ផ្ដាសាយ​ធម្មតា

ផ្ដាសាយ​ធម្មតា និងផ្ដាសាយ​ធំ ជាជម្ងឺ២​ដាច់ដោយ​ឡែកពីគ្នា ដែល​ប្រជាពលរដ្ឋ​ខ្មែរស្ទើរ​តែគ្រប់រូប​តែងតែ​ច្រឡំគ្នា។ ជម្ងឺ ទាំងពីរ​នេះបង្ក​ឡើងដោយ​វីរុស ដែលស្ថិត​នៅក្នុងក្រុម​ផ្សេងគ្នា និងមាន​​​ការ​ស្ដែងចេញ​ជារោគសញ្ញា​ផ្សេងគ្នា។ នៅលេខ​មុន ទស្សនាវដ្ដីសុខភាពយើង បានលើក​យកមក​ជម្រាបជូន​អំពីជម្ងឺ​គ្រុនផ្ដាសាយធំ​រួចមកហើយ។ នៅលេខនេះ សូមលើក​យកជម្ងឺ​ផ្ដាសាយ​ធម្មតា មកជម្រាប​ជូនលោកអ្នក​អានវិញម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផ្ដាសាយ​ធម្មតា ជាអ្វី?

ផ្ដាសាយ​ធម្មតា ឬផ្ដាសាយ​តូច គឺជាជម្ងឺ​បង្កឱ្យ​មានការ​រលាកភ្នាស​មុយកឺ​នៅនឹង​ច្រមុះ និងបំពង់ក ដែលបង្ក​ជាការហូរ ហៀរ​សំបោរ ស្លេស ឬកំហាក ជាអាទិ​ជាការ​រលាកសាច់​ច្រមុះបង្ក​ឡើងដោយ​មេរោគ​វីរុស។ មានប្រភេទ​វីរុស​ប្រមាណជា​ជាង២០០ ប្រភេទ​ដែលបង្ក​ជម្ងឺផ្ដាសាយ​ធម្មតានេះ។ ករណីកើត​លើមនុស្ស​ពេញវ័យ​ប្រមាណជា​៤០%បណ្ដាល​មកពីវីរុស​ឈ្មោះ​រីណូវីរុស។ ជាទូ ទៅជម្ងឺ​ផ្ដាសាយ​ធម្មតា ឬផ្ដាសាយ​តូច មានរោគ​សញ្ញា​ស្រាលៗ មិនធ្ងន់ធ្ងរ​ដូចករណី​ជម្ងឺគ្រុនផ្ដាសាយ​ធំឡើយ។ វាអាចជា​សះស្បើយ វិញដោយ​ឯកឯងពី​៤ទៅ៥ថ្ងៃ រោគសញ្ញា​ទាំងអស់​បាត់អស់​កម្រលើសពី​១សប្ដាហ៍​ណាស់ ហើយមាន​ករណីកម្រ​បំផុត ដែលអាច​អូស បន្លាយ​រហូតដល់​២សប្ដាហ៍។

ស្ថានភាពរាតត្បាត​ផ្ដាសាយ​ធម្មតា

ជម្ងឺផ្ដាសាយ​ធម្មតា ដែលបណ្ដាល​មកពីវីរុស​ប្រមាណ​ជាជាង​២០០ប្រភេទ​នេះ ដែលគេ​ស្គាល់ច្បាស់​ជាងគេជា​មេរោគរីណូវី រុសនេះ ច្រើនតែ​កើតឡើង​នៅរដូវ​ត្រជាក់ រដូវភ្លៀង និងរដូវលំហើយ។ ការរាលដាល​កើតឡើង​ជាពិសេស​នៅលើ​ទីកន្លែង ឬតំបន់ ដែលមាន​មនុស្សនៅ​ជុំគ្នា ឬកកកុញ​ច្រើន ជាពិសេស​នៅតាមទី​ប្រជុំជន ទីផ្សារ សាលារៀន កន្លែងធ្វើ​ការ​ជាដើម។

ទោះបីជា​ផ្ដាសាយ​ធម្មតាត្រូវ​បានអះអាង​ដោយគ្រូពេទ្យ​ព្យាបាលថា​ជាជម្ងឺស្រាល​កើតឡើង​ក្នុងរយៈ​ពេលខ្លី ហើយ​ជាសះ ស្បើយវិញ​ដោយឯកឯង​ក៏ដោយ ក៏អ្នកកើត​ជម្ងឺនេះ​នៅតែពិបាក​ក្នុងការទៅ​ធ្វើការងារ​ដូចធម្មតា។ តាមការ​ប៉ាន់ស្មាន មានសិស្ស​ចំនួន ៣០%ដែល​កើតជម្ងឺនេះ​មិនអាចទៅ​សាលារៀន​បាន។ ហើយអ្នក​ធ្វើការងារ​ក៏បាត់បង់​កម្លាំងពលកម្ម​ដល់ទៅ​៤០%ដោយ​សារជម្ងឺផ្ដា សាយ​នេះដែរ។

ជាមធ្យម មនុស្សពេញ​វ័យម្នាក់​អាចឆ្លង​ផ្ដាសាយ​នេះពី១ទៅ​៣ដងក្នុង​១ឆ្នាំ ជាញឹកញាប់​បំផុតកើត​នៅរដូវ​ត្រជាក់។ ចំពោះ ទារកទើប​នឹងកើត កើតផ្ដាសាយ​នេះចំនួន​៨ដងក្នុង​១ឆ្នាំ ដោយសារ​ប្រព័ន្ធការពារ​មិនទាន់​គ្រប់លក្ខណៈ​ការពារបាន។ ចំពោះកុមារ​ចាប់ ចូល​សាលារៀន​ពីអាយុ​៥ទៅ៧ឆ្នាំ កើតជម្ងឺ​ផ្ដាសាយ​នេះជាមធ្យម​៧ដងក្នុង​១ឆ្នាំ។

មូលហេតុបង្ក​ផ្ដាសាយ​ធម្មតា

ផ្ដាសាយ​ធម្មតាជា​ជម្ងឺឆ្លងពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត​យ៉ាងងាយ បង្កឡើង​ដោយមេរោគ​ជាវីរុសជាង​២០០ប្រភេទ។ ភាគច្រើន​បង្កឡើង​ដោយវីរុស​ឈ្មោះ​រីណូវីរុស ដែលជាទូទៅ​បង្ករោគ​នៅច្រមុះ និងបំពង់ក។

នៅក្នុងតំណក់​ទឹកតូចៗ​ដែលខ្ទាត​ចេញពីមាត់ ឬច្រមុះ​របស់អ្នក​ជម្ងឺផ្ដាសាយ ពេលក្អក ឬកណ្ដាស់ អាចគ្រប់គ្រាន់​ហើយ សម្រាប់​ការចម្លងវីរុស​ផ្ដាសាយនេះ។ ការចាប់ដៃគ្នា ក៏អាចជា​របៀបចម្លង​វីរុសដែរ។ ដោយសារ​មេរោគវីរុស​ផ្ដាសាយ​អាចរស់បាន ច្រើនម៉ោង​នៅក្នុងខ្យល់​អាកាស ឬលើវត្ថុ​អ្វីមួយ ជាហេតុនាំ​ឱ្យយើង​អាចឆ្លងរោគ​ផ្ដាសាយ ដោយគ្រាន់​តែប៉ះ ឬកាន់របស់​របរដែល អ្នកជម្ងឺ​ផ្ដាសាយ​ទើបតែប៉ះ ឬកាន់រួច ដូចជាបង្កាន់​ដៃជណ្ដើរ ឬទ្វារ កាន់ទូរស័ព្ទ​និយាយ​ជាដើម។ វីរុស​ផ្ដាសាយ​អាចចូល​ទៅក្នុងខ្លួន ពេលវាស​ដៃលើភ្នែក ឬលើច្រមុះ។

ទាក់ទង​នឹងពាក្យ​និយាយតៗ​គ្នា ឬពាក្យ​ចចាមអារាម​ពាក់ព័ន្ធ​នឹងជម្ងឺ​ផ្ដាសាយ​មួយចំនួន ដូចជាការ​ឆ្លងផ្ដាសាយ​ដោយធាតុ ត្រជាក់ ពិតជា​មិនសូវ​ត្រឹមត្រូវទេ។ ព្រោះថា​យើងមិន​អាចឆ្លង​ផ្ដាសាយ​ដោយសារ​តែប៉ះធាតុ​ត្រជាក់​នោះទេ។ ប៉ុន្ដែតាម​ពិត គឺដោយ សារការ​បម្រែ​បម្រួល​អាកាស​ធាតុ ក្ដៅត្រជាក់ ត្រជាក់ក្ដៅ​ឯណោះទេ ដែលអាច​បង្កការ​ហៀរសំបោរ ដែលអនុគ្រោះ​ដល់ការ​ឆ្លងមេ រោគវីរុស​ផ្ដាសាយ។ ជាអាទិ​ដូចជា​អ្នកដែល​ធ្វើការងារ​ក្នុងម៉ាស៊ីន​ត្រជាក់ ពេលចេញ​មកក្រៅ​អាកាស​ធាតុក្ដៅ ពេលចូល​កន្លែង​ធ្វើការ ងារអាកាស​ធាតុត្រជាក់ ពួកគាត់ងាយ​កើតផ្ដាសាយ​ណាស់។

រោគសញ្ញាជម្ងឺផ្ដា​សាយធម្មតា

វីរុស​ផ្ដាសាយ​អាចបង្កការ​រុករាន​ទៅលើ​ជាលិកា ឬស្រទាប់ស្បែក​ដែលនៅ​ក្នុងមាត់ នៅបំពង់ក និងនៅច្រមុះ។ ភ្នាសស្បែក ដែលរង​ការរុករាន​នោះ ក្លាយទៅ​ជារលាក ហើម ឬប៉ោង ពេលនោះ​ហើយរោគ​សញ្ញាផ្ដាសាយ​ធម្មតា​បានចាប់​លេចមុខ​ឡើង។ ជាទូ ទៅរោគ​សញ្ញាចាប់​ផ្ដើមកើតមាន ក្រោយពី​ឆ្លងមេរោគ​រយៈពេលពី​១ទៅ៣ថ្ងៃ។ រោគសញ្ញា​ទាំងនោះ​នឹងបាត់ខ្លួន​ទៅវិញ​នៅថ្ងៃទី៧ ប៉ុន្ដែការ​វិវឌ្ឍន៍​របស់រោគ​សញ្ញាមាន​សណ្ឋាន​ជាក់លាក់។

  • បំពង់កស្ងួត រមាស់ ឬឈឺ
  • ហៀរសំបោរ ឬតឹងច្រមុះ
  • កណ្ដាស់ ជាពិសេស​ដោយសារ​ការតឹង​ច្រមុះ
  • ឈឺក្បាល
  • ឈឺត្រចៀក (ច្រើនតែកើត​នៅលើកុមារ)
  • ក្ដៅខ្លួន និងព្រឺខ្លួនស្រៀវ​ស្រាញ់ (ច្រើនតែ​កើតនៅ​លើកុមារ​ជាងលើ​មនុស្ស​ពេញវ័យ)
  • ក្អកស្ងួត ពេលទើប​នឹងចាប់​ផ្ដើមកើត។ បន្ទាប់មក​អាចក្អក​មានស្លេស និងកំហាក។

តារាង​ប្រៀបធៀប​រោគសញ្ញា​ផ្ដាសាយធម្មតា​និងផ្ដាសាយធំ

រោគសញ្ញា

ផ្ដាសាយធម្មតា

ផ្ដាសាយធំ

គ្រុន​ឬ​ក្ដៅខ្លួន កម្រកើតមាន ក្ដៅខ្លាំង​ពី៣៨​ដល់៤១អង្សារសេ​រយៈពេល៣ ទៅ៤ថ្ងៃ
ឈឺក្បាល កម្រកើតមាន ពេញក្បាល​រាលទៅ​កន្លែងដទៃ
ឈឺខ្លួនប្រាណ ស្រាល ល្មមជួន​កាលធ្ងន់ធ្ងរ
អស់កម្លាំង ស្រាល អូសបន្លាយ​ពី២ទៅ​៣សប្ដាហ៍
អស់កម្លាំងខ្លាំង មិនដែលកើតមាន ឆាប់កើតមាន​និងខ្លាំងក្លា
តឹងច្រមុះ កើតញឹកញាប់ កម្រកើតមាន
កណ្ដាស់ ល្មម កម្រកើតមាន
ឈឺបំពង់ក កើតញឹកញាប់ កម្រកើតមាន
មិនស្រួល​ក្នុងទ្រូង​ឬ​ក្អក ស្រាល​ឬ​ល្មមក្អកញាប់​តែតិចៗ កើតញឹកញាប់

 

ផលវិបាកជម្ងឺ​ផ្ដាសាយ​ធម្មតា

ជម្ងឺផ្ដាសាយ​អាចបន្ថែម​ទម្ងន់ឱ្យ​ជម្ងឺដទៃ​ទៀតរិត​តែធ្ងន់ធ្ងរ ជាអាទិ​ជម្ងឺហឺត។ រហូតមក​ដល់សព្វ​ថ្ងៃនេះ អ្នកឯកទេស​មិន ទាន់ដឹង​ច្បាស់ថា​តើការ​អស់កម្លាំង ការតាន​តឹងចិត្ដ ឬស្ដ្រេស្ស ការទទួលទាន​បាយមិនបាន ឬសុខភាព​មិនល្អ បង្កបង្កើត​ការកើត​ជម្ងឺផ្ដា សាយ​ញឹកញាប់​នោះទេ។ ប៉ុន្ដែកត្ដា​ទាំងនោះ​អាចជា​អ្នកធ្វើឱ្យ​រោគសញ្ញា​ផ្ដាសាយ​រិតតែ​ធ្ងន់ធ្ងរ។ ជាពិសេស​មនុស្សវ័យ​ចាស់ជរា ពេល មាន​ផ្ដាសាយ ឬជម្ងឺបង្ក​ដោយមេរោគ​ផ្ដាសាយ មានសភាព​បែប​ធ្ងន់ធ្ងរ។

មេរោគ​វីរុស​ផ្ដាសាយ​អាចបង្ក​ជម្ងឺនៅលើ​ផ្នែកផ្សេងៗ​ទៀតនៃ​សព៌ាង្គកាយ។ ជាឧទាហរណ៍ អាចកើត​នៅលើភ្នែក​ធ្វើឱ្យឈឺ ភ្នែក​ក្រហម ឬហៅថា​រលាកភ្នែក​កម្រិតស្រាល។ ជម្ងឺឈឺភ្នែក​ក្រហម​នេះច្រើន​តែកើតនៅ​លើកុមារ ដោយសារ​ពួកគេយក​ដៃទៅ ញើស​សំបោរ ឬប៉ះច្រមុះ បន្ទាប់មក​យកដៃ​ទៅជូត​ភ្នែក នាំឱ្យឆ្លង​មេរោគ។

ប្រការត្រូវ​ធ្វើពេល​មានផ្ដាសាយ​ធម្មតា

  • សូមប្រើ​ថ្នាំបន្ធូរ​តឹងច្រមុះ ថ្នាំបាញ់​ច្រមុះមាន​ប្រសិទ្ធភាព​តែរយៈពេលខ្លី​តែប៉ុណ្ណោះ។ ការប្រើប្រាស់​យូរលើស​ពី៦ថ្ងៃ អាចបង្ក​ការរលាក និងរាំងស្ទះ​ភ្នាសមុយកឺ​ច្រមុះទៅ​វិញទេ ជាលទ្ធផល​រលាកច្រមុះ​ដោយថ្នាំ​(តឹងច្រមុះរ៉ាំរ៉ៃ)។ ថ្នាំបន្ធូរតឹង​ច្រមុះនេះ អាចមាន​សណ្ឋានជា​គ្រាប់ ឬជាទឹក​ស៊ីរ៉ូ។ ក្រៅពីថ្នាំ​ទាំងនេះ លោកអ្នក​អាចសាកល្បង​វិធីផ្សេងៗ​ទៀតនៅ​ឯផ្ទះ ដូចជាងូត​ទឹកក្ដៅយូរ ដកដង្ហើម​ស្រូបយក​ចំហាយ​ទឹកពុះ ពិសា​ភេសជ្ជៈក្ដៅៗ​ជាដើម ព្រោះថា​សំនើមជួយ​បន្ធូរផ្លូវ​ដង្ហើម​បាន។
  • សូមជ្រើសរើស​ថ្នាំទឹកស៊ីរ៉ូ​ត្រឹមត្រូវ ថ្នាំស៊ីរ៉ូ​ភាគច្រើន​ផ្សំឡើងដោយ​ជាតិថ្នាំពីរ​យ៉ាង ដូចជា​រំលាយស្លេស​និងបន្ធូរតឹង ច្រមុះ បន្ធូរតឹង​ច្រមុះ​និងប្រឆាំង​ក្អកជាដើម។ ប្រសិទ្ធភាព​របស់វាជា​ទូទៅ​មានកម្រិត​កំណត់។ ប្រសើរ​បំផុត សូមជ្រើសរើស​ថ្នាំទឹក ស៊ីរ៉ូ​ដែលមាន​សកម្មភាព​ព្យាបាលតែ​មួយមុខ សម្រាប់បំបាត់​រោគសញ្ញា​ដែលរំខាន​លោកអ្នក​ជាងគេ មានដូចជា​ថ្នាំប្រឆាំង​ក្អកសម្រាប់ ក្អក ថ្នាំបន្ធូរតឹង​ច្រមុះ​សម្រាប់ពេល​តឹងច្រមុះ​ជាដើម។ បើលោកអ្នក​មានការ​រារែក​មិនសូវ​ច្បាស់ សូមសាកសួរ​យោបល់ ឬប្រឹក្សា ជាមួយ​គ្រូពេទ្យ​ព្យាបាល ឬឱសថការី។
  • សូមពិសា​ថ្នាំព្យាបាល ថ្នាំប៉ារ៉ាសេតាម៉ុល ថ្នាំអាស្ពីរីន ឬថ្នាំអ៊ីប៊ុយប្រូហ្វែន មានប្រសិទ្ធភាព​បំបាត់អាការ​ឈឺក្បាល ឈឺ បំពង់ក ឈឺចុកសាច់ដុំ និងបញ្ចុះកម្ដៅខ្លួន។ សូមប្រយ័ត្ន​ផងដែរ​ចំពោះកុមារ ថ្នាំអាស្ពីរីន និងថ្នាំដែល​មានជាតិ​អាស្ពីរីន បង្កើនគ្រោះ ថ្នាក់បង្ក​វិបត្ដិសរសៃ​ប្រសាទ​ធ្ងន់ធ្ងរ​(ជម្ងឺរ៉ាំរ៉ៃ)។ ដូច្នេះ សូមព្យាយាម​ប្រើប្រាស់​ថ្នាំប៉ារ៉ាសេតាម៉ុល ទើបប្រសើរ​ជាង។
  • សូមសម្រាក​កាយឱ្យបាន​គ្រប់គ្រាន់ ប្រសិន​បើអាច សូមលោកអ្នក​ឈប់សម្រាក​ពីការងារ​ឱ្យបាន៣ ឬ៤ថ្ងៃ និងទទួល ទានដំណេក​ផង នោះលោកអ្នក​នឹងមាន​សុខភាពល្អ​ឡើងវិញ ព្រមទាំង​អាចបញ្ចៀស​បានការឆ្លង​ទៅអ្នកដទៃ។
  • សូមពិសាទឹកឱ្យបាន​គ្រប់គ្រាន់ ភេសជ្ជៈ ឬវត្ថុរាវ​ដែលទទួល​ទានអាច​ជួយពង្រាវ​សារធាតុ​បញ្ចេញរបស់​ច្រមុះ​(ទឹកច្រ មុះ សំបោរ) ប្រយោជន៍​ងាយស្រួល​ក្នុងការជម្រុះ​ក្រមរកក​រឹងចេញ។ ម្យ៉ាងទៀត​វាអាច​ជួយបង្ការ​ការខ្វះជាតិ​ទឹកក្នុងខ្លួន​ដែលបណ្ដាល មកពី​គ្រុនក្ដៅ។
  • សូមបន្ដ​បរិភោគតិច​តួច ពេលលោកអ្នក​មានផ្ដាសាយ មិនប្រាកដថា​លោកអ្នក​នៅឃ្លាន​អាហារ អាចទទួល​ទានបាយ បានច្រើន​នោះទេ។ ទោះបី​បែបណា​ក៏លោកអ្នក​ត្រូវតែខំ​ទទួលទាន​ចំណីអាហារ​ខ្លះដែរ ដូចជាស៊ុប បបរ ផ្លែកចេក​ជាដើម ព្រមទាំង ចំណីអាហារ​ដែលលោកអ្នក​ចូលចិត្ដ និងងាយលេប​ផ្សេងៗទៀត។
  • សូមថែរក្សា​ខ្លួនប្រាណ ពេលមាន​ផ្ដាសាយ មនុស្សហាក់​ដូចជា​ត្រូវការការ​ថ្នាក់ថ្នម និងការ​ថែទាំ​ខ្លួន។ សូមរក​ថ្នាំបៀម យកមក​ជញ្ជក់ដើម្បី​សម្រាលការ​ឈឺបំពង់ក សន្ធឹង​សម្រាក​រាងកាយ​ដោយកំដៅ​ថ្ម ទឹក ឬខ្នើយ ឈ្លីច្របាច់​ខ្លួនប្រាណ​ជាមួយ​នឹងប្រេង ថ្នាំ​(ប្រេងលាបឱ្យ​ស្រួលខ្លួន) ត្រាំប្រអប់ជើង​ក្នុងទឹកក្ដៅ ដេកកល់ក្បាល​ឱ្យខ្ពស់​ប្រយោជន៍​ដកដង្ហើម​បានល្អ ព្រមទាំង​ធ្វើសរសៃ ឬម៉ា ស្សាខ្លួន​ជាដើម។ ការប្រព្រឹត្ដិ​ទាំងនេះ អាចជួយ​សម្រាល​អាការរោគ និងរួមចំណែក​ដល់ការ​ឆាប់ជាសះស្បើយ​នៃជម្ងឺបាន​ខ្លះដែរ។
  • សូមថែទាំ​ច្រមុះ ការខំញើស​សំបោរខ្លាំង​ពេក អាចធ្វើ​ឱ្យខូច ឬបំផ្លាញ​ច្រមុះ។ សូមបន្សើម​ជាតិទឹក ជាពិសេស​ក្រេប ជាតិទឹក ឬថ្នាំវ៉ាសឺលីន។
  • សូមធ្វើឱ្យ​បន្ទប់ដេក​មានសំណើម​ក្ដៅ សំណើម​កំដៅក្នុង​បន្ទប់ដេក ជួយបង្អន់​ការក្អក ឈឺបំពង់ក និងការតឹង​ច្រមុះ។ ការអនុវត្ដ​បែបនេះ​មិនត្រូវបាន​ហាមឃាត់​ជាផ្លូវការទេ។ ប៉ុន្ដែតោង​ឱ្យដឹងថា​មានការ​ជជែក​ជំទាស់គ្នាជា​ច្រើននៅក្នុង​វិស័យ​វេជ្ជសាស្ដ្រ ទាក់ទង​នឹងបញ្ហានេះ ដោយសារ​ថាមិនទាន់​មានការ​ស្រាវជ្រាវ​អះអាង​អំពីប្រសិទ្ធ​ភាពរបស់វា។ ការបន្សើម​នេះមិនត្រូវ​ឱ្យលើសពី ៤០%​ឡើយ។
  • សូមខ្ពុរមាត់​ជាមួយ​ទឹកអំបិល សូមដាក់​អំបិល៥​មីលីលីត្រ​(ប្រហែល២​ស្លាបព្រាបាយ) លាយជាមួយ​ទឹកក្ដៅ​កន្លះ លីត្រ។ ការខ្ពុលមាត់​ជាមួយនឹង​ល្បាយអំបិល​ដែលមាន​កំហាត់អាស៊ី​បាស ប្រហាក់​ប្រហែល​នឹងសព៌ាង្គកាយ​នេះ អាចជួយ​បំបាត់ អាការ​ឈឺបំពង់ក និងជួយលាង​ជម្រះសំណល់​សារធាតុ​រាវផ្សេងទៀត។ ប៉ុន្ដែមិន​ត្រូវលេប​ទឹកអំបិល​នេះទេ ព្រោះវា​មានជាតិ​អំបិល ច្រើន​ណាស់។
  • សូមការពារ​ខ្លួនកុំឱ្យ​ឆ្លងទៅ​អ្នកដទៃ ដោយសារ​ថាលោកអ្នក​ដែលមាន​ផ្ដាសាយ​អាចចម្លង​ទៅអ្នកដទៃ​ទៀត សូម លោកអ្នក​លាងដៃ​សម្អាតឱ្យ​បានញឹកញាប់ និងមិនត្រូវ​ទទួលទាន​ទឹក ប្រើកែវ​រួមជាមួយ​អ្នកដទៃទេ។ ដូច្នេះត្រូវ​កុំចូល​ក្នុងចំណោម មនុស្ស​កកកុញ និងថើបអ្នក​ដទៃឱ្យ​សោះ។ ម្យ៉ាងទៀត លោកអ្នក​អាចជ្រើសរើស​យកការ​ពាក់ម៉ាស​ឃ្លុំមុខ និងច្រមុះ។

ពេលណា​ត្រូវទៅ​ជួបជាមួយ​គ្រូពេទ្យ​ព្យាបាល?

  • កាលបើ​ផ្ដាសាយ​ធម្មតាអូស​បន្លាយលើស​ពី៧ថ្ងៃ។ ប្រសិនបើ​លោកអ្នក​ជាបុគ្គល​ដែលមាន​សុខភាព​មិនមាំមួន​ប្រឈម គ្រោះថ្នាក់ សូមទៅ​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ ក្រោយពី​ឈឺក្នុងរយៈ​ពេល៤៨ម៉ោង
  • ប្រសិនបើ​រោគសញ្ញា​ផ្ដាសាយ​ធម្មតានេះ រិតតែ​ធ្ងន់ធ្ងរ​ឡើង
  • ប្រសិនបើលោក​អ្នកមាន​អារម្មណ៍ថា មានការ​ឈឺចាប់​ចុកនៅក្នុង​ដើមទ្រូង
  • ប្រសិនបើកំហាកដែល​លោកអ្នក​ខាកចេញ​មកមាន​ពណ៌បៃតង​ខ្ចី។

ការពិនិត្យជម្ងឺ និងរោគ​វិនិច្ឆ័យ

អ្នកជម្ងឺ​ខ្លួនឯង​ជួនកាល​ក៏អាចធ្វើ​រោគវិនិច្ឆ័យ​ផ្ដាសាយធម្មតា​បានដោយ​ខ្លួនឯង​ខ្លះដែរ ព្រោះវា​ជាករណី​កើតមាន​ញឹកញាប់។ ទោះបីជា​អ្នកខ្លះគិតថា​មានជម្ងឺ​គ្រុនផ្ដាសាយធំ ដោយគ្រាន់តែ​ខ្លួនមាន​ផ្ដាសាយ​ធម្មតា​រាងធ្វើ​ទុក្ខបុក​ម្នេញបន្ដិច​តែប៉ុណ្ណោះ។ តាមពិត ងាយស្រួល​ក្នុងការ​វិនិច្ឆ័យទេ ដោយគ្រាន់តែ​ដឹងថាគ្រុន​ផ្ដាសាយធំ​មានសីតុណ្ហ​ភាពក្ដៅ​ខ្លួនខ្លាំង និងឈឺចាប់​ពេញខ្លួនប្រាណ ប៉ុន្ដែមិន មានអាការ​រោគតឹងច្រមុះ និងហៀរ​សំបោរ​នោះទេ។ ម្យ៉ាងទៀត​ក៏មិនត្រូវ​ច្រឡំផ្ដាសាយ​ធម្មតា​ជាមួយនឹង​ជម្ងឺផ្សេងទៀត ដូចជា រលាកបំពង់ក​ដោយមេរោគ​ស្ដ្រឹបតូកូក ឬជម្ងឺបង្ក​ដោយបាក់​តេរីផ្សេង​ទៀត កើតនៅ​ក្នុងទ្រូង​ដូចជា​រលាកសួត​ជាដើម​នោះឡើយ។ ដូច្នេះកុំ​បណ្ដែត​បណ្ដោយ​ខ្លួនលោកអ្នក​ត្រូវតែ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ព្យាបាល បើសង្ស័យថា​អាចមាន​សភាព​ធ្ងន់ធ្ងរ។

លោកគ្រូពេទ្យ​ព្យាបាល​នឹងចាប់ធ្វើ​ការពិនិត្យ​សព៌ាង្គកាយ ដើម្បី​ត្រួត​ពិនិត្យឱ្យ​ដឹងថា​តើជាករណី​ផ្ដាសាយ​បង្កផល​វិបាកឬ ទេ។ ជួនកាល​មានការ​លំបាក​ក្នុងការ​វែកញែក​រវាងផ្ដាសាយ​ធម្មតា និង​គ្រុនផ្ដាសាយ​ធំ តែដោយ​ផ្អែកលើ​រោគសញ្ញា និងការវិភាគ វេជ្ជសាស្ដ្រ គ្រូពេទ្យ​ព្យាបាល​ពិតជាអាច​សន្និដ្ឋាន និងវិនិច្ឆ័យ​បានថា​ជាផ្ដាសាយ​ធម្មតាបាន​យ៉ាងរហ័ស។

ការព្យាបាល​ផ្ដាសាយ​ធម្មតា

រហូតមក​ដល់សព្វ​ថ្ងៃនេះ មិនទាន់​មានមធ្យោបាយ​សម្លាប់​មេរោគ​វីរុស​ដែលបង្ក​ជម្ងឺផ្ដាសាយ​ធម្មតា​ឡើយ។ អ្នកជម្ងឺ​មួយ ចំនួនសុំ​ឱ្យគ្រូពេទ្យ​ព្យាបាល​ផ្ដល់ថ្នាំផ្សះ ឬថ្នាំ​អង់ទីប៊ីយូទិក ប៉ុន្ដែថ្នាំ​ទាំងនេះ​មិនមាន​ប្រសិទ្ធភាព​ទាល់តែ​សោះ សូម្បីបន្ដិច​ក៏គ្មានដែរ ប្រឆាំង​នឹងពួកវីរុស។ ថ្នាំអង់ទីប៊ីយូទិក​ពិតជាមាន​សារៈសំខាន់ ក្នុងករណី​ផ្ដាសាយ​ធម្មតា​មានលាយឡំ​ការបង្ករោគ​ដោយពួក​មេរោគ បាក់តេរី។ ទោះបី​ជាគ្មានថ្នាំ​សម្លាប់វីរុស​ផ្ដាសាយ​ធម្មតា ក៏មាន​មធ្យោបាយ​ផ្សំផ្គុំ​ព្យាបាល​ដោយថ្នាំ​ផ្សេងទៀត​ជាច្រើន ដើម្បី​ព្យាបាល រោគសញ្ញា​ផ្ដាសាយធម្មតា​បានផងដែរ។

ក្រៅពី​ការព្យាបាល​ដោយថ្នាំ ជម្ងឺផ្ដាសាយ​ធម្មតា​ត្រូវព្យាបាល​ដោយការ​សម្រាកកាយ ទទួលទាន​ជាតិទឹកឱ្យ​បានច្រើន និង ទទួលទាន​ថ្នាំបញ្ចុះកំដៅ ដូចជា​អាស៊ីត​អាសេទីលសាលីស៊ីឡិក ប៉ារ៉ាសេតាម៉ុល អិប៊ុយប្រូហ្វែន អាសេតាមីណូហ្វែន​ជាដើម បើក្នុង ករណី​ក្ដៅខ្លួន។ ចំពោះ​កុមារ និងជំទង់​ដែលមាន​ជម្ងឺផ្ដាសាយ​ធម្មតា មិនត្រូវ​លេបថ្នាំ​ដែលមាន​ជាតិអាស្ពីរីន​ឡើយ។ ប្រការ​សំខាន់មុន នឹងប្រើប្រាស់​ថ្នាំបញ្ចុះ​កំដៅ ត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល វេជ្ជបណ្ឌិត ឬឱសថការី​ជាមុនសិន។

ដើម្បីមាន​ប្រសិទ្ធភាព ដរាបណា​ការព្យាបាល​ឆាប់ធ្វើឡើង ជាពិសេស​៤៨ម៉ោង​ក្រោយចេញ​រោគសញ្ញា។ ប្រសិន​បើផល វិបាក​ផ្សេងៗ​បានកើត​មានឡើង ដូចជា​រលាកទងសួត រលាកសួត រលាកច្រមុះ រលាកត្រចៀក​ជាដើម គ្រូពេទ្យ​ព្យាបាល​ត្រូវឱ្យ​ថ្នាំអង់ទីប៊ីយ៉ូទិក​បន្ថែម ព្រោះថា​ពួកមេរោគ​បាក់តេរី​ជាអ្នកបង្ក​ផលវិបាក​ទាំងនេះ។

វិធីបង្ការ​ផ្ដាសាយ​ធម្មតា

មធ្យោបាយ​បង្ការប្រសើរ​បំផុត​ទប់ទល់​នឹងជម្ងឺ​ផ្ដាសាយ​ធម្មតា គឺធ្លាប់កើត​ជម្ងឺនេះ​តែម្ដង។ អ្នកដែល​ធ្លាប់កើត​ផ្ដាសាយ ធម្មតា​ដោយមេរោគ​ប្រភេទណា​ហើយ អាចស៊ាំ​ទប់ទល់​លែងកើត​ផ្ដាសាយ​ប្រភេទនោះ​បានប៉ុន្មាន​ខែដែរ។ ប៉ុន្ដែអ្វី​ដែលជា​អកុសល នោះ វីរុសផ្ដាសាយ​ងាយបំលែង​ខ្លួនខ្លាំង​ណាស់ ជាពិសេស​ពេលឆ្លងពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ ដែលអាច​បង្កផ្ដាសាយ​ធម្មតា​ប្រភេទ ផ្សេងទៀត។ មធ្យោបាយ​ប្រសើរបំផុត​ម្យ៉ាងទៀត ដើម្បីបញ្ចៀស​ការឆ្លង​ផ្ដាសាយ​ធម្មតា គឺត្រូវស្ថិត​នៅឱ្យឆ្ងាយ​ពីអ្នកកើត​ផ្ដាសាយ។ ហើយក៏​ត្រូវប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ការប៉ះ ឬកាន់របស់​របរ​ប្រើប្រាស់​របស់​អ្នកជម្ងឺ និងដែល​អ្នកជម្ងឺ​អាចកណ្ដាស់​ដាក់ ដូច្នេះសូម ឧស្សាហ៍​លាងដៃ ដើម្បីកាត់​ផ្ដាច់ការឆ្លង។ ម្យ៉ាងទៀត​ការហាត់ប្រាណ​ជាប្រចាំ ការសម្រាក​គ្រប់គ្រាន់ និងការបរិភោគ​ត្រឹមត្រូវ អាច ជាបច្ច័យ​មួយជួយ​សាព៌ាង្គកាយ​ឱ្យមានប្រព័ន្ធ​ការពារ អាចទប់ទល់​នឹងវីរុស​ដែលបង្ក​ផ្ដាសាយ​បាន។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative