រដ្ឋមន្រ្តី​​​​សុខាភិបាល​​​​ដាស់​តឿន​​​​និស្សិត​ពេទ្យ​ចាប់ផ្តើម​​​​គោរព​​​​ក្រមសីលធម៌​​​វិជ្ជាជីវៈ​​​​​របស់​​​​ខ្លួន

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​ជំរុញ​ដល់​និស្សិត​ពេទ្យ​ចាប់ផ្តើម​គិតគូ​ពីការ​គោរព​ក្រមសីលធ៌ម​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ផ្តល់ទំ​នុកចិត្ត​ដល់​ប្រជាពល​រដ្ឋ​ក្នុងការ​មករក​សេវា​របស់ខ្លួន។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុ​នហេង បានមាន​ប្រសា​សន៍​ក្នុង​ពិធី​បើក​បវេសន​កាល​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​នាព្រឹក​ថ្ងៃពុធ ទី២៤តុលា​កន្លងមក​ថា ក្រមសីលធ៌ម​ពិតជា​មាន​សារៈសំខាន់​ណាស់​​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ ព្រោះ​ក្រៅពី​ឳពុកម្តាយ​មានតែ​គ្រូពេទ្យទេ​ដែលអាច​ប៉ះពាល់​សាច់ឈាម​កូន​របស់​ពួកគេ។ លោក​បន្តថា និស្សិត​ទាំងអស់​ក៏ត្រូវ​ដឹងគុណ​គ្រូ សាស្រ្តាចារ្យ​ដែលបាន​ខិតខំ​បង្ហាត់​បង្រៀន​ក្មួយៗ តាំងពី​អត់មាន​ប្រាក់ម៉ោង​បន្ថែម រហូត​ដល់មាន​អ្វីៗ​ទាំងអស់​នាថ្ងៃ​នេះ។

លោកបន្ត​ថា “គុណធ៌ម សីលធ៌ម​វិជ្ជាជីវៈ​មាន​សារៈសំខាន់​ណាស់ ព្រោះ​​យើង​ជាពេទ្យ​ត្រូវតែ​មាន​គុណធ៌ម និង​សីមធ៌ម​ក្នុង​សង្គម ដើម្បីឲ្យ​ប្រជាពលរដ្ឋ​​ស្រលាញ និ​ង​ផ្តល់​ទំនុកចិត្ត ”។ លោក​បន្តថា “ដើម្បី​ផលិត​បាន​បញ្ញវ័ន្ត​មួយរូប​ពូកែ យើង​ត្រូវមាន​គ្រូពូកែ ហើយ​កាន់តែ​មិនអាច​ខ្វះបាន​ទៀត​នោះ គឺ​ត្រូវមាន​និស្សិត ដែល​ព្យាយាម ឆ្លាតវៃ និងមាន​គុណធ៌ម ”។

សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ត្រូវ​អភិវឌ្ឈន៍​ខ្លួនឲ្យ​កាន់តែប្រ​សើរ​ទ្បើង ដើម្បី​ត្រៀមខ្លួន​ធ្វើ​សមាហ​រណកម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នៅឆ្នាំ២០១៥​ខាងមុខ។​ សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុ​ខាភិបាល ត្រូវ​ខិតខំ​ស្វះស្វែង​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឈន៍ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ផ្សេងៗ​ទាំងក្នុង និង​ក្រៅប្រទេស ជាពិសេស​ជាមួយ​បណ្តា​​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ដើម្បី​សិក្សា​បទពិសោធន៍ និង​ត្រៀម​លក្ខណៈ​ជាជំហ៊ាន​ៗ ផលិត​នូវអ្នក​ជំនាញ​សុខាភិបាល ដែលអាច​សមាហ​រណកម្ម​ក្នុង​សហគមន៍អាស៊ាន។ លោក​រដ្ឋ​មន្រ្តី​បញ្ជាក់។

លោក​សាស្រ្តាចារ្យ សាផុន វឌ្ឈនៈ សាកលវិទ្យា​ធិការ​នៃសាកល​វិទ្យាល័យ​​វិ​ទ្យាសាស្រ្ត​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ក្នុង​ទិសដៅ​អភិវឌ្ឈន៍ធនធាន​មនុ​ស្ស​ឲ្យបាន​កាន់តែ​ប្រសើរ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សា​កល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល មាន​ភារៈកិច្ច​អនុវត្ត ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​លើ​វិស័យ​សុខាភិបាល​ឲ្យបាន​កាន់តែ​ប្រសើរ​ទ្បើង ដើម្បី​ឈាន​ទៅ​កំរិត​តំបន់ និង​អន្តរជាតិ និង​ត្រៀម​លក្ខណៈ​ធ្វើសមាហ​រណកម្ម​ជាមួយ​សហគម​ន៍​អាស៊ាន​នៅឆ្នាំ​២០១៥ខា​ងមុខ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោកបន្ត​ថា នៅឆ្នាំ​សិក្សា២០១១ ២០១២​កន្លង​មក​នេះ សាកល​វិទ្យាល័យ​បាន​បណ្តុះ​បណ្តាល​និស្សិត​សរុប​ចំនួន​៧៣២៥​នាក់ ដែ​លមាន​និស្សិត​ស្រី​ចំនួន​៣៥១៥​នាក់ និស្សិត​អាហា​រូបករណ​សរុប​១០០១នាក់ និង​និស្សិត​សិក្សាបង់ថ្លៃ​ចំនួន​៦៣២៤​នាក់។ លោក​បន្តថា នៅឆ្នាំ​សិក្សា​២០១២ ២០១៣​នេះ មាន​និស្សិត​បា​ន​បញ្ចប់​ការ​សិក្សា​ពីសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ចំនួន៨៣៣នា​ក់។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative