មន្ទីរពេទ្យ​កុមារជាតិ​ធ្វើការ​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់​ដឹកនាំ

មន្ទីរពេទ្យ​កុមារជាតិ​ត្រូវបាន​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ បន្ទាប់ពី​លោក​សាស្រ្តាចារ្យ ឈួ អ៊ីម៉េង នាយក​មន្ទីរពេទ្យ​នេះដល់​អាយុ​ចូលនិវត្តន៍ និង​ត្រូវទទួល​តំណែង​ជាអនុរដ្ឋ​លេខាធិការ​ក្រ​សួង​សុខាភិបាល។

រូបភាពគេហទំព័សុខភាពកម្ពុជា

លោក​សាស្រ្តាចារ្យ ឈួ អ៊ីម៉េង បានមាន​ប្រសាសន៍​ក្នុងពិធី​ផ្ទេតំណែង​កាលពី​​ល្ងាចថ្ងៃ​ច័ន្ទ ទី១ តុលា​កន្លងមក​ដោយបាន​លើកទ្បើង​ពីសមិទ្ឋិផល ដែលលោក​សម្រេច​​បានកន្លង​មក និង​ការងារ​បន្តដែល​មន្ទីរពេទ្យ​មិនទាន់​បំពេញ​បាន​ក៏ដូ​ច​ជា ទិសដៅ​ចំពោះ​មុខ​ដើម្បី​អភិវឌ្ឈន៍​មន្ទីរពេទ្យ​នេះ ក្លាយជា​វិទ្យាស្ថានជាតិ​ស្រា​​វជ្រាវ​ជំងឺ​កុមារ។ មន្ទីរពេទ្យ​នេះ ត្រូវបន្ត​អភិវឌ្ឈន៍​ហេដ្ឋា​រចនាសម្ព័ន្ឋ​ជាច្រើន​ទៀត ដើម្បី​ឆ្លើយតប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ឆ្លើយតប​តាម​តម្រូវការ​ពិនិត្យ ព្យាបាល​ថែរទាំកុ​មារ។

លោក​វេជ្ជបណ្ឌិត ក្តាន់ យុវុត្ថា នាយក​មន្ទីរពេទ្យ​កុមារជាតិ​ថ្មីបាន​មាន​ប្រសាស​ន៍​ដោយ​សម្តែងការ​ប្តេជ្ញាចិត្ត ក្នុង​អភិវឌ្ឈន៍​មន្ទីរពេទ្យ​នេះឲ្យ​កាន់តែ​ប្រសើរទ្បើង ដើម្បី​ឆ្លើយតប​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុន សែន​ជាប្រមុខ។

លោកបន្ត​ថា “ខ្ញុំ​ដឹងថា​ការ​ទទួលមុខ​តំណែង​នេះ ត្រូវ​ទទួល​ភារៈកិច្ច​សំខាន់​ៗ​ជាច្រើន ព្រោះ​មន្ទីរពេទ្យ​នេះជា​ស្ថាប័ន​ពិនិត្យ​ព្យាបាល​ថែរទាំ​កុមារ ជាស្ថាប័ន​​បណ្តុះ​បណ្តាល ផ្តល់​វ៉ាក់សាំង​ដល់​កុមារ​រួម​ជាកន្លែង​ស្រាវជ្រាវ​ជំងឺ​កុមារ ”។

លោក​វេជ្ជបណ្ឌិ តែ គុយស៊ាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​សម្តែង អំណរ​គុណ​ដល់​លោកសាស្រ្តាចារ្យ ឈួ អ៊ីម៉េង នាយក​មន្ទីរពេទ្យ​ដែលត្រូវ​ចូលនិវត្តន៍ ដែល​លោក​បាន​ខិតខំ​បំពេញ​ការងារ​អភិវឌ្ឈន៍​មន្ទីរពេទ្យ​​នេះកន្លង​មក។ លោកបាន​ធ្វើការ​យ៉ាង​សកម្ម និងមាន​អត្តចរិកល្អ។ លោក វុត្ថា ក៏ជា​បុគ្គល​ដែលបាន​បំពេញ​ការងារ​នេះយូរ​មក​ហើយ និង​ស្គាល់ពី​ស្ថានភាព​ដឹកនាំ និង​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ។ លោក​បន្តថា “ការ​ដឹកនាំ​មន្ទីរពេទ្យ គឺជា​កិត្តិយស​មួយ ប៉ុន្តែ​ត្រូវ​លះបង់​ច្រើន​ទាំង​ពេលវេលា និង​ចំណេះដឹង គួបផ្សំ​នឹង​បទពិសោធន៍​ឆន្ទៈ​មោះមុត មាន​គុណធ៌ម សីលធ៌ម គោរពច្បាប់ ម៉ត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់ ”។

លោក​បន្តថា “ខ្ញុំ​លឺការ​ប្តេជ្ញាចិត្ត​របស់​នាយកថ្មី តែខ្ញុំ​មិនទាន់​ជឿទេ ព្រោះ​យើង​នៅរង់ចាំ​មើល​លទ្ឋផល​ដែលគាត់​សម្រេចបាន ”។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative