របៀប​រៀបចំ​បន្ទប់​ទទួលភ្ញៀវ

បន្ទប់​ទទួល​ភ្ញៀវ​ជាបន្ទប់​សំខាន់​នៅក្នុង​គេហដ្ឋាន​នីមួយៗ ព្រោះ​ជាចំណុច​ទាក់ទាញ​ភ្នែក​អ្នកផង​ទាំងពួង ដែលមក​ដល់ផ្ទះ លោកអ្នក​ជាលើក​ដំបូង។ ដូចនេះ​ការ​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ​ចាំបាច់​ត្រូវតែ​ផ្ចិតផ្ចង់​ឱ្យបាន​ល្អស្អាត។ ទាំងនេះ​អាស្រ័យ​ទៅលើការ​ចេះ​រៀបចំ​របស់​លោកអ្នក​ផងដែរ។ ទោះបីជា​គេហដ្ឋាន​មាន​លក្ខណៈ​តូចចង្អៀត​បន្ដិច​មែន ប៉ុន្ដែបើ​ចេះរៀបចំ​ឱ្យបាន​រៀបរយ​ល្អ​នោះ វានឹង​គួរជាទី​មនោរម្យ​ចង់ឱ្យ​រស់នៅ។ តើគួរ​រៀបចំ​បន្ទប់​ទទួលភ្ញៀវ​បែបណាទើប​ប្រសើរ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែងយល់់​អំពី​វិធី​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ ទស្សនាវដ្ដី សុខភាព​យើង បានជួប​សម្ភាសន៍ជាមួយ​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន មក​ជម្រាប​ជូន​ប្រិយមិត្ដ​អ្នកអាន។

ស្ថានភាព​ទូទៅ​របស់​បន្ទប់​ទទួលភ្ញៀវ

បន្ទប់​ទទួល​ភ្ញៀវ​ជាទីកន្លែង​សម្រាប់​សម្រាក​លម្ហែកាយ និង​ជាកន្លែង​ទទួល​ភ្ញៀវ​ដែលមក​លេងផ្ទះ​ផង។ បន្ទប់​ទទួលភ្ញៀវ ជាទីតាំង​ដែលត្រូវ​ឆ្លងកាត់​មុនគេ ដូច្នេះ​ចាំបាច់​ត្រូវតែ​រៀបចំ​ឱ្យបាន​ស្អាត​ជានិច្ច។ ការ​រៀបចំ​បន្ទប់​ទទួលភ្ញៀវ​នេះ​អាស្រយ័​លើ​ចំណង់​ចំណូលចិត្ដ​របស់​បុគ្គល​ម្នាក់ៗ។ តើ​ចូលចិត្ដ​រស់នៅ​តាមបែប​រាយប៉ាយ ភាព​ស្អាតបាត និងមាន​សណ្ដាប់​ធ្នាប់? របៀប​រៀបចំ​ទៀត​សោតក៏មាន​ភាពខុសៗគ្នា​ទៅតាម​ចំណង់​ចំណូលចិត្ដ អ្នកខ្លះ​ចូលចិត្ដ​ទិញ​សម្ភារៈ​ជាវត្ថុ​បុរាណ ឬ​វត្ថុមាន​តម្លៃ​ដើម្បី​ដាក់តាំង​លម្អ។ ឯអ្នក​ខ្លះទៀត ចូលចិត្ដ​សម្ភារៈ​សាមញ្ញ​តម្លៃសមរម្យ។ រីឯ​ពន្លឺវិញ​អ្នកខ្លះ​មិនចង់​ឱ្យមាន​ពន្លឺភ្លឺ និង​ងងឹត​ពេកទេ ចង់បាន​ពន្លឺ​ព្រឿងៗ​តែប៉ុណ្ណោះ។

របៀប​គួរ​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ

ប្រសិនបើ​លោកអ្នក​ជ្រើសរើស​វត្ថុមក​តាំង គួរ​ជ្រើសរើស​វត្ថុ​ដែលមាន​តម្លៃ​បន្ដិច​ទើបជាការ​ល្អ ព្រោះ​បន្ទប់​ទទួលភ្ញៀវ​ជាកន្លែង​ដែលត្រូវ​អង្គុយ​សម្រាក​កាយ​ជាញឹកញាប់។ ជាគុណ​ប្រយោជន៍ នៅពេល​ដែល​លោកអ្នក​ត្រឡប់​មកពី​បំពេញ​ការងារ​មានភាព​ហត់នឿយ​អស់កម្លាំង លោកអ្នក​អាច​អង្គុយ​សម្លឹង​មើលវត្ថុ​ល្អៗ អាចជួយ​ឱ្យ​លោកអ្នក​មាន​អាម្មណ៍​ជ្រះថ្លា ស្រស់​ស្រាយ រំភើប និង​បាត់នូវ​ភាព​នឿយហត់​បានខ្លះៗ​ដែរ។ ម្យ៉ាងវិញ​ទៀត​ប្រសិនបើ​លោកអ្នក​មាន​លទ្ធភាព អាចទិញ​កម្រាល​ព្រំទៀត​នោះ រឹតតែ​ប្រសើរ ដើម្បី​យកមក​ក្រាល​នៅលើ​កម្រាល។ នៅពេល​ដើរលើ​កម្រាល​នោះ ហាក់​មាន​អារម្មណ៍ទ​ន់ល្មើយ​ស្រួលខ្លួន។

1 . ការដាក់​ទូរទស្សន៍ ៖ ការ​តាំងទូរទស្សន៍​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ គឺ​អាស្រ័យ​ទៅលើ​គ្រួសារ​នីមួយៗ​ផងដែរ។ គ្រួសារខ្លះ​យល់ឃើញ​ថាបុត្រធីតា​របស់​គាត់​មើលច្រើន​ពេក​នាំឱ្យ​ខាតបង់ពេល​សិក្សា គាត់​មិនដាក់​ទូរទស្សន៍​ទេ។ ជាទូទៅ ទូរទស្សន៍ និង​ម៉ាញ៉េ​ជាវត្ថុ​មិនអាច​ខ្វះបាន​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដើម្បី​ប្រើ​សម្រាប់​កំដរ​អារម្មណ៍។

2 . ការតាំង​រូបភាព​នៅលើ​ជញ្ជាំង ៖ លោកអ្នក​គួរដាក់់​ជារូបថត​ពីរទៅបី​សន្លឹក​តាំង​នៅលើជញ្ជាំង។ ប៉ុន្ដែ​មិនគួរ​តាំងរូប​ឱ្យច្រើន​ស្អេកស្កះ​ពេកទេ ព្រោះ​នាំឱ្យ​រញ៉េរញ៉ៃ អាក្រក់មើល​ទៅវិញ​ទេ។ ចំពោះ​រូបថត​ដែល​តាំង​នោះ គួរដាក់​តាំង​ជារូបថត​ដែលមាន​លក្ខណៈ​គ្រួសារ ដូចជា​រូបថត​ប្ដីប្រពន្ធ ឬ​រូបថត​ឪពុកម្ដាយ​ជាដើម។

3 . ការត់ាំង​ថូផ្កា ៖ គួរមាន​ថូផ្កា​សម្រាប់​ដាក់ផ្កា​ស្រស់ៗ ដើម្បី​ឱ្យបន្ទប់​មាន​សោភ័ណភាព និង​ស្រស់ស្រាយ។ លោកអ្នក​មិនគួរដាក់​ផ្កាជរ័​ទេ ព្រោះ​មិនល្អ​មើល​ឡើយ។ ប្រសិនបើ​លោកអ្នក​មិនចង់​ចំណាយ​ថវិកា​ក្នុងការ​ទិញផ្កា​ស្រស់​ជាប្រចាំ​ទេ លោកអ្នក​អាចដាំ​ផ្កាតិចតួច​នៅក្នុង​បរិវេណ​ផ្ទះ ក៏ជាការ​ប្រសើរ​ដែរ។

4 . ទូ​សម្រាប់​តាំងវត្ថុ​ផ្សេងៗ ៖ ចាំបាច់​ត្រូវមាន​ទូតូច​មួយ​សម្រាប់​ដាក់​សៀវភៅ​ខ្លះៗ ទុក​សម្រាប់​ភ្ញៀវ​អាន​កម្សាន្ដ។ តែ​មិនគួរ​ដាក់​សៀវភៅ​ឱ្យច្រើន​ពេកទេ ព្រោះ​បន្ទប់​ទទួលភ្ញៀវ​មិនមែន​ជាបណ្ណាល័យ​សម្រាប់​ផ្ទុក​សៀវភៅ​ឡើយ។ ចំណែក​ឯសៀវភៅ​វិញ គួរ​ជ្រើសរើស​យក​សៀវភៅ​ណាដែល​គួរជាទី​ទាក់ភ្នែក​ភ្ញៀវ។ សៀវភៅ​ទាំងនោះ​អាចជា​ប្រភេទ​សៀវភៅ​ដែលនិយាយ​អំពី ប្រាង្គប្រាសាទ​អង្គរវត្ដ ឬ​រូបភាព​ទេសភាព​ប្រទេស​ដ៏ទៃ​ដែល​លោកអ្នក​ធ្លាប់បាន​ទៅកម្សាន្ដ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5. ការដាក់​សាឡុង ឬ​កៅអី​វែង ៖ ប្រសិនបើ​បន្ទប់​ទទួល​ភ្ញៀវ​របស់​លោកអ្នក​មាន​ទំហំធំ គួរដាក់​សាឡុង​វែងមួយ តុខ្លី​ដាក់​នៅក្បែរ​បង្អួច​សម្រាប់​ដាក់តាំង​វត្ថុ​ផ្សេងៗ ដូចជា​រូបចម្លាក់ ឬ​របស់​ផ្សេង​ដែលមាន​ទម្ងន់ធ្ងន់។ ចូរ​កុំដាក់​វត្ថុ​ដែល​ស្រាល ព្រោះ​វានាំ​ឱ្យប៉ើង​តាមខ្យល់​ងាយធ្លាក់​បែក។

6. ការដាក់​វាំងនន ៖ លោកអ្នក​គួរ​ប្រុងប្រយ័ត្ន ប្រសិនបើ​ផ្ទះ​លោកអ្នក​មិនមាន​សុវត្ថិភាព​គ្រប់គ្រាន់ លោកអ្នក​មិន គួរ​បើក​បង្អួច​ចំហចោល​ទេ។ ចំពោះវាំ​ងនន លោកអ្នក​គួរដាក់​ដើម្បី​បិទ​បាំង និង​ភាពស្រស់​ស្អាត។ លោកអ្នក​គួរ​ជ្រើសរើស​ពណ៌​វាំងនន ដែល​ស្រដៀង​ទៅនឹង​ពណ៌ជញ្ជាំង​ផ្ទះ ដើម្បី​ឱ្យស៊ីសង្វាក់​គ្នា។

7 . ការ​តាំងទូ និង​អាកាសធាតុ ៖ នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ លោកអ្នក​ក៏អាច​មាន​ទូតូច​មួយ​សម្រាប់​ដាក់តាំង​ដបស្រា ឬ​ភេសជ្ជៈ​ផ្សេងៗ​ផងដែរ ដើម្បី​ជាការ​ងាយស្រួល​អាចរក​ទទួលទាន​បានភ្លាមៗ។ នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ គួរតែ​មាន​អាកាសធាតុ ត្រជាក់​ល្មម ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវបើកទ្វារ​បង្អួច​ឱ្យមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ អាចប្រើក​ង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ជាជំនួយ។

ដំបូន្មាន​អ្នកប្រឹក្សា

ដើម្បី​ឱ្យបាន​ផ្ទះក្លាយជា​ចំណត​ដ៏សុខសាន្ដ លោកអ្នក​គួរ​ចំណាយ​ពេលវេលា និង​ថវិកា​ក្នុងការ​ទិញ​សម្ភារៈ​មកតាំង​លំអតុបតែង​ក្នុងផ្ទះ ឬអាច​ទៅពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​រៀបចំផ្ទះ​ក៏ជាការ​ប្រសើរ។ លោកអ្នក​មិន​ចាំបាច់​ចំណាយ​ទៅលើ​វត្ថុមាន​តម្លៃពេក​ទេ ធ្វើយ៉ាង​ណាឱ្យ​តែលោកអ្នក​យល់ថា​សមល្មម​នឹងអាច​ទទួលយក​បានជាការ​ត្រឹមត្រូវ​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative