អម្ពរ ទេវី មាតាគំរូ

នៅពេល​មានគភ៌ អ្នកនាងតែង​ឱ្យគ្រូពេទ្យ​ធ្វើការតាម​ដានសុខភាព​ជារៀងរាល់ខែ​រហូតដល់​ពេលសម្រាល។ អ្នកនាង​ធ្លាប់បាន​ក្រសួងសុខាភិបាល​ថតជា​ស្ពត​អប់រំ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និងបានដាក់​ឈ្មោះ​អ្នកនាង​ថាជា​មាតាគំរូ។ តើអ្នកនាង មានការ​ថែរក្សាគភ៌​របៀបណា ទើបមាន​ឈ្មោះថា​ជាមាតាគំរូ? សព្វថ្ងៃនេះ អ្នកនាងអម្ពរ ទេវី មានបុត្រា​ម្នាក់​អាយុ៧ឆ្នាំ ដែលមាន សុខភាពមាំមួន និងមានប្រាជ្ញា​ឈ្លាសវៃ​ទៀតផង។ តើអ្នកនាងអម្ពរ ទេវី មានវិធី​សាស្ដ្រ​ថែទាំ​គភ៌​យ៉ាងណា តាំងពី​ពេលទារក​នៅក្នុង ផ្ទៃរហូតដល់​ពេលសម្រាល?

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​គភ៌

ស្ដ្រីមួយ​ចំនួន​នៅពេល​មានផ្ទៃពោះ​តែងមាន​អាការ​ចាញ់កូន។ ប៉ុន្ដែ​ចំពោះអម្ពរ ទេវីវិញ អ្នកនាង​មិនមាន​ការចាញ់​កូនទេ។

  • ការទទួល​ទានអាហារ ៖ នៅពេលព្រឹក អ្នកនាង​ញ៉ាំទឹកដោះ​គោឆៅពីរ​កំប៉ុង ហើយនៅ​ពេលយប់​អ្នកនាង​តែងញ៉ាំទឹក ដោះគោឆៅពីរ​កំប៉ុងទៀត។ លើសពីនេះ អ្នកនាង​តែងគោរព​តាមវេជ្ជបញ្ជា​របស់ពេទ្យ ដូចជាថា​តើនៅពេល​មានផ្ទៃពោះ​ប៉ុន្មានខែ យើងត្រូវទទួលទាន​អាហារអ្វីខ្លះ​ដើម្បីជួយ​ដល់សរីរាង្គកាយ និងខួរក្បាល​របស់ទារក។ អ្នកនាង​ក៏ទម្លាប់​ទទួលទាន​តាមដំបូន្មាន និង វេជ្ជបញ្ជារបស់គ្រួសារ​ផងដែរ។ អ្នកនាង​ចូលចិត្ដ​ហូបបន្លែ​គ្រប់មុខ និងសណ្ដែកដីស្ងោ។ អ្នកនាង​មិនមាន​ការតម​អាហារអ្វីទេ អ្នកនាង ទទួលទាននៅពេល​ដែលអ្នកនាង​ឃ្លាន។

មានស្ដ្រីខ្លះ មិនចង់បាន​កូនធ្លោស គេក៏តាំង​ញ៉ាំតិច ឬញ៉ាំតាម​ធម្មតា។ ប៉ុន្ដែចំពោះ​អ្នកនាងវិញ អ្នកនាង​ចង់ឱ្យទារក​ក្នុងផ្ទៃ ល្អ។ អ្នកនាង​បរិភោគ​អាហារច្រើន ហើយដោយ​សារអ្នកនាង​ជាស្ដ្រីមិន​ចាញ់កូនផង​នោះ អ្នកនាង​អាចបរិភោគច្រើន​ទៅតាមការ ឃ្លាន។ ម្យ៉ាងទៀត លាយឡំ​នឹងការ​សប្បាយដែល​ស្វាមីផ្ដល់​ឱ្យធ្វើឱ្យ​អ្នកនាង​សប្បាយចិត្ដ មិនពិបាកចិត្ដ នៅពេល​កូនកើតមក​មាននឹង សុខភាពល្អ។ ហើយការ​ឆ្លាតវៃ​របស់កូន​អ្នកនាង​ក៏ចេះតែ​ឃើញការ​វិវឌ្ឍន៍​របស់វាជា​បន្ដៗមកដែរ។

អ្នកនាងតែង​ឮស្ដ្រីខ្លះនិយាយ​ថានៅពេល​មានផ្ទៃពោះ ចង់ឱ្យ​សាច់កូនស្អាត គាត់ពិសាប៊ីយែ​(ស្រាបៀរ)។ ប៉ុន្ដែចំពោះអ្នក នាងមាន​ការយល់ដឹង​ផ្សេងពីនោះ ហើយការ​យល់ដឹង​របស់អ្នកនាង ក៏សមស្រប​ទៅនឹង​វេជ្ជបញ្ជា​របស់ពេទ្យដែរ គឺនៅពេលមាន​ផ្ទៃពោះ អ្នកនាង​មិនពិសាស្រា ឬគ្រឿងស្រវឹង​ផ្សេងៗឡើយ បារីក៏មិន​ត្រូវពិសាដែរ ព្រោះផ្សែង​បារីអាចប៉ះពាល់​ដល់ទារក​ក្នុងផ្ទៃ នាំឱ្យ ទារកមានសុខភាព​មិនល្អ។

  • ការកម្សាន្ដ​សប្បាយ នៅពេលមាន​ផ្ទៃពោះ អ្នកនាង​យល់ថាការ​កម្សាន្ដ​សប្បាយ និងការសប្បាយ​ចិត្ដជារឿង​សំខាន់ ណាស់សម្រាប់​ទារកនៅ​ក្នុងផ្ទៃ។ នៅពេលអ្នក​នាងមានគភ៌ ស្វាមីរបស់​អ្នកនាង​តែងធ្វើឱ្យ​អ្នកនាង​សប្បាយ​ចិត្ដជានិច្ច អ្នកនាង​មិនមាន ការខឹង មិនមាន​ការព្រួយបារម្ភ​អ្វីទាំងអស់ គឺមានតែ​អារម្មណ៍​សប្បាយចិត្ដ​តែប៉ុណ្ណោះ។ នៅរាល់​ពេលល្ងាច ស្វាមីរបស់​អ្នកនាងតែង ជូនអ្នកនាងដើរ​លេងកម្សាន្ដ​តាមមាត់ទន្លេ ដើរហាត់ប្រាណ ឬទៅរាំលេង​នៅក្នុងកន្លែង​កម្សាន្ដនានា​ជាច្រើន។
  • សកម្មភាព​ប្រចាំថ្ងៃ នៅពេលមាន​ផ្ទៃពោះ អ្នកនាងតែង​តែដើរច្រើន មិនមានការ​ទម្រន់ទេ។ ជាពិសេស​នៅពេលដែល ទារកក្នុងផ្ទៃ​មានអាយុ​បាន៧ខែ អ្នកនាងដើរ​កាន់តែច្រើន ដើម្បីឱ្យ​ត្រគាកបើក ងាយស្រួល​នៅពេល​សម្រាល។ កំឡុងពេលនេះ អ្នក នាងក៏មាន​ការហាត់ប្រាណ​ដែរ គឺហាត់តាមក្បួន​របស់គ្រូពេទ្យ ដើម្បីឱ្យ​ត្រគាកបើក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​បុត្រ

នៅពេលសម្រាល​បុត្របាន៥ ឬ៦ថ្ងៃ រាល់ពេល​ព្រឹកព្រលឹម អ្នកនាង​តែងយក​កូនទៅដាក់​ឱ្យចំនឹង​កម្ដៅព្រះអាទិត្យរះ​នៅ ពេលព្រឹក គឺនៅពេល​ព្រះអាទិត្យ​មិនទាន់​បញ្ចេញ​ចំហាយក្ដៅ ដើម្បីឱ្យ​ស្បែក និងឆ្អឹងរបស់​ទារកល្អ។ នេះជាការ​ធ្វើតាម​វេជ្ជបញ្ជា ដែរ។ ព្រោះរស្មី​ព្រះអាទិត្យ​នៅពេលព្រឹក​ព្រលឹម​អាចធ្វើឱ្យឆ្អឹង​កូនលូតលាស់ និងស្បែក​របស់កូន​មិនមានភាព​ស្លេកស្លាំង។ អ្នកនាង អនុវត្ដបែប​នេះរហូត​ដល់ទារកអាយុ​បានមួយខែ។

  • ការបំបៅកូន​ដោយទឹកដោះ តាំងពីពេល​សម្រាលកូនមក អ្នកនាង​ធ្វើការបំបៅ​កូនដោយ​ដោះ ព្រោះថាទឹក​ដោះម្ដាយជា អាហារល្អ​ណាស់​សម្រាប់ទារក។ អ្នកនាង​បំបៅកូនដោយ​ទឹកដោះបាន​រយៈពេល៧ខែ ទើបអ្នកនាង​ចាប់ឱ្យអាហារ​បន្ថែមដល់​កូនរបស់ អ្នកនាង ដូចជាបបរ​ដំឡូងបារាំង ការ៉ុត និងបន្លែ​ស្លឹកខៀវ ឬស្ពៃយក​មកស្ងោរ​ជាមួយទឹកស៊ុប​កិនវាឱ្យម៉ដ្ឋ​ជាដើម។
  • ការងូតទឹកឱ្យកូន អ្នកនាងងូត​ទឹកក្ដៅឧណ្ហៗ​ឱ្យកូនរយៈ​ពេលបីខែ។ បន្ទាប់ពីការ​ងូតទឹកហើយ អ្នកនាង​តែងលាប​ម្សៅ ឱ្យកូនជា​រៀងរាល់ពេល ដើម្បីកុំឱ្យ​រលាក ឬរមាស់ស្បែក។
  • នៅពេលកូន​ក្ដៅខ្លួន ៖ នៅពេល​កូនគ្រុន​ផ្ដាសាយ គ្រុនក្ដៅ ឬរលាក​បំពង់ក អ្នកនាង​តែងបញ្ជូន​កូនទៅ​មន្ទីរពេទ្យ ដើម្បី ទៅទទួល​ការព្យាបាល និងឆ្ពុង​នៅទីនោះ។ លើសពីនេះ អ្នកនាង​បានទិញ​ឧបករណ៍សម្រាប់​ឆ្ពុងឱ្យកូន​ទុកនៅផ្ទះ ដើម្បីជា​ការងាយ ស្រួលបង្ការនៅ​ពេលកូនឈឺ​ថ្កាត់យប់​ព្រលប់ ដូចជាក្អក ផ្ដាសាយ​ជាដើម។

បណ្ដាំផ្ញើរបស់​អម្ពរ ទេវី

ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវថែរក្សា​គភ៌ឱ្យ​បានល្អ ចៀសវាង​ធ្វើការ​ធ្ងន់ពេក ឬការឈោង​យកវត្ថុខ្ពស់​ផុតពីដៃ ព្រោះអាច​ធ្វើឱ្យប៉ះ ពាល់ដល់​ទារក​ក្នុងផ្ទៃ។ ជាការសំខាន់ ស្វាមី​ត្រូវគិតគូរ​ដល់ភរិយា​នៅពេល​មានគភ៌ កុំធ្វើឱ្យ​ភរិយាពិបាក​ចិត្ដ នាំឱ្យ​ប៉ះពាល់​ដល់ទារក ក្នុងផ្ទៃ។ ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវទៅ​ពិនិត្យផ្ទៃពោះ​ជាប្រចាំតាម​វេជ្ជបញ្ជា ចៀសវាង​នូវការ​ប្រើប្រាស់​ថ្នាំដោយ​ខ្លួនឯង ដោយគ្មាន​វេជ្ជបញ្ជា និងដើម្បី​បង្ការកុំឱ្យ​ហើមជើង​នាំឱ្យប៉ះពាល់​ដល់ពេល​សម្រាលបុត្រ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative