មហារីក​សុដន់ជាប់ចំណាត់​ថ្នាក់លេខ២​នៃស្រ្តី​កើត​មហារីក​សរុប នៅ​កម្ពុជា

ជម្ងឺ​មហារីកសុដន់​បាននិង​កំពុង​គំរាម​កំហែង​សុខភាព​ស្រ្តីកម្ពុជា ដោយ​វាជាប់​ចំណាត់​ថ្នាក់​លេខ២ នៃ​ចំនួន​អ្នកជម្ងឺ​មហារីក​សរុប ដែលបាន​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ក្រុម​គ្រូពេទ្យ​ផ្នែក​ជម្ងឺ​មហារីក​នៃមន្ទីរពេទ្យ​កាល់ម៉ែត​បានមាន​ប្រសាសន៍​ឲ្យដឹង នៅព្រឹក​ថ្ងៃច័ន្ទ ទី១៨ តុលា​កន្លងមក​​ថា ជម្ងឺ​មហារីក​សុដន់ ឬ​មហារីក​ដោះ ជាជម្ងឺ​ជាប់​ចំណាត់​ថ្នាក់លេខ២ នៃ​ចំនួន​អ្នកជម្ងឺ​មហារីក ដែលមក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយវា​គ្របដណ្តប់​ចំនួន​១៩ភាគ​រយ នៃ​អ្នកជម្ងឺ​មហារីក​ប្រភេទ​ផ្សេងៗ​ទៀត។ លោកបន្ត​ថា ជម្ងឺនេះ​ភាគច្រើន​កើត​លើស្រ្តី​ដែលមាន​វ័យពី​៣៥ឆ្នាំ​ដល់៧០​ឆ្នាំ ហើយស្រ្តី​កម្ពុជា​ដែល​កើតជម្ងឺ​នេះច្រើនជាង​គេគឺនៅ​វ័យ៥១​ឆ្នាំ។​ ចំនែក​អ្នកមាន​អាយុ​ក្រោម​៣៥ឆ្នាំ មាន​អត្រា​កើតជម្ងឺ​មហារីក​សុដន់​ទាបជាង​១ភាគរយ។

លោក​បន្តថា “ដោយសារ​បញ្ហា​ប្រឈម​ទាំងនេះ ទើប​ទាមទារ​ឲ្យស្រ្តី​គ្រប់​រូប ដែលមាន​វ័យ​៣៥ឆ្នាំ​ទ្បើង​ត្រូវទៅ​មន្ទីរពេទ្យ ដើម្បី​ថតរក​កោសិកា​មហារីក​រៀងរាល់​២ឆ្នាំម្តង ដើម្បី​ពួកគេ​អាច​ទទួល​បានការ​ព្យាបាល​ទាន់ពេលវេ​លា”។ ​លោក​បន្ថែមថា “ការ​ទៅពិនិត្យ​រក​កោសិកា​មហារីក​ជាទៀង​ទាត់ មាន​សារៈ​សំ​ខាន់​ណាស់ ដើម្បី​ពួកគេ​អាចដឹង​ពីស្ថានភាព​របស់​ខ្លួន ហើយ​បើរក​ឃើញ​កើតជម្ងឺ​​នេះ​នៅដំណាក់​កាល​តំបូង វាជួយ​ឲ្យអ្នក​ជម្ងឺ​ចំណាយ​ប្រាក់តិច មាន​អត្រា​ជាសះ​ស្បើយ​១០០​ភាគរយ ”។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បានបន្ត​ថា នៅក្នុង​ការថត​សុដន់​ស្រ្តីគេរក​ឃើញ​ដុំសាច់​បីប្រភេទ ទី១ ដុំទឹក ដែល​គ្រូពេទ្យ​ហៅថា​គីស ដុំប្រភេទ​នេះមិនមែន​ជាជម្ងឺ​មហារីក​ទេ ទី២ ដុំសាច់ ដុំសាច់​នេះក៏​មិនមែន​ជាប្រភេទ​ជម្ងឺ​មហារីក​ដែរ និង​ទី៣ ដុំសាច់​មហារីក ដែល​គ្រូពេទ្យ​អាចធ្វើ​រោគ​វិនិច្ឆ័យ តាមរយៈហ្វីល​ត្រូវ​រហូត​​ដល់​៩៥ភាគរយ។

តើស្រ្តី​រស់ក្នុង​បរិស្ថាន និង​ស្ថានភាព​បែបណា ដែល​ប្រឈម​មុខនឹង​ជម្ងឺនេះ​​ច្រើនជាង​គេ? លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បានមាន​ប្រសាសន៍​ឲ្យដឹង​ថា ស្រ្តី​រស់​នៅ​ក្នុង​បរិស្ថាន​ចំនួន៤​ខុសៗគ្នា ប្រឈម​ជម្ងឺនេះ​ច្រើន​ជាងគេ ដូចជា ទី១ស្រ្តី​ធាត់ មាន​អត្រា​កើតជម្ងឺ​នេះ​ច្រើនជាង​៣ដង បើធៀប​ជាមួយ​ស្រ្តី​មានរាងកាយ​ស្គមទី​២ស្រ្តី​ឆាប់​មករដូវ និង​មិនងាយ​អស់រដូវ​មាន​អត្រា​កើតជម្ងឺ​នេះខ្ពស់​ផងដែរ ទី៣ ស្រ្តី​មិនធ្លាប់​ឆ្លងកាត់​ការ​រួមភេទ មាន​ហានិភ័យ​កើតជម្ងឺ​នេះខ្ពស់​ជាងស្រ្តី​ប្រទ្បូក​​ក្នុងការ​រួមភេទ​ចំនួន​៣ដង និង​ទី៤ ស្រ្តី​អាឬ​គ្មានកូន​ក៏មាន​ហានិភ័យ​កើតជម្ងឺ​មហា​រីក​សុខដន់​ខ្ពស់ជាង​ស្រ្តី​មានកូន​៣ដង​ផងដែរ។

លោកបន្ត​ថា រហូត​មកទល់​ពេលនេះ អ្នក​វិទ្យាសាស្រ្ត​មិនទាន់​រកឃើញ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យមាន​ដុំសាច់ និង​កត្តាវិ​វត្តន៍​នាំឲ្យ​កើតជម្ងឺ​មហារីក​សុដន់​​នៅទ្បើយ​ទេ។ ជម្ងឺនេះ​មិន​បណ្តាល​មកពី​មេរោគ​ណាមួយ​ទ្បើយ។ ស្រ្តីកើត​ជម្ងឺនេះ​ក៏​បណ្តាល​មកពី​កត្តា​តំណពូជ​ចន្លោះ​ពី២ ទៅ៥​ភាគរយ​ផងដែរ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative