ជម្ងឺលើសឈាម ជាឃាតក​សម្ងាត់

ប្រជាពលរដ្ឋ​ខ្មែរស្ទើរ​តែគ្រប់រូប តែងឮពាក្យ“លើសឈាម” ដូចដែល​យើងធ្លាប់​និយាយ​លេងថា តិចលើស​ឈាម! បើលើសឈាម បូមឈាម​ចេញទៅ! នេះជា​ការសំដៅ​ទៅលើសឈាម សទិសន័យ​​​​​​នឹងការ​ឡើងយីអ៊ុន និងបរិមាណ​ម៉ាស​ឈាម​កើនឡើង។ តែអ្នក​ខ្លះមិនទាន់​ដឹង អំពីការ​ពិតនៃ​ជម្ងឺដ៏​សាហាវ​មួយនេះ​ឡើយ។ ជម្ងឺនេះ​អាចវិវឌ្ឍន៍​ជាយូរ ដោយគ្មាន​រោគសញ្ញា។ ប៉ុន្ដែវា​អាចបង្ក វិបត្ដិ​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ដាច់សរសៃ​ឈាមខួរ​ក្បាល ស្លាប់មួយ​ចំហៀងខ្លួន ជម្ងឺបេះដូង ខូចតម្រង់​នោមជាដើម។ សូម​លោកអ្នក តាមដាន​សម្ពាធឈាម​ខ្លួនឯងផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺលើស​ឈាម ជាអ្វី?

ជម្ងឺលើសឈាម ឬសម្ពាធឈាម​លើស គឺជា​ការកើន​ឡើងខ្ពស់​នៃសម្ពាធ​របស់ឈាម​នៅតាម​សរសៃឈាម​ក្រហម។ សម្ពាធនេះ អាចវាស់​បានតាម​កម្រិត​ប្រែប្រួល​២យ៉ាងគឺ សម្ពាធឈាម​ស៊ីសស្ដូល​(ឬសម្ពាធឈាមអតិបរមា) និងសម្ពាធឈាម​ឌីយ៉ាស ស្ដូល (ឬសម្ពាធឈាមអប្បបរិមា)។

– សម្ពាធស៊ីសស្ដូល ឬសម្ពាធអតិបរមា គឺជាសម្ពាធឈាម​ដែលមាន​នៅក្នុង​សរសៃឈាម ពេលបេះដូង​កន្ដ្រាក់។ សម្ពាធ ឈាម​ធម្មតា​របស់មនុស្ស​វ័យក្មេង ត្រូវស្ថិត​នៅចន្លោះ​១១០ ទៅ១៤០​មីលីម៉ែត្រ​បារត។

– សម្ពាធឌីយ៉ាសស្ដូល ឬសម្ពាធ​អប្បបរមា គឺជាសម្ពាធឈាម​ដែលមាន​នៅក្នុង​សរសៃឈាម ពេលបេះដូង​សម្រាក ឬ ពេលចន្លោះ​នៃការ​កន្ដ្រាក់​របស់​បេះដូង។ មនុស្ស​វ័យក្មេង ត្រូវមាន​សម្ពាធ​ធម្មតា​ចន្លោះពី៦០ ទៅ៩០​មីលីម៉ែត្រ​បារត។

យើងអាច​កំណត់ថា​ជាសម្ពាធឈាម​លើស ឬលើសឈាមបាន កាលណា​មានការ​កើនឡើង​នៃសម្ពាធ​ណាមួយ ឬសម្ពាធ ទាំងពីរ​តែម្ដង។ គេអាច​វាស់សម្ពាធ​ឈាម​នៅដៃ ដោយប្រើ​ឧបករណ៍​វាស់ហៅថា​តង់ស្យូម៉ែត្រ។

សម្ពាធឈាម​ធម្មតា ស្ថិតនៅ​ចន្លោះពី​១២០មីលីម៉ែត្រ​បារត (សម្ពាធស៊ីសស្ដូល) ទៅ៨០មីលីម៉ែត្រ​បារត (សម្ពាធឌីយ៉ាស ស្ដូល) ហើយដែល​យើងនិយម​ហៅថា​១២០លើ៨០ (១២០/៨០)។ សម្ពាធឈាម​ចាប់ពី១៤០/៩០ ជាករណី​លើសឈាម​ហើយ។ អាចធ្វើ​រោគវិនិច្ឆ័យ​ថាជម្ងឺ​លើសឈាម​បាន លុះណា​តែសម្ពាធឈាម​កើនឡើង​លើសពី​ធម្មតា ដោយវាស់​យ៉ាងហោច​ណាស់ឃើញ​៣ដង ក្នុងរវាង​បីបួន​សបា្ដហ៍ ឬបីបួន​ខែជាប់ៗគ្នា។ សូមកត់​ចំណាំថា ជាទូទៅ​សម្ពាធឈាម​លើស មិនបង្ក​ជារោគ​សញ្ញាអ្វី​ធំដុំទេ។ ប៉ុន្ដែមាន រោគសញ្ញា ឬអាការ​ចង្អុលបង្ហាញ​សម្ពាធឈាម​លើសមួយ​ចំនួន ដូចជា​ការឈឺក្បាល​នៅម្ដុំ​កញ្ចឹងក ច្រើនតែ​កើតនៅ​ពេលព្រឹក​ព្រលឹម ស្រាងៗ​ជាដើម។

សម្ពាធឈាម​នេះអាច​ប្រែប្រួល​ទៅតាមវ័យ មានន័យថា​កាន់តែចាស់ សម្ពាធឈាម​ធម្មតាកាន់​តែខ្ពស់។ ចាប់ពី​អាយុ៦០ បា្លយទៅ សម្ពាធឈាម​អតិបរមា​អាចឡើង​ដល់ទៅ ១៥០ ឬ១៦០។ ចាប់ពីអាយុ​៧០ឆ្នាំ​ឡើងទៅ សម្ពាធឈាម​អតិបរមា​ធម្មតាអាច ឡើងដល់​១៧០។

ប្រភេទជម្ងឺ​លើសឈាម

ជម្ងឺលើសឈាម​ត្រូវបាន​បែងចែក​ជា២ប្រភេទៈ

– លើសឈាម​ប្រភេទទី១ ឬលើសឈាម​បឋម​(ឬលើសឈាមសារវ័ន្ដ) ជាស្ថានភាព​កើតមាន ដោយរក​មូលហេតុ​បង្ក ជម្ងឺមិន​ឃើញ។ ជាករណី​លើសឈាម​ច្រើនលើស​លប់ ប្រមាណជា​៨៥% នៃករណី​លើសឈាម​ទាំងឡាយ។

– លើសឈាម​ប្រភេទទី២ ឬលើសឈាម​បន្ទាប់បន្សំ ជាស្ថានភាព ដែលរក​ឃើញមូល​ហេតុបង្ក​ការលើស​ឈាមនេះ។

មូលហេតុបង្កសម្ពាធ​ឈាមលើស

លក្ខណៈ​សំគាល់​សំខាន់​នៃករណី​លើសឈាម​ភាគច្រើន គឺជាការ​កើនឡើង​នៃការ​ទប់ទល់​ទៅនឹង​ចរន្ដឈាម​ដែលបាញ់ ជាទូ ទៅ​បណ្ដាលមក​ពីការ​រួមស្ដួច​នៃសរសៃឈាម។ ចំណែក​ឯបេះដូង នៅតែបន្ដ​ការបាញ់​ចរន្ដឈាម​ក្នុងល្បឿន​ដដែល សម្រាប់​បរិមាណ ឈាម​ដដែល ពេលនោះ​ហើយដែល​សម្ពាធ​ឈាមនៅក្នុង​សរសៃឈាម​កើនឡើង។

លើសឈាមប្រភេទទី១ ភាគច្រើន​លើសលប់ បណ្ដាលមក​ពីកត្ដាសួរ​ពូជ បូករួម​ជាមួយ​កត្ដាបង្កភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច ជាអាការ​ស្ដ្រេស្ស (ការតានតឹងផ្លូវចិត្ដ) ធាត់ ឬលើសទម្ងន់​ជាដើម។ ដោយហេតុ​ថាស្ដ្រេស្ស​បង្កឱ្យមាន​ការផលិត​ជាតិអ័រម៉ូន​អាដ្រេ ណាលីន​ច្រើនជ្រុល នាំឱ្យ សរសៃឈាម​កន្ដ្រាក់ ដែលជា​ហេតុបង្ក​ការឡើង​សម្ពាធឈាម​មួយកម្រិត​ទៀត។ រីឯធាត់ ឬលើស​ទម្ងន់ជា រឿយៗ បង្កការ​កើនឡើង នៃសម្ពាធ​ឈាមដែរ ប៉ុន្ដែយើង​មិនទាន់​ស្រាវជ្រាវ​រកឃើញ​យន្ដការ​ពិតប្រាកដ​នៅឡើយទេ។

លើសឈាម​ប្រភេទទី២ ជាទូទៅ​បណ្ដាលមក​ពីជម្ងឺ​ណាមួយ និងការ​ប្រើប្រាស់​ឱសថមួយ​ចំនួន។

– ជម្ងឺតម្រង់នោម (ស្ទះសរសៃឈាម​អាកទែរ​តម្រង់នោម ឬជម្ងឺតម្រង់​នោម​ដទៃទៀត)

– ជម្ងឺក្រពេញ​បញ្ចេញ​អ័រម៉ូន ដូចជាក្រពេញ​លើតម្រង់នោម ក្រពេញ​ទីរ៉ូអ៊ីដ​ជាដើម

– ការប្រើប្រាស់ឱសថ ឬថ្នាំពេទ្យ​មួយចំនួន ដូចជា​ថ្នាំប្រឆាំង​រលាក ថ្នាំប្រឆាំង​កំណក និងការខះ​ស្លាក់ជាដើម

– ចំពោះស្ដ្រី ការប្រើប្រាស់​ថ្នាំពន្យា​កំណើតលេប និងការមាន​ផ្ទៃពោះ ក៏អាចបង្ក​ការកើន​ឡើង នៃសម្ពាធ​ឈាម​លើសពី ធម្មតាដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញាជម្ងឺ​លើសឈាម

មនុស្សភាគច្រើន​កើតជម្ងឺ​លើសឈាម ដោយមិន​ដឹងខ្លួន​ជាច្រើនឆ្នាំ។ ព្រោះថា​ការលើស​ឈាម ឬសម្ពាធ​ឈាមលើស ជួនមិន​បង្ករោគ​សញ្ញា ឬវិបត្ដិ​អ្វីទាំងអស់ អ្នកជម្ងឺ​មានសភាព​ធម្មតា។ មានរោគសញ្ញា​ស្ដែងឡើង​ខ្លះៗ ដូចជា​ឈឺក្បាល​នៅពេលយប់ ឬពេលងើប​ពីទទួល​ដំណេក​ពេលព្រលឹម សម្លឹងដូច​មានរុយហិច​ហើរចុះឡើង សូរ​គ្រលួច ឬហឹង​នៅត្រចៀក អស់កម្លាំង​គ្មានហេតុផល ឬវិលមុខ វង្វេង​វង្វាន់​ជាដើម។ ជួនកាល​រោគសញ្ញា​អាសន្ន​ដំបូងមាន​ឈាមច្រមុះ ឬបែក​សរសៃឈាម​ក្នុងភ្នែក។

ជម្ងឺលើស​ឈាម ដែលមិន​បានធ្វើ​រោគវិនិច្ឆ័យ ឬមិនបាន​ទទួលការ​ព្យាបាល អាចបង្ក​ជាវិបត្ដិ​ធ្ងន់ធ្ងរ​ជាច្រើន ដូចជាជម្ងឺ ខ្សោយ​បេះដូង ជម្ងឺខ្សោយ​តម្រង់នោម ដាច់សរសៃឈាម​ក្នុងខួរក្បាល ហូរឈាម​ក្នុងខួរក្បាល​ជាដើម។

ប្រការត្រូវ​ធ្វើពេលមាន​លើសឈាម

១- មិនត្រូវ​ហាត់ប្រាណ ឬលេងកីឡា​ដែលតម្រូវ​ឱ្យលើកធ្ងន់ ការលើក​ដុំដែក​ត្រូវហាម​ឃាត់ ពីព្រោះថា​វាអាច​បង្កការ ឡើងសម្ពាធ​ឈាមក្នុង​សរសៃឈាម​អាកទែរ។ សូមជ្រើសរើស​យកការ​ហាត់ប្រាណ ដែលស្រូប​ខ្យល់អាកាស ដោយគ្រាន់​តែវាសដៃ វាសជើង នៅកណ្ដាល​វាលជាដើម។

២- សូមចៀស​វាងពិសា​ប្រៃពេក សូមកុំ​ពិសា​ចំណីអាហារ​ដែលមាន​ជាតិអំបិល​ច្រើន ដូចជាសាច់​ផាកឡូវ​ប្រៃ នំប្រៃ ទឹក ស៊ុបប្រៃ​ជាដើម។ ការតម​ចំណីអាហារ​ទាំងនេះ គ្រាន់តែ​ចង់កាត់​បន្ថយការ​ទទួលទាន​ជាតិអំបិល​ចូលទៅ​ក្នុងខ្លួនតែ​ប៉ុណ្ណោះ មិនមែន តម្រូវឱ្យ​មិនបរិភោគ​ទាំងស្រុង​នោះទេ។ លើសពី​នេះទៅ​ទៀត បើលោក​អ្នកកំពុង​ពិសាថ្នាំ​បញ្ចុះសម្ពាធ​ឈាម បើអ្នកតម​បានល្អ នោះ ប្រសិទ្ធិភាព​ព្យាបាល​រិតតែ​ប្រសើរឡើង។ សូមយល់​ដឹងថា អំបិលមាន​ឥទ្ធិពល​បង្ខាំងជាតិ​ទឹកឱ្យនៅ​ក្នុងសរសៃឈាម​អាកទែរ ដែល បង្កការ​ឡើង​ម៉ាសឈាម និងសម្ពាធឈាម​ក្នុងសរសៃឈាម​អាកទែរ​កើនឡើង​បាន។

៣- សូមកុំឱ្យ​ឡើងគីឡូ​(ទម្ងន់ខ្លួន) សូមថែរក្សា​ទម្ងន់ខ្លួន​ត្រឹមត្រូវ ឬទម្ងន់ខ្លួន​ដែលលោកអ្នក​គិតថា​ស្រួលខ្លួន។ ប្រសិន បើលោក​អ្នកធាត់ជ្រុល សូមទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬអ្នកជំនាញ ដើម្បីឱ្យ​គាត់ជួយ​បញ្ចុះទម្ងន់ និងប្រាប់អំពី​របបអាហារ​ត្រូវ ទទួល​ទាន។

៤- មិនត្រូវ​ទទួលទាន​ជាតិស្រា លើសពី៦០​មីលីលីត្រក្នុង​១ថ្ងៃ ការទទួល​ទានជាតិ​ស្រាច្រើន​ជ្រុល​(លើសពី៩០មីលីលីត្រ ក្នុងមួយថ្ងៃ) អាចបង្ក​ឥទ្ធិពល​អាក្រក់​ទៅលើ​សម្ពាធឈាម។ ទុកគ្រាន់​ជាព័ត៌មាន សូមជម្រាប​ថាជាតិស្រា​ចំនួន៣០​មីលីលីត្រ​ប្រហាក់ ប្រហែល​នឹងស្រាបៀរ​កំប៉ុង ឬស្រាទំញំង​បាយជូរ​២កែវ។

រូបភាពទស្សនាវដ្តីសុខភាពយើង

៥- សូមឈប់​ពិសាបារី ការពិសាបារី ឬចុកថ្នាំជក់ អាចបន្ថែម​ទម្ងន់ធ្ងន់ធ្ងរ​ទៅលើ​បញ្ហាដែល​ពាក់ព័ន្ធនឹង​សម្ពាធ​ឈាមអាក ទែរ និងអាចបង្ក​ជម្ងឺបេះដូង​ធ្ងន់ធ្ងរ។ ថ្នាំជក់​បង្កការ​កន្ដ្រាក់សរសៃ​ឈាមអាកទែរ យូរៗទៅ​បណ្ដាលឱ្យ​ការយារ​យឺតរបស់​ជញ្ជាំងសរ សៃ​អាកទែរ​បាត់បង់​សមត្ថភាព ដែលបង្កឱ្យ​សម្ពាធឈាម​កើនឡើង។

៦- មិនត្រូវត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​សម្ពាធឈាម​ញឹកញាប់​ពេកទេ ទោះបី​ជាតម្រូវ​ឱ្យមាន​ការតាម​ដានសម្ពាធ​ឈាមក្ដី ក៏ មិនតម្រូវ​ឱ្យត្រួត​ពិនិត្យវា​ញឹកញាប់​ជ្រុលដែរ ព្រោះវា​មិនផ្ដល់ផល​ប្រយោជន៍​ផ្សេងទៀត​ឡើយ។ ផ្ទុយទៅ​វិញ វាធ្វើឱ្យ​លោកអ្នក​បារម្ភ រិតតែ​ខ្លាំង ធ្វើឱ្យ​សម្ពាធឈាម​រិតតែឡើង ឬធ្វើឱ្យ​ក្លាយជា​ការរំខាន និងគិត​មមៃ​ផ្ដេសផ្ដាស។ ដូច្នេះ សូមពិនិត្យ​ផ្ទៀងផ្ទាត់​សម្ពាធ ឈាម​មួយសបា្ដហ៍​១ដង ឬ២សបា្ដហ៍១ដង ឬរៀងរាល់​ពេលដែល​លោកអ្នក​មានអារម្មណ៍​មិនសូវ​ស្រួលខ្លួន។

៧- មិនត្រូវមើល​ងាយការធ្វើ​រោគវិនិច្ឆ័យ ជាការ​មិនសប្បាយ​ចិត្ដឡើយ ពេលដែល​ដឹងថាខ្លួន​មានជម្ងឺ​អ្វីមួយ។ គារមិន ដឹងរោគ​សញ្ញា ឬកន្ដើយ មិនធ្វើ​តាមការ​ព្យាបាល​ត្រឹមត្រូវ អាចមាន​ផលអាក្រក់​ទៅថ្ងៃក្រោយ។ បើសិន​ជាលោកអ្នក​សង្ស័យថា​ខ្លួន ឯងមាន​ជម្ងឺលើស​ឈាម សូមប្រញាប់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ប្រសិនបើ​លោកអ្នក​គ្រប់គ្រង​សម្ពាធឈាម​បានល្អ​ត្រឹមត្រូវ នោះ ជីវិតលោកអ្នក​នឹងរស់នៅ​ជាធម្មតា។

៨- ត្រូវមាន​ឧបករណ៍​សម្រាប់វាស់​សម្ពាធឈាម​នៅក្នុងផ្ទះ មុនដំបូង សូមធ្វើការ​ផ្ទៀងផ្ទាត់​ឧបករណ៍​វាស់របស់​លោក អ្នក ជាមួយ​គ្រូពេទ្យ​ជាមុនសិន ប្រយោជន៍​ធានាភាព​ជាក់លាក់​នៃការវាស់​នៅពេល​ក្រោយទៀត។ នៅតាម​ឱសថស្ថាន មានលក់ឧបករណ៍​វាស់សម្ពាធ​ឈាម។ ប្រសិនបើ​អ្នកមាន​ឧបករណ៍​នេះហើយ សូមធ្វើ​តាមសេចក្ដី​ណែនាំឱ្យ​បាន​ត្រឹមត្រូវ ចៀសវាងវាស់​ខុសទទួល បាន​លេខខុស។ សូមត្រួត​ពិនិត្យ​សម្ពាធ​ឈាម​របស់លោក​អ្នកជា​ប្រចាំ ១ដងក្នុង១​សបា្ដហ៍ ឬរៀងរាល់​២សបា្ដហ៍​១ដង។ រាល់ពេល​វាស់ ម្ដងៗ ត្រូវកត់​ចំណាំសម្ពាធ​ដែលវាស់​ឃើញ ដើម្បីកុំ​ឱ្យភ្លេច។ ដាច់ខាត​លោកក៏ត្រូវ​ទៅឱ្យ​គ្រូពេទ្យ​ជំនាញវាស់​ឱ្យផងដែរ។ សម្រាប់ លោកអ្នក​ដែលធ្លាប់​មានសម្ពាធឈាម​លើស ដើម្បីបង្ការ លោកអ្នក​ត្រូវទៅ​ឱ្យគ្រូពេទ្យ​វាស់ឈាមឱ្យ​១ឆ្នាំ យ៉ាងហោច​ណាស់១ដង។

៩- សូមទទួលទាន​ផ្លែឈើឱ្យ​បានច្រើន ជាតិប៉ូតាស្យូម ដែលមាន​នៅក្នុង​ផ្លែឈើ ផ្ដល់ផល​វិជ្ជមាន និងជួយ​បញ្ចុះសម្ពាធ ឈាម​អាកទែរ។

១០- សូមពិសាខ្ទឹមស ទោះបីជា​សព្វថ្ងៃនេះ មិនទាន់​មានការ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​បង្ហាញពី​អត្ថប្រយោជន៍​នៃខ្ទឹមសពិត ប្រាកដ​ក៏ដោយ តែទទួលស្គាល់​ថាខ្ទឹមស​មានគុណ​សម្បត្ដិ​ពិសេស ជួយពង្រីក​សរសៃឈាម។ ប៉ុន្ដែមិន​ត្រូវគិតថា​ការទទួលទាន​ខ្ទឹមស ជាការ​ព្យាបាលជម្ងឺ​លើសឈាម​ឡើយ។

១១- សូមបញ្ចៀស​ឱ្យបាន​រាល់អាការ​ស្ដ្រេស្ស ឬការកើតទុក្ខ សូមធ្វើ​ចិត្ដឱ្យសប្បាយ បើធ្វើ​ទៅបាន សូមចៀស​វាងការ កើតទុក្ខ ឬព្រួយបារម្ភ។ ស្ដ្រេស្ស​មិនមែន​ជាដើមហេតុ​ពិតប្រាកដ​ទេ ប៉ុន្ដែវា​អាចធ្វើ​ឱ្យសម្ពាធ​ឈាមកើន​ឡើងបាន។

១២- សូមអនុវត្ដ​វិធីសមាធិ​សម្រួលអារម្មណ៍ សម្រាប់អ្នក​ខ្លះ ការសមាធិ​ល្អិតល្អន់ ឬការធ្វើ​សមាធិ​យូហ្គា ជាវិធី​សម្រួល អារម្មណ៍​ដ៏ប្រសើរ​បំផុត។ ប៉ុន្ដែ ដើម្បីឱ្យទទួល​បានលទ្ធផល​ជាទីគាប់ចិត្ដ ត្រូវមាន​វិធីសាស្ដ្រ​ជ្រើសរើស​មកអនុវត្ដ​ជាប្រចាំ យ៉ាងហោច ណាស់ពី​២ ទៅ៣ដង​ក្នុង១សបា្ដហ៍។

១៣- សូមហាត់ប្រាណ ការដើរ​លឿន ប្រមាណជា​៤៥នាទី​ក្នុង១ថ្ងៃ ឱ្យបានជា​ប្រចាំពី​៣ ទៅ៤ដង​ក្នុង១សបា្ដហ៍ អាចជួយ បញ្ចុះ​សម្ពាធឈាម​បាន។

ពេលណាត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ?

– បើសម្ពាធឈាម​ស៊ីសស្ដូល ឬសម្ពាធ​អតិបរមា​លើសពី២០០​មីលីម៉ែត្រ​បារត ហើយ​ចំណែកសម្ពាធ​ឈាម​ឌីយ៉ាស្ដូល ឬ សម្ពាធ​អប្បបរមា​១២០មីលីម៉ែត្រ​បារត ឬច្រើនជាង​នេះ សូមលោកអ្នក​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់។

– ប្រសើរបំផុត គ្រាន់តែ​មានសម្ពាធ​ឈាមអតិបរ​មាលើសពី​១៤០មីលីម៉ែត្រ​បារត ហើយសម្ពាធ​ឈាម​អប្បបរមា​លើសពី ៩០មីលីម៉ែត្រ​បារត លោកអ្នក​ក៏ត្រូវតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យដែរ។

– បើលោកអ្នក​មានអាការ​ឈឺក្បាល នៅម្ដុំកញ្ចឹងក ជាពិសេស​នៅពេលងើប​ពីទទួល​ដំណេកពេល​ព្រឹកព្រលឹម។

– បើលោកអ្នក​ហត់ដង្ហក់ ពេលខំប្រឹង​ធ្វើការងារ​បន្ដិចបន្ដួច។

ការពិនិត្យជម្ងឺ និងការ​ធ្វើវិភាគ​ឈាម

លោកវេជ្ជបណ្ឌិត នឹងត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​សម្ពាធឈាម​អាកទែរ។ បើសិន​ជាសម្ពាធឈាម​ឡើងខ្ពស់ គ្រូពេទ្យ​នឹងអាច វាស់​ផ្ទៀងផ្ទាត់​សម្ពាធឈាម ជាច្រើនលើក​ច្រើនសា ក្នុងចន្លោះ​ពេល​សមស្រប។ គាត់នឹង​កត់ត្រាប​ទុករាល់​ព័ត៌មាន​សំខាន់ៗ តាមរយៈ ការពិនិត្យ និងការសាក​សួរអ្នកជម្ងឺ ដូចជា​ប្រវត្ដិលើស​ឈាមនៅ​ក្នុងគ្រួសារ ជម្ងឺបេះដូង​សរសៃឈាម ជម្ងឺ​តម្រង់នោម​ជាដើម។ បន្ទាប់មក គ្រូពេទ្យ​ចាប់ផ្ដើម​ពិនិត្យ​រូបរាងកាយ​ទាំងមូល។

ការធ្វើ​វិភាគឈាម និងទឹកនោម ក៏សំខាន់ខ្លាំងដែរ ហើយដែល​ត្រូវតែ​ស្នើសុំវិភាគ​ផងដែរ។ ជាពិសេស​ត្រូវវិភាគ​រកអត្រា ជាតិខ្លាញ់​នៅក្នុងខ្លួន ដូចជាជាតិ​កូឡេស្ដេរ៉ុល ជាតិទ្រីគ្លីសេរីដ​ជាដើម។ ការវិភាគ​ដ៏មាន​ប្រយោជន៍​មួយទៀត​ដែរ គឺការពិនិត្យ អឺសេហ្សេ (ECG) ដើម្បីឱ្យ​ដឹងជម្ងឺ​បេះដូង និងសង្វាក់​បេះដូង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការព្យាបាល​ជម្ងឺលើស​ឈាម

ជាទូទៅ ជម្ងឺលើសឈាម​មិនអាចព្យាបាល​ឱ្យជាសះស្បើយ​បានទេ ប៉ុន្ដែវា​អាចទប់ទល់​បានដោយ​ការព្យាបាល​ដោយឱសថ។ អ្នកជម្ងឺ​មិនត្រូវ​ព្យាបាល ដោយផ្អាក​ពាក់កណ្ដាល​ទីនោះទេ ពីព្រោះថា​ការឡើង​សម្ពាធឈាម​នេះ នឹងអាចវិល​មកជាថ្មី​ដូចដើមវិញ។ ជាធម្មតាទេ ជម្ងឺលើស​ឈាមត្រូវ​ព្យាបាល​ដោយប្រើប្រាស់​ថ្នាំច្រើនមុខ​ក្នុងពេល​តែមួយ ប្រយោជន៍រក្សា​បានលំនឹង​សម្ពាធឈាម​ប្រកប ដោយ​ប្រសិទ្ធិភាព។

– ការព្យាបាល​ជម្ងឺលើស​ឈាមប្រភេទ​ទី១ បើសម្ពាធឈាម​គ្រាន់តែ​ឡើង​បន្ដិចបន្ដួច គ្រូពេទ្យ​នឹងណែនាំ​អ្នកជម្ងឺ​ឱ្យមាន របប​អាហារ​ទទួលទាន​ត្រឹមត្រូវ និងធ្វើការ​ហាត់ប្រាណ​ជាប្រចាំ។ ប្រសិនបើ​អ្នកជម្ងឺ​ធាត់ខ្លាំង ឬលើសទម្ងន់ ដំបូន្មាន​សំខាន់ គឺតម្រូវឱ្យ បញ្ចុះ​ទម្ងន់។ ប្រសិន​បើធ្វើ ឬអនុវត្ដ​តាមសព្វ​គ្រប់បែប​យ៉ាងហើយ សម្ពាធឈាម​នៅតែឡើង​ខ្ពស់ដដែល ការព្យាបាល​ដោយ​ប្រើប្រាស់ ឱសថ​ត្រូវតែ​ធ្វើឡើង វាអាចជួយ​បន្ថយ ឬតម្ដើង​សម្ពាធឈាម​ទៅតាម​ករណីចាំបាច់​ណាមួយ។ ក្នុងករណី​រកឃើញ​ថាជា​ជម្ងឺលើស ឈាម​ពិតប្រាកដ គ្រូពេទ្យ​ចាប់ផ្ដើម​ព្យាបាល ដោយឱ្យថ្នាំ​លើសឈាម​ពីដំបូង​តែម្ដង។

– ការព្យាបាល​ជម្ងឺលើសឈាម​ប្រភេទទី២ ករណីនេះ ការព្យាបាល​ត្រូវធ្វើ​ទៅតាម​មូលហេតុ​បង្កសម្ពាធ​ឈាមលើស។ ជាទូទៅ ជម្ងឺលើសឈាម​ប្រភេទនេះ ក៏អាច​ព្យាបាល​រក្សា​លំនឹង​សម្ពាធឈាម​បានដែរ។ រាល់ការ​ព្យាបាល​ជម្ងឺលើស​ឈាម ដាច់ខាត ត្រូវធ្វើ​ឡើងដោយ​គ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ។ 

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative