ចន ច័ន្ទលក្ខិណា សម្រស់​ស្អាត សុខភាពល្អ

អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារា​សម្ដែងដ៏​ល្បីមួយរូប និងជា​ពិធី​ការិនី​ដ៏ស្រស់​ស្អាត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​អប្សារា។ សម្រាប់​អ្នកនាង​ ចន ច័ន្ទលក្ខិណា ការ​ថែរក្សា​សម្ផស្ស និងសុខភាព ជារឿង​ចាំបាច់​បំផុត ហើយអ្នក​នាងតែង​តែយក​ចិត្ដទុក​ដាក់​ជានិច្ច ។ ពេលនេះ អ្នកនាង​បានទម្លាយ​ឱ្យដឹង​អំពី​អាថ៌កំបាំង​នៃការ​ថែរក្សា​សម្ផស្ស​របស់​អ្នកនាង​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​បបូរមាត់

បបូរមាត់​ជាបញ្ហា​សំខាន់​គួរយក​ចិត្ដទុក​ដាក់។ អ្នកនាង​ជ្រើសរើស​ក្រែមលាប​មាត់ណា​ដែលមាន​គុណភាព​ល្អយក​មកប្រើ ប្រាស់ ដើម្បី​ចៀសវាង​នូវការ​ធ្វើឱ្យ​បបូរមាត់​ឡើងខ្មៅ​ស្រគាំ។ មិនតែ​ប៉ុណ្ណោះ អ្នកនាង​មានប្រើ​ក្រែម​វីតាមីន​ជំនួយ​បបូរ​មាត់ទៀត។ ពេលអ្នក​នាងមិនសូវ​ស្រួលខ្លួន ឬនៅ​វពេលដែល​អ្នកនាង​ប្រើក្រែម​លាប​បបូរមាត់​ច្រើនពេក ធ្វើឱ្យ​បបូរមាត់​ប្រេះ ឬស្ងួត។ ដូចនេះ​អ្នក នាងត្រូវ​ប្រើ​ក្រែមនេះ ជាជំនួយ​បបូរមាត់។ អ្នកនាង​មិនប្រើ​វាជា​ប្រចាំទេ គឺប្រើវា​នៅថ្ងៃណា​ដែល​អ្នកនាង​ត្រូវធ្វើ​ការផាត់​មុខតែ ប៉ុណ្ណោះ។

ការថែរក្សា​ស្បែកមុខ

ដើម្បី​ថែទាំ​ស្បែកមុខ អ្នកនាង​ជ្រើសរើស​តែ​ផលិតផល និងឡេ​ណាដែល​មាន​គុណភាព​ល្អប៉ុណ្ណោះ។ លក្ខិណា​មានការ​បែង ចែកឡេ​សម្រាប់​ប្រើប្រាស់​ជាពីរ​សណ្ឋាន គឺឡេ​សម្រាប់​ប្រើពេល​យប់ និងឡេ​សម្រាប់​ប្រើពេល​ព្រឹក។ ពេលយប់ គឺអ្នកនាង​ប្រើឡេ សម្រាប់​ជំនួយ​ស្បែកមុខ។ ពេលព្រឹក​អ្នកនាង​ប្រើក្រែម​សម្រាប់​ការពារ​កម្ដៅថ្ងៃ។

ចំពោះការលាងម្សៅ​នៅលើ​ផ្ទៃមុខ

លក្ខិណា​មានវិធី​ពីរយ៉ាង។ ទីមួយ គឺអ្នកនាង​ប្រើជាតិ​ឡូសិន ឬទឹកប្រេង​សម្រាប់​ជូត ម្សៅលើ​ផ្ទៃមុខ។ វិធី​ទីពីរ គឺអ្នក​នាង ប្រើទឹក​ម្យ៉ាងទៀត​ដើម្បី​សម្អាត​ម្សៅចេញ។ ចុងក្រោយ​អ្នកនាង​ប្រើសាប៊ូ​លាងនៅ​លើ​ផ្ទៃមុខ។

ការថែរក្សាស្បែកមុខតាម​បែប​ធម្មជាតិ

លក្ខិណា​ចូលចិត្ដ​ប្រើប៉ិគក់ ផ្លែត្រសក់ និងយ៉ាអួ​មកបិត​នៅលើ​ផ្ទៃមុខ​ក្នុងមួយ​សប្ដាហ៍​បីដង។ ការបិត​នេះមិន​មែនចេះ​តែបិត ទេ អ្នកនាង​បិតពេល​អ្នកនាង​មានអាការ​ក្ដៅមុខ ឬនៅ​ក្រោយពេល​ស្ទីម​មុខរួច។ ព្រោះថា​ពេលស្ទីម មុខយើង​ទទួល​កម្ដៅ នៅពេល ចេញពី​ស្ទីមមុខ យើងត្រូវ​បិតផ្លែឈើ​ទាំងនេះ​នៅលើមុខ​ឱ្យត្រជាក់់។

ការថែរក្សា​ចិញ្ចើម

ចំពោះលក្ខិណា បញ្ហារោម​ចិញ្ចើម​មិនមែន​ជាប្រការ​ដែលគួរ​ឱ្យយក​ចិត្ដទុក​ដាក់ខ្លាំង​នោះទេ។ អ្នកនាង​ជានារី​ម្នាក់់ ដែល ស្រឡាញ់​ចិញ្ចើម​បែប​ធម្មជាតិ មិនសូវ​ចូលចិត្ដ​កោររោម​ចិញ្ចើមទេ។

ការថែសម្រស់​រោម​ភ្នែក

ការពត់​រោម​ភ្នែកច្រើន ធ្វើឱ្យ​រោមភ្នែក​អាច​ជ្រុះច្រើន។ អ្នកនាង​ជ្រើសរើស​យកម៉ាស្ការ៉ា​ណាដែលល្អ ប្រើទៅមិន​ធ្វើឱ្យរោម ភ្នែកជ្រុះ។ អ្នកនាង​មិនសូវ​ធ្វើការ​ពត់រោម​ភ្នែកទេ។ ឥឡូវនេះ អ្នកនាង​ជ្រើសរើស​វិធីមួយ គឺការពាក់​រោមភ្នែក ដើម្បី​ចៀសវាង​នូវ ការពត់​រោមភ្នែក​ញឹកញាប់។

ការថែទាំ​សក់

លក្ខិណាបាន​ទទួលស្គាល់​ថាទាំង​រូបអ្នកនាង និងទាំង​តារា​ដទៃទៀត​ប្រមាណជា​៨០%ហើយ ដែលទទួល​រងការ​ខូចសក់ ដោយសារ​ការ​ធ្វើសក់ ដូចជា​ការកៀប​សក់ ការប្ដូរ​ពណ៌សក់ ឬហាយឡាយ​សក់ជាដើម ច្រើនដងពេក។ ដូច្នេះជា​មធ្យោបាយ​ការពារ សក់ អ្នកនាង​បានកាត់​បន្ថយការ​កៀបសក់ និងការហាយ​ឡាយសក់ ដោយងាក​មកប្រើក្រែម​បម្រុងសក់។ អ្នកនាង​ជ្រើសរើស​សាប៊ូ ណាដែល​មានគុណភាព​ល្អ ដើម្បី​ជាជំនួយ​ដល់សក់​របស់​អ្នកនាង។ ក្នុង១សប្ដាហ៍ អ្នកនាង​ធ្វើការអប់​សក់ម្ដង។ នៅពេល​កក់សក់ អ្នក នាងតែង​ប្រើប្រេង​បន្ទន់សក់។ នៅពេល​សក់ស្ងួត​បន្ទាប់ពី​កក់ហើយ អ្នកនាង​ប្រើក្រែម​បម្រុងសក់​ទៀត ដើម្បី​ជួយឱ្យសក់​លូតលាស់ល្អ និងមាន​ភាពទន់​រលោង។ មុនពេល​កៀបសក់ អ្នកនាង​តែងប្រើ​ប្រេងម្យ៉ាង​លាបសក់ ដើម្បីកាត់​បន្ថយ​កម្ដៅនៅ​ពេល​កៀបសក់។

ការថែរក្សា​ស្បែក

នៅពេល​ទំនេរ អ្នកនាង​តែងតែ​ទៅឆ្ពុង​តាមបែប​ធម្មជាតិ ដើម្បី​ថែរក្សា​ស្បែក និងប្រើឡេ​លាបស្បែក​នៅពេលព្រឹក និង ពេលល្ងាច។ សម្រាប់​ពេលថ្ងៃ អ្នកនាង​លាបឡេ​ការពារ​កម្ដៅថ្ងៃ ប្រយោជន៍​ធ្វើឱ្យ​ស្បែកម៉ដ្ឋ។ នៅពេលយប់ លក្ខិណា​ប្រើឡេ​ថែរក្សា ស្បែក និងបម្រុង​ស្បែក។ ឡេប្រភេទ​ទីពីរ គឺការពារ​កម្ដៅថ្ងៃ និងថែរក្សាស្បែក ដើម្បីឱ្យស្បែក​មានសំណើម និងសម៉ដ្ឋ​រលោង។

ការទទួលទាន​ចំណី​អាហារ

លក្ខិណា​ប្រកាន់យក​នូវការ​ទទួលទាន​អាហារមាន​ការកំណត់ និងទៀងទាត់​ពេលវេលា។ អ្នកនាង​ចូលចិត្ដ​បរិភោគ​ផ្លែឈើ ដូចជា​ផ្លែប៉ោម​ពណ៌ខៀវ​ជាដើម និងបន្លែ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​សុខភាព​រាងកាយ

ពីមុនអ្នកនាង​ប្រើថ្នាំលេប ដើម្បីជា​ជំនួយ​ក្នុងការ​ថែរក្សា​សម្ផស្ស។ ប៉ុន្ដែ​ឥឡូវនេះ អ្នកនាង​ផ្អាក​ប្រើប្រាស់​ថ្នាំនេះ ដោយ សារអ្នក​នាងគ្មាន​ពេលវេលា​គ្រប់គ្រាន់។ ការថែរក្សា​រាង្គកាយ​សម្រាប់​អ្នកនាង​ជារឿងសំខាន់ ព្រោះថា​សព្វថ្ងៃនេះ អ្នកនាង​ជាតារាដ៏ ល្បីមួយរូប អ្នកនាង​ត្រូវការ​ប្រើប្រាស់​រាង្គកាយ។ អ្នកនាង​មិនញុំាអាហារ​តាមតែ​ចិត្ដដែល​នឹកចង់​នោះទេ។ ចំពោះការ​ទទួលទាន​ភេសជ្ជៈ អ្នកនាង​ចូលចិត្ដ​ទទួលទាន​ទឹកបរិសុទ្ធ មិនចូលចិត្ដញុំា​ទឹកផ្អែមទេ។ អ្នកនាង​មានគ្រូពេទ្យ​ប្រចាំខ្លួន សម្រាប់​ត្រួតពិនិត្យ​សុខភាព ជម្ងឺទូទៅ និងរោគស្ដ្រី។ នៅពេល​មានបញ្ហា​អ្វីដែល​សង្ស័យ អ្នកនាង​ត្រូវតែ​ទៅពិគ្រោះ​យោបល់ ដើម្បី​ចៀសវាង​នូវគ្រោះថ្នាក់ធំ ឬធ្ងន់ ធ្ងរ​កើតឡើង។

បណ្ដាំផ្ញើរបស់​អ្នកនាង ចន ច័ន្ទ​លក្ខិណា

អ្នកនាងចន ច័ន្ទលក្ខិណា​សូមផ្ដាំផ្ញើថា សូមស្ដ្រី​គ្រប់រូប​ត្រូវតែ​គិតគូរ​អំពីសុខភាព និងសម្រស់​របស់ខ្លួន។ កាលណា​សុខភាព យើងល្អ និងសម្រស់​របស់យើង​ល្អហើយ ជីវិតយើង​ក៏មាន​សេចក្ដីសុខ និងសុភមង្គល​ដែរ។ ដូច្នេះយើង​គួរតែ​ថែទាំ​សុខភាព​ឱ្យបានទៀង ទាត់គ្រប់​ពេលវេលា ទាំងការ​បរិភោគ ទាំងការ​ថែរក្សា​សម្រស់។ យើងត្រូវ​ទទួលទាន​ដំណេកឱ្យ​បាន១ថ្ងៃ​៨ម៉ោង។ ពេលទំនេរ យើង គួរឆ្លៀត​ឱកាស​ធ្វើដំណើរ​កំសាន្ដ ដើម្បីឱ្យ​អារម្មណ៍​ស្រស់ថ្លា។ នៅពេល​អារម្មណ៍​ស្រស់ថ្លា ការងារ​យើងក៏ល្អ។ អ្វីដែល​សំខាន់​ជាងនេះ ទៅទៀតនោះ គឺយើង​ត្រូវតែ​មានអនាម័យ​ជាការ​សំខាន់បំផុត ទាំងការ​ទទួលទាន​ចំណីអាហារ និងការ​អនាម័យ​ខ្លួនប្រាណ។ ត្រូវ ទទួលទាន​ចំណីអាហារ​ណាដែលល្អ​ស្អាតមាន​អនាម័យ មិនត្រូវញុំា​អាហារណា​ដែលមាន​រុយរោម និងមិនត្រូវ​បរិភោគ​តាមឃ្លាន​នោះទេ យើងគួរតែ គិតពីផល​វិបាកវាទៅ​ថ្ងៃក្រោយ​ផងដែរ។

 ប្រវត្តិរូបសង្ខេប

  • ឈ្មោះ ៖ ចន ច័ន្ទលក្ខិណា
  • អាជីព ៖ តារាសម្ដែង និងជាពិធី​ការិនី
  • ថ្ងៃខែឆ្នាំកំណើត ៖ ២០  មិថុនា  ១៩៨០
  • បងប្អូន ៖ ៤នាក់ (ជាកូនទីមួយ)
  • ស្ថានភាពគ្រួសារ ៖ មានស្វាមី
  • ទំហំទាំងបី ៖ ៣៤,  ២៧,  ៣៦
  • ទម្ងន់ ៖ ៥២គីឡូក្រាម
  • កម្ពស់ ៖ ១,៦៧ម៉ែត្រ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative