ខ្ញុំមាន​ជម្ងឺក្រពះ​ឬ?

ជម្ងឺក្រពះ ជាជម្ងឺមួយ​ប្រភេទដែល​មនុស្សសម័យ​បច្ចុប្បន្ន​ជួបប្រទះ​យ៉ាងច្រើន ហើយជម្ងឺនេះ​កើតមាននៅលើ​មនុស្សគ្រប់វ័យ។ ជម្ងឺនេះអាចបង្ក​ឱ្យអ្នកជម្ងឺ​បាត់បង់​ជីវិតបាន ប្រសិនបើ​គាត់ពុំមានការ​ព្យាបាល​ឱ្យបានត្រឹមត្រូវ​ទេនោះ។ “នៅប្រទេសកម្ពុជា ជម្ងឺក្រពះជា ជម្ងឺដែលសម្បូរ ដែលយើង​ជួបប្រទះ​ស្ទើរតែរៀង​រាល់ថ្ងៃ ក្នុងចំណោមជម្ងឺថ្លើមក្រពះ​ពោះវៀន។ លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ប្រធានផ្នែក ថ្លើមក្រពះ​ពោះវៀន នៃមន្ទីរពេទ្យ​កាល់ម៉ែត​បានឲ្យដឹងដូចតទៅនេះ៖

រូបភាពទស្សនាវដ្តីសុខភាពយើង

តើជម្ងឺក្រពះ​មានរោគសញ្ញា​យ៉ាងដូចម្ដេចខ្លះ?

បើតាមពិតទៅ​ពាក្យថា​ជម្ងឺក្រពះ គឺជាពាក្យ​សាមញ្ញ​សុទ្ធសាធ មិនមែន​ជាពាក្យ​បច្ចេកទេស​របស់ពេទ្យទេ។ នៅពេលណាដែល មានការឈឺពោះ​នៅផ្នែកចុង​ដង្ហើមខាងលើ ប្រជាជន​តែងតែ​យល់ថា​ឈឺក្រពះ។ តាមពិត​ការឈឺនៅ​ផ្នែកចុងដង្ហើម​ខាងលើអាច​មានជម្ងឺរបស់ សរីរៈផ្សេងក្រៅពី​ក្រពះដែរ ដែលអាចជា​មានជម្ងឺផ្លូវទឹក​ប្រមាត់ ឬជំងឺថ្លើមដែរ។  ម្យ៉ាងទៀតពាក្យថា​ឈឺក្រពះ វាអាច​គ្របដណ្ដប់​នូវជម្ងឺ​ជាច្រើន​កើតមាននៅ​ក្នុងក្រពះ ដែលអាចបណ្ដាលឱ្យ​មានការឈឺចាប់​ក្នុងក្រពះដូចគ្នា។ ជម្ងឺក្រពះមានច្រើន​ប្រភេទណាស់ ប៉ុន្ដែជម្ងឺ​ក្រពះដែល យើងជួបប្រទះ​ច្រើនជាងគេ​មានចំនួន៤ប្រភេទ គឺជម្ងឺដំបៅក្រពះ ជម្ងឺទឹកអាស៊ីត​ច្រាលពីក្នុងក្រពះ​មកបំពង់អាហារ ជម្ងឺក្រពះខ្សោយ និងជម្ងឺមហារីកក្រពះ។

ជម្ងឺក្រពះ​ទាំង៤ប្រភេទនេះ វាមានរោគសញ្ញា​រួមរបស់វាមួយ ដែលអាចឱ្យ​យើងដឹងបានថា​យើងមានជម្ងឺក្រពះ។  ភាគច្រើនអ្នកជម្ងឺ ច្រើនមានការ​ឈឺចាប់នៅក្នុង​ពោះជាពិសេស នៅផ្នែកចុងដង្ហើម។ ការឈឺចាប់​នេះមានលក្ខណះ​ផ្សាក្រហាយ ឬក៏ឆ្អល់។ រោគសញ្ញា​បន្ទាប់បន្សំបន្ថែម​ជាមួយការ​ឈឺចាប់នេះ មានដូចជាការ​ពិបាក​រំលាយអាហារ នៅពេលដែលយើង​បរិភោគអាហារទៅ ធ្វើឱ្យឆាប់ឆ្អែត ឬក៏នៅពេលឆ្អែត​ហើយក្រស្រកពោះ ហាក់ដូចជាក្រពះ​មិនបាន​កិនជាដើម។ ជួនកាលទៀត ក៏មានភើជូ អាចរមូលពោះ កូពោះ ហើយអ្នកខ្លះ ទៀតក៏អាចមាន​អាការៈ​ហើមពោះផងដែរ។ អាការៈទាំងនេះ​ហើយដែលលធ្វើឱ្យ​យើងចាប់អារម្មណ៏​ទៅដល់រោគក្រពះ ។ ប៉ុន្ដែជម្ងឺក្រពះមួយចំនួន​មិនមានឱ្យ​រោគសញ្ញា​ច្បាស់លាស់ទេ អ្នកជម្ងឺហាក់ដូចជា​មានសុខភាពល្អ​ធម្មតា តែវានឹង​ស្ដែងចេញឡើង​នៅពេលណា​ដែលមាន​ផលវិបាក ដូចជាធ្លាយក្រពះ ឬក៏មានការ​ធ្លាក់ឈាម។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើយើងអាច​ចៀសវាង​ជម្ងឺក្រពះ​បានដែរ​​​ឬទេ?

ជម្ងឺក្រពះ ជាជម្ងឺដែល​យើងអាច​ចៀសវាងបាន បើយើងយល់ច្បាស់​អំពីអនាម័យ និងវិធីបង្ការខ្លះៗ។ យើងដឹងថា​ជម្ងឺក្រពះ ច្រើនកើត​ទៅលើមនុស្ស​ដែលខ្វះ​អនាម័យ។ យើងត្រូវអោយ​មានអនាម័យ​ជានិច្ច គឺត្រូវបរិភោគ​បន្លែឆ្អិន ទឹកស្អាត ចៀសវាង​នូវការទទួល ទានថ្នាំដែលគ្មាន​វេជ្ជបញ្ជា​ថ្នាំពេទ្យ ឬឱសថ គឺជាកត្ដា​សំខាន់ណាស់​ដែលធ្វើឱ្យយើង​ឈឺក្រពះ ជាពិសេស​ប្រភេទថ្នាំ​ប្រឆាំងការ​ឈឺសន្លាក់ដៃ សន្លាក់ជើង ដែលប្រជាជនខ្មែរ​តែងតែហៅថា ថ្នាំសរសៃ។ ជាអាទិថ្នាំ​អាស្ពីរីន ដែលយើង​តែងតែប្រើវា​ដើម្បីបំបាត់​ជម្ងឺផ្ដាសាយ និងគ្រុននោះ វាធ្វើឱ្យយើង​ឈឺក្រពះ។ គួរចៀសវាង​នូវការជក់បារី និងការផឹកស្រា ត្រូវពិសាអាហារ ឱ្យបានទៀង​ពេលវេលា​ផងដែរ។

ដំបូន្មាន​គ្រូពេទ្យ​ជំនាញ

នៅពេលដែល​សង្ស័យថា​មានឈឺជម្ងឺ​ក្រពះហើយ អ្នកជម្ងឺត្រូវមក​ជួបវេជ្ជបណ្ឌិត​ជំនាញដើម្បី​ធ្វើការ​ពិនិត្យជម្ងឺ បើចាំបាច់​គ្រូពេទ្យ នឹងធ្វើការឆ្លុះ​មើលក្រពះ ឬមើលឈាម​បន្ថែមទៀត ដើម្បីទទួល​បាននូវរោគ​វិនិច្ឆ័យបាន​ត្រឹមត្រូវ ដែលអាចឱ្យ​យើងធ្វើការ​ព្យាបាល​ជាសះស្បើយ​ដើម្បីចៀសវាង​ការខាតបង់​ពេលវេលា និងថវិកា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative