គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ជាងឆ្នាំ​មុន នៅពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ

វាសឹង​ក្លាយជា​រឿង​ធម្មតា​ទៅហើយ ដែល​នៅពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដងៗ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​កើនឡើង​នោះ។ ប៉ុន្ដែ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ​ខុសពី​ឆ្នាំមុន ព្រោះ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​នានា​បាន​ថយចុះ​គួរឱ្យ​​ចាប់អារម្មណ៍។ នៅកម្ពុជា​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​នូវការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល រហូត​មាន​របាយការណ៍ បញ្ជាក់​អត្រា​ស្លាប់​របស់​ប្រជាពលរដ្ឋ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ច្រើនជាង​ការស្លាប់​ដោយសារ​ជម្ងឺ​អេដស៍​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

២០០៩​ថយចុះ​ជាង​២០០៨

កាលពី​ឆ្នាំ២០០៨​កន្លងទៅ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រហូត ដល់៣១៧​លើក ដែល​បណ្ដាលឱ្យ​មនុស្សស្លាប់​ចំនួន​៥៩នាក់ របួស​ធ្ងន់​ចំនួន​២៩១​នាក់ និង​របួស​ស្រាលមាន​ចំនួន​រហូត​៤១១នាក់ ដោយ​គិតចាប់ពី​ថ្ងៃទី១២​ដល់ថ្ងៃទី​១៦ខែមេសា។ បើគិត​ជា​ភាគរយ​ឃើញថា​ក្នុងមួយ​ថ្ងៃមាន​គ្រោះថ្នាក់​ចរាចរ​ចំនួន​៦៣.៤ករណី ដែល បាន​កើតឡើង បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន១១.៨នាក់។

ដោយឡែក​សម្រាប់​ឆ្នាំ២០០៩​នេះ បើ​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ​បានឱ្យ​ដឹងថា នៅពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​គិតចាប់​ពីថ្ងៃ​ទី១៣​ដល់១៧​មេសានេះ នៅ​ទូទាំ​ប្រទេស​គ្រោះថ្នាក់ ចរាចរណ៍​បាន​កើតឡើង​២៤០​ករណី បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​៥២នាក់ មាន​២៣៣នាក់​របួស​ធ្ងន់ និង​២២៤​នាក់ របួស​ស្រាល។ អត្រា​តួលេខ​នៃឆ្នាំ​ទាំងពីរ​នេះ បើ​ប្រៀបធៀប​គ្នា​ឃើញ​ចំនួន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ថយ​គួរឱ្យ​កត់​សម្គាល់។

បញ្ហា​គ្រោះថ្នាក់​ចរាចរ​គឺជា​ប្រធានបទ​មួយយ៉ាង​សំខាន់ និងជា​វិញ្ញាសា​មួយដែល​រាជរដ្ឋាភិបាល​កំពុង​ផ្ដោត​អារម្មណ៍ និង យកចិត្ដ​ទុកដាក់​ជាចម្បង។ បើ​យោងទៅ​តាមការ​សង្កេត​របស់​មន្ដ្រី​ជំនាញ​កន្លងមក​បានឱ្យ​ដឹងថា “គ្រោះថ្នាក់​ចរាចរ​ដែលកើត​មាន ភាគច្រើន​កើតឡើង​ចំពេល​មាន​ពិធី​បុណ្យ​ទាន​ផ្សេងៗ ជាពិសេស​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ”។ មូលហេតុ​ដែល​បង្កឱ្យ​កើតមាន​​គ្រោះថ្នាក់ ចរាចរ មាន​ដូចជា​បើកបរ​ក្នុង​ល្បឿនលឿន​ហួស​កម្រិត បញ្ជា​យានយន្ដ​ក្នុងភាព​ស្រវឹង មិន​គោរព​ច្បាប់​ចរាចរណ៍ ភ្លើង​សញ្ញា ស្លាក​សញ្ញា​ចរាចរណ៍ ការផ្ទុក​លើស​ចំណុះ និងការ​ដែលមិន​គោរព​សិទ្ធិ​អាទិភាព​ជាដើម។

បណ្ដា​គ្រោះថ្នាក់​ដែល​កើតមាន​នៅលើ​ដងផ្លូវ​សាធារណៈ ភាគច្រើន​បង្កឡើង​ដោយ​កត្ដា​មនុស្ស​ដែលមាន​អត្រា​ខ្ពស់​រហូត ដល់ទៅ​៩៤%។ បញ្ហា​ទាំងអស់​សុទ្ធសឹង​តែកើត​ចេញពី​ការ​បើកបរ​ដោយ​មិនបាន​យល់ច្បាស់​អំពី​ច្បាប់​ចរាចរណ៍ មិន​គោរព​ច្បាប់ ចរាចរណ៍ និង​បើកបរ​ក្នុង​ល្បឿន​លឿន ដោយក្នុង​នោះ​ភាគច្រើន​បង្កឡើង​ដោយ​ក្រុម​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​១៥-២៤ឆ្នាំ។ លើស​ពីនេះ​ទៅទៀត​មួយ​ចំនួនតូច​គឺបង្ក​ឡើង​ដោយសារ​ភាព​ស្រវឹង​ក្នុងពេល​បើកបរ។ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ដែលកើត​មាន​នៅក្នុង ឆ្នាំ​២០០៩ ថ្វីត្បិត​តែមាន​ការ​ថយចុះ​ក៏​នៅតែ​ជាអត្រា​មួយដែល​ស្ថិតនៅ​កម្រិតខ្ពស់​ដដែល​សម្រាប់​ប្រទេស​កម្ពុជា។

រួមគ្នា​កាត់​បន្ថយ​គ្រោះថ្នាក់

ប៉ុន្មាន​ឆ្នាំមុន​នេះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បានឡើង​ខ្លាំង តែ​ពេលនេះបាន​ចាប់ផ្ដើម​ចុះជា​បណ្ដើរ​ហើយ ហេតុនេះ​យើង ទាំងអស់​គ្នា​គួរបន្ដ​រួមគ្នា​ធ្វើឱ្យ​ចំនួន​នេះ​កាន់តែ​ថយចុះ​ជាងនេះ​ទៅទៀត។ ដើម្បី​ចៀសវាង​ពីការ​កើតមាន​គ្រោះថ្នាក់​ចរាចរ លោកអ្នក ត្រូវតែ​គោរព និង​អនុលោម​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវច្បាប់​ចរាចរ​ដែលបាន​ចែង ដូចជា​ត្រូវពាក់​មួក​សុវត្ថិភាព​នៅពេល​បើកបរ សម្រាប់អ្នក បញ្ជា​យានយន្ដ​កង់ពីរ ហើយ​ចំពោះ​អ្នក​បញ្ជា​រថយន្ដ​ចាំបាច់​ត្រូវ​បំពាក់​ខ្សែក្រវាត់​សុវត្ថិភាព។ ជាមួយ​គ្នានេះ​ផងដែរ ត្រូវមាន​ការ ប្រុងប្រយ័ត្ន​នៅពេល​បើកបរ ដូចជា​មិនត្រូវ​ទទួល​ទាន​គ្រឿង​ស្រវឹង ត្រូវ​បើកបរ​ក្នុង​ល្បឿន​ដែល​ច្បាប់​បាន​កំណត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative