វិធីម៉ាស្សាខ្លួន

បច្ចុប្បន្ននេះ មានវិធីកែ​សម្ផស្ស​ជាច្រើន ដែលជួយ​ឱ្យស្បែកស​ស្អាត។ ការម៉ាស្សា​ខ្លួនជា​វិធីមួយ​ក្នុងចំណោម​វិធី​ជាច្រើន ដែលជួយឱ្យ​ស្បែកស។ ការម៉ាស្សា​នេះច្រើន​តែធ្វើ​ទៅលើ​មនុស្ស ដែលមាន​សម្បុរខ្មៅ ឬស្រអែម ដែលគេ​ចង់ឱ្យ​ស្បែកស​ម៉ដ្ឋ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពី​លេខមុន ប្រិយមិត្ដ​អ្នកអាន​បានជ្រាប​រួចមក​ហើយ​អំពីការ​ម៉ាស្សាមុខ។ ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូម ណែនាំ​ប្រិយមិត្ដ ឱ្យបាន​យល់ដឹង​អំពីការ​ម៉ាស្សាខ្លួន​វិញម្ដង តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយកញ្ញា លី សុខយ៉េង ម្ចាស់ហាង​ធម្មជាតិ​ថែ រក្សា​សម្ផស្ស និងអ៊ុតសក់។ ការម៉ាស្សាខ្លួន​អាចធ្វើ​បានទាំង​បុរស និងនារី ហើយធ្វើ​ទៅតាម​ដំណាក់កាល​របស់វា និងទៅតាម​ប្រភេទ ស្បែក។

របៀបធ្វើ​ម៉ាស្សាខ្លួន

ជាធម្មតាការ​ម៉ាស្សាខ្លួន​ត្រូវប្រើ​រយៈពេល​ពីមួយម៉ោង​ទៅពីរម៉ោង​ទៅតាម​ប្រភេទ​ស្បែកក្រាស់ ឬស្ដើង។ ការម៉ាស្សា គឺធ្វើចាប់ពី​ត្រឹមករហូត​ដល់ចុងជើង។

ដំណាក់កាលទី១ ៖ ការធ្វើ​ម៉ាស្សាដំបូង គឺការ​ប្រើថ្នាំ​ខាត់ស្បែក ដើម្បីប្ដូរ​ពណ៌រោម។ ថ្នាំនេះ​លាបទុករយៈ​ពេល២០នាទី ឬ ច្រើនជាង​នេះទៅ​តាមប្រភេទ​ស្បែក។ ការខាត់ស្បែក​នេះអាច​ធ្វើទៅ​បានតាម​ចំណង់​ចំណូល​ចិត្ដរបស់​លោកអ្នក​ដែលចង់បាន ដូចជា រោមពណ៌​ទង់ដែង ស ឬខ្មៅជាដើម។ មានអ្នកខ្លះ​ក៏មិនចង់​ប្ដូរពណ៌​រោមដែរ។

ដំណាក់កាលទី២ ៖ យើងត្រូវ​លាងជម្រះ​ជាតិថ្នាំ​ខាត់ស្បែក​ចេញ។ ដោយសារ​ថ្នាំខាត់​ស្បែកនេះ​មានសារ​ជាតិគីមី សូមលាប ប្រេងម្យ៉ាង​នៅលើ​ស្បែក រួចហើយ​ត្រូវចូល​ទៅក្នុង​ម៉ាស៊ីន​ចំហុយ។ ការចូល​ទៅក្នុងម៉ាស៊ីន​ចំហុយមាន​សារៈសំខាន់​ណាស់ ដើម្បី បណ្ដេញជាតិគីមី​ចេញពី​ក្នុងខ្លួន​មកវិញ​តាមញើស​នៅពេលឋិត​នៅក្នុង​ម៉ាស៊ីន​ចំហុយ។ រយៈពេល​ចូលក្នុង​ម៉ាស៊ីន​ចំហុយ​មិនមាន​កំណត់ ជាក់លាក់ទេ ជាទូទៅ​អាស្រ័យទៅ​លើលោក​អ្នកអាច​ទ្រាំបាន តែជាទូទៅ​រយៈពេល​ពី២០នាទី ទៅ១ម៉ោង។

ដំណាក់កាលទី៣ ៖ បន្ទាប់មក យើងយក​ម្សៅល្មៀត អំពិលទុំ និងក្រូចពោធិ៍សាត់​ដែលលាយ​រួចមក​ដុស​ខាត់ស្បែក ដើម្បី ជួយបណ្ដេញ​ជាតិគីមី​នៅលើស្បែក​ផងដែរ។ មួយសន្ទុះមក​ទើបជូត​សម្អាតម្សៅ​ល្មៀតចេញ។

ដំណាក់កាលទី៤ ៖ យើងលាបឡេ​ខាត់ស្បែក​ដើម្បីខាត់​ឱ្យស្បែកស។ ប៉ុន្ដែការ​ខាត់ស្បែក​យូរធ្វើឱ្យ​ស្បែកស្ដើង។ ដូច្នេះដំ ណាក់កាល​បន្ទាប់ទៀត យើងប្រើ​ម្សៅទឹកដោះគោ​មកលាយ​ជាមួយទឹក រួចលាប​លើស្បែក។ ម្សៅទឹកដោះ​គោនេះមាន​សារៈសំខាន់ ជាងគេក្នុងចំណោម​ឡេដែល​ប្រើក្នុងការ​ម៉ាស្ស៉ា វាធ្វើឱ្យ​ស្បែកល្អ។ វាមិនធ្វើឱ្យ​ស្បែកសទេ ប៉ុន្ដែវា​ជំនួយ​ស្បែក និងជួយបំប៉ន​ស្បែក ឱ្យស្បែកក្រាស​ឡើងវិញ។ សូមលាបវា​ឱ្យជ្រាបចូល​ទៅក្នុងស្បែក​បានល្អ។

ដំណាក់កាលទី៥ ៖ សូមយក​ទឹករ៉ែ​មកលាប​លើស្បែក​មួយជាន់​ទៀត។ ទឹករ៉ែនេះ​គេអាច​ហៅម្យ៉ាង​ទៀតថា​ការត្រាំ​ទឹកដោះ គោ។ កាលពីមុន គេដាក់ទឹករ៉ែ​លាយជាមួយ​ទឹកក្នុងអាង ហើយដេកត្រាំ ប៉ុន្ដែកា​ធ្វើបែបនេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់ស្បូន។ បច្នុប្បន្ន នេះ គេច្នៃទឹករ៉ែ​នេះជាទឹក​លាបលើ​ខ្លួនវិញ ដែលច្រើន​និយមហៅថា​ត្រាំទឹកដោះគោ​ស្ងួត។ យើងទុកវា​រយៈពេលកន្លះម៉ោង​ទើបលាង ចេញ។ ទឹករ៉ែ​នេះជួយ​បន្ទន់ស្បែក និងធ្វើឱ្យ​ស្បែកស។ ជាចុងក្រោយ​បង្អស់ សូមលាបឡេ​ដើម្បីជំនួយ​ស្បែក និងការពារ​កម្ដៅថ្ងៃ ក្រោយពីធ្វើការ​ម៉ាស្សារួច។

រូបភាពទស្សនាវដ្តីសុខភាពយើង

អត្ថប្រយោជន៍ និងផលវិបាក​នៃការម៉ាស្សា​ខ្លួន

ការម៉ាស្សា​ខ្លួនត្រឹមត្រូវ​តាមក្បួន អាចជួយឱ្យ​ស្បែកសស្អាត​ស្មើសាច់​ម៉ដ្ឋល្អ។

ប៉ុន្ដែការ​ម៉ាស្សាខ្លួន​ក៏មាន​ផលវិបាក​របស់វាដែរ ប្រសិនបើ​យើងម៉ាស្សា​ហួសកំណត់។ ការម៉ាស្សានេះ គឺធ្វើទៅ​តាម​ប្រភេទ ស្បែក ត្រូវមើលថា​តើស្បែកជា​ស្បែកស្ដើង ឬក្រាស់ ហើយស្បែក​នោះអាច​ទទួលយក​ជាតិថ្នាំ​ដែលប្រើនោះ​បានដែរ​ឬទេ។ គួរតែ បញ្ឈប់ការធ្វើម៉ាស្សា ប្រសិនបើ​ស្បែកមាន​ប្រតិកម្ម​ជាមួយថ្នាំ ឬឡេដែលប្រើ។ ការម៉ាស្សា​ក៏មិនត្រូវ​ធ្វើញឹកញាប់​ពេកនោះទេ ព្រោះ នាំឱ្យស្បែក​យើងស្ដើង។ ការធ្វើ​ម៉ាស្សាខ្លួន​លើសកំណត់ និងការធ្វើ​ខុសក្បួន​ចង់ឱ្យស្បែក​សឆាប់រហ័ស នាំឱ្យមាន​ផលវិបាក​ដល់ស្បែក ដូចជាស្បែក​ឆាប់កើត​អាចម៍រុយ អាលែកហ្ស៊ី ឬជ្រួញស្បែក​ជាដើម។ ជួនកាល​ធ្វើឱ្យ​ខូចស្បែក ស្បែកឆាប់ងាប់ មានគល់​រោមធំៗ និង ស្បែកកើត​ជ្រាំងធំៗ ជួនកាល​ស្បែកអាច​ងាប់កែ​មិនបាន​ទៀតផង។ ការម៉ាស្សា​ត្រូវធ្វើ​ទៅតាម​ការណែនាំ​របស់​អ្នកជំនាញ។

ដំបូន្មាន​អ្នកជំនាញ

លោកអ្នកមុន​នឹងប្រើប្រាស់​ផលិត ឬធ្វើអ្វីមួយ ចូរគិត​ពិចារណា​ឱ្យបាន​ល្អិតល្អន់​ពីអ្វីដែល​ត្រូវធ្វើ។ ការណែនាំ​ឱ្យធ្វើនោះជា ការសម​ហេតុផល ឬទេ ព្រោះថា​ប្រសិនបើ​យើងប្រើ​ផលិតផល​ខុស នាំឱ្យស្បែក​របស់យើង​ខូច ពិបាកកែ​ណាស់។ សូមលោកអ្នក​ប្រើ ប្រាស់នូវ​ផលិតផល​ដែលមាន​គុណភាពល្អ។ នៅពេល​ចេញក្រៅ​ផ្ទះទៅណា​មកណា ត្រូវប្រើឡេ​ការពារ​កម្ដៅថ្ងៃ ដើម្បី​ការពារ​ស្បែក។

បណ្ដាំផ្ញើរបស់​ទស្សនាវដ្ដី សុខភាពយើង

របៀបថែទាំ​ស្បែកដោយ​ការម៉ាស្សាខ្លួន​ដែលលើក​មកបង្ហាញ​ជូននេះ គឺគ្រាន់តែ​ជាការយល់​ដឹងប៉ុណ្ណោះ។ ទស្សនាវដ្ដី សុខភាពយើង សូមឱ្យ​លោកអ្នក​អានពិចារណា ធ្វើតាម​អ្វីដែលល្អ​បានហើយ។ អ្វីដែលបង្ហាញ​ជូនមកនេះ ជាទស្សនៈ និងបទពិសោធន៍​របស់ អ្នកប្រឹក្សា​យើងតែ​ប៉ុណ្ណោះ។ ទស្សនាវដ្ដី សុខភាពយើង​នឹងបន្ដ​ស្រាវជ្រាវ​រកប្រធានបទ​អំពីការ​តុបតែងខ្លួន និងការថែទាំ​សម្រស់ដទៃ ទៀតមក​ជម្រាបជូន​នៅលេខ​ក្រោយៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative