ថ្នាំផ្សំ វប្បធម៌​ថ្មី

ថ្នាំជា​អាវុធ​មុខពីរ នរណា​ក៏ទទួល​ស្គាល់ដែរ ព្រោះថ្នាំ​អាចព្យាបាល និងអាច​សម្លាប់​មនុស្សបាន​ដូចគ្នា។ ការផ្សំ​ថ្នាំមួយ​លេប ពីរ​លេប ជាប្រយោគ​ដែល​ប្រជាពលរដ្ឋ​យើងមួយ​ចំនួនបាន​ប្រាប់ទៅ​អ្នកលក់​ថ្នាំនៅតាម​ឱសថស្ថាន​នានា រួម​ជាមួយ​នឹងការ​រៀបរាប់​ពី រោគសញ្ញា​ផ្សេងៗ​ដែលកើត​មានទ្បើង​ចំពោះ​សុខភាព​របស់​ពួកគាត់។ ផលវិបាក​នៃការ​ប្រើថ្នាំ​ផ្សំនេះ មិនមាន​នរណា​អាចប៉ាន់​ប្រមាណដឹងជា​មុនបាន​ទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដោយសារ​ការខុសឆ្គង​លើបញ្ហា​ប្រើថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺដែលអាច​នាំឱ្យប្រជាពលរដ្ឋ​យើងមាន​គ្រោះថ្នាក់ លោកវេជ្ជ បណ្ឌិត ហោ ប៊ុនទ្បេង អនុប្រធាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជម្ងឺរបស់​សហរដ្ឋ​អាមេរិក ប្រចាំនៅ​កម្ពុជាបាន​ផ្ដល់បទ​សម្ភាសន៍​ដល់ទស្សនាវដ្ដី​សុខភាពយើង អំពីការ​ប្រើប្រាស់​ឱសថនៅ​កម្ពុជា។

ថ្នាំផ្សំ សំដៅ​ទៅលើ​អ្វី?

ថ្នាំផ្សំ គឺសំដៅ​ទៅលើ​ការ​ប្រើប្រាស់​ថ្នាំដោយ​គ្មានវេជ្ជបញ្ជា និងគ្មានការ​ត្រួតពិនិត្យ​ពីសំណាក់​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់ ដោយប្រើ​តាមការ​នឹកឃើញ ប្រើតៗគ្នា ប្រើថ្នាំ​ច្រើនមុខ​បញ្ចូលគ្នា​ជាដើម។

មូលហេតុ​ប្រើថ្នាំផ្សំ

មានបញ្ហា​ច្រើនដែល​សុទ្ធតែ​មានហេតុផល​គ្រប់គ្រាន់​សម្រាប់ការ​ជ្រើសរើស​វិធីប្រើ​ថ្នាំផ្សំ។

  • មូលហេតុទីមួយ ដោយសារ​ប្រជាពលរដ្ឋ​មិនបាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ពីផលប៉ះពាល់​ដែលបណ្ដាល​មកពី​ការប្រើ ប្រាស់ថ្នាំ​ឱ្យបាន​ត្រឹមត្រូវ គួបផ្សំ​នឹងចំណេះដឹង​របស់ប្រជាពលរដ្ឋ​នៅមាន​កម្រិតផង។
  • មូលហេតុ​ទីពីរ ប្រជាពលរដ្ឋ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បីចំណាយ​ទៅជួប​គ្រូពេទ្យ​ជំនាញ ដោយសារ​តែបញ្ហា​ជីវភាព។ បើពួក​គាត់ចំណាយ​ពេលទៅ​ជួប​គ្រូពេទ្យ គាត់ត្រូវ​ខាតបង់​ពេលវេលា​កន្លះថ្ងៃ ថែមទាំង​ត្រូវចំណាយ​ប្រាក់ទៅ​លើគ្រូពេទ្យ​ព្យាបាល​ទៀត។ ហេតុដូច​នេះហើយ បើគាត់នាំ​គ្នាចំណាយ​ពេលទៅ​ឱសថស្ថាន​ត្រឹមតែ១០ ឬ២០នាទី​នោះ ពួកគាត់​គិតថា​នឹងទទួល​បានថ្នាំ សម្រាប់​ព្យាបាល​ជម្ងឺយ៉ាង​សក្ដិសិទ្ធ និងចំណាយ​អស់ថវិកា​តិចទៀតផង។ ការគិត​បែបនេះ តើត្រូវ​ឬខុស?
  • មូលហេតុទីបី ដោយសារ​តែមាន​ការ​ច្របូក​ច្របល់​ផ្នែក​វិជ្ជាជីវៈ​ជាវេជ្ជបណ្ឌិត ជាឱសថការី ឬឱសថបណ្ឌិត ទើបធ្វើឱ្យ វេជ្ជបណ្ឌិត​មួយចំនួន​ទៅលក់ ឬផ្សំថ្នាំ ហើយ​ឱសថការី ឬឱសថបណ្ឌិត​ខ្លះទៀត​ទៅផ្សំ​ថ្នាំលក់​ដើម្បីព្យាបាល​ជម្ងឺ។

ផលវិបាកនៃការ​ប្រើប្រាស់​ថ្នាំផ្សំ

គ្មាននរណា​ម្នាក់អាច​ប៉ាន់ប្រមាណ​បានពីផល​វិបាកដែល​អាចកើត​មានបន្ទាប់​ពីការ​ប្រើប្រាស់​ថ្នាំផ្សំ​ទាំងនេះទេ។

1. ផលប៉ះពាល់​ផ្នែកសុខភាព​សាធារណ អាចស្ដែង​ចេញភ្លាមៗ​បន្ទាប់ពី​ការ​ប្រើប្រាស់ ប៉ុន្ដែពេល​ខ្លះវាអូស​បន្លាយរយៈ ពេលយូរ​រហូតដល់​ទៅរាប់ឆ្នាំ​ក៏ថាបាន។ លោកអ្នក​ប្រហែល​ជានៅចាំ​បានកាល​ពីប៉ុន្មាន​ឆ្នាំមុន ករណីលោក វ៉ា វណ្ណៈ ពិធីករ​ដែលមាន ប្រជាប្រិយភាព​មួយរូប​របស់វិទ្យុ​រាជធានីភ្នំពេញ។ បន្ទាប់ពី​គាត់បាន​ប្រើប្រាស់​ថ្នាំដែលផ្សំ​ដោយ​ឱសថស្ថាន​មួយកន្លែង​នៅ​ទីក្រុងភ្នំពេញ​(សូមលាក់​ទីតាំងពិត​ប្រាកដ) ដើម្បីព្យាបាល​ជម្ងឺផ្ដាសាយ​របស់គាត់​រួចមក។ គាត់ទទួល​រងនូវ​គ្រោះថ្នាក់​ដោយសារ​ប្រតិកម្ម​របស់ថ្នាំ ស្ទើរតែ​បាត់បង់​ជីវិត បើសិន​ជាសង្គ្រោះ​មិនទាន់​ពេលវេលា។ នេះជា​ឧទាហរណ៍ពិត​មួយដែល​បានលេច​ទ្បើង។ ចុះនៅប៉ុន្មាន​ករណីទៀត ដែលយើង​មិនបានដឹង ហើយមាន​មនុស្សប៉ុន្មាន​នាក់ទៀត​ដែលត្រូវ​រងគ្រោះថ្នាក់​ដោយសារ​ថ្នាំផ្សំ​អស់ទាំងនេះ? បើលោកអ្នក​ទៅរកគ្រូ ពេទ្យ លោកអ្នក​នឹងប្រាកដថា​អាចជាសះស្បើយ​យ៉ាង​ត្រឹមត្រូវ ហើយមិន​ប៉ះពាល់ដល់​សុខភាព​ទៀតផង។ មុននឹង​សន្និដ្ឋាន គ្រូពេទ្យ តែងតែ​ប្រើអស់​លទ្ធភាព​តាមរយៈ​ការសាកសួរ​អ្នកជម្ងឺ ការពិនិត្យវត្ថុ​វិភាគផ្សេងៗ ដូចជា​កំហាក ឈាម ទឹកនោម លាមក​ជាដើម មិនអាច​គ្រាន់តែ​ស្ដាប់ការ​រៀបរាប់​អាចវាយ​តម្លៃបានថា​មានជម្ងឺ​អ្វីនោះទេ។ លោក​វេជ្ជបណ្ឌិត ហោ ប៊ុនទ្បេង បានលើក​ឧទាហរណ៍ បញ្ជាក់ថា​ការប្រើថ្នាំផ្សំ មិនខុស​ពីប្រើគ្រាប់បែក​ដើម្បីសម្លាប់​កូនមាន់​តូចមួយ ដែលគេ​អាចប្រើ​តែម្រាមដៃ​ក៏អាចសម្លាប់​បានដែរ។ ការប្រើ​គ្រាប់បែក​សម្លាប់វា​ធ្វើឱ្យសត្វ​ដទៃទៀត​ដែលនៅក្បែរ​នោះត្រូវស្លាប់​ដូចកូនមាន់​នោះដែរ បានន័យថា​ប្រើថ្នាំផ្សំ​ដើម្បី​សម្លាប់មេ រោគ លោកអ្នក​នឹងជាសះស្បើយ។ ប៉ុន្ដែមិន​មាននរណាម្នាក់​ហ៊ានអះអាង​ថាប្រព័ន្ធការពារ​រាងកាយ​ផ្សេងទៀត មិនត្រូវ​បានស្លាប់​ទៅ ជាមួយ​នោះទេ។ នេះហើយ​ជាផល​ប៉ះពាល់ ដែលគួរ​ឱ្យព្រួយបារម្ភ​ពីសុខភាព​លោកអ្នក​ទៅថ្ងៃក្រោយ។ ស្ដ្រីលក់ថ្នាំ​ម្នាក់បាន​ប្រាប់ទស្សនាវដ្ដី​សុខភាពយើង ឱ្យដឹងថា​គាត់មិនបាន​រៀនសូត្រអ្វីពី​ការផ្សំថ្នាំទេ គាត់មក​រស់នៅ​ជាមួយឪពុក​មាជាអ្នក​លក់ថ្នាំ ទើប​បន្ដិចម្ដងៗ ក្រោយពី​ការបង្រៀន និងការចំណាំ គាត់អាចផ្សំថ្នាំ​បានទៅតាម​ការរៀបរាប់​របស់អ្នកជម្ងឺ។ នេះជា​រឿងជាក់ស្ដែង​មួយ ហើយ​នៅមាន ច្រើនកន្លែង​ផ្សេងទៀត​ដែលផ្សំថ្នាំ​តាមការ​ចំណាំ​បែបនេះ។ ជួនកាល​ប្ដីជា​គ្រូពេទ្យ ប្រពន្ធផ្សំ​ថ្នាំលក់ ហើយបង្រៀន​តៗគ្នា ពេលខ្លះ ក្មេងតូចក៏​ចេះលក់ថ្នាំដែរ។ ជួនកាលទៀត មានករណីទិញ​ឈ្មោះពេទ្យ​ដើម្បីបើក​ឱសថស្ថាន និងខ្លះទៀត​បើកដោយ​គ្មានច្បាប់​ត្រឹមត្រូវ ជាដើម។

2. ផលប៉ះពាល់​ផ្នែកថវិកា បើលោកអ្នក​គិតថា​ការប្រើប្រាស់​ថ្នាំផ្សំ​សម្រាប់ព្យាបាល​ជម្ងឺអាចកាត់​បន្ថយបាន​ការចំណាយ ផ្សេងៗទៀត ដូចជាថ្លៃ​ពិនិត្យ​ជម្ងឺជាដើម ហើយលោកអ្នក​ទិញថ្នាំតាម​ប្រាក់ដែល​លោកអ្នក​មាននោះ ជាការយល់​ច្រឡំមួយ​ដ៏ធំ។ ជា ការពិត បើលោក​អ្នកទៅជួប​គ្រូពេទ្យ​ដើម្បិពិនិត្យ និងធ្វើរោគ​វិនិច្ឆ័យនោះ លោកអ្នក​នឹងទទួល​បានវេជ្ជបញ្ជា​ដ៏ត្រឹមត្រូវ​សម្រាប់ទិញ និងប្រើប្រាស់​ថ្នាំព្យាបាល​ជម្ងឺ។ ផ្ទុយទៅវិញ បើលោកអ្នក​ទៅឱ្យគេ​ផ្សំថ្នាំ ជំនួសការ​ប្រើថ្នាំតែមួយ​មុខទៅប្រើថ្នាំ​ច្រើនមុខ ព្រោះថាអ្នក ផ្សំថ្នាំ បើគ្រាន់តែ​ស្ដាប់ការ​រៀបរាប់​របស់អ្នកជម្ងឺ ពិតជា​មិនអាច​សន្និដ្ឋានថា​ជាជម្ងឺអ្វីឱ្យ​ប្រាកដនោះ​ទ្បើយ។ ហេតុដូចនេះ ទើបអ្នកផ្សំ ថ្នាំតែងតែ​រើសយកវិធី​ប្រើថ្នាំច្រើនមុខ ទោះបីជាជម្ងឺ​អ្វីក៏ដោយ ក៏អាចប្រើ​ត្រូវទាំងអស់​តែម្ដង។ បានន័យថា​លោកអ្នក​នៅតែត្រូវ ចំណាយប្រាក់​ច្រើនដើម្បី​ទិញថ្នាំដដែល ហើយមាន​គ្រោះថ្នាក់ដល់​សុខភាព​ទៀតផង។ មានប្រជាពលរដ្ឋ​មួយចំនួនយល់ថា​ការដែលទៅ រកគ្រូពេទ្យ​ដើម្បីពិនិត្យ​មិនអាចឱ្យ​គាត់ជារហ័ស​ដូចដែលគាត់​ទៅឱ្យគេផ្សំ​ថ្នាំឱ្យទេ។

រួមគ្នាកាត់​បន្ថយការ​ប្រើថ្នាំផ្សំ

ដើម្បីសុខភាពយើង​ទាំងអស់​គ្នាល្អ ចៀសផុតពី​គ្រោះថ្នាក់ដល់​អាយុជីវិត ទាល់តែ​យើងទាំងអស់​គ្នាចូលរួម​ទើបបាន​សម្រេច ។ វាមិនមែន​ជាតួនាទី​របស់អ្នកណា​ម្នាក់ទេ គឺតួនាទី​របស់យើង​ទាំងអស់គ្នា។

  • ប្រជាពលរដ្ឋ បើមូលហេតុ​នៃការប្រើថ្នាំផ្សំ​ដោយសារ​ថវិកា លោកអ្នក​ត្រូវពិចារណា​ថាតើលោកអ្នក​ត្រូវចំណាយ ដើម្បីសុខភាព​ដោយការ​ទៅរក​គ្រូពេទ្យ ឬក៏លោកអ្នក​ត្រូវចំណាយ​ដើម្បីបំផ្លាញ​សុខភាព។ ព្រោះថា​ពេលមានជម្ងឺ លោកអ្នកចៀស មិនផុត​ពីការ​ចំណាយទេ។ តើលោកអ្នក​ត្រូវជ្រើសរើស​មួយណា? ថ្វីត្បិតតែ​ការទៅរក​គ្រូពេទ្យអាច​ចំណាយច្រើន​ជាងទៅ​រកទិញ​ថ្នាំផ្សំ តែលោកអ្នក​នឹងបាន​សុខភាព​ល្អទៅដល់​ថ្ងៃក្រោយ ដោយមិនគិត​ពីផលប៉ះពាល់​របស់ថ្នាំ។
  • គ្រូពេទ្យ ឬឱសថការី គប្បីបំពេញ​ភារកិច្ច​តាមតួនាទី​របស់ខ្លួន។ រីឯប្រជាពលរដ្ឋ​មិនមាន​ចំណេះដឹង​ផ្នែក​សុខភាព​សារធាណៈ។ ដូចនេះ​លោកអ្នក​ជាគ្រូពេទ្យ ឬឱសថការី សូមលោកអ្នក​កុំគិតពីបញ្ហា​លុយកាក់​ធំពេក។ បើប្រជាពលរដ្ឋ​មិនមាន​ព័ត៌មាន គ្រប់គ្រាន់ លោកអ្នក​ត្រូវផ្ដល់​ព័ត៌មាន​ឱ្យពួកគាត់​ឱ្យបាន​ច្បាស់លាស់។

ដំបូន្នានអ្នក​ជំនាញ

សូមចងចាំថា​សុខភាព​ជារឿង​សំខាន់ ដែលមិន​អាចមានអ្វី​មកទិញដូរ​បានទេ។ សូមថែរក្សា​សុខភាព​ឱ្យបានល្អ។ រួមគ្នា​ដើម្បី សុខភាព​យើងទាំង​អស់គ្នា។

អ្វីៗដែល​ទស្សនាវដ្ដី​សុខភាពយើង បានលើក​យកមក​ជម្រាប​ជូននេះ ក្នុងគោលបំណង​តែមួយគត់ គឺជួយអភិវឌ្ឍន៍​សង្គមខ្មែរ មួយមាន​សុខភាពល្អ និងភាពរីក​ចម្រើន​រុងរឿង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative