ករណី​សាច់ជ្រូក​មានពង​តេញ៉ា​គឺពិត​ជាបង្ក​គ្រោះថ្នាក់​ដល់អ្នក​បរិភោគ

ប៉ុន្មាន​ថ្ងៃកន្លង​មកនេះ មានការ​បង្ហោះ​រូប​សាច់ជ្រូ​ក មាន​ពងព្រូន​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​យ៉ាងច្រើន បង្ក​ឲ្យមាន​ចម្ងល់​ជាច្រើន​ដល់សាធារណៈ​ជន ហេតុនេះ​វេបសាយ​សុខភាព​កម្ពុជា បាន​ទំនាក់ទំនង​ជាមួយ​មន្រ្តី​ជំនាញ​ដើម្បី​​ពន្យល់​ពីបញ្ហា​នេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក សែន សុវណ្ណ អគ្គលេខាធិការ​រងក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃច័ន្ទ ទី២៩ តុលា​នេះថា រូប​ភាព​បែបនោះ មិនដឹង​ពួកគេ​យកមក​ពីទីណា​នោះទេ ប៉ុន្តែ​សាច់ជ្រូក​ពិតជា​មានពង​​តេញ៉ា​នៅក្នុង​នោះមែន ប្រសិនជា​ជ្រូកនោះ​ចិញ្ចឹម​មិនបាន​ត្រឹមត្រូវ។ ពង​តេញ៉ា​នោះ ខ្មែរយើង​និយម​ហៅចុង​អង្ករ ប៉ុន្តែ​ភាសា​បច្ចេកទេស​គឺជាពង​តេញ៉ា វានឹង​ចូលទៅ​ក្នុងខ្លួន​មនុស្ស និង​បង្ក​ជសតេញ៉ា​ក្នុងខ្លួន​មនុស្ស ប្រសិនជា​សាច់ជ្រូក​នោះ​ចំអិ​ន​មិនបាន​ត្រឹមត្រូវ ។

លោក​បន្តថា “ពង​តេញ៉ា​នោះ​ពេលវា​ចូលក្នុង​ខ្លួន​មនុស្ស វានឹង​​បង្ក​គ្រោះ ថ្នា​ក់​ដល់​មនុស្ស ព្រោះ​វានឹង​ប៊ឺតសារជាតិ​ក្នុងខ្លួន​មនុស្ស​ករណី​ធ្ងន់ធ្ងរ វានឹង​ក្លាយជា​គីស​ក្នុង​ខួរក្បាល ដែល​បង្កឲ្យ​មាន​ភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែ​ករណី​នេះមាន​​ដោយ​កម្រ​បំផុត ”។ លោក​បន្ថែមថា “ប្រសិន​ជាជ្រូក​នោះកាប់​ក្នុងទី​សត្តឃាត​ត្រឹមត្រូវ ពេទ្យសត្វ​និង​មន្រ្តី​បច្ចេកទេស នឹង​មិន​អនុញ្ញាត្ត​ឲ្យចរាចរ​លើទីផ្សារ​ទេ ប៉ុន្តែ​ប្រសិន​ជាជ្រូក​នោះ លួចកាប់​ដោយ​លួចលាក់​ពិតជា​មាន​បញ្ហា ”។

លោក សុវណ្ណ បាន​បន្តថា ហេតុនេះ​ទាំងមន្រ្តី​បសុពេទ្យ ទាំងអ្នក​បច្ចេកទេស​​ទាំង​ប្រជាជន​ជាអ្នក​បរិភោគ គួរ​ប្រុងប្រយ័ត្ន ប្រសិនជា​រកឃើញ​ករណីបែ​បនេះ​​គួរ​ប្រុងប្រយ័ត្ន​កុំទិញ និង​កុំគួរ​បិរភោគ។ លោក​បន្តថា ជ្រូក​ដែលកើត​ជំងឺ​បែបនេះ ជាប្រភេទ​ជ្រូក​ដែល​ចិញ្ចឹម​ពាសវាល​ពាសកាល មិនមាន​រោង​ចិញ្ចឹម​ប្រកប​​ដោយអ​នាម័យ​ត្រឹមត្រូវ ព្រោះ​ពេលណា​ជ្រូក​ទៅ​ប៉ះលាមក​មនុស្ស ដែល​មាន​ពងតេញ៉ា​វានឹង​ឆ្លងមក​ជ្រូក។ លោក​បន្តថា សម្រាប់​ជ្រូក​ចិញ្ចឹក​ជាលក្ខណៈ​ឧស្សាហកម្ម មិនមាន​ប្រភេទ​ពងតេញ៉ា​ក្នុងសាច់​របស់​ជ្រូកទ្បើយ ព្រោះ​ទាំង​ចំណី​អាហារ និង​កន្លែង​ចិញ្ចឹម​គេ​អនុវត្តន៍​អនាម័យ​ត្រឹមត្រូវ ពិសេស​ការ​នាំចូល​មកនូវ​បច្ចេក​វិទ្យា​ពីខាងក្រៅ​ក៏ច្រើន​នាពេល​បច្ចុប្បន្ន​នេះ។ ខុសពី​ទសវត្សរ៍​កន្លងទៅ ដែល​មាន​ករណី​ជ្រូកមាន​ជំងឺ​បែបនេះ​ច្រើន។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative