មួក​សុវត្ថិភាព ជួយការពារ​ជីវិត​អ្នក

ពាក្យ​មួយឃ្លា​បាន​ពោលថា​“ការពារ​ប្រសើរ​ជាង​ព្យាបាល” ពិតជា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ និងអាច​ប្រើបាន​គ្រប់ កាលៈទេសៈ​ទាំងអស់។ ដូចគ្នាដែរ ការពាក់​មួក​សុវត្ថិភាព​ការពារ អាច​ការពារ​លោកអ្នក​ពីផល​ប៉ះពាល់​នៃគ្រោះថ្នាក់​ចរាចរ​ដែលកើត ឡើងជា​យថាហេតុ​បាន ដោយមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ជីវិត។ តើមួក​សុវត្ថិភាព​មាន​អត្ថប្រយោជន៍​ដូចម្ដេចខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សព្វ​ថ្ងៃនេះ ការធ្វើ​ដំណើរ​លើដង​ផ្លូវ​សាធារណៈ មានសភាព​មមាញឹក។ មាន​ប្រជាជន​មួយចំនួន បានជ្រើសរើស​យក​វិធីការពារ​ខ្លួនដោយ​ពាក់មួក​សុវត្ថិភាព​ដើម្បីបង្ការ​នូវគ្រោះថ្នាក់​មួយចំនួន ដែលកើតឡើង​ជាយថាហេតុ​ក្នុងពេល​កំពុង​បើកបរ​ម៉ូតូ។ ប៉ុន្ដែប្រជាជន​មួយចំនួន​ទៀត មិនបាន​ប្រើប្រាស់​មួកនេះទេ។ តើមួក​ការពារ​សុវត្ថិភាព​មានអត្ថប្រយោជន៍​ដូចម្ដេចខ្លះ? ទស្សនាវដ្ដី​សុខភាពយើង សូមណែនាំ​លោកអ្នក​ឱ្យបាន​ជ្រាបអំពី​អត្ថប្រយោជន៍​នៃការ​ប្រើប្រាស់​មួកសុវត្ថិភាព​នេះ។

អត្ថប្រយោជន៍​មួក​សុវត្ថិភាព

គោលបំណង​នៃការ​ប្រើប្រាស់​មួកសុវត្ថិភាព គឺដើម្បី​ការពារ​សុវត្ថិភាព​ក្បាល នៅពេល​មានគ្រោះថ្នាក់​កើតឡើង​ក្នុងពេល កំពុង​បើកបរ ឬធ្វើដំណើរ។ ប្រជាជន​មួយចំនួន​មិនទាន់​យល់ច្បាស់​នៅឡើយ​ទេពី​អត្ថប្រយោជន៍​របស់មួកនេះ។ អ្នកខ្លះ​យល់ថា​ពាក់មួក​នេះទៅ​ជួយការពារ​កុំឱ្យ​ដីហុយ ឬការពារ​កុំឱ្យ​ខ្មៅមុខ។ ការពិត​ការ​ពាក់មួក​ការពារ​សុវត្ថិភាព​មានអត្ថប្រយោជន៍​ច្រើនយ៉ាង ដូច ជាអាច​ជួយការពារ​ក្បាល អាចជួយ​ការពារចង្កា ផ្ទៃមុខ កាត់បន្ថយ​កម្ដៅថ្ងៃ ធូលីហុយ​ប៉ះមក​លើផ្ទៃមុខ​ជាដើម។

មួកដែល​មានគុណភាព​ល្អអាច​កាត់់បន្ថយ​អត្រា​គ្រោះថ្នាក់​បាន​យ៉ាងច្រើន។ ក្នុងពេល​គ្រោះថ្នាក់​នោះ បើយើង​ពាក់មួក​ហើ យ វាអាចកាត់​បន្ថយ​របួសក្បាល​លោកអ្នក​ពីធ្ងន់មក​ស្រាលវិញ។ តាមការ​អង្កេតរបស់​អង្គការ​ពិការភាព​អន្ដរជាតិ​នៅកម្ពុជា នៅឆ្នាំ ២០០៥​បានឱ្យ​ដឹងថា​កម្រិតនៃ​អ្នករបួស​ក្បាលធ្ងន់​ក្នុងពេល​មានគ្រោះថ្នាក់ ចំពោះអ្នក​ដែលបាន​ពាក់មួក​សុវត្ថិភាព​ហើយនោះ មានប្រមាណ​៩%របួសក្បាល​ធ្ងន់។ តែចំពោះ​អ្នកដែល​មិនបាន​ពាក់មួក​សុវត្ថិភាពវិញ មានរហូតដល់១៤%​របួសក្បាល​ធ្ងន់ ហើយត្រូវ​ការការ ព្យាបាល​បន្ទាន់។ សម្រាប់​តួលេខ​ជាទូទៅ អ្នកពាក់មួក​សុវត្ថិភាព ហើយរងរបួស​ក្បាលមាន​២១% ប៉ុន្ដែមាន៤៤% ដែលរងរបួស​ក្បាល បណ្ដាលមក​ពីមិន​ប្រើប្រាស់​មួកនេះ។

តើគួរប្រើប្រាស់​មួកសុវត្ថិភាព​នៅពេល​ណា?

នៅរាល់​ពេលបើកបរ​ម៉ូតូ ឬកង់ ទាំងអ្នក​ដែលត្រូវ​គេឌុប​ក៏ដោយ ក៏គួរតែ​ពាក់មួក​ការពារ​សុវត្ថិភាព​ផងដែរ។ ទោះបីជា លោកអ្នក​ត្រូវធ្វើ​ដំណើរឆ្ងាយ ឬជិតក៏​ដោយ ក៏លោកអ្នក​មិនគួរ​ធ្វេសប្រហែស​ឡើយ។ សព្វថ្ងៃ​នេះមួក​សុវត្ថិភាព​ត្រូវបាន​លក់នៅ​លើទី ផ្សារតម្រូវ​តាមគ្រប់​វ័យ​ទាំងអស់។ តាមការ​អង្កេត​របស់​ក្រសួងសុខាភិបាល​តាំងពីឆ្នាំ​២០០៤ នៅទី​ក្រុងភ្នំពេញ​មានប្រជាជន​៧%ពាក់ មួកសុវត្ថ្ថិភាព មកទល់​ពេលនេះឃើញ​មានអ្នក​ដែលបាន​ពាក់មួកសុវត្ថិភាព​កើនឡើង​រហូតដល់​១៤.៨% ហើយ។

អង្គការ​ពិការ​ភាពអន្ដរជាតិ​បានធ្វើការ​អង្កេតនៅ​តាមផ្លូវជាតិ​ដែលនៅ​ជុំវិញ​ទីក្រុងភ្នំពេញ​ឃើញថា​មានអ្នក​ពាក់មួកច្រើន ជាងនៅ​ក្នុងទីក្រុងភ្នំពេញ​មានរហូតដល់​១៧%។ ចំពោះ​កុមារ ការពាក់មួក​នេះមាន​ការកើនឡើង​គួរឱ្យកត់​សម្គាល់ ដែលកាលពី​ឆ្នាំ២០០៤ គេពុំឃើញ​មានកុមារ​ពាក់មួក​សុវត្ថិភាពទេ ចំណែក​នៅតាម​ទីផ្សារ ក៏ពុំឃើញ​មានលក់​មួកសុវត្ថិភាព​សម្រាប់​កុមារដែរ។ បច្ចុប្បន្ន នៅក្រុងភ្នំពេញ​មានកុមារ​៥% ដែលពាក់​មួកការពារ​សុវត្ថិភាពនេះ។

ប្រភពខាងលើ​បានឱ្យដឹង​ទៀតថា​បច្ចុប្បន្ននេះ​ចំនួនអ្នក​ប្រើប្រាស់​មួកសុវត្ថិភាព​កាន់តែមាន​ការកើនឡើង ដោយសារ​ប្រជាជន​កាន់តែ​យល់ពីសារៈ​ប្រយោជន៍​របស់មួកនេះ។ មនុស្សមួយ​ចំនួនទៀត​មិនទាន់​បានយល់ច្បាស់​នៅឡើយទេ​អំពីសារៈ​សំខាន់នៃ​មួក នេះ។ តាមការ​អង្កេតទៅ​លើសិស្ស​សាលានៅក្នុង​ទីក្រុងភ្នំពេញ ឃើញថា៥០% ចំណោម​ពួកគេគិត​ទៅលើ​សោភ័ណភាព​ជាងអាយុ ជីវិត​របស់គេ។ គេយល់ថា​មួកនេះធ្វើ​ឱ្យ​ពិបាកទ្រាំ វាធ្វើឱ្យ​ស្អុះស្អាប់​នៅពេលពាក់។ អ្នកខ្លះ​ទៀតគិតថា​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព របស់គាត់។ មនុស្សមួយ​ចំនួនទៀត​មានការធ្វេស​ប្រហែស​ក្នុងការ​ពាក់មួក ដោយមិន​ដាក់គន្លឹះទេ​ក្នុងពេល​បើកបរ។ នៅពេល​គ្រោះ ថ្នាក់ ជាហេតុធ្វើ​ឱ្យមួកប៉ើង​ទៅម្ខាង ហើយគ្រោះថ្នាក់​នៅតែកើត​មានដដែល។

សេចក្ដីព្រាង​ច្បាប់ស្ដី​ពីចរាចរ

នៅក្នុងសេចក្ដី​ព្រាងច្បាប់​ស្ដីពីចរាចរ ដែលបាន​បញ្ជូនទៅ​ដល់រដ្ឋសភា​ហើយនោះ បានកំណត់​ឱ្យអ្នកបើក​បរម៉ូតូ​ត្រូវតែ​ប្រើ ប្រាស់មួក​សុវត្ថិភាព​ក្នុងពេល​កំពុង​បើកបរ។ ប្រសិនបើ​មិនពាក់​មួកទេ នឹងត្រូវ​ទទួលការ​ផាកពិន័យ។

ដំបូន្មានអ្នក​ជំនាញ

លោកអ្នក​គួរតែ​ប្រើប្រាស់​មួកការពារ​សុវត្ថិភាព​នូវរាល់​ពេលលោកអ្នក​ធ្វើដំណើរ ទោះជា​ទៅទី​ជិតក្ដី ទីឆ្ងាយក្ដី ដើម្បីការពារ​គ្រោះថ្នាក់​ដែលអាច​កើតឡើង។ ចូរចង​ចាំថា​រាល់ពេល​ធ្វើដំណើរ យើងអាច​នឹងជួប​គ្រោះថ្នាក់​គ្រប់ពេល​វេលា។ ហើយគ្មាន​អ្នកណា ម្នាក់ដឹង​ជាមុនទេថា​យើងនឹង​មានគ្រោះថ្នាក់​នៅវិនាទី​ណានោះទេ។ ដោយហេតុ​ថាជា​រៀងរាល់​ថ្ងៃមានមនុស្ស​បីនាក់ស្លាប់ និង១០០ នាក់ទៀត​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ ដូច្នេះ​ទោះបី​ជាធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​ក្ដីជិតក្ដី យើងអាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ចរាចរណ៍​ច្រើន។ អ្វីដែល​កាត់បន្ថយ​គ្រោះថ្នាក់​នេះបាន គឺការពាក់​មួកសុវត្ថិភាព​នេះឯង។ ជាការ​ពិតណាស់ ដែលយើង​ត្រូវគោរព​ច្បាប់ ចរាចរណ៍ ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ ប៉ុន្ដែបើ​គ្រោះថ្នាក់​ហើយ អ្វីដែលអាច​ជួយយើង​បាន គឺមួក​សុវត្ថិភាព។ ម្យ៉ាងវិញ​ទៀត ទោះបី ជាមួក​សុវត្ថិភាព​ខ្លះមាន​តម្លៃថោក គុណភាព​អន់យ៉ាងណា​ក៏ដោយ ក៏វានៅ​តែការពារ​ក្បាលបាន​ប្រសើរជាង​កាលដែល​លោកអ្នក​មិន បានពាក់​វាសោះ។ ឪពុកម្ដាយ​ត្រូវជំរុញ​ទឹកចិត្ដកូន​ឱ្យពាក់មួក​សុវត្ថិភាព​ក្នុងពេលធ្វើ​ដំណើរ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative