កញ្ញា សាសា រវល់ច្រើន តែ​​​សុខភាព​​​ល្អ សម្រស់​​​ស្អាត

កញ្ញា សាសា ជាតារាចម្រៀងវ័យក្មេង​មួយរូបដែលមានការពេញនិយម​ពីស្រទាប់យុវវ័យ។ រូបសម្រស់ដ៏ស្រស់ត្រកាល​ និងសម្លេងក្រអួនក្រអៅ​របស់នាងបានធ្វើឱ្យមាន​ការចាប់អារម្មណ៍ពីទស្សនិកជន និងម្ចាស់ផលិតកម្មនានា។ ភាពស្រស់ស្អាត​បែបនេះ ហើយ ទើបធ្វើឱ្យយុវតីមួយចំនួន​មានបំណងស្រមៃ​ដូចជារូបនាងដែរ។ តើនាងថែសម្រស់យ៉ាងដូចម្ដេច ទើបអាចរក្សាសម្រស់​ ឱ្យស្រស់ស្អាតបែបនេះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

កញ្ញា សាសា បានចូលមកបកស្រាយ​អំពីការថែរក្សាសម្រស់​ជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រ​ ថែរក្សាសម្រស់ និងការថែរក្សាសុខភាពរាងកាយ​របស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារី​ទាំងឡាយឱ្យបានជ្រាប​ផងដែរ។

ប្រវត្ដិមុនចូល​វិស័យសិល្បៈ

មុនពេល​ឈានចូលសិល្បៈ សាសាធ្លាប់បានសិក្សា​នៅវិទ្យាល័យទួលអំពិល​ថ្នាក់ទី១២។ នៅឆ្នាំ២០០៧ ដោយសារកញ្ញា ​ស្រឡាញ់វិស័យសិល្បៈ កញ្ញាបានចូលប្រឡងចម្រៀង​នៅទូរទស្សន៍ប៉ុស្ដិ៍លេខ៩​ជាប់ចំណាត់ថ្នាក់លេខ២។ ក្រោយមកត្រូវបាន​ ផលិតកម្មក្លាស៊ិច​ឱ្យកញ្ញាធ្វើការសាកល្បងសម្លេង ធ្វើកិច្ចសន្យាច្រៀង​នៅក្នុងផលិតកម្មក្លាសិចតែម្ដង។ ចំពោះបទចម្រៀង​ដែល ទទួលការគាំទ្រ​ជាលើកដំបូងនោះគឺ បទស្រស់ទឹកភ្នែកមិនដឹងខ្លួន និងបទរអាស្នេហ៍។ ថ្វីត្បិតតែជាអ្នកចម្រៀងថ្មី​តែកញ្ញាបានទទួល ការគាំទ្រ​យ៉ាងច្រើនពីមិត្ដយុវវ័យ។ នៅក្នុងផលិតកម្មក្លាសិច កញ្ញាច្រៀងបាន១៣ទៅ១៤វ៉ុល។ កញ្ញាសាសាមានការចាប់អារម្មណ៍​ ច្រើនពីម្ចាស់ផលិតកម្ម​ផ្សេងៗទៀតដែរ បន្ទាប់មកកញ្ញាបានចូលច្រៀង​នៅក្នុងផលិតកម្មថោន បទដំបូងដែលទទួលការគាំទ្រ គឺបទ ប្រាប់មុនឱ្យហើយ បែកគ្នាព្រោះអូនអ្នកទី៣ មានការទទួលគាំទ្រច្រើន។ នៅឆ្នាំ២០០៧​កញ្ញាធ្លាប់ថតជាស្ប៉តពាណិជ្ជកម្ម​មួយចំនួន ផងដែរ។

វិធី​ថែរក្សា​សម្រស់

ទោះបីជាមានការមមាញឹកច្រើន​យ៉ាងណាក៏ដោយ ក៏កញ្ញាសាសា​មិនដែលភ្លេចឡើយ​នូវការថែរក្សាសម្រស់​ក៏ដូចជាការ ថែរក្សាសុខភាព​របស់នាងដែរ។ ខាងក្រោមនេះ​គឺជាវិធីក្នុងការ​ថែរក្សាសម្រស់ និងសុខភាព​របស់សាសាដែលបាន​អនុវត្ដជាប្រចាំ។

– ការថែរក្សា​ស្បែកមុខ ចំពោះស្បែកមុខ​ជារឿងសំខាន់ណាស់​សម្រាប់កញ្ញា នាងមានការថែរក្សា​យ៉ាងដិតដល់ ព្រោះ ខ្លាចមានបញ្ហា​ចំពោះសម្រស់របស់នាង។ កញ្ញាមានឡេលាបស្បែកមុខ​ដើម្បីកុំឱ្យឆាប់ចាស់ជាងវ័យ។ រីឯការប្រើប្រាស់ផលិតផល​ នាងជ្រើសរើសផលិតផល​ណាដែលមានគុណភាព​ដើម្បីឱ្យ​ប្រើប្រាស់មានប្រសិទ្ធភាព សាសាតែងតែ​ប្រើឡេការពារកម្ដៅថ្ងៃ​ជាប្រចាំ។

– ការថែរក្សា​ស្បែកដងខ្លួន ៖ រីឯស្បែកដងខ្លួនក៏សំខាន់ណាស់ដែរ​សម្រាប់សាសា​ដូចនៅលើផ្ទៃមុខក៏ដូចគ្នាដែរ កញ្ញា លាបឡេការពារស្បែក ដើម្បីកុំឱ្យស្បែក​ឆាប់ចាស់ជាងវ័យ។ សាសាតែងមានឡេលាប​ការពារកម្ដៅថ្ងៃ​សម្រាប់ស្បែកដងខ្លួន ពេល ចេញទៅក្រៅ​ក៏ដូចជាការថតសម្ដែងផងដែរ។ ក្នុងមួយសប្ដាហ៍​កញ្ញាទៅស្ទីមខ្លួនម្ដង ដើម្បីបញ្ចេញនូវជាតិពុល ក្នុង១ខែស្ទីម២ទៅ៣ ដង។

– ការថែរក្សា​សក់ អាជីពជាតារាចម្រៀង​មានការមមាញឹកច្រើន តែងតែប្រឈមមុខនឹងការ​ធ្វើសក់ញឹកញាប់។ ដើម្បីទប់ទល់ជាមួយការខូចសក់​ដោយប្រការទាំងនោះ សាសាយកចិត្ដទុកដាក់ជាខ្លាំង​ក្នុងការថែទាំសក់ ដោយធ្វើការអប់សក់​រាល់ មួយសប្ដាហ៍ម្ដង។

– ការថែរក្សា​រោមចិញ្ចើម រោមភ្នែក និងភ្នែក ៖ សាសាមិនសូវជាចូលចិត្ដ​កោររោមចិញ្ចើមទេ ព្រោះនាងស្រឡាញ់រោម ចិញ្ចើម​បែបធម្មជាតិ ហើយចំពោះការគូស​វិញក៏មិនចូលចិត្ដដែរ។ នៅពេលចូលរួមកម្មវិធី សាសាមិនចូលចិត្ដគូសចិញ្ចើម​ដិតពេកទេ គ្រាន់តែគូសសើៗប៉ុណ្ណោះ។ នាងនិយមលាបម៉ាស្ការ៉ា​បណ្ដុះរោមភ្នែក ដើម្បីការពារកុំឱ្យ​ជ្រុះរោមភ្នែក។ ជាពិសេស​នៅពេលយប់សាសា​តែងបន្ដក់ភ្នែក១ថ្ងៃ១ដង​មុនពេលចូលគេង។

– ការថែរក្សា​បបូរមាត់ បបូរមាត់​ជារឿងសំខាន់បំផុត ព្រោះជាទីកន្លែងផ្ដល់នូវ​ស្នាមញញឹម ធ្វើឱ្យសម្រស់ផ្ទៃមុខ​ កាន់តែស្រស់ស្អាត​មួយកម្រិតទៀត។ កញ្ញាចូលចិត្ដលាបក្រេម​ដែលពណ៌ស្រស់ៗ ដូចជាក្រហមបែបចេញ​ផ្កាឈូក។

– ការថែរក្សាធ្មេញ ជាទូទៅសាសាសម្អាតធ្មេញ​ក្នុង១ថ្ងៃ៣ដងជាប្រចាំ មានខាំពុម្ពការពារធ្មេញឱ្យស​ជាមួយថ្នាំដុសធ្មេញ​ ដែលណែនាំពីវេជ្ជបណ្ឌិត។ សាសាតែងតែទៅរកគ្រូពេទ្យធ្មេញ​ជារៀងរាល់៣ទៅ៤ខែជាប្រចាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញ​ មិនដែលខកខានឡើយ។

– ការថែរក្សា​ក្រចកដៃជើង ជាអ្នកសិល្បៈ​ត្រូវមានការតុបតែងខ្លួន​ឱ្យមានភាពស្រស់ស្អាត ជាពិសេស​គឺក្រចកដៃក្រចក ជើង​ត្រូវធ្វើឱ្យស្អាត និងកាត់តម្រឹមកុំឱ្យ​មើលទៅវែងពេក។ មួយសប្ដាហ៍​កញ្ញាសម្អាត២ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​រូបរាងកាយ

ទោះបីជារវល់ច្រើនបន្ដិចមែន សាសានៅតែឆ្លៀត​​​ពេលទទួលទា​​ន​​​ដំណេក​​​​ឱ្យបាន​​​គ្រប់គ្រាន់​​​(១០ម៉ោង​​​ទៅ១២ម៉ោង​​​ក្នុង១ ថ្ងៃ)។ ចំពោះ​​​ការហាត់ប្រាណ កញ្ញា​​​ហាត់នៅ​​​ពេលល្ងាច​​​​គឺហាត់​​​នៅពេល​​​ទំនេរ។ កីឡាដែល​​​កញ្ញាចូលចិត្ដ​​​ហាត់​បំផុត​​​នោះ គឺកីឡាហែលទឹក។

បំណងសម្រាប់ថ្ងៃអនាគត

សព្វថ្ងៃ​​​សាសាជា​​​តារាវ័យក្មេង​​​ដ៏ស្រស់ស្អាត​​​មួយដួង​​​ដែលជាទី​​​ចាប់អារម្មណ៍របស់ទស្សនិកជនផ្នែកចម្រៀងសម័យថ្មី។ ទោះ បីជាយ៉ាងណាក្ដីសម្រាប់បំណងទៅថ្ងៃអនាគត កញ្ញាចង់មានមុខរបរអាជីវកម្មមួយច្បាស់លាស់។ ក្រៅពីអាជីពជាអ្នកសិល្បៈកញ្ញា ចង់បើកជាកន្លែងលក់ឡាន។

បណ្ដាំផ្ញើ​របស់កញ្ញា សាសា

ទស្សនិកជនទាំងអស់​ដែលបានគាំទ្រនាងខ្ញុំ​តាំងពីផលិតកម្មចាស់ រហូតដល់ផលិតកម្មថ្មី​សូមជួយគាំទ្រតទៅទៀត ព្រោះ នៅមានបទចម្រៀងថ្មីៗ​ជាច្រើនទៀត ដើម្បីកំដរអារម្មណ៍​ទស្សនិកជនផងដែរ។ ហើយសូមកុំភ្លេចថែរក្សានូវសុខភាព​ឱ្យបានល្អគេង ឱ្យបានគ្រប់គ្រាន់ ត្រូវញ៉ាំចំណីអាហារ បន្លែ ផ្លែឈើបំប៉នសុខភាព និងស្បែកឱ្យបានច្រើន។

ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញា សាសាតែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា​ជ្រើសរើសយកអ្វីដែល​លោកអ្នកយល់ថាល្អត្រឹមត្រូវ​សម្រាប់អនុវត្ដបានហើយ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ សាសា
  • អាយុ ៖ ២២ឆ្នាំ
  • កម្ពស់ ៖ ១.៥៩ម៉ែត្រ
  • ទម្ងន់ ៖ ៤៤គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៦ ២៥ ២៧
  • បងប្អូន ៖ បងប្អូន៥នាក់ ប្រុស១ ស្រី៤ (ជាកូនទី២)
  • អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១


Google Analytics Alternative