ខ្ញុំដុះសាច់​បំពង់ក

នៅរដូវក្ដៅ ការវិវឌ្ឍន៍​នៃជម្ងឺ​មានលក្ខណៈ​ធ្ងន់ធ្ងរ​ជាងរដូវ​ដែលមាន​អាកាស​ធាតុ​ត្រជាក់ ពិសេស​ជម្ងឺដែល​ទាក់ទង​ទៅនឹងដុំសាច់​បំពង់ក ដែលខ្មែរ​យើងភាគ​ច្រើននិយម​ហៅថាជម្ងឺដុះសាច់​បំពង់ក។ វា​​​អាច​​​​មានការ​យល់ច្រឡំ​បន្ដិច បើសិន​ជា​យើងស្ដាប់មួយភ្លែត​ពីឈ្មោះ​នៃជម្ងឺ​ដុះសាច់​បំពង់កនេះ វាហាក់បី​ដូចជា​ធ្ងន់ធ្ងរ​ណាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាន៍ជាមួយ​លោកវេជ្ជបណ្ឌិត សុខ សំអាត ជាប្រធាន​ផ្នែកព្យាបាល​ជម្ងឺច្រមុះ​បំពង់ក ត្រចៀក នៃមន្ទីរពេទ្យ​ព្រះអង្គឌួង ដើម្បីបកស្រាយ​ចម្ងល់។

សាច់​បំពង់ក ឬសាច់​អាមីដាល់ ជាអ្វី?

សាច់អាមីដាល់​ជាសរីរាង្គ​មួយដែល​មានទំហំ​ប៉ុនកូនដៃ​ចំនួនពីរ​អមក្រឡើត​នៅក្នុងមាត់។ សាច់​អាមីដាល់​នេះ មាន​តួនាទី សំខាន់​ណាស់នៅ​ក្នុងការ​ទប់ទល់​រាល់ការ​យ៊ាយីពី​សំណាក់​ពពួក​មេរោគ​ផ្សេងៗ ដែលបាន​ឆ្លងកាត់​តាម​បំពង់ក និងរន្ធច្រមុះ។ សាច់ អាមីដាល់​នេះក៏មាន​ប្រយោជន៍​ផងដែរ សម្រាប់​ការពារ​នូវមេរោគ​ផ្សេងៗដែល​ចូលមកក្នុង​ខ្លួន វាមានការ​ទំនាក់ទំនង​គ្នាតាំង​ពីច្រមុះ រហូតដល់​បំពង់ក។ ជាធម្មជាតិ សាច់អាមីដាល់​ច្រើនតែ​រីកមាឌ​នៅពេល​មានអាកាសធាតុ​ត្រជាក់ ដើម្បី​បន្ថយ​ខ្យល់​ត្រជាក់ និងការពារ ខ្យល់ត្រជាក់​ពេកដែល​ចូលទៅ​ក្នុងរាង្គកាយ។

ជម្ងឺដុះសាច់​បំពង់ក ជាអ្វី?

ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន​តែងតែ​ធ្លាប់ឮពី​ជម្ងឺដុះសាច់​បំពង់កនេះ តែវាជាពាក្យ​ហៅរបស់​ប្រជាពលរដ្ឋ​សាមញ្ញ។ តាមពិត ទៅជម្ងឺនេះ មិនមែន​ជាការដុះ​សាច់បន្ថែម​ថ្មីនៅក្នុង​បំពង់កដូច​ដែលពួក​គាត់គិត​ស្មាននោះ​ទេ វាជាការ​រលាករ៉ាំរ៉ៃ​នៃសាច់​អាមីដាល់ ដែលមាន​ស្រាប់នៅ​ក្នុងបំពង់ក។

មូលហេតុ​ជម្ងឺរលាក​សាច់​អាមីដាល់

តាមរយៈ​ការផ្លាស់ប្ដូរ​អាកាសធាតុ សាច់អាមីដាល​ក៏មានការ​ប្រែប្រួល​ខ្លះដែរ។ វារងការ​រលាកភាគច្រើន​មកពី​មជ្ឈដ្ឋានជុំ វិញដែល​មិនល្អ និងអាច​ចម្លងគ្នា​ពីមនុស្ស​ម្នាក់ទៅ​ម្នាក់ទៀត​តាមរយៈ​ខ្យល់ដក​ដង្ហើមបាន។ បញ្ហាខ្វះអនាម័យ​មាត់ធ្មេញ​នាំឱ្យមាន​ការ រលាកមាត់ ច្រមុះ និងបំពង់ក។ ក្នុងករណី​រាង្គកាយ​គ្មានប្រព័ន្ធ​ការពារ ឬប្រព័ន្ធ​ការពារ​ខ្សោយ ងាយបង្ក​ជម្ងឺផ្សេងៗ និងមានការ​ពិបាក ក្នុងការ​ព្យាបាល។

– ការរលាកសាច់​អាមីដាល់​ដោយវីរុស ៖ វីរុសមាន​ច្រើនប្រភេទ ដែលភាគ​ច្រើនកើត​លើកូនក្មេង​(៦០%ទៅ៧៥%) និង មនុស្ស​ពេញវ័យ​(៧៥%ទៅ៩៥%)។

– ការរលាកសាច់​អាមីដាល់​ដោយបាក់តេរី ៖ វាច្រើន​កើតនៅលើ​មនុស្ស​ជំទង់ប្រហែល​១០ ទៅ២៥% និងលើកូន ក្មេងដែល​មានអាយុ​ចាប់ពី៣ឆ្នាំ​ឡើងទៅ​(២៥%ទៅ៤០%)។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញាជម្ងឺ​រលាកសាច់​អាមីដាល់

ការរលាក​សាច់អាមីដាល់​ស្ដែងចេញ​ជាអាការ​រោគជាច្រើន ដូចជាឈឺក ស្ងួតក្រហាយ​បំពង់ក គ្រុនក្ដៅ ពិបាកលេប​អាហារ ហើមបំពង់ក ស្អកក ចេញកូន​កណ្ដុរនៅគល់​ថ្គាមជាដើម។ តែការ​វិនិច្ឆ័យ​រោគ​បង្ហាញថា​តើវាជា​ប្រភេទ​ជម្ងឺរលាក​ស្រួចស្រាវ​រ៉ាំរ៉ៃ ឬ រលាក​ធ្ងន់ធ្ងរ​បានច្បាស់លាស់ ទាល់តែ​មានការ​វិភាគលើ​រោគសញ្ញា និងការធ្វើ​តេស្ដពី​សំណាក់​គ្រូពេទ្យ​ជំនាញ។ ដោយ​មូលហេតុ​ចម្បង នៃការ​រលាកបណ្ដាល​មកពី​មេរោគ​ពីរប្រភេទ គឺប្រភេទវីរុស និងប្រភេទ​បាក់តេរី ដូច្នេះរោគ​សញ្ញាក៏មាន​លក្ខណៈ​ខុសគ្នាដែរ។

– ការរលាកសាច់​អាមីដាល់​ដោយវិរុស រោគសញ្ញា​ដំបូង គឺវាចាប់​ផ្ដើមដោយ​សន្សឹមៗ មាន​អាការ ដូចជា​ហូរសម្បោរ ក្អក ឈឺសាច់ដុំ ឈឺបំពង់ក រលាកភ្នែក និង ពងបែកក្នុងមាត់​ជាដើម។ អាការ​ហូរសម្បោរ​ខ្លះអាច​ជាអាការ​ធម្មតា​មិនមែន​ជាអាការ ជម្ងឺទេ។

– ការរលាកសាច់​អាមីដាល់​ដោយបាក់តេរី វាមានអាការ ដូចជាឈឺកខ្លាំង គ្រុនក្ដៅខ្លាំង ហូរសម្បោរ​ច្រើន និងមានលេច ចេញនូវ​កូនកណ្ដុរ​នៅផ្នែក​បំពង់ក​ដែលមាន​អាការ​ឈឺខ្លាំង​ជាងធម្មតា​ជាដើម។

ពេលអាការ​រលាកឈាន​ដល់ដំណាក់​កាលធ្ងន់ធ្ងរ វាអាច​នឹងនាំឱ្យ​កខ្ទុះ ឬអាប់ហ្សែ​នៅជុំវិញ​បំពង់ក និងបង្កឱ្យ​មានខ្ទុះពិបាក នៅក្នុងការ​ទទួលទាន​បាយ ឈឺសន្លាក់​ដៃជើង អាចរលាក​ទៅដល់​តម្រងនោម រលាកច្រមុះ ឬត្រចៀក​ជាដើម។ ការរលាកសាច់​អាមី ដាល់​នេះក៏នាំឱ្យ​មានការ​ពិបាក​នៅក្នុង​ការទទួល​ទានដំណេកដែរ។ សម្រាប់​រដូវក្ដៅនេះ គ្រប់ជម្ងឺ​បំពង់ក​ដែលមាន​ជាយូរ​មក មានអា ការឈឺចាប់​ជាងរដូវ​ត្រជាក់ ព្រោះថា​បំពង់ក​ដែលឈឺ​ត្រូវប្រឈម​មុខទៅនឹង​ការស្ងួតក ស្លែសដែល​នៅជាប់ក​នឹងស្ងួត​ជាដើម។ បើធ្លាប់ ឈឺពីមុន វាអាចក្លាយ​ជាអាការ​រ៉ាំរ៉ៃ និងរឹតឈឺចាប់​ខ្លាំងឡើង។ កម្រិត​ស្រួចស្រាវ​ងាយនឹងក្លាយ​ទៅជា​កម្រិតរ៉ាំរ៉ៃ។

វិធីបង្ការជម្ងឺ​រលាកសាច់​អាមីដាល់

ជាធម្មតា ប្រសិនបើ​យើងមាន​សុខភាព​រាងកាយល្អ រាល់ជម្ងឺ​ផ្សេងៗដែលអុកឡុក​ត្រូវប្រយុទ្ធ​នឹងជាតិអង់ទីគ័រ​ប្រឆាំងដោយ ស្វ័យប្រវត្ដិ។ មានន័យថា​សព៌ាង្គកាយ​អាចព្យាបាល​បានដោយ​ខ្លួនឯង​ក្នុងរយៈពេល​ពីបីថ្ងៃទៅ​មួយសប្ដាហ៍​តែប៉ុណ្ណោះ។ ការប៉ះពាល់នូវ មេរោគ និងវីរុសនានា ធ្វើឱ្យប្រព័ន្ធ​កោសិកា​នៃសាច់​អាមីដាល់​នេះរីកមាឌ នេះជា​ប្រតិកម្ម​ធម្មតា​ក្នុងការ​បង្កើតអង់ទីគ័រ​(ភាពស៊ាំ) របស់​រាងកាយ ដើម្បី​ការពារ​ទប់ទល់​នឹងមេរោគ​នានា។ ការការពារ​រាងកាយ​ពេលមាន​ការផ្លាស់ប្ដូរ​អាកាសធាតុ ក៏ជាកត្ដា​ចាំបាច់​មួយ ដែរ។ សូមយក​ចិត្ដទុក​ដាក់លើ​កត្ដា​អនាម័យ​ព្រមគ្នា តាំងពី​រន្ធច្រមុះ មាត់ ដល់បំពង់ក ព្រោះបញ្ហា​រលាក​ច្រមុះអាច​នឹងរាល​ដាលដល់ បំពង់ក។ ពិសេសពេល​បំពង់ក​មានបញ្ហា​រលាកខ្លាំងក្លា យើងមិន​គួរទទួល​ទានអាហារ​ណាដែលមាន​លក្ខណៈ​ក្ដៅពេក ឬក៏ត្រជាក់​ពេក នោះទេ។

ការព្យាបាល​ជម្ងឺរលាក​សាច់​អាមីដាល់

ការព្យាបាល​ផ្អែកទៅ​លើប្រភេទ​មេរោគ ជាវីរុស ឬជាបាក់​តេរី ព្រោះរបៀប​ព្យាបាល​ផ្សេងពីគ្នា។ ការធ្វើតេស្ដ​កំហាក និង ការវិភាគ​រកមូលហេតុ​នៃការ​រលាកបំពង់ក ជួយសម្រួល​ដល់ការ​ព្យាបាល។ បើរលាក​ដោយវីរុស ការព្យាបាល​រលាកសាច់​អាមីដាល់ ងាយស្រួល​ប្រើថ្នាំ​ទប់ទល់។ ជាឧទាហរណ៍ ប្រសិនបើ​អ្នកជម្ងឺ​ហៀរសម្បោរ យើងប្រើ​ថ្នាំទប់ហៀរ​សម្បោរ បើក្ដៅខ្លួន ត្រូវប្រើ​ថ្នាំក្ដៅ ខ្លួន តែមិន​ចាំបាច់ដល់​ថ្នាក់ប្រើ​ថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទិក​ឡើយ។ ករណីឆ្លង​ដោយសារ​ពួកបាក់តេរី ត្រូវប្រើ​ថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទិក​ខ្លះ ដែរ ដើម្បី​ការពារ​ផលវិបាក​ដោយចៃដន្យ។ ករណីដែល​ត្រូវធ្វើការ​វះកាត់ លុះត្រា​តែសាច់​អាមីដាល់​មានអាការ​រ៉ាំរ៉ៃ រលាកយូរ ឬរីកធំ ពេក ពិបាកនៅ​ក្នុងការដក​ដង្ហើមពេល​គេងយប់ ពិសេសក្នុង​ករណីកើត​លើកុមារ។ រាល់ការ​វិនិច្ឆ័យរោគ និងការសម្រេច​ទាំងឡាយ គួរ តែធ្វើ​ឡើងដោយ​គ្រូពេទ្យ​ជំនាញ ទើបជា​ការល្អ។

ត្រូវធ្វើការ​វះកាត់ចេញ ពេលសាច់​អាមីដាលរលាក ឬរីកប៉ោងធំ​ជ្រុលដែល​បណ្ដាលឱ្យ​មានបញ្ហា​ពិបាកដក​ដង្ហើម និងអាការ ឈឺចាប់​ខ្លាំងពេក។ ជាធម្មតា​បើនិយាយ​ដល់ការវះ​កាត់ដុះសាច់​បំពង់ក គេតែងតែ​វះកាត់សាច់​អាមីដាល់​នេះឯង។

ដំបូន្មាន​អ្នក​ជំនាញ

សម្រាប់​មាតាដែល​និយម​ចូលចិត្ដ​ជួយទំពារ​អាហារ​ឱ្យម៉ដ្ឋ​បញ្ចុកកូន ឬជួយផ្លុំ​អាហារឱ្យ​ត្រជាក់​មុនឱ្យ​កូនញុំា គួរតែគិត​គូរពី បញ្ហា​អនាម័យផង។ បើករណី​មាត់យើង​មានការ​រលាត់ ឬរលាក វានាំឱ្យ​មេរោគ​ងាយនឹងជ្រាប​ចូលទៅក្នុង​ខ្លួនកុមារ​ណាស់។ ពេល មានជម្ងឺ ចាំបាច់​ត្រូវទៅ​ជួប​គ្រូពេទ្យ​ជំនាញខាង​ជម្ងឺច្រមុះ​បំពង់កឱ្យ​ទាន់ពេល​វេលា ដើម្បីទទួល​ការព្យាបាល​ចៀសវាង​ការក្លាយ​ជាជម្ងឺ រ៉ាំរ៉ៃ។ បើទុក​យូរពេក មិនងាយ​ព្យាបាល​ជាទេ តែបើថ្មីៗ ងាយស្រួល​នៅក្នុងការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative