ហេតុអ្វីបាន​ជាទារក​យំ?

គ្រប់ទារក​ទាំងអស់​ដែល​ប្រសូត្រ​ចេញពី​ផ្ទៃម្ដាយ​មក មុន​ដំបូងគេ​បង្អស់ គឺចេះយំ បន្ទាប់មក​ចេះសើច នេះជា​រឿង​ធម្មតា របស់​ទារក។ ការយំ​របស់​ទារក​ជាសកម្មភាព​ពីកំណើត ដោយជំនួស​ការនិយាយ​ប្រាប់ ព្រោះទារក​មិនអាច​និយាយ​ប្រាប់ពី​បញ្ហាដែល កើតមាន​ចំពោះខ្លួន​ទារក​ឡើយ។ រាល់ពេល​ទារកយំ ទោះខ្លាំង​ក្ដីតិចក្ដី មិនមែន​សុទ្ធតែ​មិនមាន​បញ្ហានោះ​ទេ ជួនកាល​ទារក​អាចមាន បញ្ហា​ផ្សេងៗ។ ដូច្នេះ​មាតាបិតា​គ្រប់រូប​ត្រូវស្វែង​យល់ឱ្យ​បានច្បាស់​ពីសភាព​របស់ទារក​យំធម្មតា និងយំខុស​ប្រក្រតី។

ដើម្បីឱ្យ​យល់ដឹង​កាន់តែ​ច្បាស់ពី​អាការ​របស់​ទារក ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេស​រោគកុមារ នៅមន្ទីរពេទ្យ​កុមារជាតិ ដែលបាន​លើកឡើង​នូវបញ្ហា​មួយចំនួន​ដែលគួរ​ទុកជាការ​ពិចារណា។

មូលហេតុ​បណ្ដាលឱ្យ​ទារកយំ

ទារក​ទាំងអស់​យំមាន​លក្ខណៈ​ប្លែកៗ​ពីគ្នា ហើយមាន​មូលហេតុ​ផ្សេងគ្នា​ទៅតាម​ជម្ងឺ និងទម្លាប់​របស់ទារក។ ទារក​យំបែង ចែកជា​ពីរ គឺទារកយំ​ធម្មតា និងទារកយំ​ខុសធម្មតា។

1. ទារកយំ​ធម្មតា ៖ គេតែងតែ​ជួបប្រទះ​នូវ​សភាព​ទារក​ដែលយំ​ធម្មតា ពេលដែល​វាឃ្លានបៅ ជួនទារក​ងងុយគេង ជួន ទារក​មានសភាព​រងារ​ដោយម្ដាយ​មិនបាន​ដណ្ដប់​ភួយឱ្យ ឬមិនមាន​អ្នកនៅ​ក្បែរ ក៏បណ្ដាល​ឱ្យទារក​យំបានដែរ។ មួយវិញ​ទៀតទារក ខ្លះមាន​ទម្លាប់ពូកែ​យំតែម្ដង ដែលគេ​ទម្លាប់ហៅថា​ទារកកាច ឬឆ្នាស់​មកពី​ធម្មជាតិ។

2. ទារកយំ​ខុសធម្មតា ៖ មានមូលហេតុ​ជាច្រើន​ដែលបង្ក​ឱ្យទារក​យំខុស​ធម្មតា មានផល​រំខានមួយ​ចំនួនដល់​ទារក ដូចជា កន្ទប​របស់ទារក​សើមដោយ​លាមក ឬទឹកនោម មានសត្វ​ល្អិតទិច ខាំ ឬចូលត្រចៀក​ជាដើម។ ម្យ៉ាងទៀត​យំជាសញ្ញា​ដំបូង​របស់ជម្ងឺ ផ្សេងៗ ដូចជា​ទារក​មានសភាព​ហើមពោះ រាក កន្ទួលរមាស់​ជាដើម។ ពេលខ្លះ​កុមារអាច​មានជម្ងឺ​មួយចំនួន​ទៀត ដូចជា​គ្រុនក្ដៅ កើត កញ្ជ្រិល គ្រុនឈាម​ជាដើម ជម្ងឺទាំងនេះ​ជាកត្ដា​ប្រឈមមុខ​ទៅនឹង​គ្រោះថ្នាក់​បំផុត។

រោគសញ្ញា​គ្រោះថ្នាក់​របស់ទារក

អ្នកម្ដាយ​លោកឪពុក​ទាំងឡាយ​គួរយល់ដឹង​ឱ្យបានច្បាស់ និងគប្បី​ស្គាល់រោគសញ្ញា​គ្រោះថ្នាក់​ទាំងឡាយ​ដែលអាច​មកយា យីជីវិត​កូនរបស់​លោកអ្នក។ រោគសញ្ញា​គ្រោះថ្នាក់​រួមមាន ទារកបៅ​មិនបាន ឬផឹកមិន​បាន ចេះតែយំ​មិនបាត់​រហូតដល់​ទារកសន្លឹម មានន័យ​ទារកនោះ​លែងដឹងខ្លួន ឬហៅថាសន្លប់។ ទារកមាន​អាការ​ធ្ងន់ធ្ងរ គឺអាចប្រកាច់ ទារកយំ​យូរៗទៅ​មានសូរ​សម្លេងស្អក ចេះ តែមាន​សភាព​ស្គមស្គាំងខ្លាំង ឬចេះតែស្គម​ទៅៗ ស្បែក​ជ្រីវជ្រួញ មានលក្ខណៈ​ក្រិន និងមិនមាន​ភាពស្រស់ថ្លា។ គួរប្រុង​ប្រយ័ត្ននៅ ពេលទារក​ឡើងកម្ដៅ​ខ្ពស់លើស​ពី៣៨,៥អង្សា ចំពោះទារក​ក្រោម​អាយុ២ខែ អាចធ្វើឱ្យ​ទារកមាន​គ្រោះថ្នាក់​ដល់ជីវិត​បាន បើមិន មានវិធាន​ការទប់ស្កាត់​ឱ្យបាន​ត្រឹមត្រូវ​ជាមុន។

វិធីល្អៗ​សម្រាប់​ថែទាំទារក

ទោះបី​ក្នុងករណី​ណាក៏ដោយ ត្រូវមាន​វិធានការ​ឱ្យបានល្អ​ក្នុងការ​ថែរក្សា​ទារកឱ្យ​មានសុខភាព​ល្អ ចៀសផុត​ពីជម្ងឺ​ផ្សេងៗ។ ពេលដែល​ទារកជួប​នៅបញ្ហា​ខាងលើ លោកឪពុក​អ្នកម្ដាយ​ត្រូវលើក​បីត្រកង​កូន លួងលោម​ផ្ដល់ភាព​កក់ក្ដៅ​ដល់កូន​គ្រប់ពេល​វេលា។ ជាពិសេស​ឧស្សាហ៍លើក​ប្រែកូន កុំឱ្យនៅ​មួយ​កន្លែងពេក ត្រួតពិនិត្យ​កូនក្រែង​មានស្នាម​កន្ទួល​រមាស់ សត្វទិច ឬខាំ ត្រូវចេះ​សម្អាតកូន ឱ្យបានល្អ ដូចជាការ​ងូតទឹក​ជាដើម។ ហើយត្រូវ​ចេះប្រើ​ដៃថ្នមៗ សម្អាត​ច្រមុះកូន​ដោយប្រើ​ស្បៃជក់ទឹក​ដែលស្ងួត​ហើយមាន​អនាម័យ ល្អ ចៀសវាង​ការយក​ក្រណាត់ណា​ដែលមាន​ជាតិរឹង មិនស្អាត​មកជូតលាង​ជម្រះកូន។ គួរ​ជ្រើសរើស​ភួយ ឬកន្សែង​ដែលមាន​លក្ខណៈ ទន់ មកដណ្ដប់កូន​ឱ្យបានពីរ​ជាន់កុំឱ្យ​កូនរងារ កុំដាក់កូន​ឱ្យនៅត្រូវ​ខ្យល់ខ្លាំងពេក។ សូមរក្សា​កម្ដៅកូន​ដោយឱប​កូននៅនឹង​ដើមទ្រូង ត្រូវបំបៅ​កូនឱ្យបាន​ញឹកញាប់​ពេលកូនតឹង​ច្រមុះ ត្រូវបឺត​ច្រមុះដើម្បី​ឱ្យដង្ហើមកូន​ដើរស្រួលវិញ។

បើកូនរបស់​លោកអ្នក​មានកម្ដៅ​ឡើងលើស​ពី៣៨,៥អង្សា ក្រោយពេល​ចាក់ថ្នាំបង្ការ អ្នកម្ដាយ​ត្រូវគប្បី​ផ្ដល់ថ្នាំ​ប៉ារ៉ាសេតាម៉ុល​តាមវេជ្ជ​បញ្ជារបស់​គ្រូពេទ្យ។ ក្រោយការ​ផ្ដល់ការថែទាំ​គ្រប់​ចំណុចហើយ កុមារនៅ​តែយំ​មិនឈប់ រួមផ្សំនឹង​ការលេច​ឡើងនូវ រោគសញ្ញា​គ្រោះថ្នាក់​ខាងលើ លោកឪពុក​អ្នកម្ដាយ​គប្បីយក​កូនទៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ និងព្យា បាលឱ្យ​បានទាន់​ពេលវេលា។

ដំបូន្មាន​អ្នកជំនាញ

សូមឱ្យលោក​ឪពុកអ្នក​ម្ដាយគ្រប់​រូបស្វែងយល់​ឱ្យបាន​ច្បាស់ពី​អាការ​របស់ទារក​ដែលមាន​បញ្ហា ឬមិន​មានបញ្ហា។ ត្រូវចេះ សង្កេតមើល​រោគសញ្ញា​ដែលលេច​ឡើងលើ​ទារក គប្បីអនាម័យ​កូនឱ្យបាន​ល្អជានិច្ច។ មធ្យោបាយ​ដែលល្អ​បំផុត​សម្រាប់​លោកឪពុក អ្នកម្ដាយ​គួរប្រតិបត្ដិ​ពេលកូន​មានសភាព​មិនស្រួល ឬចេញរោគសញ្ញា​មិនស្រួល​កើតមាន​លើទារក គឺយកកូន​ទៅ​មន្ទីរពេទ្យ ឬមណ្ឌល សុភាព​ដែលនៅ​ជិតផ្ទះ​របស់លោកអ្នក​ឱ្យទាន់​ពេលវេលា ព្រោះទារក​អាចមាន​គ្រោះថ្នាក់​ដោយប្រការ​ណាមួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Google Analytics Alternative