ម្សៅលាប និងផលប៉ះពាល់

សព្វថ្ងៃនេះ មានម្ស៉ៅលាប​ច្រើនបែប​យ៉ាងណាស់។ អ្នកខ្លះ​ប្រើលាប​លើស្បែក​ក្នុង១ថ្ងៃ២ ឬ៣ដង ដូចជា​ពេលព្រឹក​ម្ដង ពេលថ្ងៃ ពេលយប់​ម្ដងទៀត​ជាដើម។ តើការលាប​ជាប្រចាំនៅ​លើស្បែក​បែបនេះ ផ្ដល់ផល​ល្អដល់​ស្បែកឬទេ? តើគួរ​ទុកពេល​ឱ្យស្បែក​នៅ ទទេ​ដែរឬទេ? អ្នកនាង អ.ម.ន អាយុ៣២ឆ្នាំ ខេត្ដ​សៀមរាប

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ផលិតផល​សម្អាង ឬគ្រឿង​សម្អាង​(ផលិតផល​កូស្មេទិច) បង្កើតឡើង​ក្នុងគោល​បំណងជួយ​ថែទាំ និងការពារ​ស្បែក របស់យើង ព្រមទាំង​ជួយចិញ្ចឹម​ស្បែកដោយ​បន្សើមជាតិ​ទឹកនៅ​លើស្បែក។ ដូច្នេះ​ផលិតផល​ទាំងនេះ​មានអត្ថប្រយោជន៍​ខ្លាំងណាស់ បើយើង​ប្រើប្រាស់​វាចំគោលដៅ ឬចំតម្រូវ​ការពិត​ប្រាកដ​របស់ស្បែក​យើង ជាអាទិមាន ផលិតផល​សម្រាប់​ចិញ្ចឹម​ស្បែកស្ងួត ឬផលិត ផល​សម្រួល​ក្រពេញញើស​សម្រាប់ស្បែក​ខ្លាញ់ជាដើម។

ការប្រើប្រាស់​ផលិតផល​ទាំងនេះ ២ដង ឬ៣ដងក្នុង​១ថ្ងៃ មិនឆ្លើយតប​បានត្រឹមត្រូវ​ទៅនឹង​ធម្មជាតិ​ស្បែក ឬតម្រូវ​ការពិត ប្រាកដ​របស់ស្បែក​ឡើយ។ ហើយការ​ប្រើប្រាស់​ខុសឆ្គង​អាចបង្ក​ឥទ្ធិពលអាក្រក់​ទៅលើស្បែក​ទៅវិញ។ ករណី​ត្រឹមត្រូវ​បំផុត មុននឹង ប្អូនស្រី​សម្រេចចិត្ដ​ប្រើប្រាស់​ផលិតផល​ណាមួយ គួរតែប្អូន​ស្រីសាកសួរ​យោបល់​ជាមួយ​គ្រូពេទ្យ ឬអ្នកជំនាញ​ជាមុនសិន ប្រយោជន៍ឱ្យ ដឹងថា​តើប្អូនមាន​ស្បែក​ប្រភេទណា និងថាតើ​ត្រូវលាបម្សៅ​បែបនេះ​បែបនោះ​ប៉ុន្មានដង​ក្នុង១ថ្ងៃ? សូមប្អូនស្រី​ព្យាយាម​ធ្វើឱ្យ​បាន ដើម្បី​សុខភាព​ស្បែករបស់​ប្អូនស្រី។ ពេលលាប សម្រស់​របស់យើង​កើនឡើង​មួយកម្រិត​មែន តែថ្ងៃក្រោយ​ស្បែករបស់​យើងនឹង​ខូច ក៏មិន​ល្អដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative