យល់ដឹង​អំពី​ឧបករណ៏​ឆ្លុះក្រពះ

បច្ចុប្បន្ននេះ​ការរីក​ចម្រើន​នៃវិទ្យាសាស្ដ្រ កាន់តែ​មានភាព​ជឿនលឿន។ អ្នកវិទ្យាសាស្ដ្រ​បានបង្កើត​ឧបករណ៏ទំនើបៗ​ជាច្រើនបម្រើឱ្យវិស័យផ្សេងៗ ដើម្បីឱ្យ​កាន់តែ​បង្កការ​ងាយស្រួល​ដល់មនុស្ស​ក្នុងការ​ប្រើប្រាស់។ យ៉ាងណា​មិញ នៅក្នុងវិស័យ​សុខាភិបាលវិញ​ក៏មានឧបករណ៍ ទំនើបៗ​សម្រាប់​បម្រើដល់​ការព្យាបាល​ជម្ងឺ​ឱ្យកាន់តែ​ងាយស្រួល និងមានប្រសិទ្ធភាព​ខ្ពស់ផងដែរ។ ទស្សនាវដ្ដី​សុខភាពយើង សូមណែនាំ ឱ្យប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប ឱ្យយល់ដឹង​នូវឧបករណ៍​ទំនើបមួយ​ប្រភេទ ដែលហៅថា ឧបករណ៍ឆ្លុះក្រពះ​ប្រើដោយ​ប្រព័ន្ធវីដេអូ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើអ្វី​ទៅជា​ឧបករណ៍​ឆ្លុះក្រពះ?

ឧបកណ៍​ឆ្លុះក្រពះ ដែលទស្សនាវដ្ដី​សុខភាពយើង​នឹងលើក​យកមក​បង្ហាញជូននេះ គឺជាឧបករណ៍​ឆ្លុះប្រើដោយ​ប្រព័ន្ធវីដេអូ ហើយដែល ភាសាបារាំង​ហៅថា ហ្គាសស្ដ្រូស្កុប (Gastroscope). ឧបករណ៍​ឆ្លុះក្រពះ ឬហ្គាសស្ដ្រូស្កុប​ប្រើដោយ​ប្រព័ន្ធ​វីដេអូនេះ គឺជាឧបករណ៍​សម្រាប់ឆ្លុះ​ក្រពះ ប្រើដោយ​ប្រព័ន្ធវីដេអូ ដែលជា​ប្រព័ន្ធទំនើប​ទើបតែ​ស្រាវជ្រាវ​ឃើញថ្មី អាចមើល​ឃើញរូបភាព​ច្បាស់ វាប្រៀប​ដូចជាកាមេរ៉ាថត​អីញ្ចឹងដែរ។ វាជា​ឧបករណ៍​ពិសេស​មានភ្ជាប់ខ្សែ​ទុយោមួយ ហើយយើងយក​ទុយោនោះស៊ក​តាមបំពង់ក តាមបំពង់​អាហារ ចូលទៅ​ក្នុងក្រពះ។ ប្រព័ន្ធនេះ​នៅពេល ដែលយើងឆ្លុះ​មើលក្រពះ​វាបព្ចោញ​រូបភាព​មកខាងក្រៅ​តាមរយៈ​វីដេអូ។ យើងក៏​អាចថត ឬបោះពុម្ភ​រូបភាព​ចេញក្រៅ​បានដែរ។ ឧបករណ៍នេះ​បាន បង្កើត​ឡើងមុន​ដំបូងគេនៅ​ប្រទេសជប៉ុន ក្នុងអំឡុង​ទសវត្សទី៨០ ដែលប្រទេសកម្ពុជា​ទើបតែ​នាំចូលមក​នៅក្នុងឆ្នាំ២០០០។

ឧបករណ៍​ឆ្លុះក្រពះ​ប្រភេទនេះ​មានសារៈ​សំខាន់​ដូចម្ដេច​ខ្លះ?

លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេស​ផ្នែកថ្លើម​ក្រពះ​ពោះវៀន នៃមន្ទីរពេទ្យ​កាលម៉ែត បានបង្ហាញ​ឱ្យដឹងពីសារៈ​ប្រយោជន៍ នៃឧបករណ៍​នេះថា វាមានសារៈ​ប្រយោជន៍​សំខាន់ណាស់់ នៅក្នុងផ្នែក​ពោះវៀនក្រពះ ព្រោះបើ​សិនគ្មានវាទេ គ្រូពេទ្យ​ឯកទេស​សឹងមិនអាច​ធ្វើការអ្វី កើតទេ។ ពោលគឺយើង​មិនអាច​ធ្វើការ​វិនិច្ឆ័យរោគ ដឹងអ្វី​ដែលកើត​មាននៅក្នុង​ក្រពះ​បានទេ។ តាមរយះ​ការថត​អេកូកាំរស្មីអ៊ិច ក៏យើងមិន​អាចបាន ឃើញរូបភាព​បានប្រាកដ​ប្រជាដូច​ឧបករណ៍នេះដែរ។ តាមរយះ​ឧបករណ៍នេះ យើងអាច​ឃើញរូបភាព​ច្បាស់ ហាក់បី​ដូចជា​យើងបាន​លូនចូល​ទៅក្នុង ក្រពះដូច្នោះដែរ។ យើងអាចឃើញ​រោគក្នុង​ក្រពះ​ទាំងអស់ ដូចជា​ការរលាកក្រពះ មហារីកក្រពះ ដំបៅក្រពះ​ជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ យើងអាចព្យាបាល​អាការៈរោគ ដូចជា​ក្នុងករណី​មានការ​ធ្លាក់ឈាម ឈាមកំពុង​តែហូរក្នុង​ក្រពះជាដើម ជាមួយ​ឧបករណ៍នេះ យើងអាចចាក់​ថ្នាំឃាត់ ឈាមបាន​ភ្លាមៗ​ទៀតផង។ ជួនកាល​ឈាមបណ្ដាល​មកពីបែក​សរសៃឈាម យើងអាច​ចងសរសៃ​ឈាម តាមរយៈ​ឧបករណ៍នេះ​បានទៀត។ ឧបករណ៍នេះ​បង្កការ​ងាយស្រួល​ដល់គ្រូពេទ្យ​ក្នុងការឃាត់​ឈាមមាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិនបង្កឱ្យ​មានការ​គ្រោះថ្នាក់​ដល់សុខភាព ដូចការ​ថតកាំរស្មីអ៊ិច​ទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកជម្ងឺ​ក្រពះគ្រប់រូប ចាំបាច់​ត្រូវតែ​ធ្វើការពិនិត្យ​ដោយឧបករណ៍ឆ្លុះ​ក្រពះនេះឬ?

អ្នកជម្ងឺ​ក្រពះពុំ​មែនសុទ្ធ​តែត្រូវ​ឆ្លុះជាមួយ​នឹងឧបករណ៍​នេះទាំងអស់​នោះទេ ព្រោះថា​វាអស់​ថវិកាច្រើន។ ក្នុងការឆ្លុះ​ម្ដងអ្នក​ជម្ងឺត្រូវ ចំណាយ​ថវិកាអស់​ប្រមាណ១០ដុល្លា។ មានអាការៈ​រោគខ្លះ​ចាំបាច់​ត្រូវឆ្លុះ​ជាមួយឧបករណ៍នេះ ដើម្បីធ្វើការ​វិនិច្ឆ័យរោគ។ ហើយពេល​ខ្លះទៀតយើង ត្រូវឆ្លុះ​ជាបន្ទាន់ នៅពេល​ដែលទាក់ទង​នឹងការ​សង្គ្រោះជីវិត​ដូចជា អ្នកជម្ងឺមានការ​ធ្លាក់ឈាម​ក្នុងបំពង់​អាហារ  ឬក្អួតឈាម​ដែលបានន័យថា ក្នុងក្រពះ​មានការ​ធ្លាយហូរ​ឈាម។ បើយើង​មិនធ្វើការ​ឃាត់ឈាម​ឱ្យបាន​ទាន់ពេល​វេលាទេ គឺអាចឱ្យ​អ្នកជម្ងឺ​មានការ​បាត់បង់​ជីវិតបាន។ ករណី​ដែលត្រូវ​ឆ្លុះ ជាមួយឧបករណ៍​នេះ ប្រការ​សំខាន់ថាតើ​អ្នកជម្ងឺ​មានអាការៈ​រោគដែលយើង​សង្ស័យថា​មានជម្ងឺ​ដំបៅក្រពះ រលាកក្រពះ ​និង​មហារីក​ក្រពះឬទេ?

ពេលមាន​អាការៈ​សង្ស័យថា​មានជម្ងឺក្រពះ ជាដំបូង​អ្នកជម្ងឺត្រូវ​មកជួប​គ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ​ជាមុនសិន ដើម្បីពិភាក្សាគ្នា។ ឧបករណ៍នេះ​មិនប៉ះពាល់​ដល់សុខភាពទេ គឺជាឧបករណ៍​ដែលមិនបង្ក​គ្រោះថ្នាក់ទេ នារីមាន​ផ្ទៃពោះ​ក៏អាចពិនិត្យ​បានដែរ។ ឧបករណ៍ឆ្លុះ​ក្រពះ​មិនធ្វើ ឱ្យមានការ​ឈឺចាប់​អ្វីទាំងអស់ គឺគ្រាន់តែ​អ្នកជម្ងឺ​មានអាការៈ​ចង់ក្អួត​បន្ដិចបន្ដួច ប៉ុន្ដែគ្រូពេទ្យ​មានវិធីពន្យល់ ដើម្បីឱ្យ​អ្នកជម្ងឺ​ទ្រាំបាន។  

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative