ការដាំ​បង្គោល​ធ្មេញ ជាអ្វី?

លោកអ្នក​ធ្លាប់ជ្រាបទេ​អំពីការដាំ​បង្គោលធ្មេញ? ការដាំ​បង្គោលធ្មេញ (Dental Implant) គឺជាមធ្យោបាយ​មួយដ៏មាន​ប្រសិទ្ធភាពខ្ពស់​ក្នុងការដាំ​ជំនួសធ្មេញ ដែលបាន​បាត់បង់​ទៅឱ្យ​មានលក្ខណៈដូចធ្មេញ​ធម្មជាតិ​ឡើងវិញ។ ការដាំ​បង្គោលធ្មេញ គឺជាបច្ចេកទេស ថ្មីមួយ​ដែលបាន​នាំចូលមក​ប្រទេសកម្ពុជា​នៅឆ្នាំ២០០០។ នៅបណ្ដា​ប្រទេស​ជឿនលឿន បច្ចេកទេស​នេះត្រូវបាន​ប្រើប្រាស់​ប្រមាណជា ជាង៤០ឆ្នាំ​មកហើយ និងត្រូវបាន​គេទទួលស្គាល់​ប្រើប្រាស់​នៅស្ទើរតែ​ជុំវិញ​ពិភពលោក។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើការដាំ​បង្គោលធ្មេញ​មានអត្ថ​ប្រយោជន៍​ដូចម្ដេច​ខ្លះ?

បច្ចេកទេស​ក្នុងការដាំ​បង្គោលធ្មេញនេះ ជាបច្ចេកវិជ្ជាថ្មី​មួយដែល​មានសារៈ​សំខាន់ណាស់​សម្រាប់មនុស្ស​ទូទៅនៅលើ​ពិភពលោក។ ការដាំ​បង្គោលធ្មេញ គឺជាការដាំ​ជំនួសធ្មេញ​ដែលបាន​បាត់បង់ទៅ និងផ្ដល់ប្រយោជន៍​នូវមុខងារ និងសម្ផស្សដូច​ធ្មេញធម្មជាតិ។ វាប្រៀបបាន ដូចជាយើង​ពិការ​ម្រាមដៃមួយ ហើយយើង​អាចបណ្ដុះ​ម្រាមដៃថ្មី​ឡើងវិញបាន​អញ្ចឹងដែរ។

ការដាំ​បង្គោលធ្មេញ​ប៉ះពាល់ដល់​សុខភាពឬទេ?

លោកទន្ដបណ្ឌិត ទិត ហុងយឺ ជាអ្នកជំនាញ​ដែលធ្លាប់​បានសិក្សា​បច្ចេកទេស​នេះនៅប្រទេស​អាល្លឺម៉ង់ បានអះអាងថា​បច្ចេកទេស នេះមិនផ្ដល់​គ្រោះថ្នាក់​អ្វីទាំងអស់​ដល់មនុស្ស។ ពីព្រោះវា​ជាបច្ចេកទេស​មួយ​ដែលគេបាន សិក្សាស្រាវជ្រាវ​បានយ៉ាង​ត្រឹមត្រូវ។ ការដាំ​បងោ្គលធ្មេញ គឺប្រើឧបករណ៍​ធ្វើអំពី​ទីតាន្យូម(ទិតាន៉ិមប) ដែលជា​សារធាតុមួយ អាចនៅ​ជាមួយ​ឆ្អឹងមនុស្សបាន ហើយពុំមាន​ប៉ះពាល់​ដល់សុខភាព មនុស្សឡើយ។ មានពាក្យ​ចចាមអារាម​ខ្លះថា​ការដាំបង្គោលធ្មេញ​នាំឱ្យកើត​ជំងឺមហារីក លោកទន្ដណ្ឌិត​បានបដិសេធ​ទាំងស្រុង​នូវពាក្យ​ចចាមអារាមនេះ ថាគ្មាន​បញ្ហនេះកើត​ឡើងទេ។ ប៉ុន្ដែវាអាស្រ័យ​ទៅនឹង​សមត្ថភាព​គ្រូពេទ្យ និងឧបករណ៍​ប្រើប្រាស់​របស់គ្រូពេទ្យដែរ។ ការដាំធ្មេញនេះ​អាចធ្វើបាន​លើមនុស្ស​ស្ទើរតែ​គ្រប់វ័យ ជាពិសេស​ចំពោះមនុស្ស​ពីវ័យ១៨ឆ្នាំ​រហូតដល់​១០០ឆ្នាំ។ ប្រជាពលរដ្ឋខ្មែរ​ភាគតិចណាស់​ដែលបាន យល់ដឹងអំពី​បច្ចេកទេសនេះ។ ប៉ុន្ដែរហូត​មកដល់​ពេលនេះ​នៅប្រទេស​កម្ពុជាយើង មានប្រជាពលរដ្ឋ​មួយចំនួន​បានទទួលការដាំ​បង្គោលធ្មេញ ដោយពួកគាត់​ពេញចិត្ដ​ចំពោះលទ្ធផល​ដែលទទួលបាន ទាំងមុខងារទំពារ និងសម្ផស្ស​ស្រស់ស្អាត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន​របស់ទន្ដ​បណ្ឌិត

សូមប្រជាពលរដ្ឋខ្មែរ​ចាប់អារម្មណ៍​លើការថែទាំ​សុខភាពធ្មេញ មិនត្រូវទៅ​ធ្វើការកាត់ ឬដកធ្មេញ​ដែលនាំឱ្យខូច ​និងបាត់បង់​ធ្មេញនោះទេ។ យើងគួរ​ជ្រើសរើសកន្លែង​ព្យាបាលឱ្យបាន​ត្រឹមត្រូវ អ្នកដែលចង់​ដាំបង្គោលធ្មេញ ​ក៏ត្រូវដឹងពី​ប្រវត្ដិការងារ​របស់គ្រូពេទ្យ​ជំនាញឱ្យ បានច្បាស់លាស់​ផងដែរ។ ត្រូវថែរក្សាធ្មេញ​ឱ្យបានល្អ ថ្វីត្បិតតែការដាំំ​បង្គោលធ្មេញ អាចជំនួស​ធ្មេញដែល​បានបាត់បង់​ទៅបាន​ក៏ពិតមែន តែការដាំ​បង្គោលធ្មេញ​មានតម្លៃខ្ពស់​សម្រាប់ស្ថានភាព​សេដ្ឋកិច្ច​ប្រទេសកម្ពុជា​បច្ចុប្បន្ននេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative