ទេព រិន្ទដារ៉ូ ទម្លាប់​វិធីថែ​សម្រស់​បុរស

ស្ថិតនៅ​ក្នុងវ័យ​៤០ផ្លាយ លោកទេព រិន្ទដារ៉ូ ជាតារា​ភាពយន្ដ​ជើងចាស់​ដែលឈរ​នៅក្នុង​លំដាប់​ជួរមុខ ខាងការ​សម្ដែងបាន ល្អពីរ​បីជំនាន់​ជាប់គ្នា។ រហូតមក​ដល់សព្វថ្ងៃនេះ លោក ទេព រិន្ទដារ៉ូ នៅតែ​ទទួលបាន​នូវការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​ដែលនិយម ចូលចិត្ដ​ទស្សនា​ភាពយន្ដ​ខ្មែរគ្រប់វ័យ។ តាមពិត លោកបញ្ចប់​ការសិក្សា​ជាអ្នក​បើកបរ​យន្ដហោះ​មកពី​ប្រទេសរុស្ស៊ី និង​ធ្លាប់ចុះ​ធ្វើកម្ម សិក្សា​នៅប្រទេស​វៀតណាម។ តែលោក​បែរជា ចាប់អាជីព​ជាតារា​ភាពយន្ដ​ជំនួស​ឯកទេស​អ្នកបើកបរ​យន្ដហោះ​ទៅវិញ។ ភាពលេចធ្លោ​ទាំងនេះ​បានមក​ពីទេពកោសល្យ​នៃការសម្ដែង ពីធម្មជាតិ ការ​យកចិត្ដ​ទុកដាក់​ថែទាំ​សុខភាព​រាងកាយ និង​រូបសម្ផស្ស។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​លោក ទេព រិន្ទដារ៉ូ ការទទួល​ទានចំណីអាហារ ការលេង​កីឡា និង​ការបញ្ចេញ​ពលកម្ម គឺជា​អត្ថិភាព​នៅក្នុង​ការថែរក្សា​សុខភាព​រូបរាងកាយ។ លោកក៏​បានបង្ហើប​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថាគ្រប់ផ្នែក​នៃសព៌ាង្គកាយ​ទាំងអស់​សុទ្ធតែសំខាន់ ដូច្នេះ​ត្រូវយកចិត្ដ​ទុកដាក់​ថែរក្សា។

ការថែរក្សា​ស្បែកមុខ

ក្នុងអាជីព​ជាតារា​សម្ដែង ត្រូវ​ប្រឈមមុខ​នឹង​កម្ដៅថ្ងៃ​រាល់ពេល​ចេញទៅថត លោកទេព រិន្ទដារ៉ូ បាន​ជ្រើសរើស​ក្រែម​ការពារ​កម្ដៅថ្ងៃ​មកលាប​លើផ្ទៃមុខ​មុនពេល​ដែលលាប​ម្សៅតុបតែង។ ពេលខ្លះ លោកត្រូវ​ទ្រាំជាមួយ​នឹងម្សៅផាត់​មុខរយៈ​ពេលស្ទើរ ពេញមួយថ្ងៃ។ បន្ទាប់​ពីបញ្ចប់​ការថត លោក​លាងមុខ​ជាប្រចាំ​ដោយសាប៊ូ​សម្រាប់​លាងមុខ ហើយ​ពេលយប់​លោកប្រើ​ក្រែម​សម្រាប់ លាប​ពេលយប់​ជាប្រភេទ​ផ្ដល់សំណើម និង​បំប៉នស្បែក។

ការថែរក្សា​ស្បែកខ្លួន

ដោយមាន​ការណែនាំ​ពីមិត្ដភក្ដិ លោកដារ៉ូ​ចេះប្រើប្រេង ឬ​ឡូសិន​សម្រាប់​ថែរក្សា​ស្បែកតាំង​ពីឆ្នាំ១៩៩០ ហើយ​លោកបន្ដ ប្រើជា​ប្រចាំ​រហូតមក​ដល់សព្វថ្ងៃ។

ការថែរ​ក្សាសក់

តាមធម្មតា លោកដារ៉ូ​ចូលចិត្ដ​ប្រើសាប៊ូ​កក់សក់​មួយប្រភេទ​ដែល​សក្ដិសម​ជាមួយ​នឹងសរសៃ​សក់របស់​លោក។ លោក ទម្លាប់​កក់រាល់​ពេលងូតទឹក ជាពិសេស​ពេលព្រឹក។ សម្រាប់​ម៉ូដសក់ លោកមាន​ជាងកាត់​សក់ផ្ទាល់​ខ្លួនជា​អ្នកចេញ​ម៉ូដ​ឱ្យលោក​ជាប្រចាំ ។

ការថែរក្សា​សុខភាព​មាត់ធ្មេញ

ដោយសារ​មានម្ដាយ​ជាគ្រូពេទ្យ​ស្រាប់ លោក​បានទទួល​ការណែនាំ​ឱ្យថែរក្សា​ធ្មេញ​ដោយការ​ដុសធ្មេញ​តាំងពីតូច​មកម្ល៉េះ។ ក្នុងមួយ​ថ្ងៃត្រូវដុស​៣ដង ជាពិសេស​បន្ទាប់ពី​ទទួលទាន​ចំណីអាហារ។ ដុសតាម​បច្ចេកទេស​ត្រឹមត្រូវ ជួយការពារ​ធ្មេញ​ឱ្យមានសុខ ភាពល្អ។ លោកបាន​បង្ហើបឱ្យ​ដឹងថា​សូម្បីតែ​នៅជំនាន់​ប៉ុលពត ក៏លោក​លាក់​ច្រាស​ដុសធ្មេញ​មួយ​សម្រាប់​ដុសដែរ។ លោក​ឧស្សាហ៍ទៅ កាន់គ្លីនិកធ្មេញ​ក្នុងរយៈពេល៣ ឬ​៦ខែម្ដង ដើម្បី​ឱ្យពេទ្យ​សម្អាតធ្មេញ។ រហូតមក​ទល់នឹង​ពេលនេះ ធ្មេញ​របស់លោក​ដារ៉ូ​មិនដែល មាន​បញ្ហា​ពីរឿង​ធ្មេញទេ លោកធ្លាប់​បាក់ត្រឹម​តែធ្មេញមួយ​តែប៉ុណ្ណោះ។

ការថែ​រក្សាភ្នែក

ពេលថត ត្រូវរងនូវ​ការចាំង​ពន្លឺខ្លាំង​ចូលភ្នែក។ ពេល​ថ្ងៃក្ដៅ​ខ្លាំង​លោក​ជ្រើសរើស​ការពាក់​វែនតា និង​បន្ដក់ថ្នាំ​ជំនួយភ្នែក។

ការទទួលទានអាហារ

ដោយមាន​ការណែនាំ​ពីអ្នកម្ដាយ​ដែលជា​គ្រូពេទ្យ អំពីសារ​សំខាន់​នៃចំណី​អាហារ លោកមាន​ទម្លាប់​ជ្រើសរើស​តែចំណីអាហារ​ណាដែល​មានប្រយោជន៍​ចំពោះ​រាងកាយ​មកទទួលទាន។ ពេលចេញ​ទៅសម្ដែង​នៅខាងក្រៅ ជាពិសេស​នៅតាម​ខេត្ដឆ្ងាយៗ លោក​ទទួលទាន​មិនសូវ​ទៀងទាត់ទេ ទើប​ពេលខ្លះ លោកមាន​ត្រៀម​អាហារ​បម្រុង​ជាប្រភេទ​អាហារ​ទាន់ចិត្ដ​មួយចំនួន ដូចជា​នំប៉័ង ចាខ្វៃ សាំងវ៉ិច​ជាដើម។ ដោយសារ​មាន​បទពិសោធន៍​ធ្លាប់ជួប​បញ្ហាជាច្រើន​ដងជាមួយ​នឹង​ចំណីអាហារ​មិនមាន​អនាម័យ​ដែលលក់នៅ ក្បែរ​កន្លែងថត ទើប​ធ្វើឱ្យ​លោកត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ចំណីអាហារ​សាធារណៈ សម្រាប់​យកមក​ទទួលទាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការហាត់កីឡា

ពេលទំនេរ​បន្ទាប់ពី​ការថត លោកដារ៉ូ​យកចិត្ដ​ទុកដាក់​ថែរក្សា​សាច់ដុំ​ដោយការ​ហាត់កីឡា​លើកដុំដែក ស្ទើរ​គ្រប់ចលនា​សាច់ដុំ ដើម្បី​ថែរក្សា​សាច់ដុំ​ឱ្យរឹងមាំល្អ។ លោក​ចូលចិត្ដ​កីឡា​មួយចំនួន ដូចជា​ហាត់លើក​ដុំដែក ហែលទឹក​ជាដើម។ លោកបាន​ចុះឈ្មោះជា សមាជិក​ក្លឹបហាត់​កីឡា​ដើម្បី​ងាយស្រួល​ជ្រើសរើស​កីឡាហាត់។ លោកមាន​ម៉ាស៊ីន​រត់ផ្ទាល់ខ្លួន​នៅផ្ទះ ដែល​ងាយស្រួល​សម្រាប់​ហាត់ រត់រាល់​ពេលទំនេរ។

ការទទួលទានដំណេក

ដោយសារ​ជាប់រវល់​ការងារថត ការទទួលទាន​ដំណេក​ក៏មិនសូវ​បានទៀង​ទាត់ដែរ ជួនកាល​ត្រូវរវល់​ថតរហូត​ដល់ទៅ២៤ ម៉ោង។ ជួនអាច​បណ្ដាល​មកពីការ​ទទួលទាន​កាហ្វេ​ច្រើនពេក ទើបលោក​មិនមាន​អាការ​ងងុយគេង។ តែពេល​ដែល​រាងកាយ​ហត់ តម្រូវ​ឱ្យគេង លោក​តែងគេង​សងបង្គ្រប់​វិញដោយ​ស្វ័យប្រវត្ដិ បែបនេះ​ទើបលោក​មានអារម្មណ៍​ថាមាន​កម្លាំង​កំហែង​ដូចធម្មតា។

បណ្ដាំផ្ញើ​របស់ទេព រិន្ទដារ៉ូ

លោកទេព រិន្ទដារ៉ូ សូមផ្ដាំផ្ញើ​ដល់មិត្ដ​អ្នកអាន សូម​ទទួលទាន​ចំណីអាហារ​ណាដែល​មាន​អនាម័យ និង​ហាត់ប្រាណ​ឱ្យបាន ទៀងទាត់ ព្រោះ​វាសំខាន់ណាស់​នៅក្នុង​ជីវភាព​រស់នៅ​របស់យើង។ ហាត់ប្រាណ​ជួយឱ្យ​សុខភាព​បានរឹងមាំ និង​អាចជួយ​បញ្ចេញជាតិ ពុលពី​ក្នុងខ្លួន។

 ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ទេព រិន្ទដារ៉ូ
  • កម្ពស់ ៖ ១.៧៩ ម៉ែត្រ
  • ទម្ងន់ ៖ ៧៤ គីឡូក្រាម
  • ថ្ងៃខែឆ្នាំកំណើត ៖ ២១ មករា ១៩៦៣
  • ស្រុកកំណើត ៖ ខេត្ដបាត់ដំបង
  • ចាប់អាជីពការងារ ៖ ឆ្នាំ១៩៨៩
  • អាជីព ៖ តារាសម្ដែង
  • គោលបំណងអនាគត ៖ ម្ចាស់កសិដ្ឋាន

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative