី​គ្រប់ទាំង​៩ថ្នាក់។ ទាំងអស់នេះធ្វើតែ​នៅក្នុង​ព្រះបរមរាជវាំង ឬ​ផ្ទះដែលអស់​លោកណា​ដែលមាន​លទ្ធភាពធ្វើ​ទៅបាន​ប៉ុណ្ណោះ។ ប៉ុន្តែចំពោះ​ប្រជារាស្ត្រ​ក្រីក្រ   និង​ប្រជារាស្ត្រ​សាមញ្ញធម្មតា សូមធ្វើការ​រៀបចំ​ទៅតាម​លទ្ធភាព និង​សទ្ធាជ្រះថ្លា​ទៅចុះ មិនជាការ​ខុសឆ្គងអ្វីទេ ឲ្យតែ​មានចិត្តគោរព​ចំពោះ​មាតាបិតា ព្រះរតនៈតៃ្រ និង​គុណ​ទេវតា។

មហាសង្រា្កន​ឆ្នាំរោង

ឆ្នាំខាល ឆ្នាំនេះសង្រា្កន​ចូលមកនូវ​ថ្ងៃសុក្រ ៧រោជ ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង១១​នាទីយប់។ ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅឋិត​នៅឯមេសរាសី​តាមផ្លូវ គេវិថី គឺផ្លូវកណ្តាល​ទើបមាន​ទេពធីតា មួយ​ព្រះអង្គ​ជាមគ្គនា​យិកាព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃ​កបិលមហា​ព្រហ្ម គង់នៅ​ចាតុម្មហា​រាជិកា ទ្រង់អម្ព​ពណ៌ខៀវ សៀតផ្កាចង្កុលណី គ្រឿង​ប្រដាប់ បុស្បរាគ័ម ភក្សាហារ ចេកណាំវ៉ា ព្រះហស្ត​ស្តាំទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេងទ្រង់​ពិណពាហនៈ​ក្របី។ ទើបនាំ​អស់​ទេវបុត្រ​ទេពធីតា​ទាំងមួយសែន​កោដិហោះ​ទៅកាន់ គុហា​កែវធម្មមាលី​ នាទីភ្នំកៃលាស ខេត្ត​ហេមពាន្ត ជាទីតម្កល់នូវព្រះសិរសាកបិល​មហាព្រហ្ម​ដែលតម្កល់​លើពានមាស នាំមក​ដង្ហែ​ប្រទិក្សិណ​ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០ នាទី” ២៤ម៉ោង” ។​ ទើប​នាំ​ទៅតម្កល់​ទុកនូវកន្លែង​ដើមវិញ ហើយ​ប្រជុំទេវបុត្រ ទេពធីតា​ទាំង​មួយសែនកោដិ​ចូលទៅ​ស្រង់ទឹកអនោតត្តមមហាស្រះ ដែលមាន​ទឹកហូរ​ចេញ​ពីបំពង់ថ្មកែវ ដែល​ជាមាត់​គោឧសភារាជ​ទាំង៧​ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឬទ័យ។ ហើយ​នាំគ្នា​ទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតីសភាសាលា ដែល​វិស្សកម្ម​ទេវបុត្រនិមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យជ្រះស្រឡះ ហើយចម្រើន​នូវសិរីសួស្តី​ជ័យមង្គល​ជន្មាយុយឺនយូរ​ដល់ទេវតា និង​មនុស្ស​សត្វផងទាំងពួង តាំងពី​ចូលឆ្នាំថ្មី​ចូលមក​នេះបាន​ធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។

ថ្ងៃ​រៀបចំពិធី​បុណ្យចូលឆ្នាំថ្មី

  • ថ្ងៃទី១ ៖ ទទួល​ទេវតាឆ្នាំថ្មី និងសាង​វាលុកចេតិយ (ពូនភ្នំខ្សាច់) សម្មាទាននីជសីល នមស្សការព្រះរតនៈត្រៃ និង និមន្ត​ព្រះសង្ឈ​ចម្រើន​ព្រះបរិត្ត ​បន្ទាប់​មកនិមន្តព្រះសង្ឈសម្តែងធម្មទេសនា។
  • ថ្ងៃទី២ ៖ វេលាព្រឹកឡើងវេរភក្តប្រគេនព្រះសង្ឈ នាពេលរសៀលនិមន្តព្រះសង្ឈចម្រើនព្រះបរិត្ត ព្រះសង្ឈស្រង់ទឹកនិង​ទេសនា​សង្គាយនា ឆ្លងបុណ្យ ទេសនា​គ្រែបី ដោយមាន​ព្រះសង្ឈបីអង្គ​ធម្មគ្គធិក​សម្តែង។
  • ថ្ងៃទី៣ ៖  ពិធីស្រង់​នៃព្រះករុណា និងពិធី​ចេញទទួល​ទឹកទៀន និង​ជ័យ​មង្គល ដែលព្រះរាជវង្សានុវង្សនិងខ្ញុំរាជការទាំងស្រី ទាំងប្រុសថ្វាយ ប៉ុណ្ណេះ​ជាសូរេច​កិច្ច​ក្នុង​ពិធីចូលឆ្នាំ ដែលបាន​ប្រារព្ធ​ស្ថិតនៅ​ក្នុងព្រះបរមរាជវាំង។ រីឯវ​ប្រជាពលរដ្ឋទាំងស្រី ទាំងប្រុស តែងតែ​រៀបចំ​ពិធី​ស្រង់ទឹក​ជូនចំពោះ​ព្រះពុទ្ធរូប ព្រះសង្ឈ មាតា បិតា ជីដូនជីតា ព្រមទាំង​បុព្វការីជននៅ​តាមវត្តអារាម ភូមិស្រុកនីមួយៗ។

ការរៀបចំផ្ទះសម្បែងដើម្បីទទួលទេវតាឆ្នាំថ្មី

នៅរយៈពេល​មុន​ថ្ងៃចូលឆ្នាំថ្មី​មកដល់​មួយសប្តាហ៍ ប្រជាពលរដ្ឋ​តែងនាំកូនចៅ​បោសសម្អាត​ទីធ្លាភូមិដ្ឋាន និងសម្អាត​ផ្ទះសម្បែង រានទេវតា​ជាដើម។ រីឯ​នៅតាម​វត្តអារាម​វិញ ក៏ដូចគ្នាដែរ ព្រះចៅអធិការវត្ត បានចាត់​ពុទ្ធបរិស័ទ​បោសសម្អាត​ទីធ្លា វត្ត និងរៀបចំ​កន្លែងសំខាន់ៗ​មួយចំនួន​សម្រាប់​រៀបចំពិធី​ផ្សេងៗ។ កន្លែង​ទាំងនោះ​មាន​ដូចជាកន្លែង​ស្រង់ព្រះ កន្លែង​ពូនភ្នំខ្សាច់​ពូនភ្នំអង្ករ ចេតិយ និងទីកន្លែង​ផ្សេងៗទៀត ទុកដើម្បី​ទទួល​ពុទ្ធបរិស័ទដែល​មកធ្វើបុណ្យទាន និង​ដើម្បីទទួល​ពុទ្ធបរិស័ទ​មកលេងល្បែងកម្សាន្ត​ទទួលទេវតាឆ្នាំថ្មី​ផង។ តាមជំនឿប្រពៃណីខ្មែរ ការរៀបចំសម្អាតផ្ទះសម្បែង ឬវត្តអារាម គឺដើម្បី​អបអរ​ទទួលទេវតាឆ្នាំថ្មី ដែលនឹងត្រូវចុះមកអភិបាលលោកនេះ។ ម្យ៉ាងវិញទៀត គឺដើម្បី​បណ្តេញចេញ​ឲ្យអស់ឧបទ្រព​ចង្រៃដែល​មាននៅក្នុងឆ្នាំចាស់ ហើយទទួលទេវតា​ដែលមាន​នៅក្នុងឆ្នាំថ្មី​ នូវសិរិសួស្តី សុភមង្គល។

ដំបូន្មានអ្នកជំនាញ

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងនេះ សូមឲ្យប្រជាពលរដ្ឋខ្មែរ​ទាំងអស់មិនគួរលេង​ល្បែងជះទឹក គប់ថង់ទឹក ដាក់ភក់ ប៉ាតម្សៅ ឬវត្ថុមិនល្អផ្សេងៗ​ទៅលើអ្នកដំណើរទេ ព្រោះ​នេះមិនមែន​ជាទង្វើសមរម្យនោះទេ។ ទង្វើបែបនេះនឹងបង្ក​ឲ្យកើតមាន​នូវការមិនសប្បាយចិត្ត និងមិនពេញចិត្ត​ពីសំណាក់​លោកអ្នក​មួយចំនួន ជាពិសេស​សម្រាប់លោកអ្នក​ដែលជាចាស់ទុំ។ មួយវិញទៀត មិនគួរ​នាំគ្នាលេងល្បែង​ស៊ីសង ដូចជាបៀ ឬចាក់អាប៉ោង និងខ្លាឃ្លោកទេ ព្រោះនេះជា​អំពើផ្ទុយពីគន្លងច្បាប់ និងនាំទៅរក​ការប្រើហិង្សា។ ក៏ប៉ុន្តែគួរងាក​មកការលេងល្បែង​ប្រជាប្រិយខ្មែរ​វិញដូចជា ចោលឈូង ទាញព្រ័ត និងលាក់​កន្សែង​ជាដើម។ ហើយទស្សនាវដ្តី សុខភាពយើង Healthcambodia.com សូមជូនពរ​ដល់ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ សូមឲ្យមាន​សំណាងល្អ និងទទួលបាននូវពុទ្ធពរ​ទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈកុំបីឃ្លាងឃា្លតឡើយ។

អត្តបទដោយ ៖​ សៀង វិរៈ

អ្នកប្រឹក្សា ៖ លោក វ៉ាយ វិបុល​ជាសមាជិកគណៈ​កម្មការ​ស្រាវជ្រាវវិជ្ជា​ហោរាសាស្ត្រ និងប្រពៃណី​ទំនៀមទម្លាប់​នៃគណៈកម្មការជាតិ​រៀបចំបុណ្យជាតិ និងអន្តរជាតិ

ចេញផ្សាយ​ ៖ ថ្ងៃទី ១០ មេសា ឆ្នាំ​ ២០១២