បំបាត់អាការៈ​​​​ក្អួតចង្អោរ​​​​ពេលចាញ់​កូន​​​បានទេ?

ការចាញ់កូន​ជាអាការៈ​ចង្អោរ ក្អួត និងអាការៈ​រំខានផ្សេងទៀត ដែលកើតមាន​ខែដំបូងនៃការ​តាំងគភ៌។ តើត្រូវទប់ទល់ កាត់បន្ថយ ឬបំបាត់អាការៈ​ចង្អោរ និងក្អួតពេល​ចាញ់កូន​បែបណា? 

រូបភាពទស្សនាវដ្តីសុខភាពយើង

តើស្រ្តីគ្រប់រូប​ទទួលរង​អាការៈចាញ់​កូនកម្រិតណា? គ្រោះថ្នាក់​ដល់​ជិវីតទេ?

អាការៈចង្អោរ និងក្អួតពេល​មានផ្ទៃពោះ មានកម្រិតតិច ឬខ្លាំងទៅតាម​ស្រ្តីម្នាក់ៗ។ អាការៈទាំងនេះ​កើតមាននៅ​ខែទី១ ដល់ខែទី៣​នៃការតាំងគភ៌ ហើយស្រ្តី​មានគភ៌ជាង៥០%​ទទួលរងការ​ចាញ់កូន។ ស្រ្តីខ្លះកើតមាន​អាការៈចាញ់​មុនដំបូងតិច ក្រោយមក​ទើបខ្លាំង តែស្រ្តីខ្លះទៀត កើតមានអាការៈ​ចាញ់ខ្លាំងក្លា​ពិបាកទ្រាំតែម្តង។ អាការៈចាញ់​ក្អួតចង្អោរ បាត់ពីចុងខែ​ទី៣នៃការតាំងគភ៌។ ស្រ្តីភាគតិច​បំផុតដែលនៅ​ទទួលរងអាការៈ​ក្អួតចង្អោរ រហូតដល់​ត្រីមាសទី២ និងត្រីមាសទី៣​នៃគភ៌ ពោលគឺចាប់​ពីខែទី៤ដល់​សម្រាល។

ជាទូទៅ​អាការៈក្អួតចង្អោរ​ចាញ់កូននេះ មិនបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់សុខភាព​ស្រ្តីជាមាតា និងសុខភាព​កូនក្នុងផ្ទៃទេ។ រហូតមក​ដល់សព្វ​ថ្ងៃនេះ មិនទាន់​មានអ្នក​វិទ្យាសាស្រ្ត រកឃើញ​ដើមហេតុ​នៃអាការៈចាញ់​នេះជាក់លាក់​នៅឡើយ អ្វីៗស្ថិតនៅជាអាថ៌កំបាំង។

អាការៈចាញ់ចង្អោរ កើតមាន​ជាញឹកញាប់​នៅពេលព្រឹកព្រលឹម ពេលទើបនឹង​ងើបពីគ្រែ និងមិនទាន់​បានបរិភោគអ្វីសោះ។ ហើយក៏មានស្រ្តី​ទើបតែមាន​គភ៌មិនតិចនាក់​ដែរទេ បានត្អួញត្អែរថា អាការៈក្អួតចង្អោរ​នេះកើតមាន​ពេញមួយថ្ងៃ។

តើត្រូវ​ទៅជួប​គ្រួពេទ្យ​ជំនាញ​នៅពេលណា?

ប្រសិនអាការៈ​ចាញ់គ្អួតចង្អោរ នៅតែបន្តមាន ឬក៏អាការៈ​ទាំងនេះ​កើតមាន​បែបខ្លាំងក្លា ឬបែបញឹកញាប់​មែនទែន សូមអញ្ចើញ​ទៅសាកសួរប្រឹក្សា ឬដំបូន្មាន​ជាមួយគ្រួពេទ្យ​ជំនាញជាបន្ទាន់។ គ្រួពេទ្យនឹងធ្វើការ​ពិនិត្យផ្ទៀងផ្ទាត់​ថាមាន​ផ្ទៃពោះមែនទេ? បើជាករណី មានផ្ទៃពោះ​ហើយចាញ់ គ្រូពេទ្យនឹងផ្តល់​ថ្នាំលាបប្រឆាំង​អាការៈក្អួត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន​សម្រាប់ស្រ្តី​ទើបតែ​មានផ្ទៃពោះ

ដើម្បីទប់ស្កាត់អាការៈ​ចង្អោរពេលព្រឹក​ព្រលឹម ប្រសិនបើអាច សូមកុំអាល​ងើបពីលើគ្រែ និងពិសារ​អាហារពេលព្រឹកនៅលើ​គ្រែគេង​នោះតែម្តង។ រួចហើយសូម​រងចាំឲ្យបាន១៥នាទី ទើបងើបពីលើគ្រែ តែសូមងើប​ដោយសន្សឹមៗ និងថ្នមៗ​ចៀសវាង​ការងើបដោយ​គំហុក។

សូមកុំពិសារ​អាហារ​ជាតិខ្លាញ់ និងអាហារ​លាយជាតិមិន​លារលឿន។ ជាពិសេស​នៅពេលព្រឹក កាហ្វេទឹកដោះគោ ឬតែទឹកដោះគោ គួរចៀសវាង។ សូមខិតខំ​ពិសារអាហារស្ងួត ឬក្រៀម ដែលមានជាតិស្ករ​ជ្រាបយឺតដូចជា បាយ នំបុ័ង គ្រាប់ធុញ្ញជាតិ នំស្រួយជាដើម។

សូមបរិភោគតិចៗ តែច្រើនដង ជាពិសេសសូម​បន្ថែមពេលបរិភោគ ពាក់កណ្តាលព្រឹក(ប្រមាណជាម៉ោង១០) និង​​​ពាក់កណ្តាល​រសៀល(ប្រមាណជាម៉ោង៣ ឬ៤)ដោយពិសារ​នំស្រួយ ផ្លែឈើ យ៉ាអ៊ូរជាដើម។

សូមប្រយ័ត្ន​ចំពោះក្លិនផ្សេងៗ ជាពិសេសក្លិនថ្នាំជក់ ឬបារី ក្លិនទឹកអប់​មួយចំនួន និងក្លិនចំណីអាហារ​ខ្លះ ដែលអ្នកមិនចូលចិត្ត។

ប្រសិន​បើក្អួតច្រើន សូមពិសារទឹក ឬភេសជ្ជៈបន្តិចៗ និងញឹកញាប់។ ព្រមទាំងសូម​សម្រាកកាយ​ឲ្យបាន​គ្រប់គ្រាន់។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦


Google Analytics Alternative