វិធីប្រើ​ទឹកអប់

មនុស្សគ្រប់រូប សុទ្ធតែ​មានក្លិន​ខ្លួនមិនល្អ គ្រាន់តែ​អ្នកខ្លះក្លិនធម្មតា​ស្រាល អ្នកខ្លះ​ទៀតមានក្លិន​ខ្លាំងឈួល​ពិបាក​ទ្រាំ។ មានវិធី​បំបាត់​ក្លិនខ្លួន​ជាច្រើន ដែលកំពុង​ប្រើប្រាស់ ដូចជា​ការងូត​ទឹកសម្អាត​ខ្លួនជា​ប្រចាំ ប្រើប្រាស់​សាប៊ូ​ក្រអូប ផលិតផល​បំបាត់ក្លិនក្លៀក ការ​ប្រើប្រាស់​ទឹកអប់​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទឹកអប់​ជាទីពេញ​និយមរបស់​មនុស្សគ្រប់​ជាតិសាសន៍ មិនថា​ស្បែកស ស្បែកខ្មៅ ឬស្បែក​លឿង មិនថា​អាស៊ី មិនថា​អឺរ៉ុប។ មនុស្សភាគ​ច្រើន ប្រើប្រាស់​ទឹកអប់​ក្នុងគោល​បំណង​បំបាត់​ក្លិនខ្លួន និងឱ្យខ្លួន​ប្រាណក្រអូប។ មានទឹកអប់​ច្រើន​ប្រភេទ ច្រើនម៉ាក ដែលដាក់​លក់នៅ​លើទីផ្សារ ដូចជា​ប្រភេទ​លាប ប្រភេទបាញ់​ជាដើម។ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យករបៀប​ប្រើប្រាស់ ទឹកអប់​ដូចត​ទៅនេះ។

1- លាបទឹកអប់​លើខ្លួន​ឯង

តើលោកអ្នក​ត្រូវលាប​ទឹកអប់​នៅកន្លែង​ណាខ្លះ? ដើម្បីឱ្យ​ទឹកអប់​នៅរក្សា​ក្លិនបាន​យូរក្រោយ​ពីលាប​រួចហើយ លោកអ្នក ត្រូវលាប​លើខ្លួនតែ​កន្លែងដែល​លាក់កំបាំង​មិនត្រូវ​ថ្ងៃក្ដៅ ឬត្រជាក់។ នៅលើ​ចំណុចហាល​វាល ឬក្ដៅ ដូចជា​កញ្ចឹងក ដៃជាដើម ទឹកអប់​ឆាប់អស់​ក្លិនណាស់។ សក់ក៏​ដូច្នេះដែរ ពោលគឺ​ក្រោយលាប​ហើយវា​មិនអាច​ឱ្យនៅ​ជាប់ក្លិន​បានយូរទេ។ ជាការ​ប្រសើរ​បំផុត នោះ គឺបាញ់​ទឹកអប់​នៅផ្នែក​ទាំងឡាយ​ណា ដែលគ្រប​ដណ្ដប់ជិត​ដោយ​ខោអាវ ពោលគឺ​កន្លែងដែល​មិនត្រូវថ្ងៃ មិនត្រូវ​ខ្យល់។

2- បាញ់ទឹកអប់នៅ​លើខោអាវ

ជាការប្រសើរ​បំផុតនោះ គឺមុនពេល​យកខោអាវ​មក​ស្លៀកពាក់ គេត្រូវ​បាញ់ទឹកអប់​នៅលើផ្ទៃ​ខាងក្នុង​នៃខោអាវ។ សូម ចងចាំថា​ទឹកអប់ល្អ​តែងតែ​ត្រូវគ្នា​ជាមួយ​ជាតិឡែន សូត្រ ឬអំបោះ។ ទឹកអប់តែង​មានជាតិ​ប្រេង ដូច្នេះ​កាលណា​ប៉ះជាមួយ​នឹង ស្បែក វាអាចធ្វើ​ឱ្យស្បែក​មិនសូវល្អ។ ការលាប​ទឹកអប់តែ​មួយកន្លែង​ញឹកញាប់​ពេក អាចមាន​ប្រតិកម្ម​នៅលើ​ស្បែកធ្វើ​ឱ្យស្បែក រមាស់ ឬឡើង​ក្រហម។

3- ត្រូវចេះ​ជ្រើសរើស​ទឹកអប់

មានទឹកអប់​មួយចំនួន ពេលលាប ឬបាញ់ទៅ​ធ្វើឱ្យមាន​អារម្មណ៍​អស់កម្លាំង​កាន់តែខ្លាំង។ កោសិកា​នៃច្រមុះ​របស់មនុស្ស ម្នាក់ៗ ត្រូវការ​នូវក្លិន​មួយជា​កំណត់​របស់វា។ ដូច្នេះកាល​បើលាបប៉ះ ឬហិតទឹក​អប់ណា​ដែលកោសិកា​ច្រមុះរបស់​យើងមិន​ត្រូវការ អាច​បង្កបញ្ហា។ បែបនេះ​ត្រូវបំភ្លេច​វាចោលទៅ ហើយងាក​មកជ្រើសរើស​យកទឹកអប់​ប្រភេទថ្មី​មកប្រើវិញ។

4- ទឹកអប់កូឡូញ សម្រាប់​តែងខ្លួន

ទឹកអប់​ប្រភេទនេះ ត្រូវបាន​មនុស្សភាគ​ច្រើនស្វាគមន៍​បំផុត ដោយសារ​តែវា​មានតម្លៃ​ទាបអាច​ទទួលយក​បាន។ ក៏ប៉ុន្ដែ ត្រូវដឹងថា​ទឹកអប់​កូឡូញនេះ ជាប្រភេទ​ទឹកអប់​ដែលមាន​ក្លិនដ៏ប្រសើរ រក្សាក្លិន​បានយូរ និងមិនសូវ​ចុះប្រើ​ឆាប់អស់​ទៀតផង។ អ្វីៗ ទាំងអស់វាចំណុះទៅលើម៉ាកទឹកអប់ និងគុណភាពនៃវត្ថុធាតុដើមដែលយកមកផ្សំ។

5- គួរលាប​ទឹកអប់​ពេញខ្លួន

ការលាប​ទឹកអប់​ពេញរាងកាយ ត្រូវចំណាយ​ទឹកអប់ច្រើន តែនេះ​ជាវិធី​មួយក្នុង​ការប្រើប្រាស់​ទឹកអប់។ ម្យ៉ាងទៀត ក្លិន ក្រអូបដ៏​បរិសុទ្ធដែល​ភាយចេញ​ពីខ្លួននេះ ហាក់ដូចជា​ស្រទាប់​ស្បែកទី២​របស់លោក​អ្នកអញ្ចឹង។ ម្យ៉ាងទៀត​សូម​កុំភ្លេចថា ទឹកអប់ ជួយកម្ចាត់​នូវក្លិន​មិនល្អចោល។ ហេតុនេះហើយ បានជា​អ្នកខ្លះ​និយម​ប្រើប្រាស់​វាក្នុងការ​លាបឱ្យ​សព្វខ្លួនប្រាណ ដើម្បីជួយ​រក្សាក្លិន ក្រអូប​ទូទៅជាប់​បានយូរ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative