បុរសមាន​​​​បញ្ហា​​​​ជ្រុះសក់ ហេតុអ្វី? ធ្វើ​ដូចម្ដេច?

មនុស្សទាំងពីរភេទ ទាំងបុរស ទាំងស្ដ្រី មានបញ្ហា​ដោយឡែកៗ​ពីគ្នា។ ស្ដ្រីគិតគូរ​ជាខ្លាំង​អំពីទម្ងន់​ខ្លួនរបស់​គាត់ រីឯ​បុរសវិញ​រំខាន ដោយការ​ជ្រុះសក់។ ទោះបី​ជាការ​ជ្រុះសក់​ប្រមាណជា​១០សរសៃ​ក្នុង១ថ្ងៃ ជាប្រការ​ធម្មតាក្តី ប៉ុន្តែលោកអ្នក​តែងតែ​មានការបារម្ភ កើតទុក​មិនសុខ​ចិត្តជា​ញឹកញយ។ ជាពិសេស​ពេលដែលងើប​ពីគេង​មានសក់​នៅលើខ្នើយ ពេលងូតទឹក​មានសក់​នៅបន្ទប់ទឹក ពេលសិតសក់​មានសក់នៅលើស្និត ពេលកំពុង​ធ្វើការងារ​មានសក់ជ្រុះ​លើអាវជាដើម។ ជួនកាលសក់​អាចជ្រុះច្រើន រហូតដល់​ទៅ២០០សរសៃ​ក្នុងមួយថ្ងៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សក់ផ្សំផ្គុំ​ឡើងដោយ​សរសៃសក់ ដែលគ្រប​ដណ្ដប់ស្បែកក្បាល​ទាំងមូល និងឫសសក់ ដែលចាក់ស្រេះ​ចូលក្នុង​ស្បែកក្បាល។ លើក្បាល​របស់យើង មានសក់ប្រមាណ​ជាពី ៧ម៉ឺនទៅ ១៥ម៉ឺនសរសៃ។

ជីវិតរបស់​សក់ជាបី​ដំណាក់​កាល

– ដំណាក់កាល​លូតលាស់ ឬដំណាក់កាល​អាណាហ្សែន ៖ ជាទូទៅ ដំណាក់កាល​នេះមានរយៈ​ពេលពី២​ទៅ៧ឆ្នាំ។ ពេលនេះ សរសៃសក់ដុះ លូតជាប្រចាំ។

– ដំណាក់​កាលសម្រាក ឬដំណាក់កាល​កាតាហ្សែន ៖ ជាដំណាក់កាល​សក់លែង​លូតលាស់ ហើយចាប់ផ្ដើម​សម្រាក ឈប់ដុះ​លូតទៀត។ ដំណាក់​កាលនេះ មានរយៈពេល​ប្រមាណជា ២០ថ្ងៃ។

– ដំណាក់កាលជ្រុះ ៖ នៅដំណាក់​កាលនេះ សក់មួយសរសៃ​នេះចាប់​ផ្ដើមងាប់ និងជ្រុះចេញ​ពីលើក្បាល ហើយជំនួស​ដោយសរសៃសក់ ថ្មីផ្សេងទៀត។  ការជ្រុះសរសៃ​សក់ចាស់ ដុះសរសៃ​សក់ថ្មីនេះ អាចសារ​ចុះសារឡើង ចំនួនប្រមាណ​ជា២៥ដង ក្នុងមួយ​ជិវិតមនុស្ស។

ចំណោមសក់​នៅលើក្បាល​ដែលមាន​សុខភាពល្អ មានចំនួន​ប្រមាណជា​៨៥%ជាសក់​ដែលស្ថិត​នៅក្នុង​ដំណាក់កាល​លូតលាស់ ២%ស្ថិតនៅ​ដំណាក់កាល​សម្រាក និងប្រមាណជា​ជាង ១០%ស្ថិត​នៅដំណាក់​កាលជ្រុះ។ ចក្រ ឬដំណើរ​ជីវិតរបស់សក់​បែបនេះ ជួយមនុស្សឱ្យ មានសក់​នៅលើក្បាល​ពេញមួយជិវិត។ ប៉ុន្ដែ ប្រសិន​បើសក់​ឆាប់ជ្រុះពេក ចក្រជីវិត​របស់សក់ខ្លី ឬជិតៗគ្នាពេក ធ្វើឱ្យសក់​នៅលើក្បាល​ទាំងមូលស្ដើង ទំពែក ឬឆក​មុនកាល​កំណត់។ ពេលដែល​សក់ជ្រុះច្រើន​សរសៃពេក ហើយដុះ​តិចពេក​មិនសមល្មម ក្បាលរបស់​លោកអ្នកកំពុង គម្រាមកំហែង​ដោយការជ្រុះ ទំពែក ឬឆក។ អ្នកជំនាញ​ខាងជម្ងឹ​សរសៃសក់ បានលើក​ឡើងថា “អាចបង្កជាបញ្ហា បើសិនជា​សក់ជ្រុះ ក្នុង១ថ្ងៃ លើសពី៦០សរសៃ អូសបន្លាយ​ក្នុងរយៈពេល​លើសពី៣ខែ”។​តើលោកអ្នក​នឹងមានក្បាល​ទំពែក និងក្បាលឆកឬ?

រូបភាពទស្សនាវដ្តីសុខភាពយើង

មានមូលហេតុ​ជាច្រើនដែល​បណ្ដាលឱ្យ​ជ្រុះសក់ ដូចជាជម្ងឺ ថ្នាំពេទ្យ កង្វះជីវជាតិ ឬវីតាមីន​ជាដើម។ ប៉ុន្ដែ​ចំពោះបុរស ប្រមាណជា ជាង៩០% ជាករណីជ្រុះ​បណ្ដាលមក​ពីពូជ និងជាតិអ័រម៉ូន រួមផ្សំ​នឹងការ​បញ្ចេញជាតិ​ក្រពេញរន្ធញើស​ច្រើនជ្រុល។ ការជ្រុះរបៀបនេះ ហៅថាទំពែក ឬឆក​អង់ដ្រូសេនេទិក ដែលបណ្ដាល​មកពីភាព​ងាយរង​ប្រតិកម្មរបស់​ផ្លោកគល់សក់ ជាមួយនឹង​ជាតិឌីអ៊ីដ្រូតេស្ដូស្ដេរ៉ូន (ជាខ្សែ ស្រឡាយ​អំបូរ​ជាតិ​អ័រម៉ូនតេស្ដូរស្ដេរ៉ូន)។ កាលណាអត្រា​ឌីអ៊ីដ្រូតេស្ដូស្ដេរ៉ូន កើនឡើង​ខ្ពស់ជ្រុល ការលូតលាស់​នៃរោម និងសរសៃ​សក់កាន់ តែឆាប់ ផ្លោកគល់​សក់បំបែកខ្លួន​លឿនជ្រុល ឬឆាប់ពេក ដែលជាការ​ជះឥទ្ធិពល​បង្កការ​ជ្រុះសក់​មុនអាយុ។

អស់លោកអ្នក​អានជាទីមេត្រី! ហេតុនេះ បើអស់លោក​ចង់ដឹងអំពី​អនាគតសក់ក្បាល និងត្រៀមរក​វិធីបង្កា សូមសម្លឹង​មើលសក់ ក្បាលជីតា ឪពុក និងឪពុកមា​របស់លោកអ្នក។

ប្រការត្រូវ​ធ្វើពេលចាប់​ផ្ដើមជ្រុះសក់​ដំបូង

ប្រសិនបើ​លោកអ្នក​មានការ​លំបាក ក្នុងការ​ទប់ស្កាត់កា​រជ្រុះសក់​បែបសួរពូជ លោកអ្នក​មិនត្រូវ​រង់ចាំ​រហូតដល់​ទំហំជ្រុះ​ច្រើនជ្រុល ព្យាបាល​លែងកើត​នោះទេ ទោះបីជា​ដឹងថា ការព្យាបាល​មិនអាចបន្ទុច​បង្អាក់ដំណើរ​ជ្រុះសួរពូជ ឬសេនេទិក​បានក៏ដោយ។

អ្នកជំនាញ​ខាងស្បែក និងសក់ អាចផ្ដល់ថ្នាំ​ជាតិវីតាមីន​ច្រើនមុខ សម្រាប់ជួយ​ស្បែកក្បាល ដូចជា​ពពួកវីតាមីន​ប្រភេទបេ​ជាដើម។ ក្រៅពីជួយកម្លាំង និងជីវិត​របស់សក់ ជាតិវីតាមីន​ទាំងនេះ អាចជួយ​កាត់បន្ថយ​ដំណើរជ្រុះ​ខ្លះបាន។

ប្រសិនបើ​ដំណើរជ្រុះ​រឹតតែពិបាក​ទប់ទល់ គេអាចចាប់​ព្យាបាលដោយ​ថ្នាំលាប ឬបន្ដក់លើ​ស្បែកក្បាល ជាពិសេស​ផ្សំពីជាតិ​មីណូស៊ីឌ្រីល។ ត្រូវតែមាន​ការតាំងចិត្ដ ព្រោះថា​ការព្យាបាល​ត្រូវព្យាយាម​ឱ្យបាន​ជាប់លាប់ ដូចជាត្រូវ​លាបរៀង​រាល់ថ្ងៃ ព្រឹក១ដង ល្ងាច១ដង ជាប្រចាំ​ជាដើម។ ប្រសិនបើ​ប្រកាន់បាន​ខ្ជាប់ខ្ជួន ការព្យាបាល​នេះអាច​ផ្ដល់ជាផ្លែផ្កា ដូចជាជួយទប់ ឬកាត់បន្ថយសក់​ដែលជ្រុះ​ជាដើម។ ផ្ទុយទៅវិញ សក់បន្ដជ្រុះទៀត ពេលឈប់​ព្យាបាល។

ដំណោះស្រាយ​មួយទៀត រាងបែបឆៅបន្ដិច តែមានតម្លៃខ្ពស់ គឺជាការព្យាបាល​ដាំសក់ និងការវះកាត់​ព្យាបាល។ វាតម្រូវឱ្យវះកាត់ យកផ្នែកខាងក្រោយ​នៃក្បាលដែល​មានសក់ច្រើន យកមកដាំ​ត្រង់កន្លែងដែល​ទំពែក ឬមិនសូវ​មានសក់។ បើលោកអ្នក​ចង់ជ្រាប​កាន់តែច្បាស់ សូមពិគ្រោះ​ជាមួយគ្រូពេទ្យ​ជំនាញខាង​ព្យាបាលស្បែក និងសក់។

ដោយវេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative