កូនកើត​មិនគ្រប់ខែ អាច​សង្គ្រោះ​បាន

ពាក្យថា​កូនកើត​មិនគ្រប់​ខែ គឺជា​ឧទានស័ព្ទ​មួយដែល​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​មិនចង់​ឱ្យកើត​មានចំពោះ​ខ្លួនឡើយ។ ព្រោះថា​កូនកើត​មិនគ្រប់​ខែអាច​បង្ក​គ្រោះថ្នាក់​ដល់ម្ដាយ និងទារក​បាន។ ជាធម្មតា ទារក​ក្នុងផ្ទៃ​ម្ដាយមាន​អាយុរយៈ​ពេលជា​ទូទៅ​ចំនួន៩​ខែ ១០ថ្ងៃ ទើប​ទារក​មានអាយុ​គ្រប់ខែ​ពេញ​លេញ។ ទារក​ដែលខូច​ពេលតាំង​គភ៌ពីខែ​ទី១ ដល់ខែទី៦ គេហៅថា​រលូត ។ បើ គភ៌បាន​អាយុពី​៦ខែ​ឡើងទៅ ហើយកើត ឬធ្លាក់ គេហៅថា​កូនកើត​មិន​គ្រប់ខែ។ តើរលូត និងកូន​កើតមិន​គ្រប់ខែ​បណ្ដាល មកពី​មូលហេតុ​អ្វី? តើអាច​សង្គ្រោះបាន​ដោយរបៀប​ណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកសាស្ដ្រា​ចារ្យ​វេជ្ជបណ្ឌិត វេង ថៃ ប្រធានមន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនា វដ្ដី សុខភាពយើង អំពីការ​កើតកូន​មិនគ្រប់​ខែនេះ។

មូលហេតុកូន​កើតមិន​គ្រប់ខែ និងរលូត

កូនកើត​មិន​គ្រប់ខែ ឬកូន​រលូត សុទ្ធតែ​មានមូល​ហេតុរបស់​វា​ទាំងអស់។ ករណី​ទាំងនេះ​អាចបណ្ដាល​ឡើងពី​ខាងស្ដ្រី ជាម្ដាយ ក៏ដូចជា​ទារក​ក្នុងផ្ទៃ​តែម្ដង។ រលូត ឬកូនកើត​មិនគ្រប់ខែ​អាចមក​ពីម្ដាយ​មានជម្ងឺ​ផ្សេងៗ ដូចជា​គ្រុនក្ដៅដោយ​សារមាន មេរោគឆ្លង ផ្ដាសាយធំ គ្រុនញាក់ គ្រុនពោះវៀន​ជាដើម។ ការធ្វើ​ការងារ​ពលកម្ម​ធ្ងន់ពេក​នៅពេល​ពពោះ ដូចជា​ជិះកង់​ផ្លូវឆ្ងាយ ឡើងទួល ដួលពី​លើទី​ខ្ពស់ ការរួមភេទ​ច្រើនពេក សេព​គ្រឿងញៀន ឬគ្រឿងស្រវឹង​ជាដើម។ ក្រៅពីនេះ ស្បូនម្ដាយ​វៀចខ្លាំង ពេក ក៏ជា​មូលហេតុ​ដែលនាំ​ឱ្យកូន​កើតមិន​គ្រប់ខែ​ដែរ។

រោគសញ្ញានៃ​ការរលូត និង​កូនកើត​មិនគ្រប់ខែ

ធ្វើយ៉ាងណា​ទើបអ្នកម្ដាយ​អាចដឹង​ពីរឿង​កូនរលូត ឬកូនកើត​មិនគ្រប់​ខែបាន?

  • ការរលូតកូន ៖ មុននឹង​រលូត ធម្មតា​មានសញ្ញា​ខ្លះឱ្យ​ដឹងមុន​បាន ដូចជា​រោយខ្នង ចុកចង្កេះ ឈឺឆ្អឹងផាល ឈឺពោះ ចេញទឹក​ថ្លាៗពី​ទ្វារមាស​ជាដើម បន្ទាប់មក​ទើបឃើញ​មានចេញ​ជាឈាម​តែម្ដង។ យើងអាច​រក្សា និងព្យាបាល​គភ៌នោះ​បានវិញ ប៉ុន្ដែក្នុង​ពេលដែល​ឃើញសញ្ញា​ថាកូន​រលូត មុនដំបូង​ភ្លាមត្រូវ​យកស្ដ្រី​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​ឱ្យទាន់​ពេល​វេលា។ បើសិន​ណា ជាទុក​រហូតដល់​ពេលមាន​ធ្លាក់ឈាម​ពីរ ឬបីថ្ងៃ​ហើយនោះ គឺពិបាក​ក្នុងការ​រក្សាគភ៌​ឱ្យគង់វង្ស​ណាស់។
  • កូនកើត​មិនគ្រប់​ខែ ៖ ចំណែក​រឿងកូន​កើតមិន​គ្រប់ខែ ក៏មានលក្ខណៈ​ប្រហែល​គ្នានឹង​រលូត​កូនដែរ។ សញ្ញា​មុនដំបូង​មានច្រើន​យ៉ាង​ណាស់ ដូចជា​មានអ្នក​ខ្លះឈឺខ្លាំង​ត្រង់​ចង្កេះ ឈឺឆ្អឹង​ផាល អ្នកខ្លះ​ឈឺបែប​ធ្ងន់ៗ​នៅផ្នែកពោះ​ខាងក្រោម មាន អ្នកខ្លះ​ឈឺពោះ​ខ្លាំងតែម្ដង ហើយបន្ទាប់​មកឈឺពោះ​ឈឺបាត់ៗ​យូរៗម្ដង ហើយ​ឈឺខ្លាំង​ជាដើម។ របៀបនៃ​អាការ​កូនកើត​មិនគ្រប់ ខែមាន​លក្ខណៈ​ប្រហែលគ្នា​នឹងអ្នក​ដែលឈឺ​ពោះសម្រាល​កូនតាម​ធម្មតាដែរ។ ដើម្បី​ចៀសវាង​កុំឱ្យកូន​កើតមិន​គ្រប់ខែ​បាន ក្នុង ពេលដែល​ឃើញមាន​សញ្ញាមុន​ដំបូងភ្លាម ស្ដ្រីជា​ម្ដាយត្រូវ​សម្រាលកិច្ច​ការ​ទាំងអស់ ត្រូវនៅ​ឱ្យស្ងៀម​សម្រាក​មួយ​កន្លែងកុំ កម្រើក​ខ្លួនប្រាណ​ខ្លាំងពេក។ បន្ទាប់មក ត្រូវទៅ​រកគ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ព្យាបាល​ជម្ងឺផ្សេងៗ​ឱ្យជា​ជាមុន​សិន ដើម្បី​បង្ការ រឿងកូន​ត្រូវរលូត ឬ កូនកើត​មិន​គ្រប់ខែ។

គ្រោះថ្នាក់​នៃការ​រលូត និងកូន​កើតមិន​គ្រប់ខែ

  • ការរលូតកូន ចាស់ពី​ដើមច្រើន​និយាយថា​រលូតកូន​ម្ដងស្មើនឹង​កើតកូនបី​ម្ដង។ ពាក្យនេះពិត​ជាត្រូវ​ណាស់ ព្រោះ ថាការ​កើតកូន​មិនគ្រប់ខែ​ពិតជា​មានគ្រោះថ្នាក់​ដូចជាការ​ធ្លាក់ឈាម​ច្រើនពេក អាចងាយ​មានមេរោគ​ឆ្លងដែល​បណ្ដាលឱ្យ​ឈឺ ស្បូន ជួនកាល​នាំឱ្យឈឺ​បំពង់​នាំពង ដែលជា​ហេតុបណ្ដាល​ឱ្យមិនអាច​មានកូន​តទៅ​ទៀត។
  • កូនកើត​មិនគ្រប់ខែ ភាគច្រើន​អ្នកជាម្ដាយ​មិនសូវ​មានគ្រោះថ្នាក់​ប៉ុន្មានទេ ក៏ប៉ុន្ដែ​ចាំបាច់​ត្រូវព្យាយាម​ចំណាំ​ពីអា ការផ្សេងៗ​របស់ខ្លួន បើមាន​ការខុស​ប្លែកដោយ​ប្រការណា​មួយប្រញាប់​ទៅ​មន្ទីរពេទ្យ។ ចំពោះ​ទារកដែល​កើតមិន​គ្រប់ខែ ច្រើន មាន​ទម្ងន់ស្រាល​ជាងទារក​ធម្មតា គឺទាប​ជាង២​គីទ្បូក្រាម​កន្លះ។ ហើយទារក​នោះមាន​រាងកាយ​ខ្សោយ ងាយប្រឈម​មុខនឹង គ្រោះថ្នាក់​ផ្សេងៗ ដូចជា​កម្ដៅក្នុង​ខ្លួនមិន​គ្រប់៣៦,៥អង្សាសេ ស្បែកខ្លួន​ទ្បើងពណ៌​ស្វាយ ការដក​ដង្ហើម​ខ្សោយ ចង្វាក់​បេះដូង មិនធម្មតា​តិចជាង​១២០ដង​ក្នុងមួយ​នាទី គ្មានកម្លាំង​កន្ដ្រាក់សាច់ដុំ​ជាដើម។ អាការ​ទាំងនេះ​នឹងអាច​ឱ្យទារក​ស្លាប់បាន បើជួយ សង្គ្រោះ​មិនទាន់។

វិធីសង្គ្រោះ​ទារកកើត​មិន​គ្រប់ខែ

នៅពេល​បច្ចុប្បន្ននេះ នៅតាម​មន្ទីរពេទ្យធំៗ​មួយចំនួន ដូចជា​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កាល់ម៉ែត មជ្ឈមណ្ឌល ជាតិគាំពារ​មាតានិង​ទារក​ជាដើម មានឧបករណ៍​សម្រាប់ជួយ​សង្គ្រោះ​ទារកដែល​កើតមិន​គ្រប់ខែ ឬមិនគ្រប់​ទម្ងន់​ជាដើម។ ទារក​ដែលកើត​មិនគ្រប់ខែ ឬមិនគ្រប់​ទម្ងន់ អាចសង្គ្រោះ​បានដោយ​ឧបករណ៍ ឬដោយវិធី​ចិញ្ចឹមទារក​នៅក្នុងកែវ​ដែលមាន​កម្ដៅ គ្រប់គ្រាន់។ ប្រសិនបើ​អ្នកម្ដាយ​ទាំងឡាយ​មានកូនកើត​មិនគ្រប់ខែ ឬមិនគ្រប់​ទម្ងន់ ហើយពុំ​មានលទ្ធភាព​ង្គ្រោះបែប​វិទ្យាសា ស្ដ្រ ដោយហេតុ​ផលផ្ទាល់​ខ្លួនផ្សេងៗ​នោះ គប្បីចិញ្ចឹម​កូនតាម​របៀបសត្វ​កង់គូរូ​ដោយរុំកូន​ឱ្យបាន​ត្រឹមត្រូវ រួចត្រូវ​ឱបកូន​តូចឱ្យ ជាប់នឹង​ដើមទ្រូង ជាប់រហូត​សឹងតែ២៤​ម៉ោងក្នុង​មួយថ្ងៃ។ ក្នុងករណី​ដែលទារក​មិនអាចបៅ​បាន អ្នកម្ដាយ​ត្រូវច្របាច់​ទឹកដោះ ដាក់កែវ រួចយកស្លាប​ព្រាតូច​បញ្ចុកកូន​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​ទារក​តូចឆាប់​រឹងប៉ឹង។

ដំបូន្មានអ្នក​ជំនាញ

ដើម្បីចៀសវាង​ករណី​រលូតកូន ឬកូនកើត​មិនគ្រប់​ខែ អ្នកម្ដាយ​ទាំងអស់​ត្រូវទៅ​ពិនិត្យផ្ទៃពោះ​ចាប់តាំង​ពីមានសញ្ញា ថាមាន​កូនភ្លាម ជាពិសេស​ពេលមាន​ការបាត់រដូវ។ ការតាមដាន និងពិនិត្យផ្ទៃពោះ​បានត្រឹមត្រូវ​អាចឱ្យអ្នក​ម្ដាយដឹង​នូវសញ្ញា គ្រោះថ្នាក់​ផ្សេងៗបាន។ គប្បីសម្រាល​កូននៅមន្ទីរ​ពេទ្យជាមួយ​គ្រូពេទ្យ​ជំនាញ នោះអ្នក​ម្ដាយដែល​មានសញ្ញា​គ្រោះថ្នាក់​នៅ ពេល​សម្រាល និងទារក ពិតជា​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative