របៀប​​​រៀបចំ​​​ទូ​ដាក់​​​សម្លៀកបំពាក់

បន្ទប់គេង​​​ត្រូវតែស្អាត​​​​ដើម្បី​​​ភាពស្រស់ស្រាយ​​​​ក្នុងអារម្មណ៍​​​និង​​​សុខភាពល្អ។ មិនតែ​​​ប៉ុណ្ណោះ​​​​ការរៀបចំ​​​សម្ភារៈ​​​ប្រើប្រាស់​​​នីមួយៗ​​​ក៏កាន់តែ​​​សំខាន់ ដូចជា​​​ទូដាក់​​​សម្លៀកបំពាក់​​​ជាដើម។ សណ្ដាប់ធ្នាប់​​​​របស់​​​លោកអ្នក​​​អាចបញ្ជាក់បានពី​ភាពល្អឥតខ្ចោះ និងអនាម័យខ្ពស់​ក្នុងការរស់នៅ។

លោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងជំនាញក្នុងការរៀបចំគេហដ្ឋាន បានចូលរួមធ្វើការបកស្រាយពី របៀបរៀបចំ​ទូសម្លៀកបំពាក់ ដើម្បីឱ្យលោកអ្នកបានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។

ការរៀបចំ​សម្លៀកបំពាក់

បើសិនជាបន្ទប់គេងរបស់លោកអ្នកធំទូលាយ អាចមាន​ទូសម្លៀកបំពាក់​នៅក្នុងនោះតែម្ដង ដើម្បីមានភាពងាយស្រួល ហើយមើលទៅមានភាពសក្ដិសម និងការរៀបចំបានយ៉ាងល្អ។ តែបើសិនជាទីធ្លាបន្ទប់​លោកអ្នកមិនធំទូលាយ ទូសម្លៀកបំពាក់ គ្រាន់តែដាក់នៅផ្នែកណាមួយ​ដែលគិតថាសក្ដិសមគឺជាការស្រេច។ ជាទូទៅទូសម្លៀកបំពាក់សុទ្ធតែ​មានបែងចែកជាថ្នាក់ៗ ដូចនេះ លោកអ្នកត្រូវចេះរៀបចំ​ទៅតាមប្រភេទសម្លៀកបំពាក់។ ធ្នើរព្យួរសម្លៀកបំពាក់​លោកអ្នកអាចព្យួរទៅតាមប្រភេទវែង និងខ្លី ដូចជាអាវសាច់ក្រណាត់ រ៉ូបវែងខ្លី និងសំពត់ឬខោវែងខ្លី ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ក្នុងទូ។ ការរៀបចំនេះទៀតសោតដើម្បីឱ្យ មើលទៅកាន់តែសក្ដិសម លោកអ្នកគប្បីរៀបចំអាវយឺត​បត់ទុកនៅផ្នែកធ្នើរណាមួយ​ក្នុងទូសម្លៀកបំពាក់ទៅតាម​ពណ៌របស់វាដើម្បី ឱ្យមើលទៅមានសណ្ដាប់ធ្នាប់ និងងាយស្រួលនៅពេលជ្រើសរើស​សម្លៀកបំពាក់ម្ដងៗ។ ចៀសវាងបត់ដាក់ពណ៌ចម្រុះ ព្រោះមើល ទៅមានភាពរញ៉េរញ៉ៃ។ ក្រៅពីនេះ ចំពោះខោខ្លី ឬខោខូវប៊យ គប្បីដាក់ទៅតាមថ្នាក់ៗ​ឱ្យបានស្អាត ចៀសវាងការ​ដាក់លាយឡំគ្នា។

ការសម្អាត​ទូសម្លៀកបំពាក់

មិនថាលោកអ្នកជ្រើសរើសប្រភេទទូ​ដូចម្ដេចមកប្រើប្រាស់នោះទេ លោកអ្នកគប្បីរៀបចំសម្អាត​ចេញម្ដងជារៀងរាល់រយៈ ពេលពីពីរសប្ដាហ៍ទៅមួយខែ ដោយយកសម្លៀកបំពាក់​ចេញមកក្រៅហើយសម្អាត ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត និងដាក់ក្លិនក្រអូប ចូលទៅក្នុងទូ។ ក្លិនល្អឬមិនល្អនៅក្នុងទូសម្លៀកបំពាក់​របស់លោកអ្នកក៏អាស្រ័យលើ​សម្លៀកបំពាក់ផងដែរ បើសិនជាសម្លៀកបំពាក់ មិនទាន់ស្ងួត​ហើយយកទៅព្យួរឬបត់ទុកនោះ វានឹងជះក្លិនចេញមកក្រៅ ហើយនឹងធ្វើឱ្យសម្លៀកបំពាក់​ទាំងអស់មានក្លិនមិនល្អដូចគ្នា ដូចនេះសម្លៀកបំពាក់​នៅក្នុងទូត្រូវប្រាកដថាស្ងួតទាំងអស់។

ដំបូន្មាន​អ្នកជំនាញ

សម្លៀកបំពាក់ត្រូវ​ប្រើប្រាស់រាល់ថ្ងៃ និងរាល់ពេលទាំងអស់។ ការថែទាំក្លិន និងអនាម័យក្នុង​ទូសម្លៀកបំពាក់​ជាការចាំ បាច់ណាស់។ លោកអ្នកប្រាកដជាមិនចង់ឱ្យសម្លៀកបំពាក់​មានក្លិនមិនល្អ ដោយសារតែការខ្វះអនាម័យ​ក្នុងទូសម្លៀកបំពាក់នោះទេ។ ការអនាម័យក្នុងទូសម្លៀកបំពាក់​ក៏ដូចជាការយកចិត្ដទុកដាក់ចំពោះសុខភាព​របស់លោកអ្នកផងដែរ។ អនាម័យ និងសណ្ដាប់ធ្នាប់ល្អ ក្នុងការរស់នៅគឺ​ជាសុខភាពរបស់លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative