បារី និងសុខភាពគ្រួសារ

ខ្ញុំបាទ​រៀបការ៥​ឆ្នាំមកហើយ សព្វថ្ងៃ​ខ្ញុំបាទ​មានកូនស្រី​ម្នាក់អាយុ​២ឆ្នាំ។ រីឯប្រពន្ធ​ខ្ញុំបាទ​មានផ្ទៃពោះ​កូនទី២ប្រមាណ​៥ខែហើយ។ ខ្ញុំបាទ​ឧស្សាហ៍​ជក់បារី​នៅក្នុងផ្ទះ។ តើផ្សែង​បារីបង្ក​គ្រោះថ្នាក់​​​ដល់​​​ប្រពន្ធខ្ញុំ កូនដែល​នៅក្នុងពោះ និងកូនស្រី​របស់ខ្ញុំបាទ​ដែរ ឬទេ? លោក អ.ស.ហ អាយុ៣៧ឆ្នាំ ខេត្ដកំពង់ធំ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ពិតជា​មាន​គ្រោះថ្នាក់ ព្រោះថា​សមាជិក​ក្រុមគ្រួសារ ប្ដីប្រពន្ធ កូន និងអ្នករួម​ដំបូល​ដទៃទៀត អាចទទួល​រងផល​ប៉ះពាល់ ដូចអ្នក​ជក់បារីដែរ។ អ្នកជក់​បារីងាយ​ទទួលរង​ការកកើត​ជម្ងឺដុំសាច់ និងជម្ងឺ​មហារីក។ ដូច្នេះស្ដ្រី​ដែលមាន​ផ្ទៃពោះ ជក់បារីក្ដី ហឺតផ្សែង​បារីអ្នក ដទៃក្ដី ផ្សែងបារី​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់សុខភាព​របស់ខ្លួន និងគ្រោះថ្នាក់​ដល់សុខភាព​ទារកក្នុងផ្ទៃ រហូតដល់​អាយុជីវិត​របស់​ទារកទៀត ផង។ បើលោក​ជក់បារី ប្រពន្ធកូន និងទារក​ក្នុងផ្ទៃ ក៏ជាអ្នកជក់​បារីដែរ។ ស្ដ្រីមានផ្ទៃពោះ ដែលរងផល​ប៉ះពាល់ពី​ផ្សែងបារី អាចមាន​គ្រោះថ្នាក់ រលូតកូន ទារកស្លាប់​ក្នុងផ្ទៃ ឬកើតមក​មិនគ្រប់ខែ​ជាដើម។ ម្យ៉ាងទៀត ទារកដែល​ប្រសូត្រពី​ឧទរម្ដាយ​ជក់បារី ឬស្រូបផ្សែង​បារី ច្រើន តែកើត​មកមាន​ទម្ងន់ស្រាលជ្រុល​(មិនគ្រប់គីឡូ)។ ហើយទារក​ដែលកើតមិន​គ្រប់គីឡូ ច្រើនតែមាន​ជម្ងឺធ្ងន់ធ្ងរ ហើយអត្រា​ស្លាប់មាន​កម្រិត ខ្ពស់ជាង​ទារកដែល​កើតមក​មានទម្ងន់​គ្រប់គីឡូ។

ព្រោះថា ផ្សែងបារី​មានជាតិពុល​ជាច្រើនមុខ ដូចជាជាតិ​នីកូទីន កាបូនម៉ូណូអុកស៊ីដ ជាតិគួដ្រុង​ជាដើម។ ស្ដ្រីមាន​ផ្ទៃពោះ ស្រូប ជាតិពុល​ទាំងនេះ​ចូលទៅ​ចរន្ដឈាម បន្ទាប់មក​ឆ្លងកាត់​សុកម្ដាយ ហើយចូល​ទៅក្នុង​សព៌ាង្គកាយទារក​ដែលនៅ​ក្នុងផ្ទៃ។ ចំពោះកូន​ស្រីអាយុ ២ឆ្នាំរបស់លោក អាចទទួល​រងផលប៉ះពាល់​ដល់ការ​ធំធាត់ ការលូតលាស់​សួតរបស់​ក្មេង ជម្ងឺបំពង់​ខ្យល់​ធ្ងន់ធ្ងរ ជម្ងឺសួត ជម្ងឺហឺត និងជម្ងឺ ត្រចៀក។ ពោល គឺកូនស្រី​របស់លោក​ក្លាយទៅ​ជាអ្នកជក់​បារីតាំង​ពីក្មេង ដូចឪពុក​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦