ខ្យល់ដង្ហើមមិនល្អ ៖ មូលហេតុ និងវិធីព្យាបាល

លោកអ្នកមួយចំនួនហាក់បីដូចជា​មិនចាប់អារម្មណ៍ទៅលើក្លិនមាត់ និងក្លិនខ្យល់ដកដង្ហើម​របស់ខ្លួនដែលបាន​ជះឥទ្ធិពលមិនល្អទៅលើអ្នកដទៃ​នោះទេ។ ប្រសិនបើក្លិនមាត់មិនល្អ អាចធ្វើឱ្យប៉ះពាល់​អារម្មណ៍អ្នកដទៃ ដែលធ្វើការប្រាស្រ័យទាក់ទងគ្នា​មិនមានភាពស្និទ្ធស្នាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីយល់ដឹងអំពីវិធីថែរក្សា​ខ្យល់ដង្ហើមឬក្លិនមាត់ឱ្យល្អ ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍​ផ្ទាល់ជាមួយ លោកទន្ដបណ្ឌិត គង់ ភក្ដី គ្លីនិកទន្ដសាស្ដ្ររំចង់។

ក្លិនដង្ហើម​មិនល្អ

ក្លិនដង្ហើមមិនល្អគឺជាក្លិនដង្ហើម​មិនធម្មតាមួយដែលកើតឡើង​ដោយសារជម្ងឺផ្សេងៗ​នៅក្នុងខ្លួន ឬអាចបណ្ដាលមកពីលោក អ្នកមួយចំនួនមិនបាន​សម្អាតមាត់ធ្មេញឱ្យបាន​ត្រឹមត្រូវទៀងទាត់។ ម្យ៉ាងទៀតក្លិនដង្ហើមមិនល្អ​នេះអាចដឹងបានតាមរយៈ​ការនិយាយស្ដី​ទៅលើអ្នកដទៃ​ចេញមកខាងក្រៅ​ហាក់បីមានក្លិនស្អុយតែម្ដង។

មូលហេតុដែលបណ្ដាល​ឱ្យក្លិនដង្ហើមមិនល្អ

មានមូលហេតុជាច្រើន​ដែលបណ្ដាលឱ្យមានក្លិនដកដង្ហើមមិនល្អ គឺលោកអ្នកមួយចំនួន​មានបញ្ហាសុខភាពទូទៅ ដូចជា មានជម្ងឺរលាកក្រពះ ជម្ងឺរលាកបំពង់ក ឬបំពង់អាហារ ជម្ងឺរលាកទងសួត និងរលាកឃ្លុបខ្យល់​ក្នុងច្រមុះផងដែរ។ លើសពីនេះ កត្ដាមួយចំនួនទៀត​ក៏អាចបណ្ដាលឱ្យខ្យល់ដង្ហើមមិនល្អដែរ ព្រោះទម្លាប់មិនដុសសម្អាតមាត់ធ្មេញ​ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ លោកអ្នកមួយចំនួនអាចបណ្ដាលឱ្យ​មានក្លិនមាត់នោះគឺដោយសារតែការ​ប្រើប្រាស់ធ្មេញដាក់ខុសបច្ចេកទេស​ក៏អាចឱ្យមានក្លិនដង្ហើម មិនល្អដែរ។ ជារួមមានកត្ដាបីធំៗដែលគួបផ្សំគ្នា ហើយជំរុញឱ្យមានក្លិនមាត់ និងដង្ហើមមិនល្អ។

១ . កត្ដាទី១ រួមមានរោគពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ ធ្មេញដែលមានកំបោរជាប់ច្រើន មានដំបៅក្នុងមាត់ មានជាប់ចំណីអាហារ ជាពិសេសនៅត្រង់ធ្មេញថ្គាមទាល់ និងចំពោះអ្នកជម្ងឺដែលមានធ្មេញដាក់ចាស់ៗ ឬខុសបច្ចេកទេសតែម្ដង។ ដូចគ្នានេះដែរ ការស្ងួតមាត់ និងដំបៅមហារីកក្នុង​ក៏បណ្ដាលឱ្យមានក្លិនមិនល្អដែរ។

២ . កត្ដាទី២ ជាកត្ដាជម្ងឺទូទៅ មានដូចជាបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ ដូចជាជម្ងឺរលាកបំពង់ក រលាកបំពង់អាហារ រលាកឬដំបៅក្រពះជាដើម និងបញ្ហាផ្នែកប្រព័ន្ធដកដង្ហើម ដូចជារលាកទងសួត រលាកច្រមុះ និងការរលាកប្រអប់ខ្យល់ក្នុងឆ្អឹង ច្រមុះក៏អាចមានក្ល្លិនមិនល្អដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

៣ . កត្ដាទី៣ គឺកត្ដាទម្លាប់របស់អ្នកជម្ងឺ ទម្លាប់មិនល្អមួយចំនួន​ដែលជាមូលហេតុរួមផ្សំ​ក្នុងការធ្វើឱ្យមានក្លិនមាត់មិនល្អ មានដូចជា​ការចូលចិត្ដពិសាអាហារមួយចំនួន​ដែលមានជាប់ក្លិនខ្លាំង ដូចជាខ្ទឹមស ខ្ទឹមបារាំង ស្ពៃក្ដោបជាដើម។ លើសពីនេះទៅ ទៀតអ្នកទទួលទានបារី និងស្រាក៏ជាកត្ដាធំមួយ​ដែលធ្វើឱ្យមានក្លិនមាត់មិនល្អ។ ដូច្នេះការខ្វះអនាម័យមាត់ធ្មេញគឺ​ជាកត្ដាសំខាន់មួយ ដែលបណ្ដាលឱ្យ​មានក្លិនមាត់មិនល្អ។

រោគសញ្ញា​ក្លិនមាត់មិនល្អ

នៅពេលដែលលោកអ្នកនិយាយចេញមក​បានជះក្លិនស្អុយ រោគសញ្ញានេះចែកចេញជាពីរគឺ​ក្លិនស្អុយបណ្ដាលមកពីការ ដកដង្ហើម គឺដោយសារជម្ងឺផ្លូវដង្ហើម និងមួយទៀតបណ្ដាលមកពី​ការនិយាយស្ដី បណ្ដាលមកពីមានបញ្ហានៅក្នុងមាត់ និងបញ្ហាជម្ងឺ ប្រព័ន្ធរំលាយអាហារ។

វិធីព្យាបាលក្លិនមាត់មិនល្អ

ប្រសិនបើលោកអ្នកដឹងថាខ្យល់ដង្ហើមមិនល្អ​កើតឡើងដោយសារមូលហេតុអ្វីនោះ លោកអ្នកត្រូវតែព្យាបាលឱ្យទាន់ពេល វេលាទៅតាមអាការៈរោគ​ដែលជាដើមចម បង្កឱ្យមានក្លិនដង្ហើមមិនល្អនោះ ព្រោះថាបើទុកយូរអាចធ្វើឱ្យ​ប៉ះពាល់ដល់សុខភាព កាន់តែខ្លាំងឡើងៗ និងទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ មិនត្រូវទទួលអាហារណាអាចធ្វើឱ្យក្លិនមាត់​លោកអ្នកមានក្លិន មិនល្អនោះទេ ដូចជាមើមខ្ទឹម និងស្ពៃក្ដោបជាដើម ព្រោះបន្លែទាំងនោះអាចបណ្ដាលឱ្យខ្យល់ដង្ហើម​លោកអ្នកមានក្លិនមិនល្អ។ លើសពីនេះអាការៈ​រោគធំៗមួយចំនួនទៀត ដូចជាជម្ងឺរលាកក្រពះ ជម្ងឺរលាកបំពង់កជាដើម គឺធ្វើយ៉ាងណាព្យាបាល​ជម្ងឺទាំងនេះឱ្យ ជាសះស្បើយ ទើបអាចបំបាត់ក្លិនដង្ហើមមិនល្អ​បានយ៉ាងមានប្រសិទ្ធភាព។

វិធីការពារកុំឱ្យ​មានក្លិនមាត់មិនល្អ

ដើម្បីការពារ និងទប់ស្កាត់កុំឱ្យក្លិនមាត់​និងខ្យល់ដង្ហើមមិនល្អនោះ គួរតែធ្វើការដុសសម្អាតធ្មេញ​ឱ្យបានត្រឹមត្រូវ និង ទៀងទាត់ ហើយត្រូវទៅកាន់គ្លីនិកធ្មេញ​ដើម្បីធ្វើការព្យាបាលឬពិនិត្យធ្មេញ ប្រសិនបើឃើញថាវាមានដង្កូវស៊ី ត្រូវតែប៉ះធ្មេញនោះ ឱ្យល្អស្អាត។ ប្រសិនបើលោកអ្នកមានក្លិនមាត់​ដោយសារការដាក់ធ្មេញវិញនោះ ត្រូវឱ្យគ្រូពេទ្យធ្មេញពិនិត្យមើលថា ការដាក់ធ្មេញ នោះត្រឹមត្រូវដែរឬអត់។ តែបើក្លិនមាត់នេះកើតឡើងដោយសារ​ការដាក់ធ្មេញនីឡុង អាចប្ដូរមកដាក់ធ្មេញសេរ៉ាម៉ិច​ជំនួសវិញ។

ផលប៉ះពាល់ចំពោះ​ខ្យល់ដង្ហើមមិនល្អ

នៅពេលដែលខ្យល់ដង្ហើមមិនល្អ ធ្វើឱ្យលោកអ្នកបាត់បង់នូវ​ការប្រាស្រ័យទាក់ទងគ្នា​ជាមួយមិត្ដភក្ដិ ឬអ្នកដទៃ ហើយបាត់ បង់នូវសេចក្ដី​ថ្លៃថ្នូរផងដែរ។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើលោកអ្នកដឹងថាខ្លួនឯង​មានខ្យល់ដង្ហើមមិនល្អ​ដោយប្រការណាមួយនោះ គួរប្រញាប់មកពិគ្រោះ​ជាមួយនឹងគ្រូ ពេទ្យជំនាញ។ ម្យ៉ាងទៀតក្លិនដង្ហើមមិនល្អនេះ​ក៏អាចបណ្ដាលមកពីលោកអ្នកមានជម្ងឺ​រលាកក្រពះ រលាកទងសួតជាដើម។ លោកអ្នក ត្រូវរួសរាន់ទៅកាន់​មន្ទីរពេទ្យឱ្យបានឆាប់រហ័ស ដើម្បីធ្វើការព្យាបាល​បំបាត់មូលហេតុដើមចមនោះចេញ នោះបញ្ហាក្លិនមាត់របស់ លោកអ្នកនឹងបានកាត់បន្ថយ ឬក៏អាចបាត់ទាំងស្រុងតែម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative