ឧបករណ៏​ស្កែននែ និង​អុីអ៊ែរអុឹម ទើបតែ​​​មកដល់​​​កម្ពុជា

ក្នុងទស្សនាវដ្ដី សុខភាពយើង កាលពី​លេខមុន យើងខ្ញុំ​បានបង្ហាញ​ជូនលោកអ្នក​ពីឧបករណ៍​ឆ្លុះក្រពះ​ដោយប្រើ​រូបភាព​វីដេអូ។ ឥឡូវនេះ យើងខ្ញុំ​សូមលើក​មកបង្ហាញ​ជូនលោកអ្នក​នូវឧបករណ៍​ស្កែននែ និងឧបករណ៍​អុីអ៊ែអ៊ឹម ដែលជា​ភាសាខ្មែរ​ហៅថា ជាឧបករណ៍​រូបភាព​វេជ្ជសាស្ដ្រ​ទំនើប​ដោយប្រើ​មាញ៉េទិក សម្លេង និង​ប្រូតុងអ៊ីដ្រូសែន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ឧបករណ៍​ស្កែននែ ដែលបង្កើត​ឡើងនៅ​ក្នុងកំឡុង​ទសវត្សរ៍ទី​៧០ និងដែល​មានប្រភព​ចេញមក​ពីប្រទេស​អង់គ្លេស បានមកដល់ ព្រះរាជាណាចក្រកម្ពុជា​នៅឆ្នាំ២០០១។ រីឯឧបករណ៍​អ៊ីអ៊ែរអ៊ឹម ដែលមាន​ដើមកំណើត​មកពីទ្វីប​អ៊ឺរ៉ុប បានបង្កើត​ឡើងនៅ​ក្នុងកំឡុង​សតវត្សរ៍ ទី៩០ ហើយបាន​មកដល់​មន្ទីរពេទ្យ​កាល់ម៉ែត​នៅឆ្នាំ២០០៣។ ក្នុងការ​ឆ្លុះពិនិត្យ​មួយលើក អ្នកជម្ងឺ​ត្រូវចំណាយ​ថវិការ៩០ដុល្លារ សម្រាប់ការ ពិនិត្យដោយ​ឧបករណ៍​ស្កែននែ និង១៦០ដុល្លា​សម្រាប់ការ​ពិនិត្យជាមួយ​នឹងឧបករណ៍​អ៊ីអ៊ែរអ៊ឹម ។

តើឧបករណ៍​ស្កែននែ និង​អុីអ៊ែអ៊ឹម ជាអ្វី?

លោកវេជ្ជបណ្ឌិត ហង្ស ចន្ទ័វរៈ អ្នកជំនាញ​ផ្នែក​វិទ្យុសាស្ដ្រ​វេជ្ជសាស្ដ្រ នៃមន្ទីរពេទ្យ​កាល់ម៉ែត បានធ្វើ​ការពន្យល់​ថា ឧបករណ៍ ស្កែននែ គឺជាឧបករណ៍​វេជ្ជសាស្ដ្រ ដែលប្រើ​សម្រាប់​ឆ្លុះលើ​សព៌ាង្គកាយ​អ្នកជម្ងឺ ដើម្បី​រករោគ​វិនិច្ឆ័យ ទីតាំង ទំហំ និងប្រភេទ​នៃជម្ងឺ ដូចជា ការកក​ដុំឈាម​ដែលបណ្ដាល​មកពីការ​ដាច់សរសៃ​ឈាមក្នុង​ខួរក្បាល ស្លោកខួរក្បាល​ដែលចេញ​មកពីការ​ស្ទះសរសៃ​ឈាមក្នុង​ខួរក្បាល ជម្ងឺ ដុះសាច់ មហារីក​ខួរក្បាល សួត ក្រពះ ពោះ​វៀនធំ ថ្លើម​ជាដើម។ ឧបករណ៍នេះ ប្រើកាំរស្មី​អ៊ិច​បញ្ចាំង​ទៅលើ​សព៌ាង្គកាយ​អ្នកជម្ងឺ។ ពេលនោះ កាំរស្មីអ៊ិច​ជ្រាបឆ្លង​កាត់​រាងកាយ ហើយបង្ហាញ​ជាទម្រង់​រូបភាពជម្ងឺ នៅលើ​កញ្ចក់​កុំព្យូទ័រ និងចេញ​ជាហ្វីល សម្រាប់ឱ្យ​គ្រូពេទ្យ ពិនិត្យមើល​នៅពេល​ក្រោយ​ទៀត។ ចំពោះ​ការឆ្លុះថត គេអាច​ធ្វើការ​ឆ្លុះជា​កំណាត់ៗ តាមបណ្ដោយ​សព៌ាង្គកាយ​អ្នកជម្ងឺ។ ការថត​ឆ្លុះនេះ ធ្វើ ឡើង​ក្នុងរយៈ​ពេល​ត្រឹមតែ​ពី២ ទៅ៣នាទី​តែប៉ុណ្ណោះ។

ចំណែកឧបករណ៍​អ៊ីអ៊ែរអ៊ឹម IRM (Imagerie par Résonance Magnétique) មានការ​ប្រើប្រាស់​ដូចឧបករណ៍​ស្កែននែ​ដែរ ប៉ុន្ដែ​ឧបករណ៍​នេះប្រើ​បច្ចេកវិទ្យា​ប្រូតុងអ៊ីដ្រូសែន។ គេអាច​ធ្វើការ​ថតឆ្លុះ​បានច្រើន​ជ្រុង ដូចជា​ពុះបញ្ឈរ ផ្ដេក បណ្ដោយ និងទទឹង។ នៅ ពេល​ប្រតិបត្ដិការ​អ៊ីអ៊ែរអ៊ឹម ប្រើរយៈ​ពេលពី​២០ ទៅ ៤៥នាទី ឬអាច​រហូតដល់​ទៅ ១ម៉ោងកន្លះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សារប្រយោជន៍​របស់ឧបករណ៍​ស្កែននែ និងឧបករណ៍​អ៊ីអ៊ែរអ៊ឹម សម្រាប់​អ្នកជម្ងឺ

ឧករណ៍ស្កែននែ អាចឱ្យ​គ្រូពេទ្យ​រកឃើញ​ប្រភេទ​ជម្ងឺនានា នៅលើ​សព៌ាង្គកាយ ដែលគេ​មិនអាច​វិភាគ​មើលឃើញ​ដោយភ្នែក ទទេ។ ការឆ្លុះមើល​ជម្ងឺតាម​វិធីទំនើប​នេះ អាចធ្វើ​ឱ្យគ្រូពេទ្យ​ដឹងច្បាស់​ពីទីតាំង និងទំហំ​នៃជម្ងឺ ហើយធ្វើ​ការវះកាត់ និងព្យាបាល​បានចំរោគ សញ្ញានៃជម្ងឺ។ វាធ្វើឱ្យ​ចំណេញ​ពេលវេលា​ក្នុងការ​ព្យាបាល មាន​ប្រសិទ្ធិភាព និងចៀសវាង​ការបង្ក​ស្ថានភាព​ជម្ងឺឱ្យកាន់​តែ​ធ្ងន់ធ្ងរ។ ការពិនិត្យ មើល​ជម្ងឺនេះ កាន់តែ​មានភាព​ចាំបាច់ ចំពោះ​អ្នកជម្ងឺ​ដែលត្រូវ​ការការ​សង្គ្រោះ​បន្ទាន់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ រងរបួស​បាក់ដៃជើង  ពិសេស ទាក់ទង​នឹងលលាដ៏​ក្បាល ដាច់​សរសៃឈាម និងស្លោកឈាម​ក្នុងខួរក្បាល។

ដោយប្រើ​បច្ចេកវិទ្យា​ប្រូតុងអ៊ីដ្រូសែន និងអាច​ធ្វើការ​ឆ្លុះសព៌ាង្គកាយ​បានជាច្រើន​ជ្រុង ឧបករណ៍​អ៊ីអ៊ែរអ៊ឹម មានសមត្ថ​ភាពថត ឆ្លុះរកឃើញ​រោគវិនិច្ឆ័យ ដូចជា​ឧបករណ៍​ស្កែននែដែរ។ ប៉ុន្ដែឧបករណ៍​នេះអាច​រករោគ​វិនិច្ឆ័យ​បានច្បាស់ជាង ឧបករណ៍​ស្កែននែ ទៅលើ​ជម្ងឺខួរ ឆ្អឹងខ្នង ដែលបណ្ដាល​ឱ្យឈឺ​ឆ្អឹងខ្នង និងឈឺចង្កេះ ដុំសាច់ដុះ​ក្នុងខួរ​ឆ្អឹងខ្នង ឬការលៀន​ចេញនៃ​ទ្រនាប់​ឆ្អឹងខ្នង​ដែល ទៅប៉ះ​នឹងគល់​សរសៃ ប្រសាទ​បណ្ដាល​ឱ្យឈឺ ឫបណ្ដាល​ឱ្យខ្វិនជើង សរសៃឈាម​ត្បៀតក្នុង​ខួរក្បាល សន្លាក់ដៃ និងជើង ជាពិសេស​គឺប្រព័ន្ធ​សរសៃ​ប្រសាទ។

ផលប៉ះពាល់​ខ្លះនៅពេល​ប្រើឧបករណ៍​ទាំងពីរនេះ

ឧបករណ៍ស្កែននែ មិនអាច​ប្រើចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​បីខែ​ដំបូង​បានទេ ព្រោះវា​ធ្វើឱ្យ​ប៉ះពាល់​ដល់ទារក​ដែលនៅ​ក្នុងផ្ទៃ។ វាអាច​ធ្វើឱ្យ​ទារក​រលូត ឬប្រសូត មកមិន​គ្រប់លក្ខណៈ ដែលអត្រា​គ្រោះថ្នាក់​មានដល់​ទៅ៨០​ភាគរយ។ ចំពោះ​កុមារ វាធ្វើឱ្យ​ប៉ះពាល់ដល់ បរិវេណ​បំពង់ក ភ្នែក និងប្រដាប់​បន្ដពូជ។ ប៉ុន្ដែផលវិបាក​ទាំងនេះ អាចបញ្ចៀស​បានដោយ​ការប្រើ​ឧបករណ៍ សំណគ្រប​ពីលើ។ ទោះមាន ឧបករណ៍​ការពារនៅ​ពេលឆ្លុះ​នេះក៏ដោយ  គេមិន​អាចឆ្លុះ​ទៅលើ​បរិវេណ​ផ្ទៃពោះ​របស់ស្ដ្រីមាន​ផ្ទៃពោះ​បានទេ។

ចំពោះ​ឧបករណ៍​អ៊ីអ៊ែរអ៊ឹម ផលវិបាក​មានតែលើ​អ្នកជម្ងឺមួយ​ចំនួនដែល​មានផ្ទុកសារ​ធាតុលោហៈ​នៅក្នុងខ្លួន ដូច​ជាអ្នក​ជម្ងឺដែល បានដាក់​ឧបករណ៍​សម្រួល​ចង្វាក់​បេះដូង​ឱ្យដើរ​ទៀងទាត់​ និងអ្នកជម្ងឺ​ធ្លាប់ដាច់​សរសៃឈាម​ខួរក្បាល ហើយបាន​ប្រើសារ ធាតុលោហៈ ដើម្បីគាប​សរសៃកុំឱ្យ​ឈាមហូរ​នៅពេល​វះកាត់់​ខួរក្បាល។ ដោយ​ឧបករណ៍​អ៊ីអ៊ែរអ៊ឹម មានកម្លាំង​មេដែកឆក់​ស្រូបអ្នក​ជម្ងឺដែល បានរៀបរាប់​ខាងលើនេះ ប្រឈមមុខ​នឹងការ​ខូចឧបករណ៍​ដែលនៅក្នុង​បេះដូង និងដាច់​សរសៃឈាម​ខួរក្បាល​ម្ដងទៀត។

តើឧបករណ៍​មួយណា​ផ្ដល់អត្ថប្រយោជន៍​ច្រើនដល់​អ្នកជម្ងឺ?

ឆ្លើយតប​ទៅនឹង​សំណួរថា​តើឧបករណ៍​មួយណា​ដែលផ្ដល់​អត្ថប្រយោជន៍​ច្រើនជាង​ដល់អ្នកជម្ងឺ លោកវេជ្ជបណ្ឌិត​រូបនេះ​បកស្រាយ ថាឧបករណ៍​ទាំងនេះ មានសារៈ​សំខាន់​សម្រាប់អ្នក​ជម្ងឺដូចគ្នា ព្រោះវា​បំពេញ​កង្វះខាត​ឱ្យគ្នា​ទៅវិញ​ទៅមក។ ជាការ​ពិតណាស់ នៅខណៈ ដែលឧបករណ៍​អ៊ីអ៊ែរអ៊ឹម​ឆ្លុះរក​រោគវិនិច្ឆ័យ​សម្រាប់​បេះដូង និងសួត​ទទួលបាន​លទ្ឋផល​មិនល្អ ដោយទទួល​បានរូបភាព​មិនច្បាស់ រីឯឧបករណ៍ ស្កែននែ បែរជា​មាន​ប្រសិទ្ឋិ​ភាពវិញ​ចំពោះ​ផ្នែកនេះ។ ផ្ទុយទៅវិញ នៅពេល​ដែលឧបករណ៍​ស្កែននែ អាចឆ្លុះ​ពិនិត្យដោយ​ទទួលផល​មិនបាន ច្បាស់លាស់​នូវរោគ​សញ្ញា ដូចជា​របេងឆ្អឹងខ្នង និងរក​ទីតាំង​សរសៃឈាម​ត្បៀតមិន​ឃើញ ឧបករណ៍​អ៊ីអ៊ែរអ៊ឹម​អាចឆ្លុះ​រកឃើញ​នូវជម្ងឺ​ទាំង នេះ។ ជាទូទៅ​ឧបករណ៍​ស្កែននែ ប្រើសម្រាប់​ជម្ងឺដែល​ត្រូវការ​សង្គ្រោះបន្ទាន់។ ចំណែកឯ​ឧបករណ៍​អ៊ីអ៊ែរអ៊ឹម គឺប្រើសម្រាប់​អ្នកជម្ងឺរ៉ាំរ៉ៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative