មធ្យោបាយ​ពន្យារកំណើត​ដោយ​ដាក់កង

មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ថ្នាំគ្រាប់ និងដោយ​ថ្នាំចាក់ ត្រូវបាន​លើកមក​បកស្រាយ​ជូននៅ​ក្នុងទំព័រ​ទស្សនាវដ្ដី សុខភាពយើង កាលពី​លេខ០០៨ និង០០៩ ប្រចាំខែកញ្ញា និងខែតុលា ២០០៦ រួចមកហើយ។ នៅលេខនេះ មធ្យោបាយ​ពន្យារ​កំណើត ដោយដាក់កង​ត្រូវលើក​មកបកស្រាយ​វិញម្ដង ហើយ​មធ្យោបាយ​ផ្សេងទៀត​នឹងត្រូវ​លើកមក​នៅលេខ​បន្ដបន្ទាប់។ ការដាក់កង សម្រាប់​ពន្យារ​កំណើត​ជាវិធី​ដែលស្ដ្រី​មួយចំនួន​បានជ្រើសរើស​យកមក ប្រើ។ បច្ចុប្បន្ននេះ មានកង​ពីរប្រភេទ​ដែលត្រូវ​បានប្រើ គឺកង ដាក់ដៃ និងកងដាក់​ក្នុងស្បូន។ ស្ដ្រីចាំបាច់​ត្រូវស្វែងយល់​ពីផល​ប្រយោជន៍ និងផលរំខាន​ផ្សេងៗ​របស់កង​ពន្យារ​កំណើត។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​នឹងស្វែងយល់​កាន់តែច្បាស់​ពីវិធីពន្យារ​កំណើត​ដោយដាក់កង​នេះជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈកិច្ច សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធានគ្លីនិក​ភ្នំពេញទី២​នៃសមាគមរ៉ាក់។

កងពន្យារ​កំណើត ជាអ្វី?

កងពន្យារ​កំណើត​មានពីរ​ប្រភេទ គឺកងដាក់​ក្នុងស្បូន និងកង​ដាក់ដៃ។

1. កងដាក់ស្បូន  គឺជាឧបករណ៍​តូចមួយ​ដែលអាច​បត់បាន​សម្រាប់​ដាក់ចូល​ក្នុងស្បូន​ដើម្បីការពារ​មិនឱ្យមាន​ផ្ទៃពោះ។ កងដែល​ប្រើប្រាស់​នៅប្រទេស​កម្ពុជា គឺជាប្រភេទ​កងធ្វើពី​ប្លាស្ទិក និងទង់ដែង​ដែលមានរាង​ជាអក្សរតេ។ កងដាក់​ក្នុង ស្បូនគ្មាន​ជាតិ អ័រម៉ូនទេ។

2. កងដាក់ដៃ​ ៖ គឺជាបំពង់​តូចៗទន់​អាចបត់​បានមាន​ទំហំប៉ុន​ដើមឈើគូស​ក្នុងនោះ​មានជាតិ​អ័រម៉ូន​ប្រូហ្សេស្ទីន​ដែលជាអ័រម៉ូន​ដូចគ្នា​ទៅនឹង​អ័រម៉ូន​ធម្មជាតិ​ក្នុងខ្លួនស្ដ្រី​សម្រាប់​ការពារ​មានផ្ទៃពោះ។ បំពង់ទាំងនេះ​ដាក់បញ្ចូល​ទៅក្រោមស្បែក​ដើមដៃ​របស់ស្ដ្រី ។ កងដាក់ដៃ​មាន៣ប្រភេទ ប្រភេទទី១ គឺជាកងដែល​មានបំពង់​៦ដើម ការពារ​បាន៧ឆ្នាំ។ ប្រភេទទី២ គឺកងមាន​២ដើម ការពារបាន ៥ឆ្នាំ។ រីឯប្រភេទទី៣ គឺកង១ដើម ការពារ​បាន៣ឆ្នាំ។

អត្ថប្រយោជន៍​របស់កង​ដាក់ពន្យារ​កំណើត

ជាធម្មតា ការបង្កកំណើត​ទារកក្នុងផ្ទៃ កើតឡើង​ដោយការ​ភពប្រសព្វ​រវាង​មេជីវិត​(ដែលមាននៅ​ក្នុងទឹកកាម​បុរស)ជា មួយនឹង​មេជីវិតញី​(ដែលបញ្ចេញ​ដោយកន្សោម​ពងរបស់ស្ដ្រី)។ ការដាក់កង​អាចពន្យារ​កំណើត​បានភ្លាមៗ បន្ទាប់ពីដាក់​បញ្ជូលទៅ ក្នុងស្បូន និងដៃ។ ប្រសិទ្ធភាព​របស់កង​មានរហូត​ដល់ទៅ ៩៩.៤%។

១. អត្ថប្រយោជន៍របស់​កងដាក់​ស្បូន

  • រារាំងការជ្រៀតចូល​របស់មេជីវិត​ឈ្មោលទៅ​ដៃស្បូន
  • ទប់ស្កាត់ការដឹកនាំមេ​ជីវិតញី
  • រារាំងការបង្ក​កំណើត
  • ដាក់ម្ដង ការពារបានរយៈពេល​យូររហូត​ដល់១២ឆ្នាំ
  • សមស្របចំពោះស្ដ្រីដែល​បំបៅដោះ​កូន
  • មិនរំខានដល់ការ​រួមរ័ក​ផ្លូវភេទ
  • មានសុវត្ថិភាព និងប្រសិទ្ធ​ភាពខ្ពស់
  • មិនមានការយឺតយ៉ាវ​ក្នុងការ​មានកូនឡើយ ក្រោយដោះ​កងចេញ
  • មិនមានផលរំខាន​ដោយសារ​ជាតិអ័រម៉ូន

២. អត្ថប្រយោជន៍របស់​កងដាក់ដៃ

បន្ទាប់ពីដាក់បញ្ចូល​បំពង់ទាំងនេះ​ទៅក្រោម​ស្បែក​ដើមដៃ ជាតិអ័រម៉ូន​ដែលមាន​នៅក្នុង​បំពង់ទាំងនោះ​នឹងសាយភាយ​បន្ដិច ម្ដងៗចូល​ក្នុងរាងកាយ​របស់ស្ដ្រី ធ្វើឱ្យទឹក​រំអិលមាត់​ស្បូន​ឡើងខាប់ ដែលអាច​រារាំងការ​ជ្រៀតចូល​មេជីវិតឈ្មោល​ទៅក្នុងស្បូន។ បន្ថែម​ពីលើនេះ ជាតិអ័រម៉ូន​ក៍បានទៅ​បញ្ឈប់ការ​ខ្ជាក់មេជីវិត​ញី និងធ្វើឱ្យ​ស្រទាប់ក្នុង​របស់ស្បូន​ប្រែប្រួល ដែលជា​ហេតុធ្វើឱ្យ​ការបង្ក កំណើត​អាចការពារ​បានប្រហែល​ជា៩៩%។ ម្យ៉ាងទៀត​ការដាក់កង​ដៃផ្ដល់ផល​ប្រយោជន៍​ជាច្រើន​ទៀត័

  • ដាក់តែម្ដង ការពារ​មិនឱ្យមាន​ផ្ទៃពោះបាន ៧ឆ្នាំ (លើកលែងតែ​ស្ដ្រីដែល​មានឡើង​ទម្ងន់លើស​ពី៧០គីឡូ)
  • សមស្របចំពោះស្ដ្រីដែល​បំបៅ​ដោះកូន
  • ស្ដ្រីអាចមានកូនវិញក្នុងរយៈ​ពេលឆាប់ ក្រោយពី​ដកកងដាក់​ដៃចេញ
  • និងមិនរំខានដល់ការ​រួមភេទ។
  • ជាមួយគ្នានេះ ការដាក់កងដៃ​ផ្ដល់ផល​ចំណេញ​ចំពោះសុខភាព​ផងដែរ។
  • បន្ថយភាព​ស្លេកស្លាំង​របស់ស្ដ្រី
  • បន្ថយការធ្លាក់​ឈាមរដូវ
  • បន្ថយការឈឺ​ចាប់ពេល​មានរដូវ
  • បន្ថយអត្រាមហារីកស្បូន កន្សោមពង និងរលាកអាង​ត្រគាក។

ស្ដ្រីដែលអាចទទួលមធ្យោបាយ​ពន្យារ​កំណើត​រដាយ​ដាក់កង

ការដាក់កង​សមស្រប​ចំពោះស្ដ្រី​ពេញវ័យ និងមិនទាន់​មានរដូវ ហើយដែល​ត្រូវការ​ប្រសិទ្ធភាព​ខ្ពស់ និងរយៈ​ពេលវែង ។

1. កងដាក់​ក្នុងស្បូន ៖ ស្ដ្រីអាច​ដាក់កង​ក្នុងស្បូន​បានគ្រប់ពេល​ទាំងអស់ ឱ្យតែ​ប្រាកដថា​គ្មាន​ផ្ទៃពោះ។ ជាទូទៅ​ស្ដ្រីអាច ដាក់កង​ក្នុងស្បូន​បាន ៖

  • ចាប់ពីថ្ងៃមានរដូវរហូត​ដល់១២ថ្ងៃ
  • បន្ទាប់ពី៤សប្ដាហ៍​ក្រោយពី​សម្រាល
  • ក្នុងកំឡុង៧ថ្ងៃក្រោយរលូត ឬរំលូត​ដោយគ្មាន​ការបង្ករោគ។

2. កងដាក់ដៃ ៖ ស្ដ្រីអាច​ដាក់កង​ដៃបានគ្រប់​ពេល​ទាំងអស់ ឱ្យតែ​ប្រាកដថា​គ្មានផ្ទៃពោះ។ ជាទូទៅ​ស្ដ្រីអាចដាក់​កងដៃ បានៈ

  • ចាប់ពីថ្ងៃមានរដូវរហូតដល់​ថ្ងៃទី៧
  • ក្រោយសម្រាលភ្លាម បើមិន​បំបៅដោះកូន
  • បន្ទាប់ពី៦អាទិត្យ ក្រោយ​ពីសម្រាល​ដោយបំបៅ​ដោះកូន
  • ក្នុងអំឡុង៧ថ្ងៃ ក្រោយរលូត ឬរំលូតដោយ​គ្មានការ​បង្ករោគ។

ផលរំខានដែលអាចកើត​មានក្រោយ​ពីដាក់កង​រួច

ស្ដ្រីភាគច្រើន ក្រោយពេល​ដាក់កង​រួចហើយ ពុំមាន​ផលរំខាន​អ្វីទេ តែស្ដ្រីខ្លះ​មានផល​រំខាន​តិចតួច។

1. ស្ដ្រីដែលដាក់​កងស្បូន

  • ឈឺផ្នែកខាង​ក្រោមពោះ ឬឈឺចង្កេះ​បន្ដិចបន្ដួច​ក្នុងរយៈ​ពេល២ ឬ៣ថ្ងៃក្រោយ​ដាក់កង។
  • ធ្លាក់ឈាមតិចតួច​ចន្លោះរដូវ​ក្នុងរយៈ​ពេល១ ឬ២សប្ដាហ៍​ក្រោយ​ដាក់កង។

ក្នុងករណីនេះ សូមច្រក​ទឹកក្ដៅ​ចូលក្នុងដប រួចយក​មកស្អំ​លើពោះ ឬប្រើថ្នាំ​ដូចជា​អ៊ីប៊ុយប្រូហ្វែន​ជាដើម ក៏អាច​ជួយកាត់ បន្ថយការ​ឈឺចាប់​បានដែរ។ ផលរំខាន​ទាំងនេះ នឹងបាត់ទៅ​វិញនៅ​ខែបន្ទាប់។

2. ស្ដ្រីដែលដាក់​កងដៃ

  • ដោះឡើងតឹង ឬឈឺដោះ
  • ឈឺក្បាល
  • ឡើងទម្ងន់​បន្ដិចបន្ដួច
  •  ធ្លាក់ឈាមតិចៗ​ចន្លោះរដូវ
  • រាំងរដូវ ក្នុងឆ្នាំដំបូង​នៃការដាក់​កង (មានភាគតិច​ណាស់)។

ផលរំខានទាំងនេះ​មិនមែន​ជាសញ្ញា​នៃជម្ងឺទេ ហើយក៍​មិនធ្ងន់ធ្ងរ ឬបណ្ដាល​ឱ្យប៉ះពាល់​ដល់សុខភាព​របស់ស្ដ្រី​ឡើយ វានឹង បាត់ទៅ​វិញនៅរយៈ​ពេល​ក្រោយមក។

ការថែទាំខ្លួន​ក្រោយពេល​ដាក់កង​ពន្យារ​កំណើត

1. ស្ដ្រីដែលដាក់​កងក្នុងស្បូន  ស្ដ្រីគួរធ្វើ​ការពិនិត្យ​ខ្សែកង​ដោយខ្លួន​ឯងជា​រៀងរាល់​ខែបន្ទាប់​ពីអស់រដូវ ដើម្បីឱ្យ​ដឹងថា កងនៅ​ត្រឹមត្រូវ​តាម​កន្លែងឬទេ។ របៀប​ពិនិត្យ​ខ្សែកង គឺ

  • ដំបូងត្រូវលាងដៃឱ្យស្អាត បើមាន​ក្រចក​ត្រូវកាត់​ឱ្យខ្លីបំផុត
  • អង្គុយចោង​ហោង
  • ប្រើចង្អុលដៃ ឬម្រាមដៃ​កណ្ដាលលូក​ចូលក្នុង​ទ្វារមាស​រហូតប៉ះ​មាត់ស្បូន​ដែលអាច​មានអារម្មណ៍​ថាដូចប៉ះនឹង​ចុងច្រមុះ។
  • បន្ទាប់មក​ត្រូវស្ទាប​រកខ្សែកង​(នៅពេល​ប៉ះខ្សែកង មិនត្រូវ​សាកល្បង​ទាញទេ)។
  • មានសញ្ញាមួយ​ចំនួនដូច​ខាងក្រោម​នេះ ដែលស្ដ្រី​ត្រូវត្រទ្បប់​មកកាន់​មន្ទីពេទ្យ​វិញ។
  • បាត់រដូវ
  • ស្ទាបប៉ះក្បាលកង
  • ឈឺពោះផ្នែកខាង​ក្រោមខ្លាំង
  • ធ្លាក់សមិនធម្មតា
  • មានអារម្មណ៍​មិនធម្មតា គ្រុនក្ដៅ រងា
  • បាត់ខ្សែកង ខ្សែកងខ្លី ឬវែងខុស​ធម្មតា។

រូបភាពទស្សនាវដ្តីសុខភាពយើង

2. ស្ដ្រីដែលដាក់​កងក្នុងដៃ 

  • រក្សាកន្លែងដាក់កងឱ្យស្ងួត ហើយស្អាត​រយៈពេល​៣ថ្ងៃ
  • ស្រាយស្បៃរុំ ក្រោយពី​បាន៣ថ្ងៃ
  • បង់ស្អិតដែលបិត អាចបកចេញ ក្រោយពីដាក់​បាន៥ថ្ងៃ
  • តមរួមដំណេក១ថ្ងៃ ក្រោយពេល​ដាក់កងដៃ
  • មានសញ្ញាមួយចំនួនដូចខាង​ក្រោមនេះ ដែលស្ដ្រី​ត្រទ្បប់​មកកាន់​មន្ទីពេទ្យ​វិញ។
  • មានការបង្ករោគ ឬចេញឈាម​ពីកន្លែង​ដាក់កង
  • លៀនបំពង់ចេញក្រៅ
  • បាត់រដូវបន្ទាប់ពីមានរដូវទៀង​ទាត់រយៈពេល​យូរមកហើយ
  • ធ្លាក់ឈាមរដូវច្រើន​មិនធម្មតា
  • ភ្នែក ឬស្បែក​ឡើងលឿង
  • ឈឺពោះផ្នែកខាង​ក្រោមខ្លាំង
  • ឈឺក្បាលខ្លាំង ឬស្រវាំង​ភ្នែក
  • ចុកដើមទ្រូង ពិបាកដក​ដង្ហើម។

ទោះបីជា​គ្មានរោគ​សញ្ញាអ្វី​ក៏ដោយ ក៏ស្ដ្រីត្រូវ​មកជួប​គ្រូពេទ្យ១ខែ និង៣ខែ​ក្រោយដាក់​កងជា​រៀងរាល់១​ឆ្នាំម្ដង ជាពិ សេសពេល​ចង់ដោះ ឬប្ដូរកង និងមានបញ្ហា​ចង់ពិភាក្សា។ លោកស្រី​អ្នកនាង​អាចដោះ ឬប្ដូរ​មធ្យោបាយ​បានគ្រប់​ពេលដែល​លោកស្រី ចង់។

ដំបូន្មាន​អ្នកជំនាញ

មុននឹង​សម្រេចចិត្ដ​ជ្រើសរើស​យកវិធី​ពន្យារកំណើត​ដោយប្រើ​កងមិន​ថាប្រភេទ​ណាមួយទេ ចាំបាច​ត្រូវទៅ​ពិគ្រោះ​ជាមួយ អ្នកជំនាញ​ជាមុនសិន។ គ្រូពេទ្យ​នឹងសាកសួរ​អំពីព័ត៌មាន​ទូទៅ​របស់លោកស្រី​អ្នកនាង​ដូចជា​ប្រវត្ដិជម្ងឺ ប្រវត្ដិរដូវ ការប្រើថ្នាំ​ផ្សេងៗជា ដើម។ បន្ថែមពី​លើនេះ ក៏មានការ​ពិនិត្យ​សុខភាព និងតំបន់​អាងត្រគាក ដើម្បីធានា​ថាអាចដាក់​កងបានដោយ​សុវត្ថិភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative